លោកនាយករដ្ឋមន្រ្តីហ៊ុន សែននឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃទី២៨ខែឧសភាដើម្បីចូលរួម និងថ្លែងក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី២៥ស្តីពីអនាគតរបស់អាស៊ី។ នេះបើយោងតាមគេហទំព័រកម្ពុជាទស្សនៈថ្មីនៃខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីហ៊ុន សែន។
សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី២៥ស្តីពីអនាគតរបស់អាស៊ីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ដល់៣១ឧសភាឆ្នាំ២០១៩ដែលក្នុងនោះសន្និសីទនេះនឹងលើកយកបញ្ហាជាច្រើនដូចជាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឧត្តមភាពខាងបច្ចេកវិទ្យាយោធា និងការកើនឡើងនៃការគាំពារនិយមខាងពាណិជ្ជកម្ម។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ VOA អំពីសារៈសំខាន់នៃវត្តមានលោកហ៊ុន សែននៅក្នុងសន្និសីទនៅប្រទេសជប៉ុន ដោយលើកឡើងថា៖
«ទីមួយមានប្រយោជន៍ជាកិត្តិយសដែលសម្តេចជាបេក្ខជនមួយដែលខានមិនបាន ដែលជាអ្នកនាំមុខ ប្រជាប្រិយទាំងផ្នែកនយោបាយនៅតំបន់អាស៊ាន ជាថ្នាក់ដឹកនាំផ្លូវការនៅក្នុងអាស៊ាន»។
ទោះបីយ៉ាងណាក៏ដោយ ទាំងលោកផៃ ស៊ីផាន អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជា និងស្ថានទូតជប៉ុន នៅថ្ងៃសុក្រនេះ មិនទាន់អាចបញ្ជាក់ថា លោកហ៊ុន សែននឹងជួបជាមួយមន្ត្រីណាខ្លះនៅឡើយទេ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ។
សន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី២៥ស្តីពីអនាគតរបស់អាស៊ីគឺជាជំនួបរវាងមេដឹកនាំក្នុងវិស័យនយោបាយ សេដ្ឋកិច្ច អប់រំ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចែករំលែកនិងពិភាក្សាលើបញ្ហាក្នុងតំបន់និងតួនាទីរបស់អាស៊ីក្នុងពិភពលោកដែលត្រូវបានរៀបចំឡើងតាំងពីឆ្នាំ១៩៩៥ ដោយក្រុមហ៊ុន Nikkei របស់ជប៉ុន។
យោងតាមគេហទំព័ររបស់សន្និសីទស្តីពីអនាគតរបស់អាស៊ី លោកហ៊ុន សែននឹងថ្លែងសុន្ទរកថានៅព្រឹកថ្ងៃទី៣០ខែឧសភា បន្ទាប់ពីនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រី Sheikh Hasina និងនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Mahathir bin Mohamad។
កញ្ញា ពេជ្រ ចារ៉ាឌីន អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានបង្ហាញការយល់ឃើញថា វត្តមានរបស់នាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងសន្និសីទអន្តរជាតិមួយនេះ គឺដើម្បីពង្រឹងទំនាក់ទនងជាមួយជប៉ុន រួមទាំងបង្ហាញឲ្យប្រទេសសម្ព័ន្ធមិត្តផ្សេងឃើញថា កម្ពុជាមិនមែនផ្តោតលើដៃគូតែមួយទេ ខណៈមានការយល់ឃើញថា កម្ពុជាកំពុងងាកទៅរកប្រទេសចិន។
កញ្ញា ពេជ្រ ចារ៉ាឌីនបានប្រាប់ VOA ថា៖
