ក្រុមសកម្មជនវ័យក្មេងរបស់ចលនាមាតាធម្មជាតិ និងយុវជនដែលគាំទ្រលោក កែម ឡី ជាង១០នាក់ នៅថ្ងៃពុធនេះ បានជម្នះធ្វើពិធីរំឭកខួប៤ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី នៅស្ថានីយប្រេងសាំងមួយជាមួយព្រះសង្ឃចំនួន១២អង្គ ទោះបីគ្មានការអនុញ្ញាតពីរដ្ឋបាលខណ្ឌចំការមនរាជធានីភ្នំពេញក៏ដោយ។ នៅក្នុងការប្រមូលផ្តុំនេះ យុវជនម្នាក់ត្រូវបាននាំខ្លួនទៅសាកសួរ រួចដោះលែងវិញ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គឺនៅពេលលោកទទួលទានកាហ្វេ នៅស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ ដែលស្ថិតក្នុងខណ្ឌចំការមន។
កាលពីថ្ងៃអង្គារ រដ្ឋបាលខណ្ឌចំការមន បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយហាមមិនឲ្យមានការជួបជុំ ដោយសារម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិច បានស្នើសុំមកអាជ្ញាធរជួយចាត់វិធានការ ដើម្បីធានាប្រក្រតីភាពនៃអាជីវកម្ម។ អាជ្ញាធរខណ្ឌបញ្ជាក់ថា «រដ្ឋបាលខណ្ឌគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តផ្ទុយនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា»។
អ្នកស្រី ចាន់ លេខ មន្ត្រីទំនាក់ទំនងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ កាល់តិចដែលជាផ្នែកមួយរបស់ក្រុមហ៊ុនសារជីវកម្ម Chevron របស់សហរដ្ឋអាមេរិកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ។
នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។
លោក ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាលសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា យុវជនម្នាក់ ឈ្មោះខាន់ ចាន់ថន អាយុ ៣៤ឆ្នាំ មិនត្រូវបានចាប់ខ្លួនទេ តែយុវជនរូបនោះគ្រាន់តែត្រូវបាន«អញ្ជើញ»មកសួរនាំជុំវិញការចូលរួមពិធីដែលម្ចាស់ស្ថានីយប្រេងឥន្ធនៈកាល់តិចមិនអនុញ្ញាត។
«អ្ហូខាងខ្ញុំអត់មានបានឃាត់ខ្លួនអីទេបង ដោយសារខាងខ្ញុំគ្រាន់តែអញ្ជើញគាត់មកសួរនាំពាក់ព័ន្ធនឹងទីតាំងខាងលើ ដោយសារអាកន្លែងគោរព។ ហើយកម្មវិធីដាក់កម្រងផ្កាហ្នឹង គឺខាងហា្គរ៉ាស់កាល់តិច គេមិនអនុញ្ញាតឲ្យដាក់បង ដល់ពេលអ៊ីចឹងខាងគាត់ពាក់អាវស្អីមកអ៊ីចឹងទៅ ខាងយើងហៅគាត់សួរនាំតែប៉ុណ្ណឹង ហើយក៏បង្គាប់ឲ្យអញ្ជើញគាត់ទៅវិញទៅបង។ អត់មានអីផង»។
លោកនាយប៉ុស្តិ៍ដដែលអះអាងថា មន្ត្រីនគរបាលមិនបានស្នើឲ្យយុវជនចាន់ថន ធ្វើកិច្ចសន្យាជាក់លាក់ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពមកវិញទេ។ លោកថា មន្ត្រីនគរបាលបានណែនាំយុវជនរូបនោះ ហើយក៏ប្រគល់កង់ឲ្យទៅយុវជននោះវិញ។
កម្រងរូបភាពVOA៖ អាជ្ញាធរហាមមិនឲ្យជួបជុំក្នុងខួប៤ឆ្នាំនៃឃាតកម្មលោក កែម ឡី ខណៈហៅយុវជនម្នាក់ទៅសាកសួរ
រូបឯកសារ៖ អ្នកធ្វើដំណើរគោរពសពលោកបណ្ឌិតកែម ឡី នៅគេហដ្ឋានរបស់លោកបណ្ឌិត កែម ឡី នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/វីអូអេ)
យុវជន ខាន់ ចាន់ថន ត្រូវគេថតរូបបាន ពេលគាត់កំពុងជិះកង់និងមានពាក់យឺតភ្ជាប់ជាមួយរូបលោក កែម ឡី ចូលមកស្ថានីយប្រេងសាំងកាល់តិច នៅដំណាលគ្នានឹងពេលដែលក្រុមកម្លាំងចម្រុះរាប់សិបនាក់ ដែលជាមន្ត្រីនគរបាល និងកងសន្តិសុខ ដែលខ្លះទៀតស្លៀកពាក់ស៊ីវិលត្រូវបានដាក់ឲ្យរារាំងមិនឲ្យក្រុមយុវជននៃចលនាមាតាធម្មជាតិធ្វើពិធីរំឭកដល់ការស្លាប់លោក កែម ឡី នៅក្នុងបរិវេណស្ថានីយប្រេងសាំងកាល់តិច។
