លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទ បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឱ្យរៀបចំឥណទានឡើងវិញ ជាការអនុគ្រោះសម្រាប់អ្នកដែលរងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលនទ្រព្យ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»លើកទី១៩ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
លោកបញ្ជាក់ថា៖ «អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល១២ខែ»។
លោក ហ៊ុន ម៉ាណែត ក៏លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុគ្រោះដល់អតិថិជនក្នុងវិស័យអចលនទ្រព្យដែលជួបប្រទះការលំបាក ហើយសិក្សានិងវិភាគច្បាស់លាស់អំពីស្ថានភាពរបស់អតិថិជនទាំងអស់នោះ។
ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យមានការរៀបចំឥណទានឡើងវិញដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា និងជាដៃគូសហប្រធានក្រុមការងារធនាគារនិងហិរញ្ញវត្ថុ ថ្លែងថាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលគឺជាការត្រឹមត្រូវក្នុងការជួយដល់អតិថជនដែលរងផលប៉ះពាល់។
លោកបញ្ជាក់ថា៖ «យើងមានលទ្ធភាពទាំងជួយគាំទ្រអតិថជនរបស់យើង ហើយរាជរដ្ឋាភិបាលក៏អនុញ្ញាតឱ្យយើងរក្សាដើមទុនបម្រុងកាតព្វកិច្ចហ្នឹង នៅកម្រិតទាបជាងអ្វីដែលត្រូវធ្វើអ៊ីចឹង(នេះឯង) គឺជាវិធានដ៏ត្រឹមត្រូវមួយសម្រាប់ជួយសេដ្ឋកិច្ចផង ជួយខ្លួនឯងដែលជាស្ថាប័នហិរញ្ញវត្ថុផង ហើយជួយអតិថិជនរបស់ខ្លួនឯងផង ព្រោះគ្រឹះស្ថានទាំងអស់សុទ្ធតែមានកាតព្វកិច្ចសម្រាប់ការលូតលាស់នៃអាជីវកម្មរបស់គេផង ហើយគេលូតលាស់រីកចម្រើនហ្នឹងគេបំពេញកាតព្វកិច្ចទុនសម្រាប់ប្រទេសជាតិផង»។
លោកបន្ថែមថា របៀបនៃការជួយក៏អាស្រ័យទៅតាមផលប៉ះពាល់របស់អតិថិជនដែរ ហើយក៏មិនមានជាការដំឡើងអត្រាការប្រាក់បន្ថែមទៅលើអតិថិជននោះទេ។
ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាអ្នកនាំពាក្យសមាគម លោក កាំង តុងងី បា្រប់វីអូអេថា ការស្នើរបស់រដ្ឋាភិបាលឲ្យរៀបចំកម្ចីឥណទានឡើងវិញ គឺជារឿងប្រសើរសម្រាប់អតិថិជនដែលទទួលរងផលប៉ះពាល់ ដែលមានផលលំបាកក្នុងការសងបំណុល។ លោកបន្តថា សមាគមមីក្រូហរិញ្ញវត្ថុកម្ពុជានឹងធ្វើការពិនិត្យ និងផ្តល់ជូននូវការរៀបចំឡើងវិញទៅលើឥណទានសម្រាប់អ្នកដែលរងផលប៉ះពាល់ក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប និងអតិថិជនក្នុងវិស័យអចលនទ្រព្យ ដោយស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់អតិថិជន។
លោកថ្លែងថា៖ «អ្វីដែលយើងធ្វើគឺនៅក្នុងលក្ខខណ្ឌអាស្រ័យទៅលើស្ថានភាពជាក់ស្តែងនីមួយៗរបស់អតិថិជន ដោយសារតែការរៀបចំឥណទានឡើងវិញយើងអត់អាចប្រើវិធីមួយសម្រាប់មនុស្សគ្រប់ៗគ្នាបានទេ ពីព្រោះយើងដឹងហើយអ្នកខ្លះប៉ះតិច អ្នកខ្លះប៉ះខ្លាំង ទៅតាមកម្រិតជាក់ស្តែងរបស់អតិថិជននីមួយៗ។ ហើយការរៀបចំឥណទានឡើងវិញនេះគឺទាល់តែមានការអនុញ្ញាតយល់ព្រមពីអតិថិជនដែរ ប្រសិនបើអតិថិជនអត់ជូនដំណឹង អត់ស្នើសុំមកយើងទេ យើងអត់អាចរៀបចំជូនគាត់ដែរ នេះជាច្បាប់បញ្ញត្តិតម្រូវតែម្តង»។
