ក្រសួង​មហាផ្ទៃ​ហាម​មន្រ្តី​នគរបាល​ដុះ​ក្បាល​ពោះ​ធំ​ចេញ​ធ្វើការ​ខាង​ក្រៅ​ដើម្បី​បញ្ចៀស​ការ​រិះគន់

រូបថត​យកពី​អគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញ​មន្ត្រីនគរបាល​ជាតិកម្ពុជា​ឈរជាជួរ។(Facebook)

រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​បញ្ជា​ឱ្យ​មន្រ្តី​កង​កម្លាំង​នគរបាល​ជាតិ​ ដែល​មាន​ក្បាល​ពោះ​ធំៗ​ ហាម​ចេញ​អនុវត្ត​ការងារ​នៅ​ខាង​ក្រៅ​ ដើម្បី​ធានា​បាន​ភាព​មាំទាំ​ផ្នែក​សុខភាព​ និង​បញ្ចៀស​ការ​រិះគន់​ទាំង​ឡាយ។​

ក្នុង​សារ​សំឡេង​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃ​ទី១៧ ​ខែ​តុលា​ ឆ្នាំ​២០២៤ ​លោក ​ស សុខា​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ បាន​ជំរុញ​ឱ្យ​ស្នងការ​រាជធានី​ ខេត្ត ​ក្រុង​ទាំងអស់​ ពិនិត្យ​មើល ​និង​កែលម្អ​ឡើង​វិញ​ចំពោះ​មន្រ្តី​កង​កម្លាំង​នគរបាល​ជាតិ​ដែល​មាន​ក្បាល​ពោះធំ។​

លោក​ថ្លែង​ថា៖​ «ស្នើ​សុំ​ធ្វើ​ម៉េច​ចំពោះ​នគរបាល​ដែល​គាត់​មាន​មាឌ​ធំ​ ដុះ​ក្បាល​ពោះ ​ដុះ​ស្អីៗ​ទាំង​អស់​នេះ​ មិន​មែន​មិន​ឱ្យ​គាត់​ធ្វើការ​ទេ​ ប៉ុន្តែ​ឱ្យ​គាត់​ធ្វើ​ការ​នៅ​ក្នុង​ប៊ុយរ៉ូ ​[ការិយាល័យ]​ ហាម​ដាច់​ខាត​កុំ​ឱ្យ​គាត់​ចេញ​ទៅ​អនុវត្ត​កិច្ច​ការងារ ​ជា​ពិសេស​ទៅ​លើ​ការ​ប៉ះពាល់​ជា​មួយ​មហាជន​ ជា​ពិសេស​ខាង​ក្រៅ​នេះ។ ​អ៊ីចឹង​ហើយ​សុំ​ឱ្យ​អនុវត្ត​កិច្ចការ​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់»។​

លោក​ ស សុខា ​បន្ថែម​ថា​ ប្រសិន​បើ​មន្រ្តី​កង​កម្លាំង​នគរបាល​ជាតិ​ដែល​មាន​ក្បាល​ពោះ​ធំ​ចង់​បម្រើ​កិច្ចការ​ដូច​ធម្មតា​វិញ​ គឺ​តម្រូវ​ឱ្យ​សម្រក​ទម្ងន់។​

លោក​ រ៉េន រតនៈ ​ជំនួយ​ការ​ និង​ជា​អ្នក​នាំពាក្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ណែនាំ​របស់​លោក​ ស សុខា ​ធ្វើ​ឡើង​ទៅ​តាម​គោល​ការណ៍​កាយ​សម្បទា ​គោល​ការណ៍​សុខភាព ​និង​សាធារណ​មតិ។ ​លោក​ថា កន្លង​មក​ពេល​កង​កម្លាំង​ដែល​មាន​ក្បាល​ពោះធំ​ជ្រុល​ចេញ​ប្រតិបត្តិ​ការ​ខាង​ក្រៅ​ ដូច​ជា​សម្រួល​ចរាចរណ៍​ និង​បង្ក្រាប​បទ​ល្មើស មហាជន​តែង​និយាយ​រិះគន់​ ពាក់ព័ន្ធ​នឹង​ក្បាល​ពោះធំ។​

