យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នឹង​ធ្វើ​ឡើង​ក្នុង​ទម្រង់​ខុសៗ​គ្នា​ ខណៈ​បក្ស​ខ្លះ​អវត្តមាន​ក្នុង​ការ​បោះ​ឆ្នោត

រូបឯកសារ៖ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាចូលរួមហែក្បួនឃោសនាបក្ស នៅក្នុងអំឡុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧។

«របប​រាជានិយម! របប​រាជានិយម​ខ្ញុំ​ស្រឡាញ់​អី? ​ខ្ញុំ​ស្រឡាញ់ត្រង់ថា រាជានិយម​គឺ​មាន​ទសពិរាជធម)​ទាំង១០​យ៉ាង»។

ខាងលើ​នេះជា​សម្តី​បុរស​ ​វ័យ​ ៨០ឆ្នាំ​ ដែល​មាន​ស្វាមីភក្តិ​ជាមួយ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច។​

លោក ​តា រ៉ ​នៅបន្ត​មាន​ស្វាមីភក្តិ​ជាមួយ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ ដែល​បាន​សម្រេច​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នៅថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣​នេះ។ ​អ្នក​នយោ​បាយ​ចាស់​វស្សា​រូប​នេះ គឺជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិចខេត្ត​តាកែវ។​

ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្ត​តាកែវ​លោក ​តា រ៉​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ ខេត្ត​តាកែវ​ នៅ​ ថ្ងៃអាទិត្យ​ ទី​២៥ ខែ​មិថុនា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)


នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​នឹង​ចាប់​ផ្តើម​នៅថ្ងៃទី​១ ​ខែ​កក្កដាខាង​មុខ​នោះ​ លោក ​តា រ៉ ​ថ្លែង​ថា ​សាខា​គណបក្ស​ហ៊ុនស៊ិនប៉ិច​ក្នុង​ខេត្ត​តាកែវ​ គ្រោង​ធ្វើ​យុទ្ធនាការ​ទាំង​នៅក្នុង​ទីស្នាក់​ការ​បក្ស​ស្ថិត​ក្នុង​ឃុំ​លាយ​បូរ ​និង​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួនក្នុង​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ យើង​រៀប​ចេញ​ជា​ក្រុម​ ឱ្យ​រៀប​ចំ​ចេញ​ជា​២​ក្រុម។​ ហើយ​ក្រុម​ឃោស​នា​នេះ​ យើង​អាច​យក​មនុស្ស​ប្រតិភូ​មក​ចូលរួម​ឃោសនា​នេះ។ យើង​អាច​យក​ពីស្រុក​ ហើយ​នឹង​ខេត្ត​ ឃុំ​មួយ​ចំនួន​ ដើម្បី​មក​រៀបចំ​ជា​ក្បួន»។​

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ដែល​មាន​រយៈពេល​២១ថ្ងៃ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​១ ​ដល់​ថ្ងៃទី​២១​ខែកក្កដា។ ​គណបក្ស​ចំនួន​១៨​បាន​សម្រេច​ចូលរួម​ការ​បោះ​ឆ្នោត​មួយ​នេះ ​ ខណៈ​អវត្តមាន​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ ​គឺ​គណបក្ស​ភ្លើង​ទៀន។ ​គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​យុទ្ធនាការ​ឃោសនា​នា​ពេល​ខាង​មុខ។​

ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ខេត្ត​តាកែវ ​លោក ​តា រ៉​ ប្រាប់​វីអូអេ​បន្ថែម​កាល​ពីថ្ងៃ​អាទិត្យថា​ គណបក្ស​នឹង​ប្រើប្រាស់​សម្ភារៈ​មួយ​ចំនួន​សម្រាប់​ការ​ឃោសនា ​រួមមានមេក្រូ ​និង​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ចំនួន​ដូច​ជា​រថយន្ត​ និង​ម៉ូតូ។​

