នគរបាល​ថា​ តំបន់​ក្រហម​នឹង​«តឹងតែង​ជាង​មុន» រីឯ​ពលរដ្ឋ​បន្ត​​អំពាវនាវ​សុំ​ស្បៀង​អាហារ

រូបឯកសារ៖ បារ៉ាសដាក់បិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌស្ទឹងមានជ័យ ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

នគរបាល​បាន​ព្រមាន​ចាត់​វិធានការ​«តឹងតែង​ជាងមុន»​នៅ​តំបន់​ក្រហម​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​មួយ​សប្ដាហ៍​ទៅ​មុខ​ទៀត​នេះ រីឯ​ការ​អំពាវនាវ​សុំ​ជំនួយ​អាហារ​ពី​រដ្ឋាភិបាល​បន្ត​កើត​មាន​ពី​សំណាក់​ពលរដ្ឋ​ ដែល​ជួប​ការ​ខ្វះខាត​ទ័ល​ស្បៀង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ។

លោក​ឧត្ដមសេនីយ៍ត្រី ស៊ុំ សុឃីម ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា នគរបាល​ត្រូវ​បានដក​ពី​តំបន់​លឿង ដើម្បីយក​មក​ពង្រឹង​ការ​អនុវត្ត​បិទ​ខ្ទប់​តំបន់​លឿង​ទុំ និង​ក្រហម នៃ​រាជធានី​ភ្នំពេញ ដែល​មាន​ហានិភ័យ​កូវីដ​១៩​ខ្ពស់។

«បន្ថែម​៧​ថ្ងៃ​នេះ​ទៀត គឺ​ថា​ប្រហែល​ជា​អាច​តំបន់​ក្រហម​និង​តំបន់​លឿង​ទុំ ជា​ពិសេស​តំបន់​ក្រហម ត្រូវ​តែ​តឹងតែង​ហើយ​តឹងតែង​ជាង​លើក​មុន មិនអាច​ឱ្យ​អ៊ីចឹង​ទេ បើ​អ៊ីចឹង​យើ​ង​គ្រប់គ្រង​សភាពការណ៍​អត់​បាន​ទេ តំបន់​ក្រហម​ប្រាកដ​ជា​តឹង​តែង​ហើយ»។

នាយ​នគរបាល​រូបនេះ​បន្ថែម​ថា៖ «តំបន់ណាដែល​មាន​ការ​ស្មុគ្រស្មាញ​ខ្លាំង​គឺ​ត្រូវ​តែ​បិទ ហើយ​វិធានការ​នេះ​ខ្ញុំ​គិត​ថា​តឹងជាងមុន​ តឹង​ជាង​មុន​ដើម្បី ដឹង​តែ​តឹង​ហើយ»។

មនុស្ស​យ៉ាង​ហោចណាស់​៤០​ម៉ឺន​នាក់ ​កំពុង​ស្ថិត​ក្នុង​តំបន់​ក្រហម​ដែល​មាន​៩​សង្កាត់ នៅ​បួន​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើ​យោង​តាម​តួលេខ​ជំរឿន​ស្ថិតិ​ប្រជាជន​ឆ្នាំ​២០១៩​របស់​វិទ្យាស្ថានជាតិ​ផែន​ការ។

ការ​អនុវត្ត​តឹងតែង​នាដើម​ដំបូង​នៃ​ការ​បិទ​ខ្ទប់​ដែល​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​ខែមេសា ដែលរួម​មា​ន​ការ​ប្រើ​រំពាត់​ដេញ​វាយ​អ្នក​ដើរ​ហើរ​តាម​ផ្លូវ ត្រូវ​បាន​ផ្អាក​ក្រោយឧប​នាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រាប់​ឱ្យ​កង​កម្លាំង​ចៀស​ពី​អំពើ​ហិង្សា​អំឡុង​ពេល​បិទ​ខ្ទប់។

