ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថាការ​ស៊ើប​អង្កេត​លើ​ករណី​គប់ស្បែកជើង​ដាក់​លោក ​ហ៊ុន សែន ​កំពុង​ដំណើរ​ការ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

សហរដ្ឋអាមេរិក​កំពុង​បើក​ការ​ស៊ើប​អង្កេត​ទៅក្នុង​ករណី​គប់​ស្បែកជើង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​លើ​មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន​ ដែល​បាន​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​ អាស៊ាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ កាលពី​សប្តាហ៍​មុន។​

នៅ​ក្នុង​សារ​ឆ្លើយ​តប​អេឡិកត្រូនិក​មួយ​មក​កាន់​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេនៅ​ថ្ងៃ​ព្រហស្ប​តិ៍​នេះ មន្ត្រី​នាំពាក្យ​សា្ថនទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ Chad Roedemeier បាន​លើកឡើង​ថា​ សហ​រដ្ឋ​អាមេរិក​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​សុវត្ថិភាព​ និង​សន្តិសុខ​របស់​អ្នកការទូត​ និងមន្ត្រី​អ្នកមុខ​អ្នកការ​ ដែលមក​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​។

សារ​ដដែល​បាន​ផ្តល់​ការ​អត្ថា​ធិប្បាយ​តាម​ន័យ​ដើមថា៖ «​ទាក់​ទិន​ឧប្បត្តិហេតុ​កាលពី​ថ្ងៃទី​១១ ខែ ឧសភា​ មាន​ការ​ស៊ើប​អង្កេត​ដោយ​អាជ្ញាធរ​អនុវត្ត​ច្បាប់​អាមេរិក​នៅ​ក្នុង​ករណីនេះ​។ ការ​អង្កេត​នោះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ហ្មត់​ចង់ និង​ស្របតាម​ច្បាប់​ពេញ​លេញ​របស់​សហរដ្ឋអាមេរិក​»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក​ អាស៊ាន​ រំឭក​ឡើង​វិញ​នូវ​ខួប​៤៥ឆ្នាំ​ នៃទំនាក់​ទំនង​ និង​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​មជ្ឈភាព​ (ឬភាព​នៅកណ្តាល) របស់​អាស៊ាន​ នៅ​ក្នុងការ​ផ្តល់​ឱ្យ​នូវ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ចីរភាព​ដល់​ភាព​ប្រឈមនិង​គំនាប​ខ្លាំង​ក្លា​ផ្សេងៗ​របស់​តំបន់។​

ការ​បញ្ជាក់​អំពី​ការ​ស៊ើប​អង្កេត​លើ​ឧប្បតិ្តហេតុ​គប់​ស្បែក​ជើង​នោះ​ ធ្វើ​ឡើង​ ក្រោយ​ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​កាល​ពីពេល​ថ្មីៗនេះ​ បាន​ឱ្យ​ដឹង​ថា​ ក្រុមអ្នក​គាំទ្រ​លោកនៅ​ប្រទេស​កម្ពុជា​កំពុងមានការ​ខឹង​សម្បា​នឹង​ការគប់​ស្បែកជើង​នេះ ហើយ​ទាមទារ​ចង់ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទី​ក្រុង​ភ្នំពេញ​។ ក៏​ប៉ុន្តែ​លោក​ថា​ លោក​បានហាម​មិន​ឱ្យ​មាន​បាតុកម្ម​កើត​ឡើង​ទេ និងថា​តើ​សហរដ្ឋ​អាមេរិក​នឹង​វាយតម្លៃ​បែប​ណាដែរ​លើករណី​របស់​លោក​។

នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ​ លោក ហ៊ុន សែន​ បាន​ចោទ​សួរ​ទៅ​សហរដ្ឋ​អាមេរិក​ថា តើការ​ចោល​ស្បែកជើង​មក​លើ​លោក​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ ឬ​ពលរដ្ឋ​សាមញ្ញ​នោះ ថា​មាន​ទម្រង់​ជាការ​សម្តែង​មតិ​ឬ​យ៉ាង​ណា​ និង​ថា​ បើ​ការ​គប់​ស្បែក​ជើង​មក​លើ​លោក​ជា​ទម្រង់​នៃ​ការ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​នោះ​ លោក​បារម្ភ​ថា ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​អាច​ត្រូវ​បាន​ឆ្លើយតប​វិញ​ដោយ​ការ​ចោល​នឹង​ស្បែក​ជើង​ដូចគ្នា​នោះ​ដែរ។

មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​រូបនេះ ​ថា​លោក​មិន​ទាម​ទារ​ឱ្យ​អាមេរិក​យក​ទោស​ពៃរ៍​ពី បុរស​ដែល​គប់ស្បែកជើង​មក​លើ​លោក​ទេ​ ប៉ុន្តែ​លោក​បារម្ភ​អំពី​សុវត្ថិភាព​របស់​បុរស​នោះ​ បើសិន​អាមេរិក​ដាក់​ទោស​ បុរស​នោះ​ ហើយ​ត្រូវ​បណ្តេញ​បុរស​នោះ​ចេញពីអាមេរិក​មក​ប្រទេស​កម្ពុជាវិញ។ លោក​ថ្លែង​ថា៖​

