ប៉ូលិស​ដោះលែង​សកម្ម​ជន​បរិស្ថាន​ដោយ​ដាក់​លក្ខខណ្ឌ

រូប​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក Alex Gonzalez (រូប​ផ្តល់​ឲ្យ)

មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន​១១​នាក់ ​ត្រូវ​បាន​ក្រុម​មន្ត្រី​ប៉ូលិសខេត្ត​កោះ​កុងសម្រេច​ដោះលែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​ បន្ទាប់​ពីពួក​គេ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​សមត្ថកិច្ចថា​ ឈប់​ធ្វើ​សកម្មភាព​រារាំង​នៅ​តំបន់​អារ៉ែង។​

កាលពី​ថ្ងៃ​ច័ន្ទ​ យ៉ាង​ហោច​ណាស់​មាន​សកម្មជន​ការពារ​បរិស្ថាន​ចំនួន​១១​នាក់​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ឃាត់​ខ្លួន ​ដោយ​សារតែ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​រារាំង​មន្ត្រីរដ្ឋាភិបាល​មួយ​ក្រុម​ មិន​ឱ្យ​ចូល​ក្នុង​តំបន់​អារ៉ែង។​ ​

គេ​ធ្វើ​ការ​រារាំងនេះ​ដោយសារ​តែ​ពួក​គេ​ខ្លាច​អាជ្ញាធរ​ចូល​មក​បើក​ផ្លូវ​ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ចិន​ចូល​មក​ស្រាវជ្រាវ​អភិវឌ្ឍទំនប់​វារី​អគ្គិសនី​នៅ​តំបន់​នោះ។​

លោក​នាង បូរ៉ាទីណូ​ មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ខេត្តកោះកុង​ មាន​ប្រសាសន៍​ថា ​សកម្មជន​ការពារ​បរិស្ថាន​ទាំង​១១​នាក់​ត្រូវ​បាន​ដោះ​លែងវិញ​ហើយ ​ហើយ​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​អារ៉ែង​វិញ​ហើយ ​ដើម្បី​បន្ត​សកម្មភាព​ការពារ​បរិស្ថាន​នៅទី​នោះ។​

លោក​បាន​ចាត់​ទុក​ថា ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​១១​នាក់​នេះ​គឺ​ជា​ការ​បំភិត​បំភ័យ​ មិន​ឲ្យ​ពួកគេ​ចេញ​មុខ​ការ​ពារ​បរិស្ថាន​ត​ទៅ​ទៀត។​

លោក​និយាយ​ថា៖​ ​«ចំពោះ​ការ​យក​គាត់​យក​មក​ធ្វើ​កិច្ច​សន្យា​បែប​នេះ​ហាក់​បី​ដូច​ជា​បំភិត​បំភ័យ​គាត់​ បំបាក់​ស្មារតីគាត់​ មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​ត​ទៅ​ទៀត។​ ​អញ្ចឹង​ការ​តវ៉ា​របស់​គាត់​គឺ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ដល់​សម្បត្តិ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កោះកុង»។​

ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​ដែល​ត្រូវ​បានអាជ្ញាធរ​ខេត្ត​ចាប់​ឃាត់​ខ្លួន​រួម​មាន​៖​លោក​វ៉ែន វ៉ន ​តំណាង​សហគមន៍​ស្ទឹង​ជាយ​អារ៉ែង​ និង​លោក ​Alex Gonzalez ​ Davidson ​អ្នក​ស្ថាបនិក​នៃ​អង្គការ​ការពារ​បរិស្ថាន​មួយ​ឈ្មោះ​ថា​ មាតា​ធម្មជាតិ។​

លោក​ Alex ​ជា​ជន​ជាតិ​អេស្ប៉ាញ​ហើយ​រស់​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ​ ហើយ​ក៏​ជា​អ្នក​រិះគន់​ឥត​សំចៃ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​អារ៉ែង​ដែរ។​ លោក​និយាយ​ថា​ គម្រោង​នេះ​បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ ដែល​រស់​នៅ​ទីនោះ។

លោក​ Alex ​មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​ថា ​លោក​មិន​បាក់​ស្មារតី​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ទេ​ តែ​ផ្ទុយទៅ​វិញ​ វា​ធ្វើ​ឲ្យ​ក្រុម​លោក​កាន់​តែ​មាន​កម្លាំងរឹងមាំ​ឡើង​ដើម្បី​ការ​ពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង។​