បើតាមលោក កាំង តុងងី ប្រសិនបើមានវិស័យផ្សេងទៀត ក្រៅពីវិស័យទេសចរណ៍ និងអចលនទ្រព្យ ដែលតម្រូវឱ្យមានការធ្វើឥណទានឡើងវិញនោះ វានឹងមានផលជះអវិជ្ជមានមួយចំនួនមកកាន់គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដោយកែតម្រូវចំណាត់ថ្នាក់របស់អតិថិជន និងកាត់បន្ថយប្រាក់ចំណូលមួយចំនួនរបស់គ្រឹះស្ថាន។ ប៉ុន្តែលោកថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងព្យាយាមសម្របសម្រួលទៅតាមករណីជាក់ស្តែងនៃផលលំបាករបស់អតិថិជន។
លោកថ្លែងថា៖ «ការរៀបចំឥណទានឡើងវិញមិនមានផលប៉ះពាល់ជាអវិជ្ជមានប៉ុន្មានទៅលើគ្រឹះស្ថាន តែយ៉ាងណាយើងមើលអតិថិជនជាគោលដៅធំ ប្រសិនបើប៉ះពាល់គ្រឹះស្ថានតិចតួចគាត់នឹងធ្វើការរៀបចំឥណទានឡើងវិញជូនដល់អតិថិជនហើយ»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងថាការគិតគូរបស់រដ្ឋាភិបាលជារឿងល្អមួយសម្រាប់អ្នកដែលរងគ្រោះ ដែលមិនអាចមានលទ្ធភាពបង់សងបំណុលរបស់ពួកគេ។ លោកក៏ស្នើរដ្ឋាភិបាលមានយន្តការក្នុងការបង្កើតគណៈកម្មការពិសេសមួយ ដើម្បីត្រួតពិនិត្យថាតើអ្នករងគ្រោះពិតជាទទួលបានការអនុគ្រោះឬយ៉ាងណាពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុផ្សេងៗ។
លោកបញ្ជាក់ថា៖ «ហើយបើគ្រាន់តែអំពាវនាវ វាគ្រាន់តែជាការអំពាវនាវតែប៉ុណ្ណោះ មិនមានយន្តការច្បាស់លាស់ គឺវារឿងដដែល នៅតែដដែលទេ»។
បើតាមលោក វន់ ពៅ ក្រុមដែលរងគ្រោះខ្លាំងក្លា ហើយមិនអាចបង់សងបំណុល ក៏មានអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលលោកថារដ្ឋាភិបាលត្រូវពិចារណាជួយពួកគេ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថានៅកម្ពុជាបច្ចុប្បន្នវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យកំពុងស្ថិតក្នុងបញ្ហាលំបាក ហើយទទួលរងវិបត្តិច្រើនជាពិសេសសម្រាប់អ្នកដែលបានជំពាក់បំណុលមីក្រូហរិញ្ញវត្ថុ។ លោកបន្តថាការរៀបចំកម្ចីឥណទានឡើងវិញ គឺបង្ហាញពីការសម្រួលរបស់មីក្រូហរិញ្ញវត្ថុ ដើម្បីសម្របសម្រួលដល់អ្នកជំពាក់។
លោក អំ សំអាត បញ្ជាក់ទៀតថាគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុគួររៀបចំកម្ចីឥណទានឡើងវិញ ដោយមិនត្រូវបូកបន្ថែមការប្រាក់ ឬបំណុលដែលបានជំពាក់ពីមុននោះ ពីព្រោះវាបន្ថែមចំនួនបំណុលទៅដល់អ្នកដែលមានកម្ចី។
លោកថ្លែងថា៖ «ប៉ុន្តែក្នុងការរៀបចំកម្ចីឡើងវិញនេះ យើងសំណូមពរថាកុំឱ្យបូកបញ្ចូលទាំងជំពាក់ការ ឬក៏ថ្លៃជំពាក់ពីមុនមក ហើយនិងបូកក្លាយជាថ្លៃដើមហើយរៀបចំកម្ចីឡើងវិញ។ អាហ្នឹងវាកាន់តែធ្វើឱ្យកើនបំណុលសម្រាប់ពួកគាត់ដែរ អ៊ីចឹងជាការសម្រួលយើងធ្វើយ៉ាងម៉េចទៅតាមលទ្ធភាពជាក់ស្តែង»។
បើតាមលោក អំ សំអាត ការរៀបចំនូវកម្ចីឥណទានឡើងវិញនេះនឹងមិនធ្វើឱ្យគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុមានការខាតបង់នោះទេ ហើយវានឹងផ្តល់ប្រយោជន៍ជាច្រើនក្នុងការសម្រួលលទ្ធភាពនៃការសងពីអ្នកដែលមានកម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុ៕