លោក ហ៊ុន សែន ថា​លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ទិញ​ផ្លែ​មៀន​​កសិករ​បញ្ចៀស​វិបត្តិ​មិន​អាច​លក់​ទៅ​ប្រទេស​ថៃ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​បាន​ថ្លែង​ថា​លោក​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​របស់​លោក ដើម្បី​ទិញ​ផ្លែ​មៀន ដោះ​ស្រាយ​វិបត្តិ​របស់​កសិករ ដែល​មិន​អាច​លក់​ផ្លែ​មៀន​ទៅ​ប្រទេស​ថៃ​បាន។

លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក ដោយ​រៀបរាប់​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក​បាន​ចេញ​បញ្ជា​ឲ្យ​នាយ​ឧត្តម​សេនីយ៍ ​ហ៊ីង ប៊ុន​ហៀង មេ​បញ្ជា​ការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក ហ៊ុន សែន និង​ជា​នាយ​ក​រង​ខុទ្ទកា​ល័យ​នាយក​រដ្ឋមន្រ្តី ដឹកនាំ​កម្លាំងទៅ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​ដែល​មិនអាច​រក​ទីផ្សារ ដើម្បី​លក់​ផ្លែ​មៀន​បាន។ ហើយ​លោក​នឹង​យក​ផ្លែ​មៀន​ទាំង​នោះ​ទៅ​ចែក​ដល់កង​ទ័ព នគរ​បាល អាវុធហត្ថ គ្រូ​ពេទ្យ អ្នក​ជំងឺ និង​ប្រជាពលរដ្ឋ​ដែលកំពុង​ធ្វើ ចត្តាឡីស័ក​ទទួល​ទាន​ដោយ​មិន​គិត​ថ្លៃ។

លោក​បញ្ជាក់​ថា៖​ «នេះ​ជា​វិធី​ដោះ​ទាល់​ក្នុង​កាល​ទេសៈ​ដ៏​លំបាក​កុំ​ឲ្យកសិករ​ក្រីក្រ​យើង​ខាត​បង់​ធ្ងន់ធ្ងរ​ពេ​ក​ហើយ​ខ្ញុំ​ក៏​មិន​ប្រើថ​វិកា​ជាតិ​ដើម្បី​ទិញ​នោះ​ដែរ»។

លោក​បន្ថែម​ថា​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជ​កម្ម អភិបាល​ខេត្ត​បាត់​ដំបង និង​ប៉ៃលិន ត្រូវ​ខិត​ខំ​ដោះស្រាយ​រក​ទីផ្សារ​ជូន​កសិករ។

លោក ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​មិន​មែន​ទិញ​ផ្លែ​មៀន​ទាំង​អស់​នោះ​ទេ គឺ​ទិញ​តែ​ពី​«កសិករ​ក្រីក្រ​ដែល​ដាំ​មៀន​ដោយ​ផ្ទាល់​» មិន​មែន​ចម្ការ​មៀន​របស់​មន្ត្រី កង​កម្លាំង​ប្រដាប់​អាវុធ​ឬ​របស់​ឧកញ៉ា​ ឬ​អ្នក​ជំនួញ​នោះ​ទេ។

លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​លើក​ឡើង​ថា​លោក​ «អាច​បញ្ចាំ​ផ្ទះ» យក​លុយ​ទៅ​ទិញ​ពី​កសិករ​ដែល​កំពុង​ជួប​ការ​លំបាក។

​អន្តរាគមន៍​របស់​នាយក​រដ្ឋមន្រ្តី​ដែល​ចំណាយ​ថវិកា​ខ្លួន​ឯង ធ្វើ​ឡើង​បន្ទាប់​ពី​ផ្លែ​មៀន​ប៉ៃ​លិន ឬ​ហៅ​ថា​តាង៉ែន​រាប់​សិប​តោន​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ មិន​អាច​នាំ​ចូល​ទៅ​ប្រទេស​ថៃ​បាន ខណៈ​ប្រទេស​ចិន​បាន​បិទ​ទីផ្សារ​នាំ​ចូល​មៀន​ពី​ប្រទេស​ថៃ ក្រោយ​រក​ឃើញ​សត្វ​ចង្រៃ​នៅ​លើ​ផ្លែ​មៀន ដូច​ជា​ចៃ​ម្សៅ ឬ​ហៅ​ថា​ក្រា​ម្សៅ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ប្រទេស​ចិន​បាន​ប្រកាស​បិទ​ដោយ​គ្មាន​កាល​កំណត់​នូវ​ការ​នាំ​ចូល​ផ្លែ​មៀន​ពី​ប្រទេស​ថៃ។

