ប្រទេស​ប៉ូឡូញ​ផ្អាក​ចេញ​ទិដ្ឋាការ​ឲ្យ​កម្មករ​កូរ៉េ​ខាង​ជើង

ជាង​ផ្សារ​ដែក​ម្នាក់​មក​ពី​កូរ៉េ​ខាង​ជើង​កំពុង​ធ្វើ​ការ​នៅ​កន្លែង​សង់​នាវា​ក្រុង Gdansk ក្នុង​ប្រទេស​ប៉ូឡូញខាង​ជើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤​​ មីនា​ ២០១៦។​(AP Photo/Wojtek Jakubowski)

ប្រទេស​ប៉ូឡូញ​​បាន​បញ្ឈប់​ការ​ចេញ​ទិដ្ឋាការ​ឲ្យកម្មករ​កូរ៉េខាង​ជើង​ខណៈពេល​ដែល​មាន​របាយការណ៍​ថា​រដ្ឋធានី​ព្យុងយ៉ាង​កំពុង​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ទៅ​បរទេស​ដើម្បី​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​លំបាក​ដើម្បី​ស្វែងរក​រូបិយប័ណ្ណ​ដែល​មិន​ងាយ​ធ្លាក់​ថ្លៃ។​

ក្រសួង​ការបរទេស​ប៉ូឡូញ​បាន​ប្រាប់ VOA ប្រចាំប្រទេស​កូរ៉េ​ថា​ប្រទេស​ប៉ូឡូញ​មិន​បាន​ចេញ​ទិដ្ឋាការ​ឲ្យកម្មករ​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​ដំណើរការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​ខែ​មករា។​ ប្រទេស​ប៉ូឡូញ​បាន​ចេញ​ទិដ្ឋាការចំនួន​ ១៥៦ ឲ្យ​កម្មករ​កូរ៉េ​ខាង​ជើង​កាល​ពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​មួយ​នេះ។​

​កាល​ពី​ឆ្នាំ​មុន សម្ព័ន្ធ​អឺរ៉ុប​សម្រាប់​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​អង់គ្លេស ដែល​គាំទ្រ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា​ ប្រទេស​ប៉ូឡូញ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជិត​២០​ទៀត​ដែល​ទទួលកម្មករ​ជនជាតិ​កូរ៉េ​ខាង​ជើង។ ប៉ូឡូញ​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ពីរ​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ដែល​មាន​នៅ​ក្នុង​បញ្ជី។

ផែនការ​ចម្រូងចម្រាស​

ក្រសួង​ការ​បរទេស​ប្រទេស​ប៉ូឡូញ​បាន​ផ្ញើ​សារ​មួយ​តាម​អ៊ីម៉ែល​មក​កាន់ VOA ប្រចាំ​ប្រទេស​កូរ៉េ​កាល​ពី​សប្តាហ៍មុន​ថា​ «ក្នុង​នាម​ជា​សមាជិក​សហភាព​អឺរ៉ុប​ យើង​ជឿ​ថា​កាតព្វកិច្ច​ចម្បង​របស់​យើង​នៃ​សហគមន៍​អន្តរជាតិ​មួយ​នេះ ​គឺ​លើក​កម្ពស់​ភាព​ស្រប​ច្បាប់​នៃករណី​នេះ។​ ប្រជាជន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ (DPRK) ដែល​ធ្វើ​ការ​នៅ​ប្រទេស​ប៉ូឡូញ​ កន្លែង​ធ្វើ​នាវា ឬ​ក៏​នៅ​កន្លែង​ណា​ក៏​ដោយ គឺ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​ប៉ូឡូញ​និង​មិន​ត្រូវ​បាន​រើស​អើង​នោះ​ទេ»។

ក្រសួង​នេះ​បាន​សរសេរ​បន្ថែមថា «រដ្ឋាភិបាល​ប៉ូឡូញ​អនុវត្ត​កិច្ចការ​ទៅ​តាម​ព័ត៌មាន​អំពី​ការងារ​របស់​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ការងារ និង​ការ​ប្រតិបត្តិ​តាម​ច្បាប់​ការងារ»។​

សារព័ត៌​មាន​មួយ​ចំនួន​រំពឹង​ថា ​ប្រជាជន​កូរ៉េ​ខាង​ជើង​ជិត​ ៨០០នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ ប៉ុន្តែ​ក្រសួង​ការ​បរទេស​បាន​និយាយថា​មាន​តែ​ប្រជាជន​កូរ៉េ​ខាង​ជើង​ប្រមាណ​៤៨២​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ធ្វើ​ការ​នៅ​ក្នុង​ឆ្នាំ​២០១៥។ តួលេខ​នេះ​ គឺ​តិច​ជាង​មួយ​ភាគ​រយ​នៃ​ប័ណ្ណ​ការងារ​ដែល​គេ​បាន​ចេញ​ឲ្យ​នៅ​ក្នុង​ប្រទេស។

ក្រសួង​នេះ​បាន​បន្ត​ថា «កិច្ចសហ​ប្រតិ​បត្តិការ​ដែល​មាន​រួច​ទៅ​ហើយ​នៅ​ក្នុង​វិស័យ​នេះ​គឺ​កំពុង​តែ​ដំណើរការ​ក្រោម​កិច្ចព្រមព្រៀង​ឯកជន​រវាង​ក្រុមហ៊ុន​ក្នុង​ប្រទេស​ប៉ូឡូញ​ និង​កូរ៉េ​ខាង​ជើង។​ អាជ្ញាធរ​ប៉ូឡូញ​មិន​អាច​ធ្វើ​ការ​សម្រប​សម្រួល​ក្នុង​ការ​ទទួល​ប្រជាជន​កូរ៉េ​ខាង​ជើង​ឲ្យ​ធ្វើ​ការ ឬ​ធ្វើ​យុទ្ធការ​ឃោសនា​ឲ្យប្រជាជន​កូរ៉េខាង​ជើងមក​ធ្វើការ​នៅប្រទេស​ប៉ូឡូញ​ឡើយ»។​

សម្ពាធ​ពី​អន្តរជាតិ

​កាល​ពី​ខែ​មីនា លោក​ប្រធានា​ធិបតី​ បារ៉ាក់​ អូបាម៉ា​ បាន​ចុះ​ហត្ថាលេខាលើ​បទ​បញ្ជា​មួយ​ដោយដាក់​ទណ្ឌកម្ម​ថ្មី​ចំពោះ​កូរ៉េ​ខាង​ជើង​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ។ វិធានការ​នេះ​អនុញ្ញាត​ឲ្យ​រតនាគារ​របស់​អាមេរិក​ផ្អាក​ការ​ប្រើប្រាស់​ទ្រព្យ​សកម្ម​របស់​ភាគី​ណា​ដែល​រក​ឃើញ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​បុគ្គលិក​មក​ពី​កូរ៉េ​ខាង​ជើង។​ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​មួយ​បាន​រក​ឃើញ​ថា​កាល​ពី​ឆ្នាំ​មុន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រក​ចំណូល​បាន​២,៣​ ពាន់​លាន​ដុល្លារ​ពី​កម្មករ​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ ដែល​ពួក​គេ​ភាគ​ច្រើន​ធ្វើ​ការ​ក្នុង​ស្ថានភាព​លំបាក។

ក្រសួង​ការ​បរទេស​កូរ៉េ​ខាងត្បូង​បាន​គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ប៉ូឡូញ​ដោយ​និយាយ​ថា ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ​កាន់​តែ​កើន​ឡើង​ដោយ​សារ​ការ​អនុវត្ត​បែប​នេះ៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