ប៉ូលិសកំពុងតាមចាប់អ្នកបើករថយន្តបុកមនុស្សស្លាប់២នាក់នៅរាជធានីភ្នំពេញ

រូបឯកសារ៖ ប៉ូលិសធ្វើដំណើរតាមរថយន្តកាត់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ​អះអាង​ថា​ ខ្លួន​កំពុង​តាម​ចាប់​អ្នក​បើក​បរ​រថយន្ត​ ដែល​សង្ស័យ​ថា​ បុក​ម៉ូតូ​មួយ​គ្រឿង​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ បណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ និង​ម្នាក់​រង​របួស​ធ្ងន់។​ ហេតុ​ការណ៍​នេះ កើត​ឡើង​កាល​ពី​យប់​រំលង​អធ្រាត្រ ​នៅ​លើ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ ​ហើយ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ។​ នេះ​បើ​តាម​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

បើ​តាម​សារ​នោះ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក ​ជួន ណារិន្ទ ​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​ចម្រុះ​ស្រាវជ្រាវ​ស្វែង​រក​ចាប់​អ្នក​បើក​រថយន្ត​បង្ក​ និង​រត់​គេច​ខ្លួន​ ក្រោយ​បុក​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ​បណ្តាល​ឱ្យ​ស្រ្តី ​និង​កូន​តូច​ស្លាប់​ និង​ស្វាមី​ដែល​ជា​អ្នក​បើក​ម៉ូតូ​របួស​ធ្ងន់។​

លោក ​សំ វិច្ឆិកា ​អ្នក​នាំ​ពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ ​ប្រាប់​វីអូអេ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា​ សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​អ្នក​បើក​រថយន្ដ​បាន​នៅ​ឡើយ​ទេ។ ​លោក​បញ្ជាក់​ថា​ ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។​

សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា​ ​រថយន្ត​បង្ក​នោះ​សង្ស័យ​ជា​ប្រភេទ​រថយន្ដ​ Hammer ​ ដែល​បើក​បរ​ទិស​ដៅ​ស្រប​គ្នា​ ហើយ​បាន​បុក​ម៉ូតូ​ពី​ខាង​ក្រោយ​ពេញ​ទំហឹង។​

នេះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ ដែល​ជន​បង្ក​រត់​គេច​ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ហ្វេសប៊ុក ​បន្ទាប់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ​១៤​ ខែ​ធ្នូ ​ដែល​ជន​បង្ក​ដែល​រត់​គេច​តែ​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អាទិត្យ៕