អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានវាយប្រហារបែបពាក្យសម្តីដល់អ្នកលេងហ្គេម Pokemon Go នៅថ្ងៃពុធនេះ បន្ទាប់ពីអ្នកលេងហ្គេមទាំងនោះបានលេងហ្គេមក្នុងបរិវេណសារមន្ទីរគុកទួលស្លែងដើម្បីតាមចាប់តុក្កតា Pokemon របស់ពួកគេនៅក្នុងទូរស័ព្ទដៃ។
កម្មវិធីហ្គេមតាមទូរស័ព្ទដៃនេះត្រូវគអាចទាញយកមកលេងបានដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយមានអ្នកលេងហ្គេមនេះសំរុកទៅកាន់កន្លែងសំខាន់ៗជាច្រើននៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
ហ្គេមនេះតម្រូវឲ្យអ្នកលេងដើរនៅតាមផ្លូវ ឬតាមចិញ្ចើមថ្នល់ដើម្បីស្វែងរកតុក្កតានៅតាមតំបន់ជាក់ស្ដែងពិតៗ។ អ្នកដែលលេងហ្គេមនេះនៅក្នុងបរិវេណសារមន្ទីរគុកទួលស្លែង បានធ្វើឲ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមខឹងសម្បារនឹងពួកគេ។
លោក ប៊ូ ម៉េង វ័យ ៧៦ ឆ្នាំ ដែលជាអ្នករស់រានមានជីវិតម្នាក់ពីគុកទួលស្លែង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សារមន្ទីរគុកទួលស្លែងជាកន្លែងឈឺចាប់ ដូច្នេះវាមិនសមរម្យទេដែលអ្នកលេងហ្គេម Pokemon នេះ លេងនៅកន្លែងនេះ។
លោក ឆាង យុគ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលធ្វើការស្រាវជ្រាវលើរបបខ្មែរក្រហម បានលើកឡើងថា សារមន្ទីរគុកទួលស្លែងមិនមែនជាកន្លែងដើរទិញទំនិញសម្រាប់ឲ្យអ្នកលេងហ្គេមនេះដើរចាប់តុក្កតា Pokemon របស់ខ្លួននោះទេ ដោយសារកន្លែងសារមន្ទីរនេះជាកន្លែងសម្រាប់រំលឹកការឈឺចាប់។
លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងបានអះអាងថា ពិតជាមានអ្នកទស្សនាសារមន្ទីរនេះមួយចំនួនលេងហ្គេមនេះនៅក្នុងបរិវេណសារមន្ទីរទួលស្លែងមែន។
លោកបន្ថែមទៀតថា សារមន្ទីរកំពុងចាត់វិធានការដើម្បីបញ្ឈប់អ្នកទស្សនាកុំឲ្យលេងហ្គេមនេះនៅក្នុងបរិវេណសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយសារសារមន្ទីរនេះជាកន្លែងលោកសង្រេង ឬជាកន្លែងសម្រាប់រំឭករឿងឈឺចាប់៕