«ហើយ​នៅ​ពេល​ដែល​អាមេរិក​ដាក់​ទោស​នេះ​ កង្វល់​របស់​ខ្ញុំ​មួយទៀត​ បើសិន​ជា​ម្នាក់​នេះ​ ត្រូវ​ជាប់​ទោស ម្នាក់​នេះ​ ក៏ត្រូវ​ស្ថិត​នៅ​ក្នុង​សំណុំរឿង​ ត្រូវ​បណ្តេញ​ចេញពីប្រទេស​អាមេរិក​មក​កម្ពុជា​ ដូច​អ្នកជាប់​គុក​ដទៃ​ទៀត​ ឥឡូវ​នៅ​សល់​ប៉ុន្មាន​រយ​កំពុង​ធ្វើសម្ភាស»។

លោក​ហ៊ុន សែនក៏​បាន​លើកឡើងអំពីករណី​បុរស​ម្នាក់​ដែល​ជា​អ្នកសារព័ត៌មាន​បាន​លប​ចូល​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ រួច​ចោល​ស្បែក​ជើង​ទាំង​សង​ខាង​ ទៅ​លើ​លោក​ប្រធានាធិបតីទី​៤៣​របស់​អាមេរិក​គឺលោក George W. Bush នៅ​រដ្ឋធានី​បាដាដ​ ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​ឆ្នាំ​ ២០០៨។

បើតាម​លោក ​ហ៊ុន សែន​ បុរស​នោះ​ ក្រោយ​មក​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ាក់​ កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ បើ​ទោះបី​ជា​លោក​ Bushប្រាប់​អាជ្ញាធរ​អ៊ីរ៉ាក់​កុំ​ដាក់​ទោស​លើ​បុរស​នោះ​ក៏ដោយ។

គួររំឭក​ឡើងវិញ​ផងដែរថា​ សកម្ម​ភាព​គប់​ស្បែក​ជើង​ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​គឺ​លោក ​អ៊ុក ទូច ​ទៅ​លើ​លោក ហ៊ុន​ សែន​ កើត​ឡើង​នៅ​ចំ​ពេល​លោក ហ៊ុន សែន​ កំពុង​សំណេះ​សំណាល​ និង​ថត​រូប​ selfie ជា​មួយ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ខាង​ក្រៅ​សណ្ឋាគារ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​ឧសភា​ ឆ្នាំ​ ២០២២។

ក្រោយ​ការ​ចោល​ស្បែក​ជើង​មក​លើ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ពីសំណាក់​បុរស​រូប​នោះ​ កូន​លោក នាយករដ្ឋមន្ត្រី​ និង​ក្រុម​មន្ត្រី​ផ្លូវការ​កម្ពុជា​ បាន​ចាត់ទុក​សកម្មភាព​ដ៏​កម្រនោះ​ថា​ ជា​ការ​ប្រមាថ​មកលើ​លោក​ហ៊ុន សែន​ ខណៈ​ឃ្លីប​វីដេអូ​នៃ​ការ​គប់​ស្បែកជើង​នោះត្រូវ​គេ​បង្ហោះ​ ឬ​ចែក​រំលែក​តៗ​គ្នា​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

ដោយឡែក​លោក​ អ៊ុក ទូច អាយុ​៧១​ឆ្នាំ​ ជាពលរដ្ឋ​ខ្មែរ​អាមេរិ​កាំង​មក​ពី​រដ្ឋ​ California សហរដ្ឋ​អាមេរិក បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ អ្នកយក​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​នៅ​សហរដ្ឋអាមេរិក​ ក្រោយ​ហេតុការណ៍​គប់​ស្បែក​ជើង​ភ្លាម​ៗនោះ​ថា ​លោក​ធ្វើ​សកម្មភាព​នោះ​ គឺ​ដោយសារ​តែ​លោក​ខកចិត្ត​ខ្លាំង​នឹង​ការ​ដឹក​នាំ​ប្រទេស​របស់​លោក​ ហ៊ុន សែន​ ដែល​លោក​ចោទ​ប្រកាន់​ថា​ មានការពាក់​ព័ន្ធ​ នឹង​ឃាតកម្ម​ និងការ​ចាប់ខ្លួន​អ្នករិះគន់​រដ្ឋាភិបាល ​ក្នុងនោះ​មាន​អ្នកវិភាគ​នយោបាយ​លោក​កែម ឡី ​និង​មេដឹកនាំ​សហជីព​លោក​ រ៉ុង ឈុន ​ជាដើម​។ លោកក៏​ចោទ​លោក​ហ៊ុន សែន​ថា ​ ខកខាន​មិនបាន​ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​នៅ​ ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏​ផងដែរ​៕

XS
SM
MD
LG