លោកចាន់ថន ប្រាប់វីអូអេតាមទូរស័ព្ទថា ក្រុមមន្ត្រីសន្តិសុខជាច្រើននាក់បានសួរនាំលោកជាងមួយម៉ោង ពាក់ព័ន្ធនឹងមូលហេតុដែលលោកមកចូលរួមកម្មវិធីរំឭកដល់មរណភាពលោក កែម ឡី។ លោកថា ក្រុមមន្ត្រីដែលខ្លះស្លៀកពាក់ឯកសណ្ឋានយោធា បានសួរនាំលោករកអ្នកផ្តល់ជំនួយឲ្យលោកមកចូលរួមកម្មវិធីនៅថ្ងៃនេះ។
«ប៉ូលិសគាត់បានមើលងាយខ្ញុំត្រង់ថា គាត់សួរ គាត់ថា អ៊ីចេះ គេឲ្យខ្ញុំប៉ុន្មានដែលខ្ញុំមកហ្នឹង។ ហើយបើថា ទុកពេលគាត់ថាអ៊ីចឹង ទុកពេលវេលាហ្នឹង ធ្វើការរកស៊ី ឬ មួយមើលថែប្រពន្ធកូនគ្រួសារទៅវាល្អជាង។ នេះ ជារឿង ជាការឥតប្រយោជន៍ទេ សង្គមរីកចម្រើនអភិវឌ្ឍប៉ុណ្ណឹងហើយយើងមានការតវ៉ា មានការទាមទារអ្វីទៀត!គាត់និយាយថាអ៊ីចឹងសមត្ថកិច្ច»។
លោកចាន់ថន ដែលបានស្គាល់លោកកែម ឡីជិត៥ឆ្នាំមកហើយ បន្ថែមថា លោកត្រូវបានគេអនុញ្ញាតឲ្យចេញពីប៉ុស្តិ៍នគរបាលបឹងត្របែក បន្ទាប់ពីមន្ត្រីនគរបាលបានសួរបញ្ជាក់ពីគោលជំហររបស់គាត់ក្នុងការចូលរួមរំឭកឃាតកម្មលើលោកកែម ឡី នៅឆ្នាំខាងមុខ និងកត់ត្រារាល់ចម្លើយហើយនោះ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា អាជ្ញាធរទីក្រុងភ្នំពេញគួរអនុញ្ញាតឲ្យក្រុមយុវជន និងព្រះសង្ឃធ្វើពិធីរំឭកដល់វិញ្ញាណក្ខន្ធលោក កែម ឡី ដែលជាផ្នែកមួយនៃការប្រើប្រាស់សិទ្ធិជាមូលដ្ឋានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្ថែមថា វិធានការរារាំងរបស់កងសន្តិសុខ និងអាជ្ញាធរផ្សេងទៀត បានបង្កឲ្យមានភាពច្របូកច្របល់ ជាជាងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ។
លោក ថុន រដ្ឋា សកម្មជនមួយរូបនៃចលនាមាតាធម្មជាតិ ដែលត្រូវបានក្រុមកងសន្តិសុខចម្រុះរុញច្រានឲ្យចាកចេញពីបរិវេណស្ថានីយប្រេងកាល់តិចនិយាយថាការរារាំងរបស់ក្រុមសន្តិសុខឲ្យមិនមានការធ្វើពិធីសាសនារំឭកខួប៤ឆ្នាំនៃមរណភាពលោកកែម ឡីជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
លោក ថុន រដ្ឋា សកម្មជនមួយរូបនៃចលនាមាតាធម្មជាតិ ត្រូវបានរារាំងដោយកងសន្តិសុខមិនឲ្យឈរនៅក្នុងបរិវេណស្ថានីយប្រេងសាំងកាល់តិច នៅទីក្រុងភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
«បើខុសច្បាប់បើសកម្មភាពរបស់យើងខុសច្បាប់បងប្អូនអត់ឃើញខ្ញុំនិយាយបានទេ។ខ្ញុំត្រូវគេលើកដាក់ឡានប៉ូលិសត្រូវបានគេយកទៅកន្លែងស្នងការ ត្រូវបានគេយកទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ដាក់គុកនៅព្រៃសភ្លាម បើសិនជាខ្ញុំខុសច្បាប់។ តែនេះខ្ញុំស្របច្បាប់១០០ភាគរយ»។
នៅខណៈមានការរារាំងខ្លាំងពីក្រុមកម្លាំងចម្រុះ ដែលមានទាំងកងសន្តិសុខ និងនគរបាលនោះ ក្រុមយុវជន ដែលរួមមានក្រុមយុវជនខ្មែរថាវរៈ ក្រុមយុវជនឈ្មោះNot1More និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ និងក្រុមព្រះសង្ឃ បានបង្ខំចិត្តសូត្រធម៌ឧទ្ទិសកុសលជូនលោកបណ្ឌិត ពីចម្ងាយប្រមាណ១០០ម៉ែត្រពីទីតាំងស្ថានីយប្រេងឥន្ធនៈជាកន្លែងដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់៕