ប្រទេស​ប៉ូឡូញ​អនុម័ត​លើ​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដ៏​ចម្រូងចម្រាស់

នេះ​ជា​ទិដ្ឋភាព​នៃ​ស្ទូឌីយោ និង​ទីស្នាក់ការ​កណ្តាល​របស់​ទូរទស្សន៍​ប៉ូឡូញ​នៅ​ក្នុង​ក្រុង​វ៉ាសូរី (Warsaw) ប្រទេស​ប៉ូឡូញ។

លោក​ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស់​ថ្មី​មួយ​ ដោយ​ផ្តល់​អំណាច​ដល់​រដ្ឋាភិបាល​អភិរក្ស​និយម​នៅ​ក្នុង​ប្រទេស​ត្រួតត្រា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​ដោយ​ផ្ទាល់​ បើ​ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ពី​សំណាក់​មេដឹកនាំ​នានា​នៃ​សហភាព​អឺរ៉ុប​ក៏​ដោយ។

ជំនួយការ​របស់​លោក​ប្រធានាធិបតី Duda គឺ​លោក​ស្រី Malgorzata Sadurska បាន​មាន​ប្រសាសន៍​ថា លោក Duda ចង់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​មាន​លក្ខណៈ​មិន​លម្អៀង សត្យានុម័ត​ និង​អាច​ជឿ​ជាក់​បាន។ ​

យោង​តាម​ច្បាប់​ថ្មី​នេះ រដ្ឋ​មន្រ្តី​រតនាគារ​ជាតិ​នឹង​ចាត់​នាយកប្រតិបត្តិ​ថ្មីៗ​ដើម្បី​គ្រប់គ្រង​វិទ្យុ​ និង​ទូរទស្សន៍​រដ្ឋ​ក្នុង​ប្រទេស​ប៉ូឡូញ។ សភា​ក៏​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​នាយក​គ្រប់គ្រង​ និង​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

សមាជិក​សហភាព​អឺរ៉ុប​បាន​រិះគន់​ច្បាប់​ថ្មី​នេះ ថា​ជា​ការ​គំរាមកំហែង​ដល់​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ប៉ូឡូញ​ទាំង​អស់។

គណបក្ស​ច្បាប់​ និង​យុត្តិធម៌​ដែល​ជា​គណបក្ស​អភិរក្ស​និយម​របស់​ប៉ូឡូញ​បាន​សន្យា​ថា​នឹង​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បន្ទាប់​ពី​កាន់​អំណាច​កាល​ពី​ចុង​ឆ្នាំ​មុន។ របៀប​វារៈ​របស់​គណបក្ស​នេះ ដែល​រួម​បញ្ចូល​ទាំង​ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​តុលាការ​ធម្មនុញ្ញ ដែល​នេះ​គឺ​ជា​បញ្ហា​មួយ​ទៀត​ដែល​ទទួល​ការ​ត្អូញត្អែរ​យ៉ាង​ច្រើន៕