លោក​ថ្លែង​ថា៖​ «ក្បួន​ឃោសនា​ យើង​ឃោសនា​ របៀប​ចល័ត។ ​ឧបមាថា ស្រុក​មួយ​អ៊ីចឹង​ យើង​ធ្វើ​មួយថ្ងៃ​ ស្រុក​មួ​យ​ទៀត​ ធ្វើ​មួយថ្ងៃ​គ្រប់ៗ​ឃុំអ៊ីចឹង។ ​ឧបមាថា ​១៥ ​ឃុំ​ ក្នុងស្រុក​មួយ​មាន​១៥ឃុំ​ អ៊ីចឹង​ យើងធ្វើ​មួយ​ថ្ងៃ​ហ្នឹង​ ធ្វើ​ម៉េច​ឱ្យ​ចប់​ ហើយ​ឧបករណ៍​គាំទ្រ​ គឺ​យើង​មាន​មេក្រូ​ មាន​ឡាន១​ ឬ​២​ អ៊ីចឹង​ទៅ។ ​ យើង​រៀបចំ​ ខិត្តប័ណ្ណ​ផ្សព្វផ្សាយរបស់​យើង​ គឺ​មាន​ខិត្តប័ណ្ណ​ចុះ​ចែក ចែក​តាម​ផ្ទះ​ទាំង ​អស់ ឱ្យ​ចុះ​ចូល​គ្រប់​ខ្នង​ផ្ទះ​ទាំង​អស់»។​

ដើម្បី​ទាញ​បាន​សំឡេង​គាំទ្រ​ពីប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ លោក​ តា រ៉​ ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ មាន​កម្មវិធី​នយោបាយ​សំខាន់ៗ​មួយ​ចំនួន​ ដូចជា​ ការ​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​ចាប់​ពី​មួយលាន​រៀល ​ឬ​ប្រមាណ​ជា​២៥០​ដុល្លារ​ឡើង​ទៅ​ កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​សេវា​សុខាភិបាល​របស់​ពលរដ្ឋ​ និង​ធ្វើប័ណ្ណ​ក្រីក្រ​ឱ្យ​បាន​គ្រប់​គ្នា​ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។​

ទីស្នាក់ការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខេត្តតាកែវ​ ក្នុង​ឃុំលាយបូរ​ ស្រុកត្រាំកក់។ (ហ៊ុល រស្មី/វីអូអេ)

គណបក្ស​នយោបាយ​មួយ​ចំនួន​ផ្សេង​ទៀត​ មាន​ផែនការ​ស្រដៀង​គ្នា​ក្នុង​ការ​ឃោសនា​ ដូច​នឹង​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ។​

ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​លោក ​យ៉េង វីរៈ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​កាលពី​សប្តាហ៍​មុន​ថា​ គណបក្ស​គ្មាន​គម្រោង​នឹង​រៀបចំ​វេទិកា​ឃោសនា​កៀរគររក​សំឡេង​ឆ្នោត​ទ្រង់​ទ្រាយ​ធំ​ទេ។​

សកម្មភាព​លោក​ យ៉េង វីរៈ ​និង​លោក ​យ៉ង ​សាំង​កុមារ ​សហ​ស្ថាបនិក ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ក្នុង​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​កន្លង​ទៅ។ ​(រូបថត​ផ្ដល់​ឱ្យ)​


លោក​ថ្លែង​ថា​៖ «ការ​ពិត​ទៅ​ ជាទូទៅ​ យើង​ធ្វើ​ទ្រង់​ទ្រាយ ​បែប​ជា​ចែក​ខិត្តប័ណ្ណ​ ចែក​អី​ តែ​មិន​បាន​ធ្វើ​របៀប​ជាទ្រង់​ទ្រាយ​ធំ​អី​ មាន​វេទិកា​ធំអីទេ​ អត់​ទេ​។ ​ប៉ុន្តែ ​ភាគច្រើន​គឺ​យើងចល័ត​ ចាក់​សារ​នយោបាយ​ ហើយ​នឹង​ចែក​ខិត្តប័ណ្ណ​វិញ។ ហ្នឹង​ហើយ ទ្រង់​ទ្រាយ​ហ្នឹង​ភាគ​ច្រើន»។​

ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​ គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​មាន​គោល​នយោបាយធំៗ​ចំនួន​១១​ចំណុច​ ក្នុង​នោះ​គឺ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​តែ​២​អាណត្តិ​ បញ្ឈប់​ការ​រើសអើង​នយោបាយ​ លុប​បំបាត់​បក្ខពួក​និយម ​លុបបំបាត់​អំពើ​ពុករលួយ​ និង​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ ពីការ​រំលោភ​បំពាន​របស់​អ្នក​មាន​អំណាច ​ការ​ពារ​សិទ្ធិ​ពលរដ្ឋ​ សិទ្ធិ​នយោបាយ​ សិទ្ធិស្រ្តី​ សិទ្ធិ​ការងារ​ សិទ្ធិ​សហជីព​ និង​សិទ្ធិដីធ្លី​ជាដើម។​ នេះ​បើ​តាម​លោក​យ៉េង វីរៈ។​

ចំណែក​លោក ​គីមសួរ ភិរិទ្ធ​ អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន ​ប្រាប់​វីអូអេ​ថា ​នៅ​ពេល​គណបក្ស​ភ្លើងទៀន​ មិន​អាច​ចូលរួម​ការ​បោះឆ្នោត​បាន​នោះ ​ គណបក្ស​ជំទាស់​មួយ​នេះ​នៅ​បន្ត​ដោះស្រាយ​បញ្ហា​លិខិត​នៃ​ការ​ចុះ​បញ្ជី​គណបក្ស​ ដែល​ជា​ដើម​ចម​ធ្វើ​ឱ្យ​គណបក្ស​ដែល​ទទួលការ​គាំទ្រជិត​២​លាន​នាក់​កាលពី​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​២០២២ ខក​ខាន​មិន​បាន​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​នេះ។​

ស្លាក​សញ្ញា​គណបក្ស​ភ្លើងទៀន​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ថ្ងៃទី​ ២៦​ខែកក្កដា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖ ​«យើង​បាន​ទាក់​ទង​ទៅ​ សរសេរ​លិខិត​ទៅក្រសួង​មហាផ្ទៃ​ហើយ​ ដើម្បី​ឱ្យ​គេ​បញ្ជាក់​ ជំហរ​របស់​គេ​ ក្នុង​ការ​ផ្តល់​ឯកសារ​ បែប​ណា​ ដើម្បី​ធានា​ថា ​ យើង​អាច​នឹង​ចូលរួម​ការ​បោះឆ្នោត​ នៅ​លើក​ក្រោយៗ​ទៀត។ ​ហើយ​អ្វីដែល​សំខាន់​ ក្រសួង​មហាផ្ទៃ​ឆ្លើយ​ថា​ គេមិន​ទាន់​មាន​ពេល​ទេ​ ចាំ​រួច​ការ​បោះ​ឆ្នោត។ ​អ៊ីចឹង​ យើង​នៅ​តែ​បន្ត​អ៊ីចឹង​ បន្ត​សួរ​ទៅ​ក្រសួង​មហាផ្ទៃ​ដែល​ជា​ក្រសួង​អាណាព្យាបាល​ ​សម្រាប់​គណបក្ស​នយោបាយ ពី​ព្រោះ​លិខិត​បញ្ជាក់​ថា​យើង​នឹង​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​ មាន​ក្នុងបញ្ជី​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​យើង​អត់​អាច​ ....​គ.ជ.ប​ ចុះ​បាន។​ អ៊ីចឹង ​ត្រូវ​ឱ្យ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង»។​

