ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន៖ ជីវិត​នយោបាយ​របស់​ក្រុម​មេដឹកនាំ​ជំទាស់​​កំពុង​នៅ​ក្រៅ​ប្រទេស​នឹង​ដល់​ទី​បញ្ចប់


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បានប្រកាស​នៅ​ថ្ងៃសុក្រនេះ​ថា​ ​ជីវិត​នយោបាយ​របស់​អ្នក​នយោ​បាយ​ជំទាស់​នៅ​ក្រៅ​ប្រទេស​នឹង​ដល់​ទី​បញ្ចប់ ​នៅពេល​ណា​ដែល​សេចក្តីព្រាងវិសោធនកម្ម​ «ច្បាប់​បោះ​ឆ្នោត» ​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​រដ្ឋ​សភាត្រូវ​បាន​អនុ​ម័ត។​

នៅឯ​ពិធី​ជួបជុំ​ជាមួយ​កម្មករ ​កម្មការិនី​នៅ​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ​លោក ហ៊ុន សែន បាន​ឱ្យ​ដឹងថា ​សេចក្តី​ព្រាង​ច្បាប់​ ដែល​នឹង​កំណត់​លក្ខខណ្ឌ​ មិន​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយ បើ​សិន​បុគ្គល​ណា​ម្នាក់​មិន​បាន​ទៅ​បោះ​ឆ្នោត​នៅ​អាណត្តិ​នេះ ​បាន​ទៅ​ដល់​ដៃ​រដ្ឋ​សភា​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បន្ថែម​ថា ​សេចក្តី​ព្រាង​នេះ ​ធ្វើឡើង​ដើម្បី​ឆ្លើយ​តប​ទៅក្រុម​អ្នក​នយោបាយ​ជំទាស់​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ ហើយ​ដែល​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​ឱ្យ​ប្រជាជន​កម្ពុជា​មិន​ចេញ​ទៅ​បោះឆ្នោត​ ឬធ្វើ​ឱ្យ​ខូច​សន្លឹក​ឆ្នោត​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា​ ឆ្នាំ​ ២០២៣។

​លោក​ ហ៊ុន សែន ថ្លែងថា៖ «នេះ​ជា​សេចក្តី​ព្រាង​ច្បាប់​ ដែល​បាន​បញ្ជូន​ទៅ​ដល់​រដ្ឋ​សភាហើយ​ អ៊ីចឹង​ចាំ​មើល​ថា​តើ​គេ​ធ្វើ​អ្វី​ទៀត​។​ អ្វី​ដែល​យើង​ចង់​បាន ​គឺ​ការ​បោះ​ឆ្នោត​មួយ​ ដោយមិន​រំខាន​ដោយ​ពួក​ណា​ក៏​ដោយ ​ដោយ​អ្នក​ណា​ក៏ដោយ»។

