លោក​ ហ៊ុន សែន ប្រាប់​រដ្ឋ​មន្ត្រី​ ២ រូប​ ឲ្យ​ដោះស្រាយ​បណ្ដឹង​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​សហជីព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមសម្ពោធផ្លូវជាតិលេខ១ ដែលត្រូវបានសាងសង់ឡើងដោយជំនួយពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​បើក​លំហ​សេរីភាព​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​បន្ត​បន្ទាប់ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ ក៏បាន​បញ្ជា​ឲ្យ​ទម្លាក់​ចោល​បណ្ដឹង​ដែល​មិន​គួរ​ចាត់ការ​ពាក់ព័ន្ធ​នឹង​ក្រុម​មេដឹកនាំ​សហជីព។​ ​

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​ចំនួន២​ ​ប្រាប់​ទៅ​តុលាការ​ឲ្យ​ទម្លាក់​ចោល​បណ្ដឹង​ដែល​មិន​គួរ​ចាត់ការ​ ​ពាក់ព័ន្ធ​នឹង​ក្រុម​មេដឹកនាំ​សហជីព​ ​ដោយ​លោក​ទទួល​ស្គាល់​ថា​ ​បណ្ដឹង​នៅ​តុលាការ​ធ្វើឲ្យ​ប៉ះពាល់​ដល់​លំហ​សេរីភាព​របស់​កម្មករ​ ​និង​សហជីព។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ ​និយោជិត​ក្នុង​ខេត្ត​តាកែវ​ ​នា​ព្រឹក​ថ្ងៃទី៧​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៨​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​ ​លោក​បាន​ទទួល​ព័ត៌មាន​ថា​ ​ប្រធាន​សហជីព​មួយ​ចំនួន​ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ ​ដែល​លោក​ថា​ ​ការ​ជាប់​បណ្ដឹង​នេះ​ ​ធ្វើ​ឲ្យ​ពួកគេ​មាន​គំនាប​ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ។​

​លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ​និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌យ៉ាង​ដូច្នេះ​ថា៖ «រឿង​ណា​ដែល​គួរ​ចាត់ការ​ក៏​ចាត់ការ​ឲ្យ​វា​ស្រូត​ទៅ។ រឿង​ណា​ដែល​វា​មិន​ចាត់ការ​ ​អាច​គេ​ហៅថា​លើកលែង​ការ​ចោទ​ប្រកាន់​ ​ឬ​គេ​ហៅ​តម្កល់​ទុក​មិន​ចាត់ការ។​ ​អញ្ចឹង​ទេ​ឲ្យ​វា​ចប់​រឿង​ទៅ​ ​ដើម្បី​ឲ្យ​សហជីព​ទាំងនោះ​កុំ​ឲ្យ​មាន​អារម្មណ៍​ថា​ ​អញ​ធ្វើការ​រាល់ថ្ងៃ​ដូចជា​ចំណាប់ខ្មាំង​ ​តែ​អញ​ធ្វើ​មិន​ស្រួល​គេ​យក​អញ​ទៅ​កាត់​ទោស។​ ​អា​ហ្នឹង​ក៏ដូចជា​អត់​ស្រួល​ដែរ​ ​អារម្មណ៍​គេ​អារម្មណ៍​យើង។​ ​អញ្ចឹង​សង្ឃឹមថា​ ​នេះ​ក៏​ជា​ការ​បើក​ចំហ​សេរីភាព​របស់​សហជីព​មួយ​ដែរ»។​

​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ចំណាយ​ថវិកា​ជាតិ​រាប់​លាន​ដុល្លារ​ក្នុង​ពេល​ចុះ​ជួប​កម្មករ​ ​បន្ថែម​ថា​ ​សហជីព​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ ​ត្រូវ​ចាត់ការ​ដោយ​ច្បាប់​។​ ​យ៉ាងណាក្តី​លោក​បាន​លើក​យក​ករណី​នៃ​ការលើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក​ ​មឿន​ ​តុលា​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់​ ​ដែល​ជា​អង្គការ​ការពារ​សិទ្ធិពល​ករ​ ​ថា​មាន​ការ​ស្វាគមន៍​ ​ដូច្នេះ​លោក​ថា​ ​គួរ​មាន​ការ​ដោះស្រាយ​ករណី​សហជីព​ផ្សេង​ទៀត​ឲ្យ​បាន​លឿន។​ ​