អ្នក​នាំពាក្យ​គណបក្ស​ជំទាស់​រូប​នេះមិន​អាច​វាយ​តម្លៃ​លើភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខនេះ​ ​ថា​អាច​ទទួល​យក​បាន​ ឬ​យ៉ាង​ណា​ទេ​ តែ​ថា​ អវត្តមាន​គណបក្ស​ជំទាស់​អាច​ប៉ះពាល់​ដល់​គ្រឹះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​មិន​ដឹង​ថា ​វាយ​តម្លៃ​ការ​បោះឆ្នោត​ហ្នឹង​របៀប​ម៉េច​ទេ?​ គ្រាន់តែ​ដឹង​ថា ​សំឡេង​គណ​បក្ស​ដែល​មាន​ការ​គាំទ្រ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​មូលដ្ឋាន​ហ្នឹង​មាន​ជិត​២លាន​នាក់​ហ្នឹង​ គឺ​ត្រូវ​បាន​ គេបដិសេធ​មិន​ឱ្យ​ចូលរួម។ ​អ៊ីចឹង​គ្រាន់​តែ​ដឹង​ថា ​ការ​បោះឆ្នោត​ហ្នឹង​ បែប​ហ្នឹង​ គឺ​វា​អត់​មាន​លក្ខណៈ​គ្រប់ជ្រុង​ជ្រោយ​ តាម​បែប​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស​ទេ។​ ហើយ​ ការ​បោះ​ឆ្នោត​ហ្នឹង​ យ៉ាង​ម៉េចៗ​ សម្រេច​លើ​មតិជាតិ​ និង​អន្តរជាតិ​វាយ​តម្លៃ​ទៅ​ចុះ»។​

ប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា​ លោក​ អ៊ូ ច័ន្ទរ័ត្ន​ ប្រាប់​វីអូអេ​កាល​ពីសប្តាហ៍​មុន​ថា​ គណបក្ស​របស់​លោក​សម្រេច​មិន​ចូលរួមការ​បោះឆ្នោតឡើយ​ ដោយ​មិន​បាន​ផ្តល់​សេចក្តីពន្យល់​លម្អិត​អំពី​ហេតុផល​នៅពី​ក្រោយ​ការ​ពហិការ​មិន​ចូលរួមការ​បោះឆ្នោត​នេះ​ទេ។​

លោក​លើក​ឡើង​ថា៖ ​«គណបក្ស​កែ​ទម្រង់​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មិន​ចូលរួម​ការ​បោះឆ្នោតតាំង​ពី​មួយ​ខែ​ជាង​មុន តាំង​ពីចាប់​ផ្តើម​ដាក់​បញ្ជី​បេក្ខជន​ ដាក់​អី​នោះ​ មុននឹង​ទៅ​ទៀត។ ​យើង​បាន​សម្រេច​ចិត្ត​ថា​មិន​ចូលរួម​ការ​បោះឆ្នោត​ទេ»។​

ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែ កក្កដា

គេ​រំពឹង​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី​នោះ ​ ប៉ុន្តែ​ការ​បោះ​ឆ្នោត​មួយ​នេះ​នឹង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ​មួយ​ចំនួន​ ក្រោម​ហេតុផល​គ្មាន​វត្តមាន​គណបក្ស​ជំទាស់​គឺ​គណបក្ស​ភ្លើងទៀន។ ​នេះ​បើ​តាម​អ្នក​តាមដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា។​

