ការបែកបាក់​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិកបាន​បង្ហាញ​​ក្នុង​អំ​ឡុង​នៃ​សុន្ទរ​ក​ថា​ស្តីពី​ស្ថានភាព​របស់​សហព័ន្ធ

លោកស្រី Nancy Pelosi ​ប្រធាន​​សភាតំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ហែកក្រដាសសុន្ទរកថារបស់លោកប្រធានាធិបតីត្រាំចោល បន្ទាប់ពីលោកប្រធានាធិបតីបញ្ចប់សុន្ទរកថាអំឡុងពេលថ្លែងសុន្ទរកថាប្រចាំឆ្នាំ នៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ភាព​ល្វីងជូរ​ចត់​ក៏​បាន​បង្ហាញ​នៅពេល​ដែល​លោក​ប្រធានា​ធិបតី​​ត្រាំបាន​ជូន​ឯក​សារ​​សុន្ទរកថា​របស់​លោក​ទៅឲ្យ​លោក​អនុ​ប្រធានា​ធិបតី Mike Pence និង​លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្រ្ត។

ការបែកបាក់​នយោបាយ​នៅ​ពេល​បច្ចុប្បន្ននេះ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ក្នុង​អំឡុងពេល​នៃការ​ថ្លែង​សុន្ទរកថា​ស្តីពី​ស្ថាន​ភាព​សហ​ព័ន្ធ​របស់​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​នៅ​ពី​មុខ​សម័យ​ប្រជុំ​របស់​សភា​រួម​គ្នា​កាល​ពី​យប់​ថ្ងៃ​អង្គារ ដែល​ត្រូវ​បាន​បំភ្លឺយ៉ាង​ច្បាស់​នៅ​ក្នុងការទាក់ទង​គ្នា​រវាងប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​និង​លោកស្រី Nancy Pelosi ​ប្រធានសភាតំណាង​រាស្រ្ត​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​មុន​និង​ក្រោយ​ការ​ថ្លែង​សុន្ទរកថា។​

ដោយ​ប្រឈមការបែងចែក​ដ៏​ល្វីង​ជូរចត់​របស់​សភា​ខាង​ពួក​គណបក្ស​ប្រជា​ធិប​តេយ្យ​និង​គណបក្ស​សាធារណរដ្ឋអំពី​បញ្ហាដ៏​ច្រើន ​ជាពិសេសការ​ចោទ​ប្រកាន់​ដក​ហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែងដោយ​សភា​តំណាង​រាស្រ្ត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​អំពី​សកម្មភាព​របស់​លោក​ទាក់​ទិន​នឹង​ប្រទេស​អ៊ុយក្រែន ​លោក​ប្រធា នា​ធិបតី ​ដូណាល់ ត្រាំ ​បាន​ប្រើសុន្ទរកថា​ស្តីពី​ស្ថាន​ភាព​សហព័ន្ធ​ប្រចាំ​ឆ្នាំ​របស់​លោក​សរសើរ​ពីការងារ​របស់​រដ្ឋ​បាល​លោកពី​សេដ្ឋ​កិច្ច​របស់​អាមេរិក ​ជា​ពិសេសដោយ​ប្រៀប​ធៀប​ទៅ​នឹង​លោក​បារ៉ាក់ ​អូបា​ម៉ា​ប្រធានា​ធិបតី​កាន់​តំណែង​មុន​លោក។

លោក​ប្រធានា​ធិបតីត្រាំបាន​ថ្លែងថា៖ «អត្រា​គ្មាន​ការ​ងារ​ធ្វើ ​មាន​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាកន្លះសតវត្សរ៍​នេះ។ ​ហើយ ​ជា​ការណ៍ដែល​ជឿទុក​ចិត្ត​បាន ​អត្រា​គ្មាន​ការងារ​ធ្វើ​ជា​មធ្យម​នៅ​ក្រោម​រដ្ឋបាល​របស់​ខ្ញុំ ​មាន​កម្រិត​ទាប​ជាង​រដ្ឋបាល​ណា​ៗ​ទាំងអស់​នៅ​ក្នុង​ប្រវត្តិសាស្រ្តរបស់​ប្រទេស​យើង។ប្រសិនបើ ​យើង មិន​បាន​ផ្លាស់​ប្តូរគោលនយោបាយ​សេដ្ឋ​កិច្ច​បរាជ័យ​របស់​រដ្ឋបាល​មុនៗ​ទេ ​ពិភពលោក ​នៅពេល​ឥឡូវនេះ ​នឹង​មិន​បាន​ឃើញ​ការជោគជ័យ​ខាង​សេដ្ឋកិច្ច​ដ៏អស្ចារ្យនេះទេ»។

ការអះអាង​របស់​លោក​ប្រធានា​ធិបតី​ថា ​រដ្ឋបាល​របស់​លោកបា​នចាប់​ផ្តើម «ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​អស្ចារ្យត្រឡប់​មក​វិញ» បាននាំ​ឲ្យមាន​ការយល់ស្រប​ពី​សំ​ណាក់​លោក Kevin Hearn សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​រដ្ឋ​អូក្លាហាម៉ា​ដែល​បាន​ប្រាប់ VOA ថា ​លោកមានការ​សប្បាយ​រីករាយដែល​លោក​ប្រធានា​ធិបតីមិន​អើ​ពើការ​ខំ​ប្រឹងប្រែងការ​ចោទ​ប្រកាន់​ដកហូត​លោក​ចេញ​ពី​តំណែង។​