បើ​តាម​ លោក ហ៊ុន សែន ជីវិត​នយោបាយ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្សសង្គ្រោះ​ជាតិ​ និង​អ្នក​នយោ​បាយ​ជំទាស់​ដែល​កំពុងស្ថិត​នៅ​ក្​រៅប្រទេស ​នឹង​ត្រូវ​បញ្ចប់​ ព្រោះបើ​ពួកគេ​មិន​បាន​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រអាណត្តិ​ទី ៧​ នេះ ​នឹង​បាត់បង់​សិទ្ធិ​ឈរ​ឈ្មោះ​នៅ​អាណត្តិ​ទី ៨។ ហើយ​បើ​បុគ្គល​ណា​ម្នាក់​ចង់​ស្តារនីតិសម្បទា​ដើម្បី​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ លុះ​ត្រាតែ​សាមី​ខ្លួនបោះ​ឆ្នោត​ថ្នាក់​ជាតិ​បាន​ ២ ដង​ ជា​មុន​សិន​ ​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​លើក​នេះ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​ ២០២៧។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទេ ​បើ​មិន​បាន​បោះ​[ឆ្នោត]​ទាំង​ ២[លើក] ​ហ្នឹង​ទេ អ្នកឯង​មិន​បាន​ឈរ​ឈ្មោះ​ អ្នក​ឯង​បំពេញ​លក្ខខណ្ឌ​មិន​គ្រប់​គ្រាន់​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ ២០២៨ ទេ។ ​អ៊ីចឹង​សួរ​ថា​ អស់​លោក​អ្នក [ថា] អ្នក​ណា​ជា​អ្នក​ខាត​ ដោយ​សារ​តែ​អណ្តាត​អត់ឆ្អឹង​របស់​លោក​ឯង​ហ្នឹង​ បាន​ជា​លោក​ឯង​ត្រូវ​រង​គ្រោះ។ ​...​ឥឡូវ​មក​វា​ហួស​ពេល​ទៅ​ទៀត​ ព្រោះ​គេ​ឱ្យមក​ចុះ​ឈ្មោះ​បោះឆ្នោត​ តាំង​ពីខែ ១០ មកចុះ​ឈ្មោះ ​ហើយ​ឯង​អត់​មក​បោះ ​ឥឡូវ​មាន​សិទ្ធិ​ទៅ​បោះឯណា ប៉ុន្មាន​ថ្ងៃទៀតបោះ។ ​ឥឡូវ​ចូល​ដល់​អាចប់ មី​ចប់ ពិបាក​ហៅ​ឯកឧត្តម​ចប់ ​លោក​ជំទាវ​ចប់​ គឺ​ហៅ​អាចប់ ​មីចប់​ ព្រោះ​វា​ប្រភេទ ​អាភ្លើ មីភ្លើ ឱ្យ​វា​ទៅ​តែ​ម៉ង​ទៅ។ ​អា​ហ្នឹង​ធ្ងន់​ជាង​ឱ្យ​វា​រៀង»។

លោក ហ៊ុន សែន​ អះអាង​ថា លោក​នៅ​តែ​គ្រប់​គ្រង​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រសិន​បើ​ថ្ងៃ​ណា​មួយ​លោក​ឈប់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ដែល​អាច​គ្រប់​គ្រង​ដោយ​ កូនប្រុស​ច្បង​របស់​លោក ​គឺ ​លោក ហ៊ុន ម៉ាណែត ​នៅ​ពេល​អនាគត​នោះ។

វីអូអេ​មិនទាន់​អាចសុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង តាម​ទូរសព្ទ​បាន​នៅ​ឡើយទេ​ ​នៅ​ថ្ងៃសុក្រនេះ។

រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោល ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ (AP)

អតីត​មន្ត្រី​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្រី មូរ សុខហួរ ​ប្រាប់វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថា​ ការ​ធ្វើ​វិសោធន​កម្មច្បាប់​បោះ​ឆ្នោតនេះ ​ជា​ផែនការ​របស់​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​គណបក្ស​ប្រឆាំង និង​ដើម្បីគ្រប់​គ្រង​ប្រទេស​បន្ត​ទៀត។ អ្នកស្រី​ចោទ​ថា​ លោក ហ៊ុន សែនកំពុង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​បង្ក​គ្រោះ​ថ្នាក់​ដ៏ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា។

អ្នក​ស្រី​ថ្លែង​ថា៖ «ដូច្នេះគាត់ ​[លោក ហ៊ុន សែន] កាត់​មិន​ឱ្យ​យើង​បាន​ទៅបោះ​ឆ្នោត​បាន​ ១០ ឆ្នាំ​ទៀត ​នេះ​គឺ​ជា​ផែនការ ​លោក ហ៊ុន សែន ​ដើម្បី​ប្លន់​យក​អំណាច​ ​[និង]បន្ត​អំណាច​របស់​ខ្លួន។ ហើយ​សំខាន់​ទៅ​ទៀត គឺ​ជាការ​រំលោភនូវ​សិទ្ធិ​នៃ​ពលរដ្ឋ​ច្បាស់​ណាស់​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​គឺជា​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើប្រទេស​កម្ពុជាទាំង​មូល»។