​លោក​មាន​ប្រសាសន៍​ថា​៖

«យើង​ត្រូវ​យក​ច្បាប់​ធ្វើជា​គោល។​ ​អញ្ចឹង​ទេ​កាលពី​មុន​ឮ​ថា​ដូចជា​លោក​ ​មឿន​ ​តុលា​ ​អញ្ចឹង​ ​ជាប់​បណ្ដឹង​មួយ​ទៅ​ ​រួចហើយ​គ្រាន់តែ​ ​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក​ ​មឿន​ ​តុលា​ ​មួយ​ ​ឃើញ​គេ​នាំគ្នា​ស្វាគមន៍។​ ​បើ​អញ្ចឹង​ ខ្ញុំ​ក៏​នឹក​ដល់​រឿង​ថា​ ​ដូចជា​មាន​ ​អាត់​ ​ធន់​ ​ក៏​មាន​ ​យ៉ាង​ ​សុភ័ណ្ឌ​ ​ក៏​មាន។​ ​ឥលូវ​ហ្នឹង​ពិនិត្យ​មើល​ ​អាណា​ដែល​វា​ត្រូវ​កាត់​ ​កាត់​ឲ្យ​វា​ស្រូត​ទៅ។ អា​ណា​ដែល​មិន​ត្រូវ​កាត់​ ​លែង​លែង​ការ​ចោទ​ប្រកាន់​ ​ឬក៏​តុលាការ​គេ​តម្កល់​មិន​ចាត់ការ»។​

​ក្រុម​សហ​ជីព​ធំៗ​ ​និង​សកម្មៗ​មួយ​ចំនួន​ដែល​តែង​ទាមទារ​សិទ្ធិ​សម្រាប់​កម្មករ​ ​កំពុង​រង​បណ្ដឹង​ម្នាក់ៗ​ជាច្រើន​ករណី​ ​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​កម្មករ​ឲ្យ​ចេញ​ធ្វើការ​តវ៉ា​ទាមទារ​សិទ្ធិ​ផ្សេងៗ។​ ក្នុង​នោះ​មាន​ដូចជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និង​លោក​ រ៉ុង ឈុន ជាដើម។

អ្នកស្រី​ ​យ៉ាង​ ​សុភ័​ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​(​CATU​)​ ​ដែល​អះអាង​ថា​កំពុង​ជាប់​បណ្ដឹង​ចំនួន៨​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធថា​ ​អ្នកស្រី​សារ​ទរ​ចំពោះ​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ខណៈ​ការ​ជាប់​បណ្ដឹង​នៅ​តុលាការ​ ​តែង​ធ្វើ​ឲ្យ​អ្នកស្រី​រង​សម្ពាធ​ ​មិន​អាច​បំពេញ​ការងារ​បាន​ពេញ​លេញ។​ ​

​អ្នកស្រី​បញ្ជាក់​ដោយ​លើក​ជា​ឧទាហរណ៍​នៃ​ការ​រង​សម្ពាធ​ពី​បណ្ដឹង​តុលាការ​ក្នុង​ការ​ចរ​ចារ​ប្រាក់ឈ្នួល​នា​ពេល​កន្លងមក​ថា៖​ ​

