លោក​ ​ហ៊ុន សែន​ ​ជំរុញ​ឱ្យ​តុលាការ​ខ្មែរ​បញ្ចប់​រឿងក្តី​ប្រឆំាង​នឹង​សហជីព​នានា​ត្រឹម​ឆ្នាំ​២០១៨

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹង​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​ ​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​០៦។ (ទុំ ម្លិះ/VOA)

​សហជីព​មួយ​ចំនួន​នៅ​បារម្ភ​ថា​ ​ការ​ចោទ​ប្រកាន់​តាមផ្លូវ​តុលាការ​លើ​ពួកគេ​​អាច​នឹង​ត្រូវ​កើត​ឡើង​ជា​ថ្មី​ទៀត​ទៅ​តាម​ស្ថាន​ការណ៍​នយោបាយ។

នៅ​ថ្ងៃពុធ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ បាន​ជំរុញ​ឲ្យ​តុលាការ​កម្ពុជា​បិទ​បញ្ចប់​រឿង​ក្តី​ប្រឆាំង​នឹង​តំណាង​សហជីព​នានានៅ​ត្រឹម​ចុង​ឆ្នាំ​២០១៨​ ​ដើម្បី​ឲ្យ​លំហ​សេរីភាព​នៃ​ការ​បំពេញ​ការងារសម្រាប់​សហជីព​បាន​ពេញលេញ។

ថ្លែង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនីនៅ​ស្រុក​កណ្តាល​ស្ទឹង​ ​ខេត្ត​កណ្តាល​ ​នា​ថ្ងៃ​ទី​២៨ខែ​វិច្ឆិកាឆ្នាំ​២០១៨​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​ឲ្យ​សហជីព​ទាំងអស់ដែល​កំពុង​មាន​វិវាទ​នៅ​តុលាការ​ ​ត្រូវ​បញ្ជូន​សំណើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ចប់​នា​ចុង​ឆ្នាំ​២០១៨​នេះ។​ ​លោក​ក៏​បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ​ធ្វើ​ការ​ជា​មួយ​ក្រសួង​យុត្តិធម៌ដើម្បី​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​បន្ត​ជាមួយ​តុលាការ​ ​ក្នុង​ការ​បញ្ចប់​សំណុំ​រឿង​ទាំង​នោះ​ កុំ​ឲ្យ​ឈាន​ចូល​ដល់​ឆ្នាំ​២០១៩។​

លោក​បញ្ជាក់​ថា៖​

«បន្ទាប់​ពី​រដ្ឋមន្រ្តី​យុត្តិធម៌​បាន​ធ្វើការ​ទៅ ​តុលាការ​កំពុង​ពន្លឿន​ការ​ស៊ើប​អង្កេត​ដើម្បី​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត។​ ​នៅពេល​ដែល​គេ​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ ​តុលាការ​គេ​នឹង​ធ្វើការ​សន្និដ្ឋាន​ឬមួយ​គេ​ចាត់​ការ​យក​ទៅ​ជម្រះ។​ ​បើ​យក​ទៅ​ជម្រះ​ក៏​ជម្រះ​ឲ្យ​រហ័ស​ ​ឬ​មួយ​គេ​ទម្លាក់​ចោល​ ​គេ​មិន​ចាត់ការ​តែ​ម្តង​ ​តម្កល់ទុក​មិន​ចាត់​ការ។​ ​ដូច្នេះ​បើ​តម្កល់​ទុក​មិន​ចាត់ការ​ វា​ចប់​ហើយ»។

លោក​នាយក​រដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​បន្ថែម​ដោយ​ទទួល​ស្គាល់​ថា​ ​ការ​បន្ត​សំណុំ​រឿង​របស់​សហជីព​នៅ​តុលាការ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​លំហសេរី​ភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​ពួក​គេ។​

លោក​បញ្ជាក់​ថា៖​

«មេ​សហជីព​ ពេល​ខ្លះ​កំពុង​តែ​ធ្វើការ​ទៅនៅ​ក្រោម​ឥទ្ធិពល​នៃ​ពាក្យ​បណ្តឹង។​ ​នេះ​វា​ជា​រឿង​មិន​ល្អ​ទេ។​ ​លំ​ហសេរីភាព​នៃ​ការ​ធ្វើការ​របស់​សហជីពគឺ​មិនទាន់​ទទួល​បាន​ពេញ​លេញ​ទេ។​ ​អ៊ីចឹងសូម​ឲ្យ​ក្រសួង​ការងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈសហការ​ជាមួយ​នឹង​ក្រសួង​យុត្តិធម៌​ ​ហើយ​តាម​រយៈ​ក្រសួង​យុត្តិធម៌​ ធ្វើការ​ជាមួយ​នឹង​តុលាការ​ដើម្បី​បិទ​បញ្ចប់​សំណុំ​រឿង​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ជា​មួយ​នឹង​សកម្ម​ភាព​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​ ​ទោះ​តិច​ ​ទោះ​ច្រើន»។​