ជាមួយ​គ្នានេះ ​អ្នក​តាម​ដាន​សង្គម ​និង​អ្នក​ច្បាប់​ លើក​ឡើង​ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​បន្ទាន់​ដែលកំណត់​លក្ខខណ្ឌ​ «បោះ​ឆ្នោត​ជាតិ​បាន​ ២​ ដង ទើបអាច​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​បាន​នេះ»​ កំពុង​ដាក់​កំហិត​លើ​ពលរដ្ឋទាក់​ទង​នឹង​ការ​ប្រើ​សិទ្ធិ​ចូលរួមបោះឆ្នោត​ និងសិទ្ធិ​ធ្វើនយោបាយ។

លោក ​វ៉ន ចាន់ឡូត ​អ្នក​ជំនាញ​ច្បាប់​នៃ​អង្គការ​សង់ត្រាល់ យល់​ថា ការ​ប្រញាប់​ប្រញាល់ធ្វើ​វិសោធនកម្មច្បាប់​ «បោះឆ្នោត» ជា​បន្ទាន់​នេះ ​គឺជា​ប្រតិកម្ម​ឆ្លើយ​តបទៅនឹងយុទ្ធនាការ​ «មិន​មាន​គណ​បក្ស​ភ្លើង​ទៀន ​មិន​ទៅបោះ​ឆ្នោត»​ ដែល​ការណ៍​នេះ ​មិន​មែន​ជា​និតិវីធី​ច្បាប់​ត្រឹម​ត្រូវ​នោះ​ទេ​ និង​បាន​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ និង​ប៉ះ​ពាល់​ដល់ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ហេតុ​ថា បើ​ទោះ​បី​ជា​ច្បាប់​មិន​បញ្ជាក់​ថា​ជា​ការ​បង្ខំ ​ឬ​ជា​កាតព្វកិច្ចក៏​ដោយ​ ក៏​ប៉ុន្តែ​ខ្លឹមសារ​នៃ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ ​គឺ​បាន​ឆ្លុះ​បញ្ចាំង​ថា​ ជា​ការ​ដាក់​សម្ពាធ។

​លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​ធ្វើ​វិសោធនកម្ម​នេះ [ច្បាប់​បោះឆ្នោត​] គឺ​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ ដូច​យើង​ដឹង​ហើយ​ រដ្ឋធម្មនុញ្ញ​កំណត់​ថា ​ពលរដ្ឋ​ខ្មែរ​ មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​ បាន​ន័យ​ថា ពលរដ្ឋ​ចង់​ទៅ​បោះ​ក៏​បាន មិន​ចង់​ទៅ​បោះ​ក៏​បាន។ ក៏​ប៉ុន្តែ​នៅ​ពេល​វិសោធនកម្ម​នេះ ​ចូល​ជា​ធរមាន​ មានន័យថា ជា​ការ​ចាប់​បង្ខំឱ្យ​មនុស្ស​ទៅ​បោះ​ឆ្នោត។ បើ​ទោះ​បី​ជា​មិន​មាន​ការ​បញ្ជាក់​ថា ​ជា​ការ​បង្ខំ ឬ​តម្រូវ​ជា​កាតព្វកិច្ច​ក៏​ដោយ ​ក៏​ប៉ុន្តែខ្លឹម​សារ​នេះ ​ការ​ធ្វើ​វិសោធកម្ម​ ​គឺ​បាន​ឆ្លុះ​បញ្ចាំ​ង​រួច​ហើយថា​ជា​ការ​ចាប់​បង្ខំ»។