លោក​ឧត្ដម​សេនីយ៍​ត្រី​ ស៊ុំ សុឃីម ថ្លែងថា​អំឡុង​ពីរ​សប្ដាហ៍​កន្លង​ទៅ​នៃ​ការ​បិទ​ខ្ទប់ សមត្ថកិច្ច​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​អ្នក​ល្មើស​បាន​ចំនួន​២៤២​នាក់ ដែល​ក្នុង​នោះ​មាន​៤២​នាក់​ត្រូវ​បាន​កសាង​សំណុំ​រឿងបញ្ជូន​ទៅ​តុលាការ។

បើតាម​លោក សុឃីម បទល្មើស​ដែល​ពួកគេ​ប្រព្រឹត្ត​រាប់​បញ្ចូល​ទាំង​ការ​ជួបជុំ​ផឹក​សុរា ការ​បុក​ទម្លាយ​រនាំង​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច និង​ការ​សរសេរ​«ញុះញង់»​ ឬ​«ផ្សាយ​ព័ត៌មាន​មិន​ពិត»លើ​បណ្ដាញ​សង្គម។​

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា​ ការ​បិទ​ខ្ទប់​នេះ កំពុង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​កាត់​ផ្ដាច់​ខ្សែ​ចម្លង​ឱ្យនៅ​មួយ​កន្លែង ហើយ​ថា​រដ្ឋាភិបាល​នឹង​ដោះ​ស្រាយ​បញ្ហា​ស្បៀង​អាហារ​ជូន​អ្នក​ខ្វះ​ខាត​បន្ថែម​ទៀត។

ការ​បិទ​ខ្ទប់​តឹងតែង​និង​ការ​ផ្អាកដំណើរ​ការ​រោងចក្រ​និង​សហគ្រាស​អាជីវកម្ម​នានា បាន​នាំ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ជួបវិបត្តិ​ប្រាក់​ចំណូល​និង​ស្បៀង​អាហារ។

មានសារ​ចំនួនរាប់ពាន់​ត្រូវបានផ្ញើ​ទៅក្រុម​លើ​បណ្ដាញសង្គម Telegram មួយ​បង្កើត​ដោយ​រដ្ឋា​ភិបាល ដើម្បី​ស្នើសុំជំនួយ​សង្គ្រោះ​ពីរដ្ឋ។ គិតត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មានមនុស្ស​យ៉ាងហោច​៥​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រុម Telegram នោះ។

ក្នុង​នោះ​ក៏មាន​ផង​ដែរ កញ្ញា វ៉ែក សុខពៅ បុគ្គលិក​លក់​នៅ​ក្រុមហ៊ុន​មួយ ដែល​ផ្អាកដំណើរការ​នៅ​ពេល​បិទ​ខ្ទ​ប់​នេះ ហើយ​ក៏​មិន​បាន​បើក​ប្រាក់ខែ​ផង​ដែរ។

«កន្លែង​ធ្វើ​ការ​អី​ផ្អាក​អស់​ហើយ​បង ហើយ​ខាង​ក្រុមហ៊ុន​អី​ក៏​មាន​លក្ខណៈថា​រឿង​ប្រាក់​ខែ​អី ហើយ​ទៅ​ទិញ​ម្ហូប​ក៏​ពិបាក​ខ្លាំង ព្រោះ​ចេញ​ទៅ​ក្រៅ​អត់​កើត​អ៊ីចឹង»។

ស្ត្រី​វ័យ​២២ឆ្នាំ​រូប​នេះ​រស់​នៅ​តំបន់​បិទ​ខ្ទប់​នៅ​ស្ទឹង​មានជ័យ​ពីរ​សប្ដាហ៍​មក​ហើយ ចាយ​លុយសន្សំ និង​បន្ថយ​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ​នៃ​គ្រួសារ​ដែល​មាន​គ្នា​៥​នាក់​មក​ត្រឹម​ហូប​មីឆុង​និង​ស៊ុត។

«និយាយ​ទៅ​ម្ហូប ពងទា ហើយ​ទិញ​មី​ទិញ​អី ទុក​បន្តិច​បន្ដួច យូរ​ពេក បើ​សិន​ជា​គេ​បិទមួយ​អាទិត្យ​អី​ទៀត​ហ្នឹង​គឺ​ថា អស់​រលីងតែ​ម្ដង»៕