នេះ​ជា​លើក​ទី២​ហើយ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ឲ្យ​បញ្ចប់​សំណុំ​រឿង​ពាក់​ព័ន្ធ​នឹង​សហជីព​នៅ​កម្ពុជា​ ​បន្ទាប់​ពី​ក្រុម​សហជីព​សកម្មៗ​មួយ​ចំនួន ​ដែល​តែង​ទាមទារ​សិទ្ធិ​សម្រាប់​កម្មករ​ ​កំពុង​រង​បណ្ដឹង​ម្នាក់ៗ​ជា​ច្រើន​ករណី​ ​ពាក់ព័ន្ធ​នឹង​ការ​ដឹកនាំ​កម្មករ​ឲ្យ​ចេញ​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​ផ្សេងៗ។​ ​ការ​រង​បណ្តឹង​របស់​ពួកគេ​ភាគច្រើន​កើត​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​ពេល​វេលា​ដែល​រដ្ឋាភិបាល​រឹត​បន្តឹង​សេរីភាព​នៃ​ការ​ជួប​ជុំ​ផ្សេងៗ។​

ក្រុម​សហជីព​មួយ​ចំនួន​ដែល​កំពុង​រង​បណ្តឹ​ងនៅ​តុលាការ​លើក​ឡើង​ថា​ ​ការ​បញ្ជា​ឲ្យ​បញ្ចប់​សំណុំ​រឿង​ក្តី​របស់​ពួកគេ​គឺ​អាច​បណ្តាល​មក​ពីរដ្ឋាភិបាលរង​សម្ពាធ​ពី​អន្តរជាតិ​ ​និង​ខ្លះ​បាន​បារម្ភ​ថា​ ​ពួកគេ​អាច​នឹង​រង​ការ​ចោទ​ប្រកាន់​ឡើង​វិញ​ទៀត​ ​នៅ​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​ផ្លាស់​ប្តូរ។​

លោក​ ​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​ប្រមាណ​ជា​៧​ករណី​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​បញ្ចប់​សំណុំ​រឿង​របស់​សហជីព​នៅ​តុលាការនឹង​ធ្វើ​ឲ្យសហជីព​កាន់​តែ​អាច​បំពេញ​ការងារ​ក្នុង​ការ​ទាមទារ​សិទ្ធិ​ ​និង​ផល​ប្រយោជន៍​បន្ថែម​ទៀត​សម្រាប់​កម្មករ។​

លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​ការ​ចោទ​ប្រកាន់​សហជីព​តាម​ផ្លូវ​តុលាការ​ដោយ​សារតែ​ការ​បំពេញ​ការងារ​របស់​ពួកគេ​នឹង​លែង​មាន​ត​ទៅ​ទៀត។​

លោក​បញ្ជាក់​ថា៖​

«យើង​អត់​ចង់​ឃើញ​មាន​ការ​ចោទ​ប្រកាន់​ដោះលែងៗ​អ៊ី​ចឹងទេ។​ ​យើង​ចង់​បាន​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​ការ​អនុវត្ត​ស្មើ​ភាព​គ្នា​ក្នុង​ចំណោម​និយោជក​ ​ក្នុង​ចំណោម​រដ្ឋាភិបាល​ ​ក្នុង​ចំណោម​អ្នក​មាន​អំណាច​ ​និង​កម្មករ​ហ្នឹង​ ​ ធ្វើ​ម៉េច​ឲ្យ​យើង​មាន​សេរីភាព​ពេញ​លេញ​ ​កុំ​ឲ្យ​រង​ឥទ្ធិពល​តុលាការ​ ​ឬក៏​រឿង​អយុត្តិធម៌​អី​ផ្សេង»។​

ការ​បញ្ជា​ឲ្យ​ទម្លាក់​ចោល​ ​និង​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​បណ្ដឹង​របស់​ក្រុម​មេដឹកនាំ​សហជីព​នេះ​ ​ធ្វើឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​សំណើ​ ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល។​ ​ចំណែក​ក្រសួង​មហា​ផ្ទៃក៏​បាន​ជូន​ដំណឹង​ឲ្យ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ដែល​ស្រប​ច្បាប់​ទាំងអស់​ ​រាយ​ការណ៍​ទៅ​ខ្លួន​ ​ប្រសិន​បើ​មាន​ការ​រឹតត្បិត​ការ​ធ្វើ​សកម្ម​ភាព​ជួបជុំ​ណាមួយ​នៅ​តាម​មូលដ្ឋាន​ ​ជា​បន្ត​បន្ទាប់។​

ការណ៍​ទាំង​នេះត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​អស់​រយៈ​ពេល​ជាង​៣​ទសវត្សរ៍មក​ហើយ​នោះ​ ​កំពុង​ព្យាយាម​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​ ​ខណៈ​កម្ពុជា​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​ ​និង​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ ​និង​ការ​ដែល​កម្ពុជា​កំពុង​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស។

សហភាព​អឺរ៉ុប​ ​នៅ​ដើម​ខែតុលា​នេះ​ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារតែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​សហភាព​អឺរ៉ុប​ក៏​បាន​ទុក​ពេល១២​ខែឲ្យ​កម្ពុជា​ស្តារស្ថាន​ភាព​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ ​ដែល​ផ្ដល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