នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ បានបញ្ជាឱ្យក្រសួងមហាផ្ទៃ ពិនិត្យមើលលទ្ធភាពផ្លូវច្បាប់ ឈានទៅបិទទ្វារមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ក្រោមហេតុផលថា អង្គការសិទ្ធិមនុស្សក្នុងស្រុកដ៏សកម្មមួយនេះត្រូវបានបង្កើតក្រោមបញ្ជារបស់បរទេស។
នៅក្នុងពិធីជួបសំណេះសំណាលមួយជាមួយកម្មករឧស្សាហកម្មវាយនភណ្ឌដែលប្រមូលផ្ដុំគ្នានៅកោះពេជ្រកាលពីព្រឹកថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាច៣២ឆ្នាំមកហើយ បានព្យាយាមភ្ជាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR ទៅនឹងអតីតប្រធានស្ថាបនិករបស់ខ្លួនគឺប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវបានរដ្ឋាភិបាលឃុំខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិ។
គណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា ដែលដណ្ដើមបានការគាំទ្រប្រមាណបីលានសំឡេងកាលពីការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនាកន្លងទៅ និងកាន់កាប់អាសនៈសភាចំនួន៥៥ ត្រូវបានតុលាការកំពូលដែលមានចៅក្រមមួយចំនួនជាសមាជិកបក្សប្រជាជនកម្ពុជា សម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ។ដោយយោងលើវីដេអូឃ្លីបដែលរដ្ឋាភិបាលប្រើសម្រាប់ដាក់បន្ទុកលើមេបក្សជំទាស់ លោក ហ៊ុន សែន បាននិយាយថា៖
«វាឆ្ងាញ់បំផុតត្រង់ថា៖ «នែ! គេឱ្យខ្ញុំធ្វើនេះហ្អែ! គេឱ្យធ្វើអ៊ីចេះ!»។ តាមពិត អាមជ្ឈមណ្ឌលសិទ្ធិមនុស្ស[កម្ពុជា] នៅទីក្រុងភ្នំពេញ អាហ្នឹងត្រូវតែបិទចោលហ្អែ ព្រោះអាហ្នឹងធ្វើតាមបរទេសណា អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃមើល ព្រោះថាអាហ្នឹងបរទេសអ្នកឱ្យបង្កើត មិនមែនខ្មែរអ្នកឱ្យបង្កើតទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃនិងអ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃ CCHR មិនអាចត្រូវបានទាក់ទងសុំការបំភ្លឺបានទេ គិតត្រឹមរសៀលថ្ងៃអាទិត្យ តែអ្នកស្រី ចក់ សុភាព បានចេញសេចក្ដីថ្លែងការណ៍មួយនៅលើគណនីអេឡិចត្រូនិករបស់អ្នកស្រីនៅថ្ងៃដដែលនេះថា CCHR នៅរក្សាឯករាជ្យភាពផ្នែកនយោបាយរបស់ខ្លួន បើទោះជាមានអតីតបុគ្គលិកមួយចំនួន បានហក់ចូលទៅប្រឡូកក្នុងឆាកនយោបាយយ៉ាងណាក្ដី។
អ្នកស្រី ចក់ សុភាព បានសរសេរថា៖
«ខ្ញុំមានកិត្តិយសដ៏ធំធេងក្នុងការបម្រើការងារឱ្យ CCHR ជាមួយមិត្តរួមក្រុមដែលមានការតាំងចិត្តខ្ពស់របស់យើង ហើយយើងនៅរក្សាជំហរ បន្តបេសកកម្មរបស់យើង ក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងមូលដ្ឋាននៃតម្លៃស្ថាប័នជាស្នូលរបស់ខ្លួនរួមមាន ឯករាជភាព តម្លាភាព សមភាព និងគ្មានការរើសអើង»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះបានបន្តថា៖
«យើងមានជំនឿចិត្តថា រាល់ការស៊ើបអង្កេតដោយឯករាជ្យនិងដោយមិនលម្អៀង នឹងពុំអាចរកឃើញសោះឡើយនូវអំពើឆ្គាំឆ្គងនានា [ប្រព្រឹត្តដោយ] ខាងCCHR»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាត្រូវបានបង្កើតនៅឆ្នាំ២០០២ ដោយលោក កឹម សុខា ដែលគ្រានោះទើបនឹងលាឈប់ពីតំណែងសមាជិកព្រឹទ្ធសភាគណបក្សហ៊្វុនស៊ិនប៉ិច។ ស្ថាប័ននេះរងការរង្គោះរង្គើ នៅពេលលោក កឹម សុខា ត្រូវបានចាប់ខ្លួននៅឆ្នាំ២០០៥ និងក្រោយមក ពេលដែលលោកលាឈប់ទៅបង្កើត គណបក្សសិទ្ធិមនុស្សនៅឆ្នាំ២០០៧។
លោក អ៊ូ វីរៈ បានក្លាយជាអ្នកដឹកនាំមជ្ឈមណ្ឌលសិទ្ធិមនុស្សនេះ បន្តពីលោក កឹម សុខា មុននឹងលោកលាឈប់នៅចុងឆ្នាំ២០១៤ ហើយអង្គការក្រៅរដ្ឋាភិបាលមួយនេះ ត្រូវបានដឹកនាំជំនួសដោយអ្នកស្រី ចក់ សុភាព មកទល់នឹងពេលបច្ចុប្បន្ននេះ៕