«​ធម្មតា​តែ​យើង​អង្គុយតុ​ចរចា​បាន​ន័យ​ថា​សមាសភាព​របស់​យើង​ស្មើគ្នា​ ​យើង​មាន​សិទ្ធិជជែក​វែកញែក​ត្រឹមត្រូវ។​ ​ចុះបើ​ករណី​របស់ខ្ញុំ​នេះ​ ​គេ​ភ្ជង់​ក​ ​ខ្ញុំ​ហើយ​ហ្នឹង​ ​ហើយ​ខ្ញុំ​ដើរ​តួ​នាទី​ក្នុង​ការ​ជជែក​គ្នា​រឿង​ប្រាក់ឈ្នួល​របស់​កម្មករ​ហ្នឹង។​ ​អញ្ចឹង​កន្លែង​ហ្នឹង​មួយ​ខ្ញុំ​មើល​ឃើញ​ថា​វា​អត់​ស្មើភាព​គ្នា។​ ​បានន័យ​ថា​គេ​ភ្ជង់​ក​ខ្ញុំ​ហើយ​ ​អញ្ចឹង​បាន​ជា​ប្រាក់ឈ្នួល​រាល់ដង​គេ​ចង់​ដំឡើង​ប៉ុន្មាន ​ស្រេចតែចិត្ត​ ចង់​ធ្វើ​អី​បាន​ស្រេចតែចិត្ត​ ​ដោយសារ​គេ​មើល​ឃើញ​ថា​សហជីព​ធ្វើ​អី​អត់​កើត។​ ​សហជីព​ទៅ​ធ្វើ​កូដកម្ម​ ​ដឹកនាំ​កម្មករ​យ៉ាងម៉េច​ ​អី​យ៉ាងម៉េច​ ​និយាយ​ទៅ​វា​មាន​សម្ពាធ»។​

​អ្នកស្រី​បន្ថែម​ថា​ ​ការ​បិទ​ ​ឬ​បើក​ចំហ​សេរីភាព​របស់​ក្រុម​សហជីព​នា​ពេល​កន្លងមក​ ​តែង​ផ្លាស់ប្ដូរ​ទៅតាម​ស្ថានភាព​នយោបាយ​ ​ដែល​អ្នកស្រី​ថា​ ​អ្នកនយោបាយ​គួរបើក​ចំហ​សេរីភាព​ជាទូទៅ​ ​ដើម្បី​ប្រយោជន៍ជាតិ​ ​និង​ប្រជាពលរដ្ឋ​ជាធំ។​

​ចំណែក​លោក​ ​អាត់​ ​ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​ប្រមាណ​ជា​៧​ ​បាន​សម្ដែង​ការ​សាទរ​ចំពោះ​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ​ដោយ​លោក​ថា​ ​រូប​លោក​និង​ក្រុមការងារ​រង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​ ​និង​មិន​មានការ​ស៊ើបអង្កេត​ច្បាស់លាស់។​ ​

ទោះ​យ៉ាង​ណា​លោក​ថា​ ​ការណ៍​នេះ​មិន​អាច​ចាត់​ទុក​ថា​សេរីភាព​របស់​សហជីព​ត្រូវ​បាន​បើកទូលាយ​នៅ​ឡើយ។​

​លោក​បាន​លើកឡើង​ពី​ការយល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​បើក​ចំហ​សេរីភាព​សម្រាប់​សហជីព​ ​និង​សង្គម​ស៊ីវិល​ជា​បន្តបន្ទាប់​ថា​៖​ ​

«​ប្រហែលជា​គាត់​ឃើញ​អំពី​បញ្ហា​កន្លងមក​ ​ដែល​វា​មាន​សម្ពាធ​ ​ហើយ​គាត់​ចង់​ដោះស្រាយ​បញ្ហា​ហ្នឹង​ ​ចង់​ឲ្យ​ស្ថានការណ៍​ហ្នឹង​ប្រសើរ​ឡើងវិញ។​ហើយ​ខ្ញុំ​គិត​ថា​វា​អាច​មាន​រឿង​រ៉ាវ​ផ្សេង​ជាច្រើន​ទៀត​ ​គ្រាន់តែ​ថា​យើង​មិន​ដឹង​ច្បាស់​នៅ​ពី​ក្រោយ​នៃ​ការ​លើកឡើង​។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​ល្អ​ ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ ​ព្រោះ​ពួក​យើង​ភាគច្រើន​រង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌​ច្រើន​ណាស់»​។​