រូបឯកសារ៖ ពលរដ្ឋម្នាក់បង្ហាញម្រាមដៃដែលបានជ្រលក់ទឹកថ្នាំក្រោយពីបានបោះឆ្នោតហើយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ ពលរដ្ឋម្នាក់បង្ហាញម្រាមដៃដែលបានជ្រលក់ទឹកថ្នាំក្រោយពីបានបោះឆ្នោតហើយ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រៅពីនេះ​ អ្នក​ជំនាញ​ច្បាប់​នៃ​អង្គការ​សង់ត្រាល់រូបនេះ ថ្លែង​ទៀត​ថា ការ​ប្រញាប់​ធ្វើ​វិសោធ​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ គឺជាយុទ្ធសាស្ត្រ​ចុង​ក្រោយ​មួ​យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រាំង​ខ្ទប់​អ្នក​នយោបាយ​នៃ​គណបក្ស​ប្រឆាំង ហើយ​វាក៏​បានប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរលើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែលជាអ្នក​ស្អាត​ស្អំ ដែល​នឹង​បាត់​បង់ឱកាស​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅអាណត្តិ​ក្រោយៗ។

លោក មាស នី អ្នក​វិភាគ​នយោ​បាយ​ប្រាប់​វីអូអេ​ថា ​ការ​ធ្វើវិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នេះ​ ​ហាក់​ដូច​ជា​គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​ខ្លាច​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​ភ្លើង​ទៀន មិន​ទៅ​បោះ​ឆ្នោត ដែល​ធ្វើ​ឱ្យ​សំឡេង​អ្នក​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​ធ្លាក់​ចុះ​ ហើយ​អាច​ប្រឈម​មុខនឹងការរិះ​គន់​ ពាក់ព័ន្ធនឹង​ភាព​ស្រប​ច្បាប់នៃ​ការ​បោះ​ឆ្នោត។ លោក​ក៏​មើល​ឃើញ​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​យ៉ាង​តក់​ក្រហល់នេះ ក៏​ជា​ការ​បង្ខំ ​និង​ជំរុញ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​ភ្លើងទៀន ដែល​មាន​ជាង​ ១លាន​ ៦​សែននាក់ ចេញ​ទៅ​បោះឆ្នោត ​ដើម្បី​ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​បាន​ខ្ពស់។

អ្នក​វិភាគ​នយោបាយ​រូបនេះ ​កត់​សម្គាល់​ថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ ក៏ជា​ការ​បើក​ផ្លូវ កុំ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ផែនការ​ផ្ទេរអំណាច ក្នុងជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ព្រោះ​វត្តមាន​របស់​លោក​ សម រង្ស៊ី ​គឺ​នៅតែ​មានឥទ្ធិពល​ និង​មាន​លក្ខណៈរស៊ើប​មួយ​សម្រាប់ដំណើរ​ការ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ ​រហូត​ដល់​ឆ្នាំ​ ២០៣៨។

លោក​បន្ត​ថា៖ «ដូច​សំណួរ​ប្អូន​សួរ​ម៉ិញ​ក៏​មិនខុស​ដែរ ​ថា​តើ​វា​ជា​ការ​បើក​ផ្លូវ សម្រាប់​ផ្លូវ​ដ៏​ទូលាយសម្រាប់​ការ​ផ្ទេរ​អំណាច​ ដោយ​មិន​មាន​គូ​ប្រឆាំងដែល​ខ្លាំង។ ក៏ប៉ុន្តែ​អាច​មាន​ច្រក​មួយ​ទៀត នៅ​ពេល​ដែល​ការ​រឹត​បន្តឹងផ្លូវ​ហ្នឹង វា​អាច​បង្កើត​ឱ្យ​មាន​ចរន្ត​នយោបាយ​ថ្មី​មួយ​ទៀត។ ហើយ​ដែល​យើង​មើល​ឃើញ​ដូច​ឧទាហរណ៍​ក្នុង​ប្រទេស​ថៃ​ ថ្មីៗ​នេះ»។