រូបឯកសារ៖ អាជីវករកំពុងថ្លឹងផ្លែឈើ នៅតាមដងផ្លូវ ខណៈផ្សាររដ្ឋជាច្រើនបានបិទដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ឡេង ណាវ៉ាត្រា ដែល​ជា​ឧកញ៉ា​មួយ​រូប ក៏​បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​នឹង​ជួយ​ទិញ​ផ្លែ​តាង៉ែន​ប្រមាណ​១​ពាន់​តោន ហើយ​ដាក់​លក់​ក្នុង​ផ្សារ​កសិផល​ឡេង​ណាវ៉ាត្រា។

លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហ​គមន៍​កសិ​ករ​កម្ពុជា បាន​ប្រាប់ ​VOA​ ថា​ការ​ជួយ​ទិញ​កសិករ​នៅ​ពេល​ជួប​ប្រទះ​បញ្ហា​ទី​ផ្សារ​បែប​នេះ​គឺ​ជា​ល្អ ប៉ុន្តែ​វិធី​សាស្រ្ត​នេះ វា​អាច​ជួយ​ដោះ​ស្រាយ​បាន​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​រដ្ឋាភិបាល​គួរ​គិត​គូរបន្ថែម​ទៀតទាក់​ទង​ទី​ផ្សារ​រយៈពេល​វែង​ដើម្បី​កុំ​ឲ្យប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​អ្នក​ដាំ​ដុះ​ក៏​ដូច​ជា​វិស័យ​កសិកម្ម។

លោក​ថ្លែង​ថា៖ «រដ្ឋ​ត្រូវ​តែ​គិត​ជា​យុទ្ធសាស្រ្ត​ក្នុង​ការ​ដោះ​ស្រាយ​នូវ​ក្តី​កង្វល់ក៏​ដូច​ជា​បញ្ហា​ដោយ​ជជែក​ឲ្យ​មាន​ការ​រៀប​ចំប្រព័ន្ធ​ទីផ្សារ ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឲ្យ​បាន​សម​រម្យ​ដើម្បី​ធានា​ថា ដោះ​ស្រាយ​នូវ​បញ្ហា​ទីផ្សារ​នេះ​ដល់​ប្រជាពល​រដ្ឋ ឲ្យ​[មាន]​រយៈ​ពេល​យូរ​អង្វែង»។

លោក​បន្ត​ថា​រដ្ឋា​ភិបាល​ក៏​ត្រូវ​តែ​គិត​គូរ​ពិចារ​ណាបង្កើត​រោងចក្រ​កែ​ច្នៃផលិត​ផល​កសិកម្ម ជា​ពិសេ​ស គឺ​មៀន​ ឬ​តាង៉ែន ឲ្យ​ក្លាយ​ទៅ​ជា​អាហារ​កំប៉ុង ដើម្បី​អាច​ទុក​រយៈ​ពេល​យូរ​បាន និង​អាច​លក់​ក្នុង​ទីផ្សារ​កម្ពុជា។

លោក យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ម្នាក់ និង​ជា​អ្នក​នយោបាយ​មួយ​រូប​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «អន្តរាគមន៍ទិញ​មៀន​គួរ​តែ​មាន​គោល​ការណ៍​រួម​មួយ​ច្បាស់​លាស់ ដូច​ជា​ការ​កំណត់​បរិមាណ​ត្រូវ​ទិញ តម្លៃ​រួម​មួយ​ដែល​អាច​ទទួល​យក​បាន និង​ក្រុម​គោល​ដៅ​អាទិភាព​ហើយគួរ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ដោយ​មាន​ការ​ចូល​រួម​ពី​សប្បុរស​ជន។ ការ​ជួយ​សម្រួល​ដល់​ការ​បង់​ធនាគារ​ក៏​ជា​វិធានការ​មួយ​ដែរ»។

លោក មាស នី អ្នក​វិភាគ​សង្គម​និង​នយោបាយ​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​វា​ជា​ការ​ល្អ​ក្នុងការ​ជួយ​ទិ​ញ​ផ្លែ​មៀន ឬ​ ផ្លែ​តាង៉ែន​នេះ ប៉ុន្តែ​បញ្ហា​ចោទ​សួរ​ថា​ប្រភព​លុយ​មក​ពីណា​មក?លោក​បន្ថែម​ថា​រដ្ឋា​ភិបាល និង​ក្រសួង​ពាក់​ព័ន្ធ​គួរ​តែ​កុំកំណត់​ថា​ទិញ​ពីកសិករ​ក្រីក្រ​និង​មិន​ទិញ​ពី​អ្នក​មាន​នោះ​ទេ​ពីព្រោះ​វា​ប៉ះ​ពាល់​សេដ្ឋកិច្ច​ជា​រួម​ដូច​គ្នា៕