លោក​ថ្លែង​ថា៖​ «នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ចំពោះ​សុខភាព​របស់​គាត់ ​ចំពោះ​ប្រសិទ្ធ​ភាព​នៃ​ការ​បំពេញ​ការងារ​របស់​គាត់​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ល្អ​ប្រសើរ​ទាំង​សម្រាប់​ការងារ​បំពេញ​ជូន​ជាតិ​ ប្រជាជន ​ទាំង​ កាយ​សម្បទា​មាំមួន​ចំពោះ​សុខភាព​ល្អ​របស់​គាត់​ និង​ទាំង​កុំ​ឱ្យ​មាន​ការ​លេង​សើច​ បង្អាប់​អី​ពី​ប្រជា​ពលរដ្ឋ​ពេល​គាត់​ចេញ​ធ្វើ​ការ»។​

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ស៊ុន ណារិន/វីអូអេ)

លោក ​យង់ គិមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លើក​ឡើង​ថា ​ការ​ចេញ​សារ​របស់​លោក​ ស សុខា ​ជា​ថ្មី​ទាក់ទង​នឹង​មន្រ្តី​កង​កម្លាំង​នគរបាល​ជាតិ​ដែល​មាន​ក្បាល​ពោះ​ធំៗ​ អាច​ជួយ​ទប់ស្កាត់​បញ្ហា​នានា​របស់​មន្រ្តី​នគរបាល​ ក្នុង​ការ​ចេញ​ទៅ​អនុវត្ត​កិច្ច​ការងារ​នៅខាង​ក្រៅ​ ដោយ​សារ​តែ​បញ្ហា​សុខភាព។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ថា ​ បញ្ហា​នេះ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​របស់​គាត់​ទេ។ ​បើសិន​ថា​ ​គាត់​មាន​សុខភាព​ល្អ​ គាត់​មាន​ភាព​ឆ្លាតវៃ ​គាត់​ពូកែ​គឺ​គាត់​មិន​ជា​បញ្ហា​ទេ។ ​ប៉ុន្តែ​បើ​គាត់​ធាត់ ​ធាត់​ខ្លាំង​ លើស​ទម្ងន់​ខ្លាំង​ ដែល​ថា​ គាត់​មាន​ជំងឺ​ ហើយ​ចេញ​ទៅ​បង្រ្កាប​បទ​ល្មើស​ ចុះ​បើ​គាត់​មិន​អាច​រត់​តាម​ទាន់​ជន​ល្មើស​ ត្រូវ​ការ​អ្នក​ដែល​មាន​កម្លាំង​មាំមួន»។

បើ​តាម​ប្រកាស​ស្តីពី​លក្ខខណ្ឌ​ជ្រើសរើស​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្រ្តី​នគរបាល​ជាតិ​ឆ្នាំ​២០១៦ ​ការ​ប្រឡង​ជ្រើសរើស​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្រ្តី​នគរបាល​ជាតិ​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ/សង្កាត់ ​និង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី-ខេត្ត ​ត្រូវ​មាន​សុខភាព​ល្អ​ កាយ​សម្បទា​មាំមួន​ គ្មាន​ជំងឺ​ឆ្លង ​មាន​កម្ពស់​១,៦៧​ម៉ែត្រ ​សមាមាត្រ​ទៅ​នឹង​ទម្ងន់​ពី​៥៧-៦៧​គីឡូក្រាម​ចំពោះ​បុរស​ និង​មាន​កម្ពស់​១,៥៧​ម៉ែត្រ​ឡើង​ មាន​ទម្ងន់​៤៧-៥៧​គីឡូក្រាម​ ចំពោះ​នារី៕