នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញបាននិយាយនៅថ្ងៃអង្គារថា ប្រទេសបេឡារុសបានលើកទឹកចិត្តដល់ជនចំណាកស្រុកក្នុងតំបន់មជ្ឈឹមបូព៌ាឲ្យចូលទៅប្រទេសប៉ូឡូញដើម្បីបង្កអស្ថិរភាពនៅក្នុងសហភាពអឺរ៉ុប។
ក្នុងដំណើរទៅកាន់ទីក្រុង Kuznica ភាគខាងកើតប្រទេសប៉ូឡូញ លោក Mateusz Morawiecki បានលើកឡើងថា «ប្រទេសភាគខាងកើតក្បែរយើងកំពុងព្យាយាមមានលក្ខណៈជាប្រព័ន្ធ និងមានការរៀបចំដើម្បីបង្កអស្ថិរភាពនយោបាយ»។
ជនចំណាកស្រុកប្រមាណ៣ពាន់នាក់ ដែលមួយចំនួនមកពីប្រទេសអ៊ីរ៉ាក់ និងប្រទេសអាហ្វហ្គានីស្ថាន បានព្យាយាមឆ្លងព្រំដែនពីប្រទេសបេឡារុសចូលប្រទេសប៉ូឡូញនៅខែនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ ប្រទេសប៉ូឡូញបានបដិសេធការសុំចូលរបស់ពួកគេ ហើយបាននិយាយនៅថ្ងៃចន្ទថា ប្រទេសប៉ូឡូញ នឹងសាងសង់របងព្រំដែនដើម្បីរេរាំងមិនឲ្យពួកគេចូល។
កាលពីថ្ងៃអង្គារ ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) បានអំពាវនាវឱ្យប្រទេសប៉ូឡូញផ្តល់ការគាំទ្រផ្នែកច្បាប់ និងថ្នាំសង្កូវដល់ក្រុមជនចំណាកស្រុកទាំងនោះ។
លោក Morawiecki បានលើកឡើងថា ការប្រឹងប្រែងរបស់ប្រទេសបេឡារុស នឹងទទួលបរាជ័យ ពីព្រោះព្រំដែនប្រទេសប៉ូឡូញ នឹងមានការការពារយ៉ាងរឹងមាំ។
ប្រទេសប៉ូឡូញមិនមែនជាប្រទេសតែមួយ ដែលបានស្តីបន្ទោសប្រទេសបេឡារុសនោះទេ។ រដ្ឋមួយចំនួនទៀតក្នុងតំបន់បាល់ទិក ក៏បាននិយាយផងដែរថា រដ្ឋាភិបាលបេឡារុស កំពុងជំរុញក្រុមជនចំណាកស្រុកមកកាន់ប្រទេសរបស់គេ។ ពួកគេនិយាយថា នេះជាការសងសឹករបស់ប្រទេសបេឡារុស ដែលទទួលរងទណ្ឌកម្មពីសហភាពអឺរ៉ុប ក្រោយពីរដ្ឋាភិបាលបេឡារុសធ្វើការវាយបង្រ្កាបទៅលើក្រុមអ្នកប្រឆាំងតវ៉ាអំពីជម្លោះលទ្ធផលបោះឆ្នោត ដែលប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ជាប់ឆ្នោតជាថ្មីទៀត កាលពីខែសីហា ឆ្នាំ២០២០។
គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប និយាយថា ខ្លួនកំពុងតាមមើលស្ថានការណ៍នោះ។
ការផ្សាយព័ត៌មានរបស់ BBC បានឲ្យដឹងថា ប្រធានាធិបតីបេឡារុស កាលពីថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសប៉ូឡូញថា បានចាប់ផ្តើមជម្លោះព្រំដែន និងបានរំលោភទៅលើអធិបតេយ្យភាពរបស់ប្រទេសលោក៕