អ្នក​វិភាគ​នយោបាយ​លោក​ សេង សារី ​ យល់​ថា​ ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ​ខែ​កក្កដា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​ និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​គឺ​គណបក្ស​ភ្លើងទៀន​ពិបាក​ទទួល​យក។​ ប៉ុន្តែ​លោក​ថា​ ការ​បោះឆ្នោត​ខាង​មុខនោះ​ ក៏បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​រវាង​កម្លាំង​គាំទ្រ​លោក​ សម រង្ស៊ី​ និង​លោក​ហ៊ុន​ សែន​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ការ​បោះឆ្នោត​លើក​នេះ​ ជា​ការ​បោះឆ្នោត​ ប្រកួត​ប្រជែង​ រវាង​កម្លាំង​នយោបាយ​ ដែល​គាំទ្រ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ឬក៏​គណបក្ស​ប្រជាជន​ ជាមួយ​នឹង​ការ​ប្រកួត​ប្រជែង​កម្លាំង​ ដែល​គាំទ្រ​លោក​ សម រង្ស៊ី​ ឬក៏​ជាមួយ​នឹង​គណបក្ស​ភ្លើងទៀន។​ ហើយ​ហេតុអី​បាន​ខ្ញុំ​ហ៊ាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ ដោយសារ​តែ​យើង​ឃើញ​ថា​ ទោះបី​ជាក្រុម​លោក​សម រង្ស៊ី​ មិន​បាន​ចូល​រួម​ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ក៏ដោយ​ ក៏​ប៉ុន្តែ​ជា​ប្រយោល​គឺ​គាត់​បាន​ចូលរួម​ ចូលរួម​នៅ​ក្នុង​ន័យឱ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​ចោល។ ​មាន​ន័យ​ថា ​ការ​បោះឆ្នោត​លើក​នេះជាការ​ប្រកួត​ប្រជែង​រវាង​ សញ្ញា​គ្រិស​...ជាមួយ​នឹង​សញ្ញា​ខ្វែង។ ​អ៊ីចឹង​ហើយ​ជា​លទ្ធផល​ក្រោយ​ការ​បោះឆ្នោត​ យើង​នឹង​ឃើញ​ហើយ​ថា​ តើ​សញ្ញា​ធិក​ ហើយ​នឹង​សញ្ញា​ខ្វែង​ មួយណា​មានចំនួន​ច្រើន​ជាង»។​
លោក​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​នឹង​ឈ្នះដាច់​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ផង​ដែរ​ ព្រោះ​គណបក្ស​នេះ​មាន​លទ្ធភាព​បញ្ជា​ស្ទើរ​គ្រប់ស្ថាប័ន​ជាតិ​ឱ្យ​ធ្វើ​តាម​ខ្លួន។​

លោក​លើក​ឡើង​ថា៖ ​«ខ្ញុំ​គិត​ថា​ គណបក្ស​ប្រជាជន​អាច​មិនត្រឹមតែ​ឈ្នះ​ភ្លូកទឹកភ្លូកដី​ទេ​ បើសិន​ជា​ក្នុង​ករណី​គណបក្ស​ប្រជាជន​ចង់​ឈ្នះ​ ក្រឡាប់ទឹក​ក្រឡាប់​ដី​ទៀត​ក៏​ ក៏អាច​ធ្វើ​បាន​ដែរ​ ព្រោះ​ឥឡូវ​នេះ​ គណបក្ស​កាន់​អំណាច​ អាច​បញ្ជា​គ្រប់​ស្ថាប័ន​បាន​ អាច​អន្តរាគមន៍​ និង​មាន​ឥទ្ធិពល​លើគ្រប់​ស្ថាប័ន​ រួម​ទាំង​អាជ្ញា​កណ្តាល​ នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ ហៅ​ថា ​គ.ជ.ប​ នេះ​ផង​បាទ!»។​ ​

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណា​ច​លោក​ សុខ ឥសាន​ យល់​ថា​ ការ​អត្ថាធិប្បាយផ្សេងៗ​ជុំវិញ​ការ​បោះឆ្នោត​ជាតិ​លើក​នេះ​ គឺ​ជា​បែប​ផែន​នៃការ​បញ្ចេញ​មតិ​ ដែល​ស្រប​គោល​ការណ៍​ប្រជា​ធិបតេយ្យ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«អា​រឿង​ដែល​មាន​មតិ​ជំទាស់​ មាន​មតិ​ផ្ទុយ​ហ្នឹង​ វាឆ្លុះ​បញ្ចាំង​ថា ​កម្ពុជា​កំពុង​ដើរ​លើ​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី​ពហុបក្ស​ដ៏ត្រឹមត្រូវ។ ​បើគ្មាន​ការ​ប្រឆាំង​ ​បើ​គ្មាន​ការ​ជំទាស់​ទេ​ គេ​មិន​ហៅ​ថា​ លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ទេ​ បាទ»។​

ចំពោះ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ អ្នក​នាំពាក្យ​គណបក្សកាន់​អំណាច​រូប​នេះ​ បាន​ឱ្យ​ដឹង​ថា​ គណបក្ស​នឹង​ធ្វើ​ការ​ជួបជុំក្នុង​ទ្រង់​ទ្រាយធំមួយ​ នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បើក​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ជា​មួយ​ការ​ថ្លែង​សារ​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស។​