ប៉ុន្តែ​លោក​ថា ​បើ​សិន​ជា​មាន​ការ​រឹត​បន្តឹង​ច្បាប់បោះឆ្នោត​ ​ហើយ​រដ្ឋា​ភិបាលកម្ពុជា មិន​បាន​រៀបចំអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្សឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ទេ​ នោះ​រាល់​វិធាន​ការ​ទាំង​ឡាយ​អាចជះ​ផល​អាក្រក់​ត្រឡប់​មក​វិញ ដែល​អាច​បង្ក​ការ​លំបាកសម្រាប់​គណ​បក្ស​កាន់​អំណាច​ នៅ​ពេល​ខាង​មុខ។

លោក​បន្ថែម​ថា៖ «ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០២៣​ លទ្ធផលនឹង​បង្ហាញ​ច្បាស់​ហើយ ពីឥឡូវ​ទៅ​ហើយ​ថា គណ​បក្ស​កាន់​អំណាច​អូស​មាគ៌ា​កម្ពុជា​ម្នាក់​ឯង។​ អ៊ីចឹង​នៅ​ក្នុង​នោះ ​ខ្ញុំ​ធ្លាប់​ពាក្យ​ថា ​ការ​អូស​នេះ អាច​អូស​ឡើង​ភ្នំ ​ឬ​អូស​ចុះ​ភ្នំ។ ​បើ​អូស​ឡើង​ភ្នំ វា​អាច​តឹង​ពិបាក ប៉ុន្តែ​បើអូស​ចុះភ្នំ ​បើ​ទប់​មិន​ជាប់​វា​អាច​នឹង​រអិល។ អ៊ីចឹង​បញ្ហា​សេដ្ឋកិច្ច​សង្គម ​ជាពិសេស​សេដ្ឋកិច្ច​ជា​រឿង​មួយ​ រដ្ឋាភិបាល​ក្រោយ​ឆ្នាំ​ ២០២៣​ ហ្នឹង​ត្រូវ​ការ​ប្រឈម ​ហើយ​នឹង​ដោះស្រាយ​ក្នុង​កាលៈ​ទេសៈ ​ដែលពិ​ភព​លោក​ក៏កំពុង​មាន​ភាព​មិន​ទៀង​ទាត់​ ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច​ផង​ដែរ»។

ការ​ស្នើ​កែ​ច្បាប់​ឱ្យបាន​មុន​ការ​បោះ​ឆ្នោត​ជាតិ​ នា​ថ្ងៃ​ទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣ នេះ​ ត្រូវ​បាន​មើល​ឃើញ​ថា​ ដើម្បី​គាប​សង្កត់​បន្ថែមទៀត​លើសិទ្ធិ​ឈរ​ឈ្មោះ​របស់​មន្ត្រី​គណបក្ស​ជំទាស់ និង​ប្រឆាំង​នឹង​យុទ្ធនាការ​មិន​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ដោយ​សារ​អវត្ត​មាន​គណបក្ស​ភ្លើង​ទៀន។
នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ នា​ថ្ងៃទី​ ១៣ ខែ​មិថុនា​ លោក ហ៊ុន​សែន​ ក៏បាន​ប្រកាស​ថា ការធ្វើវិ​សោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ​ ជា​ការ​វាយ​បក​ទៅ​នឹង​យុទ្ធនា​ការ WIFI របស់​ក្រុម​ប្រឆាំង​ ដែល​មិន​ចង់​ទៅ​បោះឆ្នោត ឬ​ទៅ​បោះ​ឆ្នោត​ដោយ​គូស​សន្លឹក​ឆ្នោត​ចោល​។​ លោក ហ៊ុន សែន ថា​ ការ​កែ​ច្បាប់​បោះឆ្នោត​នេះ ដើម្បី​«ទះ​កំផ្លៀង»​ក្រុម​ប្រឆាំង៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG