ការិយាល័យសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញលិខិតកោះហៅថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៤ ដើម្បីបំភ្លឺរឿងចាក់ផ្សាយចម្រៀងមានចំណងជើងថា «ឈាមបាតុករ»។
បទចម្រៀងរ៉េបឈាមបាតុករ ដែលច្រៀងដោយលោក គា សុគន្ធ ត្រូវបានអង្គការសិទ្ធិមនុស្សលីកាដូ និងអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ចាក់ផ្សាយលើបណ្តាញសង្គមរបស់ផងខ្លួនដើម្បីរំឭកដល់ព្រឹត្តិការណ៍បង្ក្រាបរបស់កងកម្លាំងចម្រុះលើហ្វូងបាតុករ ដែលជាកម្មកររោងចក្រនៅផ្លូវវេងស្រេង កាលពី៩ឆ្នាំមុន។ វីដេអូចម្រៀងនោះក៏ត្រូវបានចែករំលែកបន្តដោយមេដឹកនាំអង្គការសមាគមដែលត្រូវប៉ូលិសកោះហៅផងដែរ ដែលរួមមានលោកវន់ ពៅ និងលោកថេង សាវឿន។
បើតាមលិខិតកោះហៅចំនួនបួនរបស់ស្នងការរងទទួលផែនការសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ទាំងនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និងប្រធានអង្គការសង់ត្រាល់ លោកមឿន តុលា និងមេដឹកនាំអង្គការ សមាគមពីរនាក់ទៀតត្រូវបានកោះហៅឲ្យចូលខ្លួនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លិខិតចុះថ្ងៃទី៧មករាឆ្នាំ២០២៣របស់លោក ប៊ុន សុសិក្ខាលើកឡើងថា អ្នកទាំងបួនត្រូវចូលខ្លួន«មកបំភ្លឺលើការបង្ហោះចម្រៀងដោយរូបភាពក្រោមចំណងជើង «ឈាមបាតុករ»។ អ្នកទាំងបួនត្រូវទៅបង្ហាញខ្លួននៅថ្ងៃទី៩ ទី១០ និងទី១១ខែមករានេះ។
ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់លោក មឿន តុលា ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លោកនឹងទៅចូលខ្លួននៅស្នងការដ្ឋានប៉ូលិសក្រុងភ្នំពេញនៅថ្ងៃអង្គារស្អែកនេះ ហើយថា ការបង្ហោះចម្រៀងឈាមបាតុករនោះគ្រាន់តែជាផ្នែកមួយនៃការក្រើនរំឭកដល់ភាគីរដ្ឋាភិបាល និងកម្មករមិនឲ្យងាកទៅរកអំពើហិង្សាក្នុងការដោះស្រាយបញ្ហាការងារទេ នៅពេលអនាគត។
លោកថ្លែងថា៖ «តាមពិតទៅវាគ្រាន់តែជាការរំឭកខួប៩ឆ្នាំនៃអំពើហិង្សា ដែលកើតឡើងនៅយ៉ាកជីង ហើយនឹងនៅផ្លូវវេង ស្រេង។ គោលបំណងរបស់យើងមានតែបីទេគឺទី១ រំឭកខួប៩ឆ្នាំ ទី២ជំរុញឲ្យភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរហ្នឹងធ្វើការស៊ើបអង្កេតរកអ្នកណាដែលជាអ្នកបង្កើតហិង្សាហ្នឹង ឲ្យមនុស្សរាប់សិបនាក់របួស ហើយនឹងស្លាប់ ក៏ដូចជាបាត់ខ្លួនអ៊ីចឹង។ ហើយទី៣ហ្នឹង យើងចង់ឲ្យយកថ្ងៃទី២ ទី៣មករាហ្នឹងជាមេរៀនមួយក្នុងការដោះស្រាយបញ្ហា ទាំងភាគីកម្មករនិយោជិត ទាំងភាគីអាជ្ញាធរហ្នឹង យើងមិនគួរយកអំពើហិង្សាហ្នឹងទៅដោះស្រាយទេ»។
លោក មឿន តុលា បន្ថែមថា បទចម្រៀងរបស់លោក គា សុគន្ធ ដែលបានផ្សព្វផ្សាយនោះគ្មានចរិតបង្កភាពអសន្តិសុខក្នុងសង្គម ដូចការគិតរបស់អាជ្ញាធរទេ ដែលក្នុងនោះមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោកវន់ ពៅ បញ្ជាក់ឲ្យវីអូអេដឹងដែរថា លោកនឹងចូលខ្លួនទៅតាមការកោះហៅរបស់នគរបាល តែថា បទចម្រៀងដែលលោកបានចែករំលែកលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនោះគ្មានចរិតញុះញង់ទេ។
មេដឹកនាំសមាគមរូបនោះចាត់ទុកការចេញលិខិតកោះហៅពីសំណាក់ប៉ូលិសក្រុងភ្នំពេញថា ជាបែបផែននៃការគំរាមកំហែង និងបានបង្ហាញក្តីបារម្ភចំពោះការឃាត់ខ្លួនដែលអាចកើតមាន។ លោក អំ សំអាត បានចូលទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមការកោះហៅនៅសៀលថ្ងៃចន្ទនេះ។
ការចេញលិខិតកោះហៅលោកអំ សំអាត និងលោកមឿន តុលា និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលពីររូបទៀតនោះ កើតមានឡើងក្រោយពីមានប្រតិកម្មរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអ្នកស្រីភឿង សកុណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីអគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍នេត សាវឿនឲ្យចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គមដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើង«ឈាមបាតុករ»ទៅបង្ហោះផ្សព្វផ្សាយ។
បើតាមលិខិតចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ អ្នកស្រីភឿង សកុណា លើកឡើងថា បានពិនិត្យឃើញក្នុងពេលបច្ចុប្បន្ននេះ មាន Page បណ្តាញប្រព័ន្ធព័ត៌មានសង្គមមួយចំនួនបានយកបទចម្រៀងអមដោយ រូបភាពក្រោមចំណងជើងថា ឈាមបាតុករ «ដែលមានខ្លឹមសារអុជ អាល ញុះញង់អាចនឹងបង្កអសន្តិសុខសណ្តាប់ធ្នាប់ដល់សង្គម របស់អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងឈ្មោះ គា សុគន្ធ ដែលធ្លាប់ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសម្តងរួចហើយ មកផ្សព្វផ្សាយជាថ្មីឡើងវិញ»។
អ្នកស្រី ភឿង សកុណា យល់ថា ការផ្សាយម្រៀងរបស់លោក គា សុគន្ធ អាចបង្កនូវភាពមិនប្រក្រតីដែលអាចនឹងកើតមានឡើងជាយថាហេតុតាមរយៈបទចម្រៀងដែលអ្នកស្រីថា មានខ្លឹមសារអុជអាល។
តាមផ្នែកខ្លះនៃខ្លឹមសារចម្រៀងរ៉េបរបស់លោក គា សុគន្ធ មានការលើកឡើងអំពីហេតុការណ៍ដែលបានកើតឡើងកាលពីអតីតកាល ជុំវិញការបង្ក្រាបលើកម្មកររោងចក្រ ដែលខ្លះរងរបួសដោយហូរឈាមក្នុងពេលកំពុងប្រើប្រាស់សិទ្ធិទាមទារការដំឡើងប្រាក់ឈ្នួល។
បទចម្រៀងដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការលីកាដូ អង្គការ សង់ត្រាល់ និងត្រូវបានចែករំលែកដោយថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀតនោះ មានការបញ្ចូលនូវរូបភាពវីដេអូ បង្ហាញឲ្យឃើញការបង្រ្កាបលើក្រុមកម្មករ ពីសំណាក់កងកម្លាំងចម្រុះនៅលើកំណាត់ផ្លូវវេងស្រេងកាលពី៩ឆ្នាំមុន។ ចម្រៀងដដែលបានពណ៌នាថា មានបាតុករខ្លះបាត់ខ្លួន ហើយយុត្តិធម៌ក៏គ្មានសម្រាប់ជនរងគ្រោះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់វីអូអេនៅថ្ងៃចន្ទថា នគរបាលក្រុងភ្នំពេញទទួលបន្ទុកសន្តិសុខបានចេញលិខិតកោះហៅមេដឹកនាំអង្គការសង្គមស៊ីវិលទាំងបួននាក់។ លោកយល់ស្របនឹងការលើកឡើងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអំពីខ្លឹមសារនៃបទចម្រៀងរបស់លោក គា សុគន្ធ ដែលលោកអះអាងថា អាចប៉ះពាល់ដល់សន្តិសុខសង្គម។
លោកថ្លែងថា៖ «អ្វីដែលបានចាក់ហ្នឹងគឺវាអាចធ្វើឲ្យប៉ះពាល់ដល់ទិដ្ឋភាពមួយដែលវាមើលទៅ វាប៉ះពាល់ដល់សំខាន់គឺគាត់ផ្តោតលើការញុះញង់ហ្នឹង ហើយវាប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ»។
នៅពេលសួរថា តើប៉ូលិសអាចមានការកោះហៅលោកគា សុគន្ធដែរឬទេ លោក សាន សុខសីហា បញ្ជាក់ឡើងវិញថា ជាបឋមមានការកោះហៅមនុស្សតែបួននាក់ប៉ុណ្ណោះ។
ក្នុងខួប៩ឆ្នាំនៃព្រឹតិ្តការណ៍ហិង្សានៅផ្លូវវេង ស្រេងនោះ អង្គការសង្គមស៊ីវិលមួយចំនួនឲ្យដឹងថា កងកម្លាំងចម្រុះបានបាញ់រះទៅលើកម្មករដែលកំពុងតវ៉ានៅវិថីវេង ស្រេង ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់៤នាក់ និងបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់៣៨ នាក់ផ្សេងទៀតរងរបួស ហើយកុមារាម្នាក់បាត់ខ្លួន។ ក្នុងព្រឹត្តិការណ៍បង្ក្រាបនោះ មានសកម្មជនចំនួន២៣នាក់ត្រូវបានចាប់ខ្លួន ដែលអង្គការសង្គមស៊ីវិលយល់ថា ជាជនរងគ្រោះដែលមិនទាន់បានឃើញពន្លឺយុត្តិធម៌នៅឡើយ។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេកន្លងមកថា វិធានការរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើការតវ៉ាកាលពី៩ឆ្នាំមុននោះគឺជាការទប់ស្កាត់ចលនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល៕
លោក លាស់ លីបលីប រួមចំណែកដល់សេចក្តីរាយការណ៍នេះ។