«ក្នុងនាមសម្តេចផ្ទាល់ដែលជាវាគ្មិននៅក្នុងសន្និសីទហ្នឹង វាកាន់តែផ្តល់សារៈសំខាន់បន្ថែមទៀតហើយថា ការមើលឃើញទាំងអស់ហ្នឹងគឺវាភ្ជាប់គ្នាដើម្បីឲ្យចៀសឲ្យផុតថា យើងមិនមែនមានតែសម្ព័ន្ធមិត្តជាមួយប្រទេសមួយហើយមិនផ្តោតជាមួយប្រទេសផ្សេងទៀត ដូចដែលអ្នកវិភាគមួយចំនួនបានយល់ឃើញទេ»។
លោកឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏បានលើកឡើងស្រដៀងនេះដែរថា កម្ពុជាកំពុងព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសជប៉ុនដែលជាដៃគូយុទ្ធសាស្ត្រមួយដ៏សំខាន់។
លោកបាននិយាយថា៖
«ដូច្នេះអាហ្នឹងជាសញ្ញាវិជ្ជមានមួយដើម្បីបញ្ជាក់ថា កម្ពុជាចង់បានមិត្តភក្តិច្រើន ហើយយើងឃើញថា ខែបួនគឺនៅប៉េកាំង ខែប្រាំគឺនៅតូក្យូ អ៊ីចឹងទេ អាហ្នឹងគឺជាសញ្ញាមួយបញ្ជាក់ថា កម្ពុជាកំពុងតែអនុវត្តនូវគោលនយោបាយ diversification ចម្រុះ និង balancing strategies យុទ្ធសាស្ត្រតុល្យភាព ហើយគឺចិននិងជប៉ុនហ្នឹងជាដៃគូយុទ្ធសាស្ត្រសំខាន់របស់កម្ពុជាហ្នឹងបាទ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងប្រទេសកម្ពុជា។ លោកបាននិយាយប្រាប់ VOA ថា៖ «ដូចច្នេះយើងមើលទៅប្រជាជាតិជប៉ុនជាប្រជាជាតិមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកម្ពុជាគ្រប់សម័យកាល ជាពិសេសកម្ពុជាតែងទទួលបានការផ្តល់កិត្តិយសហើយនឹងមេត្រីភាពពីជប៉ុននេះឯងបាទ»។
ប្រទេសកម្ពុជាគឺស្ថិតនៅក្នុងចំណោមប្រទេសគោលដៅវិនិយោគនាំមុខរបស់ជប៉ុន តាមរយៈគម្រោងបើកផ្លូវថ្មីរបស់រដ្ឋាភិបាលក្រុងតូក្យូ ឬ Japan Inc។ គម្រោងនេះបើកលទ្ធភាពដល់គ្រឹះស្ថានឯកជន និងទុនវិនិយោគគិនជប៉ុនឆ្ពោះមកកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមសារអេឡិចត្រូនិក ដែល VOA បានទទួលពីលោក Suzuki Hironori ទីប្រឹក្សាជាន់ខ្ពស់នៃស្ថានទូតជប៉ុន ក្រុមហ៊ុនជប៉ុននឹងនៅតែបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកក្នុងវិស័យអភិវឌ្ឍន៍ និងទាក់ទាញការវិនិយោគពីជប៉ុនឲ្យកាន់តែច្រើនជាងមុន។
ទាក់ទិននឹងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីហ៊ុន សែនទៅប្រទេសជប៉ុននេះ សកម្មជននិងពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនគ្រោងនឹងធ្វើការប្រមូលផ្តុំលើកបដារផ្សេងៗ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន នៅចុងខែឧសភានេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ចលនាសង្រ្គោះជាតិកម្ពុជានៅប្រទេសជប៉ុន ដែល VOA ទទួលបាន។
ប៉ុន្តែលោកផៃ ស៊ីផានមិនបានបង្ហាញពីការបារម្ភអ្វីឡើយចំពោះសកម្មភាពតវ៉ារបស់ពលរដ្ឋខ្មែរនៅជប៉ុននេះ ហើយលោកថា វាក៏នឹងមិនប៉ះពាល់ដល់ដំណើររបស់លោកហ៊ុន សែនទៅកាន់ប្រទេសជប៉ុននេះដែរ៕