លោក​បន្ថែម​ថា៖ ​«ក្រោយ​ចប់​ អង្គមេទ្ទេញ​ នៅថ្ងៃ​បើក​យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​នេះ គឺ​អង្គ​មេទ្ទេញ​បាន​ចែកមុខ​សញ្ញា​គ្នា​ គឺ​ថា​ អ្នក​នៅ​ខណ្ឌ​ណា​ នៅស្រុក​ណា​ គឺ​ដង្ហែ​ក្បួន​ទៅ​ស្រុក​នោះ​ រៀងៗ​ខ្លួន។ ​អ៊ីចឹង​ វា​ទូទាំង​ប្រទេស​ហ្នឹង​ វា​រស់​រវើក គឺ​ថា ​រញ្ជួយព្រះ​រាជាណាចក្រ​កម្ពុជា​តែ​ម្តង​ អាហ្នឹង​គឺ​ថា ​ក្បួន​អ៊ីចឹង​ តាម​កម្មវិធី​ ហើយ​ក្នុង​ការ​ហែក្បួន​នេះ​ វា​មាន​ឡាន​ មាន​ម៉ូតូ​ មាន​សព្វគ្រប់​ទាំង​អស់។ ​និយាយ​រួម​ កម្លាំង​ហ្នឹង​ គឺ​រាប់ពាន់​នាក់។ បើ​និយាយ​តាម​ស្រុក​មួយៗ​ ចេញ​ពី​ខេត្ត​ ទីរួម​ខេត្តទៅ​ស្រុក​ហ្នឹង​ គឺរាប់​ពាន់នាក់​ហើយ»។​

លោក​ សុខ ឥសាន​ មាន​សុទិដ្ឋិនិយម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​ជ័យជម្នះ ដោយ​សារ​គណបក្ស​មាន​គោល​នយោបាយ​ចម្បងៗ ​ដើម្បី​ប្រមែ​ប្រមូល​សន្លឹកឆ្នោត​ ក្នុង​នោះការ​ផ្តល់​អាទិភាព​លើការកសាង​ធនធាន​មនុស្ស​ អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវថ្នល់ ​និង​ស្ពាន ​និង​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ទៀត ពាក់​ព័ន្ធ​នឹង​ធនធាន​ទឹក​និង​ថាមព​លអគ្គិសនី។ ​ ​

លោក ​តា រ៉ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិន​ប៉ិចខេត្ត​តាកែវ ​ក៏​ជឿ​ជាក់​ថា ​គណបក្ស​រាជានិយម​របស់​លោក​ក៏​នឹង​ទទួល​បានជ័យជម្នះ​ផងដែរ​ ដោយ​ថា​ គណបក្ស​អាច​ឈ្នះ​បានយ៉ាង​ហោច​ណាស់​១​អាសនៈនៅ​រដ្ឋ​សភា​សម្រាប់ខេត្ត​តាកែវ​ ដែល​មាន​អាសនៈ​តំណាង​រាស្ត្រសរុប​៨។​ នេះ​បើ​មើល​ទៅ​លើ​សន្ទុះ​នៃ​ការ​គាំទ្រ​គណបក្ស​ដែល​បន្ត​កើន​ឡើង​នោះ។​

លោក​ថ្លែងថា៖​ «អ៊ីចឹង​ហើយ​ បាន​ខ្ញុំជឿជាក់​ថា​ គណបក្ស​ ថ្ងៃ​២៣​នេះ​ ខ្ញុំ​ជឿ​ថា ​នៅ​ខេត្ត​ខ្ញុំ​ អាច​បាន​មួយ​កៅអី​ ដោយ​សារ​មើល​ឃើញ​ការ​គាំទ្រ​ពីប្រជា​ពល​រដ្ឋ​ចុះ​ទៅកន្លែង​ណា​ក៏ផុស​ផុល​ដែរ»៕