លោក​និយាយ​ថា៖​ «​អញ្ចឹង​យើង​ដឹង​យូរ​ហើយ​រឿង​ហ្នឹង។​ ពេល​ដែល​គេ​ចាប់​យើង​ម្សិលមិញ​ កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​សាច់​ដុំ​ធំ​ជាង​មុន​ មាន​បទ​ពិសោធន៍​ មាន​ប្រជាប្រីយ៍​ភាព​ច្រើន​ជាង​មុន។​ ដូច្នេះ​ច្បាស់​១០០%​ថា​ នឹង​បន្តទៅ​មុខ​ ​គ្រាន់​តែ​ថា ​ធ្វើ​សកម្ម​ភាព​អ្វី​ខ្លះ​បន្ត​បន្ទាប់​នោះ​ ​យើង​អត់ទាន់​ហ៊ាន​ថា​ទេ​ ពី​ព្រោះ​យើង​អត់ទាន់​សម្រេច​ចិត្ត»។​

លោក ​សំ ​ឃិតវៀន​ ស្នងការ​ប៉ូលិសខេត្ត​កោះកុង​ មាន​ប្រសាសន៍​ថា​ សមត្ថកិច្ចមិន​បាន​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទេ​គឺ​គ្រាន់​តែ​បាន​អញ្ជើញ​ពួក​គេ​មក​សាក​សួរ​តែ​ប៉ុណ្ណោះ។ ​លោក​មាន​ប្រសាសន៍​ថា​ ក្រោយ​ពី​បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​សមត្ថ​កិច្ច ប៉ូលិស​បាន​ឲ្យ​ពួកគេ​ត្រឡប់ទៅ​ផ្ទះ​វិញ​ មិន​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ទេ។​

លោក​និយាយ​ថា៖​«មិន​មែន​ដោះ​លែង​ទេ។​ គាត់​ត្រឡប់​ទៅ​វិញ​អស់​ហើយ​ ពីព្រោះ​ខ្ញុំ​អត់​បាន​ចាប់។​ អញ្ចឹង​អត់​មាន​ការ​ដោះ​លែង​ទេ។​ កុំ​ប្រើពាក្យ​ដោះលែង​ឬ​ក៏​ឃាត់​ខ្លួន។​ ​ខ្ញុំ​គ្រាន់​តែ​អញ្ជើញ​គាត់​មក​សាក​សួរ​ ហើយ​ក៏​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ»។​

តំបន់​អារ៉ែង​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មបាំង​ ខេត្ត​កោះ​កុង​នោះត្រូវ​បាន​ក្រសួងរ៉ែ​ និង​ថាមពល​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុម​ហ៊ុន​ចំនួន​៣​ ​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១០​ និង​ពី​២០១០​ ដល់​២០១៣​ ហើយ​ចុង​ក្រោយ​គឺ​ក្រុម​ហ៊ុន​ស៊ីណូហាយដ្រូទទួល​បាន​អាជ្ញា​ប័ណ្ណ​ដើម្បី​ធ្វើសិក្សាពី​ឆ្នាំ​២០១៤​នេះ​ ដោយ​ចាប់ពី​ខែ​មិនា​រហូត​ដល់​ខែ​កញ្ញា​ដើម្បី​ធ្វើ​វារី​អគ្គិសនី​ ដែល​អាច​រំពឹង​ថា ​នឹងផលិត​ថាមពល​ចំនួន​៥០​មេហ្កាវ៉ាត់​នៅ​ខែ​ប្រាំង ​និង​១០៨​មេហ្កាវ៉ាត់​នៅ​រដូវ​វស្សា។​

លោក ​Alex​ មាន​ប្រសាសន៍​ថា​ គម្រោងនេះ​បាន​ប៉ះពាល់ដល់​សិទ្ធិ​ជនជាតិ​ ​ភាគតិច​នៅ​តំបន់​អារ៉ែង ដែល​មាន​ប្រមាណ​ជាង​៩០​ភាគរយ​មិន​ព្រម​ចាក​ចេញ​ដោយ​សារ​តែ​ពួក​គេ​ពឹង​ផ្អែក​ទៅ​លើ​ផល​ និង​អនុផល​ព្រៃ​ឈើ​នៅ​ទីនោះ៕