បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ត្រូវបានបញ្ចប់ នាយកដ្ឋាននគរបាលចរាចរណ៍ បានចេញរបាយការណ៍មួយបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ មានការថយចុះ ដោយសារប្រជាពលរដ្ឋ មានការយល់ដឹងពីគ្រោះថ្នាក់ និងច្បាប់ចរាចរណ៍បានច្រើនជាងមុន។
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៨ រយៈពេល៣ថ្ងៃ កើតឡើងចំនួន៥៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន២៦នាក់ របួសធ្ងន់៥៨នាក់ និងស្រាល២៣នាក់។ តួលេខគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះ បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃ ដូចគ្នាក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញកាលពីថ្ងៃទី១៦ ខែមេសា បង្ហាញថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គិតពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ថយចុះ១៩លើក មនុស្សស្លាប់ថយចុះ៣នាក់ របួសធ្ងន់ថយចុះ២៣នាក់ និងរបួសស្រាលថយចុះ៣៤នាក់។
បើតាមរបាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន បើកហួសល្បឿន មិនគោរពសិទ្ធិ បើកជែង បត់គ្រោះថ្នាក់ បើកបរដោយមានជាតិ ស្រវឹង មិនប្រកាន់ស្តាំ និងបើកបរដោយងងុយដេក។
លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការថយចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០១៨នេះ បង្ហាញពីភាពវិជ្ជមានដែលបណ្តាលមកពីប្រជាពលរដ្ឋមានការយល់ ដឹងច្រើនពាក់ព័ន្ធនឹងគ្រោះថ្នាក់ និងច្បាប់ចរាចរណ៍។
លោកបន្ថែមថា បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក្តី ប៉ុន្តែលោកថា ប្រជាពលរដ្ឋត្រូវតែបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នក្នុងការបើកបរ ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពល្បឿន និងការពិសារគ្រឿងស្រវឹង។
លោកបញ្ជាក់ថា៖
«យើងឃើញថា តួលេខនេះគឺល្អបំផុតហើយដែលយើងឃើញថា បើទោះបីជាមធ្យោបាយធ្វើដំណើរមានការកើនឡើងយ៉ាងណាក៏ដោយ ក៏បន្តែតួលេខនៃគ្រោះថ្នាក់ចរាចរណ៍ហ្នឹងមានការថយចុះវិញ។ ហើយយើងសូមឲ្យមានការថយចុះជារៀងរហូត អញ្ចឹងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ការធ្វើដំណើររបស់គាត់ ត្រួតពិនិត្យមើលបច្ចេកទេស មើលហ្វ្រាំង ពាក់មួកសុវត្ថិភាព ឬបើកបរហ្នឹងគោរពច្បាប់ចរាចរណ៍»។
គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីឆ្នាំ២០១៧កន្លងទៅ មានចំនួន៧៤លើក បណ្តាលឲ្យមនុស្សស្លាប់២៩នាក់ របួសធ្ងន់៨១នាក់ និងរបួសស្រាល៥៧នាក់៕