​ការ​បញ្ជា​ឲ្យ​ទម្លាក់​ចោល​ ​និង​លើកលែង​ការ​ចោទ​ប្រកាន់​លើ​បណ្ដឹង​របស់​ក្រុម​មេដឹកនាំ​សហជីព​នេះ​ ​ធ្វើឡើង​ក្រោយ​បន្តិច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​សម្រេច​បង្កើត​ក្រុមការងារ​ដោះស្រាយ​សំណើ​ ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​។​ ​ចំណែក​ក្រសួងមហាផ្ទៃ ​ក៏បាន​ជូន​ដំណឹង​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ស្របច្បាប់​ទាំងអស់​ ​រាយការណ៍​ទៅ​ខ្លួន​ ប្រសិនបើ​មានការ​រឹតត្បិត​ការ​ធ្វើសកម្មភាព​ជួបជុំ​ណាមួយ​នៅ​តាម​មូលដ្ឋាន​ ​ជា​បន្តបន្ទាប់។​ ​

​ការណ៍​ទាំងនេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​អស់​រយៈពេល​ជាង​៣​ទសវត្ស​មក​ហើយ​នោះ​ ​កំពុង​ព្យាយាម​បន្ធូរបន្ថយ​កម្ដៅ​នយោបាយ​ ​ខណៈ​កម្ពុជា​កំពុង​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ស្ថាប័ន​ ​និង​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​មួយ​ដែល​មិន​មានការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង​ ​និង​ការដែល​កម្ពុជា​កំពុង​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស។

ការ​ព្យាយាម​បើក​លំហ​សេរីភាព​នៅ​កម្ពុជា​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកស្រី​ ​រ៉ូ​ណា​ ​ស្មី​ត​ ​(​Rhona​ ​Smith​)​ ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​ ​កំពុង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរ​ជា​តិ​ធំៗ​មួយ​ចំនួន​ ​បាន​រិះគន់​ជាបន្តបន្ទាប់​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ កំពុង​ធ្វើឲ្យ​ខូច​ខាត​លទ្ធិប្រជាធិបតេយ្យ​ ​តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ​និង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​តាមរយៈ​ការ​ហាមឃាត់​ការ​ជួបជុំ​ ​ព្រមទាំង​ការ​បិទ​ស្ថាប័ន​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។​

​សហភាព​អឺរ៉ុប​នៅ​ដើម​ខែ​តុលា​នេះ​ ​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយសារ​តែ​ការរំលោភ​សិទ្ធិមនុស្ស។​ ​សហភាព​អឺរ៉ុប ​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២​ខែ​ ​ដើម្បី​ស្តា​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​ ​មុននឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ ​ដែល​ផ្ដល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​

​ទោះបីជា​ជំរុញ​ឲ្យ​មានការ​លើកលែង​ ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ក្រុម​មេដឹកនាំ​សហជីព​ លោក​នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ជំហរ​ថា ​នឹង​មិន​មាន​ការ​លើកលែង​ទោស​ណាមួយ​ដល់​លោក​ ​កឹម​ ​សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​

លោក​បន្ថែម​ថា​ ​លោក​ ​កឹម​ ​សុខា​ ​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ ​ហើយ​សាលក្រម​មិនទាន់​ចូល​ស្ថាពរ​ ​ដូច្នេះ​លោក​ថា​ ​ករណី​របស់​លោក​ ​កឹម​ ​សុខា​ ​មិន​អាច​ស្នើ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​បានទេ។​

​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ធ្វើឡើង​បន្ទាប់ពី​លោក​ ​សម​ ​រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ថា​ ​លោក​ ​កឹម​ ​សុខា​ ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ដោះលែង​នៅ​ថ្ងៃទី២៩​ ​ខែ​ធ្នូ​ ​ឆ្នាំ២០១៨​ ​ក្នុង​ឱកាស​ខួប​ទី២០​ ​នៃ​នយោបាយ​ឈ្នះៗ​របស់​លោក​ ​ហ៊ុន​ ​សែន។​ ​លោក​ ​សម​ ​រង្ស៊ី​ ​ថា​ ​ការលើកលែង​នោះ​ នឹង​ធ្វើ​ឡើង​ក្រោម​សម្ពាធ​អន្តរជាតិ៕