នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃសៅរ៍នេះ ដើម្បីទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វីស ទីដែលលោកនឹងដឹកនំាកម្មវិធីមួយចំនួនដើម្បីជំរុញសកម្មភាពជំនួញបរទេសនៅកម្ពុជា។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលជាអង្គភាពផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា លោកហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនផងនោះ នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាប្រចាំឆ្នាំនោះ តបទៅតាមការអញ្ជើញរបស់ស្ថាបនិក និង ជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោកគឺលោកសាស្ត្រាចារ្យ Klaus Schwab។
អំឡុងពេលដំណើរការនៃវេទិកាសាកលនោះ លោកហ៊ុន សែន នឹងផ្តល់ការកត់សម្គាល់នៅក្នុងពិធីបិទបញ្ចប់នៃកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទ៖ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ«ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងឱកាសស្នាក់នៅប្រទេសស្វីស លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញថ្លែងសុន្ទរកថា «រាត្រីកម្ពុជា» (Cambodia Night) ដែលជាព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។
វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស នឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២២ ដោយមានមេដឹកនាំប្រទេស និងអ្នកជំនាញជាង២០០០នាក់ចូលរួម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters៕