លោក Kevin Hearn បាន​ថ្លែង​ថា៖ «លោក​ប្រធានា​ធិបតី ​បាន​ធ្វើអ្វី​ដែល​ខ្ញុំ​ចង់បាន​ដែល​បាន​បន្ត​សារ​អ្វី​ដែល​ពលរដ្ឋ​អាមេរិកាំង​ប្រាកដ​យក​ចិត្តទុក​ដាក់។ ខ្ញុំ​ទើបតែ​ត្រឡប់​មកពី​ផ្ទះ​របស់​ខ្ញុំ​នៅ​ចុង​សប្តាហ៍នេះ គ្មាន​នរណា​និយាយ​អំពី​ការចោទ​ប្រកាន់​ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែងទេ។ ពួកគេកំពុង​និយាយ​អំពី​ការថែទាំ​សុខភាពពួកគេ​កំពុង​និយាយ​អំពី​ការងារ​និង​សេដ្ឋកិច្ច​ហើយ​នឹង​ធ្វើ​យ៉ាង​ដូចម្តេចឲ្យ​ប្រាក់​ឈ្នួល​របស់​ខ្លួន​កើន​ឡើង។ ពួកគេឈប់​និយាយ​អំពី​ការចោទ​ប្រកាន់ដកហូត​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​កាលពី​ខែ​វិច្ឆិកា។​ ការណ៍នេះជា​ការពិត​ដែល​ធ្វើ​ឲ្យភាគី​ម្ខាងទៀតស្រងាក​ចិត្ត។​ពួកគេ ​បាន​ព្យាយាម​ធ្វើ​ឲ្យ​មានរឿង​ធំ ក៏ប៉ុន្តែពលរដ្ឋ​អាមេរិ​កាំងមិន​ទទួល​ស្គាល់ពលរដ្ឋដឹងថា ​សេដ្ឋ​កិច្ច​នេះកំពុង​មាន​ដំណើរ​ការ​ល្អ»។

ក៏ប៉ុន្តែ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​ច្រើន​ដូចជា​លោក Gerry Connolly សមា​ជិក​សភានៃ​រដ្ឋ Virginia ​បាន​គិតថា ​លោក​ប្រធានា​ធិបតី​បាន​ប្រើសុន្ទរកថា​របស់​លោក​ដើម្បី​ប្រមូលការ​គាំទ្រ​ពី​សម្ព័ន្ធ​មិត្ត​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ពួក​អ្នក​បោះឆ្នោត​នៅពេល​ដែល​លោកបាន​បង្វែការយក​ចិត្ត​ទុក​ដាក់របស់​លោក​ចំពោះ​ការ​ខំ​ប្រឹងប្រែង​ការជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត ដោយ​យោងទៅ​ការបន្ត​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​លោក​លើ​ជន​អន្តោ​ប្រវេសន៍​គ្មាន​ក្រដាស​ស្នាម ​និង​ការ​ខកខាន​របស់​លោក​ដើម្បី​ទទួល​ស្គាល់​ការ​ខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​ជួយ​លោក​អនុម័ត​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី​រវាង​សហរដ្ឋ​អាមេរិក ​កា​ណាដា​ និង​ម៉ិកស៊ិក។

តំណាង​រាស្រ្ត​ Gerry Connolly ​និយាយថា៖ «ហើយ​នេះជាការបង្ហាញ​ការមិន​គោរព។លោក​ប្រធានា​ធិបតី ​ថែម​នឹង​មិន​ទទួល​ស្គាល់​ការ​ជួយឧបត្ថម្ភ​របស់​អ្នក។ ខ្ញុំ​មិន​ដឹងថាតើប្រធានា​ធិបតី ទទួលបាន​ជោគ​ជ័យ​ថែម​ទៀតឬទេ​នៅពេល​ដែល​លោក​ធ្វើ​សកម្មភាព​បែបនេះ​ចំពោះ​មនុស្ស​ដែល​មាន​ធ្វើ​ឲ្យ​លោក​ទទួល​ជោគជ័យ​បែបនេះ​ នោះ»។

ភាព​ល្វីងជូរ​ចត់​ក៏​បាន​បង្ហាញ​នៅពេល​ដែល​លោក​ប្រធានា​ធិបតីត្រាំបាន​ជូន​ឯក​សារសុន្ទរកថា​របស់​លោក​ទៅឲ្យ​លោក​អនុ​ប្រធានា​ធិបតី Mike Pence និង​លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្រ្ត។ ក៏ប៉ុន្តែ ​នៅ​ពេល​ដែល​លោក​ស្រី Pelosi បាន​ឈោង​ចាប់​ដៃ​លោក​ប្រធានា​ធិបតី​ត្រាំ ​លោក​ប្រធានា​ធិប​តី ​បាន​ងាក​ចេញ​ពី​លោកស្រីក្នុងការ​សម្តែង​ការធ្វើ​ព្រងើយ​កន្តើយ​ដល់​ស្រ្តី​ម្នាក់​ដែល​បាន​ដឹកនាំការ​ខិតខំ​ការចោទ​ប្រកាន់​ដកហូត​លោក​ចេញ​ពី​តំណែង។

ភ្លាម​ៗ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ត្រាំ ​បាន​បញ្ចប់​សុន្ទរកថា​របស់​លោក ​លោក​ស្រី Pelosi ​បាន​យកឯក​សារសុន្ទរកថានោះ ​ហើយហែក​ជា​២​ដោយ​ប្រាប់​ពួក​អ្នក​យកព័ត៌ មាន​ក្រោយមក​ថា «ការហែក​ឯកសារ​សុន្ទរកថា​នោះជា​ការគួរសម​ដែល​ត្រូវ​ធ្វើ។ ជា ជៀង​ធ្វើអ្វី​ផ្សេងក្រៅពី​នេះ»៕

ប្រែ​សម្រួល​ដោយ​លោកជឹង ប៉ូជីន