អ្នក​វិភាគ​៖ ទស្សន​កិច្ច​កូន​ប្រុស​ច្បង​លោក​ ហ៊ុន សែន​ ទៅ​​​ឥណ្ឌា​ជា​ការ​បង្ហាញ​មុខមាត់​មេដឹក​នាំ​ថ្មី​កម្ពុជា​ និង​ដើម្បី​ឱ្យ​មាន​តុល្យការ​ទំនាក់​ទំនង​តំបន់

រូបឯកសារ៖ ​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​​​​ មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​ជា​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរ​ថតរូប​នៅ​មុន​ជំនួប​របស់​លោក​ជាមួយ​នឹង​សមភាគី​ជប៉ុន​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ១៦ ​ខែកុម្ភៈ ឆ្នាំ២០២២។

កូន​ប្រុស​ច្បងរបស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នា​ឆ្នាំ២០២២ នេះ​ ទៅ​តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​រដ្ឋា​ភិបាល​ទីក្រុង New Delhi គឺលោក​ណារិន ​ដ្រាម៉ូឌី (Narendra Modi)​។

​ដំណឹង​នៃ​ការ​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវ​ការនៅ​ប្រទេស​ឥណ្ឌារបស់​ឧត្តមសេនីយ៍ឯក​ហ៊ុន​ ម៉ាណែត មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា​ កើត​មាន​ឡើង​ក្នុង​ជំនួប​មួយ​តាម​ប្រព័ន្ធ​វីដេអូ​ រវាង​លោកហ៊ុន សែន​ និង​មេ​ដឹក​នាំ​រដ្ឋាភិបាល​ឥណ្ឌា​កាល​ពីថ្ងៃ​ទី​១៨ ខែ​ឧសភា​។

អ្នក​វិភាគ​វាយ​តម្លៃ​ជា​មុន​អំពី​ការ​ទៅ​បំពេញ​ទស្សន​កិច្ចរបស់​លោក​ហ៊ុន ម៉ាណែត​នៅ​ប្រទេស​ឥណ្ឌាថា​ មាន​ទិដ្ឋភាព​ពីរ​ គឺ​មួយ​ជា​ការ​បង្កើន​ចំណង​ទាក់​ទងកម្ពុជា​ និង​ឥណ្ឌា​ និង​ទី​ពីរ​គឺ​លោកហ៊ុន សែន​ចង់​បង្ហាញ​នូវ​មុខ​មាត់ថ្មីនៃ​អនាគត​មេដឹកនាំ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ខណៈ​លោក​ហ៊ុន ម៉ាណែត​ត្រូវបាន​គណ​បក្ស​កាន់​អំណាច​ជ្រើស​រើស​ឱ្យធ្វើ​ជា​បេក្ខជននាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិនៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក​គិន ភា ​ប្រាប់វីអូ​អេ​ថា បើ​និយាយ​ជារួម​ ឥណ្ឌា​ជាប្រទេសមហា​អំណាច​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​ក​ណ្តាល ដែល​ចង់​ពង្រី​កអំណាច​ក៏​ដូចជា​ឥទ្ធិពល​របស់​ខ្លួន​ទៅ​កាន់​តំបន់​ក៏ដូច​ជាពិភព​លោក​។​ តែបើ​និយាយ​ដោយឡែក​វិញ​ ការ​បង្កើត​ឱ្យ​មានការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​បុគ្គល ​និង​ ​បុគ្គល​គឺ​ជាផ្នែក​មួយនាំឱ្យ​ប្រជាជាតិ​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្នា​កាន់​តែ​ស្និទ្ធស្នាល​ ពី​ព្រោះ​លោក​ ហ៊ុន ម៉ាណែត​នឹងអាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ផងដែរ​។

លោក​និយាយ​ថា៖«ពីព្រោះ​ឯកឧត្តម​ហ៊ុន ម៉ាណែត ​យូរ​និង​ឆាប់ ​មុន​និង​ក្រោយ ​លោកនឹង​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្ត្រីនៃ​ប្រទេស​កម្ពុជា។ អ៊ីចឹង​ការ​ចេញ​ដំណើរ​មុន​នៃ​ការ​រៀប​ចំទំនាក់​ទំនង​បែប​នេះ​ ខ្ញុំគិត​ថា​ឥណ្ឌា​ក៏ប្រហែល​ជាមិន​ខុស​ពី​ប្រទេស​ជប៉ុនដែរ​ ដែលតែង​តែ​យល់​អំពី​គេហៅ​ថាវប្បធម៌​នយោបាយ​និង​ចិត្ត​សាស្ត្រ​ ន​យោ​បាយ​នៃ​សង្គម​កម្ពុជា»។

បើ​តាម​លោក​គិន ភា ​ការ​រឹតចំណង​ការទូត​ជាមួយឥណ្ឌា​ បានធ្វើឱ្យកម្ពុជា​ត្រូវ​គេមើល​ឃើញថា​កំពុង​បង្កើត​ឱ្យមាន​ភាព​ចម្រុះ​នៃ​ការ​កសាង​ចំណងការទូត​របស់​ខ្លួន​ និង​ការ​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម​ទាំង​ជាមួយ​រដ្ឋាភិបាល​ទីក្រុងNew Delhi និង​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​។ ​

លោក​ថ្លែង​ថា៖«​ប្រទេស​ទាំង​ពីរមិន​ទាន់​មាន​ទំនាក់​ទំនង​វិស័យ​ពាណិជ្ជកម្ម​ធំ[ជា]ដុំ​កំភួន​មែន ក៏​ប៉ុន្តែ​ខ្ញុំ​គិត​ថាទៅថ្ងៃ​អនាគត​គឺនឹង​អាច​មាន​ផល​ប្រយោ​ជន៍​ច្រើន​ទៀត​សម្រាប់​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា»។

បើតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ទស្សនកិច្ច​លោក​ហ៊ុន ម៉ាណែតទៅកាន់​ប្រទេស​ឥណ្ឌាជា​ផ្នែកមួយ​នៃ​ការ​រឹតចំណងទាក់​ទង​ទ្វេភាគី​របស់​ប្រទេស​ទាំងពីរ​ ខណៈនៅ​ឆ្នាំ​២០២២នេះ​គឺ​ជាខួបលើក​ទី​៧០ឆ្នាំ​នៃ​ការ​កសាង​ចំណង​ការទូត​របស់​ប្រទេសទាំង​ពី​រនេះ​។

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់សហប្រតិ​បត្តិការ​ និងសន្តិភាព​ លោក វណ្ណ ប៊ុនណា​យល់ថា រដ្ឋា​ភិបាល​ទីក្រុង New Delhi ​មាន​បំណងឈ្វេង​យល់​ពី​ទស្សនវិស័យ ​នយោបាយ​ ក៏ដូច​ជាអនា​គតនៃភាព​ជាអ្នក​ដឹក​នាំ​កម្ពុជា​ ក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ាណែត​នៅប្រទេស​ឥណ្ឌា​។

យ៉ាង​ណា​ក៏​ដោយ​ បើតាម​លោក​ វណ្ណ ប៊ុនណា ទំនាក់ទំនង​កម្ពុជា​និងឥណ្ឌា​គឺមាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ក្នុង​ផ្នែក​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ ​ខណៈ​ចំណង​ទាក់​ទង​ខាង​សេដ្ឋកិច្ចនិង​នយោបាយ​ គឺប្រទេស​ទាំង​ពីរ​អាច​ត្រូវ​ការ​ពេល​បន្ថែមទៀត​ ដើម្បី​ធ្វើឱ្យ​មាន​ជា​ប្រយោជន៍​សម្រាប់​ភាគី​ទាំងពីរ​។

មួយវិញទៀត​ លោក​និយាយថា​ ​កម្ពុជា​ដែល​ខិតខំ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ឥណ្ឌា​នោះ គឺ​ដោយ​សារ​ប្រទេស​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​មួយនេះ​ ចង់ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​ចិន​ក៏ដូច​ជា​មហា​អំណាច​ដទៃទៀត​។

លោក​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ដោយ​សារ​ឥណ្ឌា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជាប្រទេស​មួយ​ដែល​ចាប់​ផ្តើម​ប្រកួត​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិននៅ​ក្នុង​តំបន់​ផងដែរ។អ៊ីចឹង​ទេ​ បើ​សិន​ជា​កម្ពុជា​ទាញ​ទំនាក់​ទំនង ឬ ក៏​ពង្រឹង​ ទំនាក់​ទំនង​ជា​មួយ​ឥណ្ឌាកាន់​តែ​ខ្លាំងហ្នឹង​ វា​ធ្វើ​ឱ្យ​កម្ពុជា​មាន​តុល្យភាព​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​ចិន​ឬក៏​មហា​អំណាច​ផ្សេង​ទៀត​ផងដែរ​»។

ក្នុងជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌាណារិន ​ដ្រាម៉ូឌី​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា លោក​នាយក​រដ្ឋម​ន្ត្រី​ហ៊ុន សែន​ ឱ្យ​ដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាងកម្ពុជា​និង​ឥណ្ឌា​បាន​កើន​ប្រ​មា​ណ​៣​០​០​លាន​ដុល្លា​នៅ​ក្នុង​២០២១ ទោះ​បី​ជានៅ​សម័យកាលវាយ​លុកខ្លាំងនៃជំងឺកូវីដ១៩​មាន​ការ​ថយ​ចុះ​ក៏ដោយ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ហ៊ុន សែន​។

ដោយ​ចង់​បាន​នឹង​ការ​ជំរុញ​បន្ថែម​ទៀត​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ លោក​ហ៊ុន​ សែន​បាន​ស្នើ​ដល់​ប្រទេស​ឥណ្ឌា២ចំណុច ក្នុង​ជំនួប​ដដែល​ជាមួយ​មេដឹកនាំ​ឥណ្ឌា​នោះ គឺ​ជំរុញ​នូវ​ការ​បញ្ចប់​នីតិ​វិធី​បច្ចេក​ទេស​ឱ្យ​បាន​ឆាប់​ ដើម្បីពន្លឿន​លើការចុះហត្ថលេខានៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​កម្ពុជា និង​ឥណ្ឌា ​និង​ពន្លឿន​ទៅ​លើ​ការចរចា​ ដើម្បី​បញ្ចប់​នូវ​សន្ធិសញ្ញា​វិនិយោគ​ទ្វេភាគី​រវាង​កម្ពុជា​ និង​ឥណ្ឌា ដើម្បី​ឈាន​ទៅ​ចុះ​ហត្ថលេខា​ឱ្យ​បាន​ឆាប់​ផង​ដែរ​។

លើស​ពីនេះទៀត នៅ​ក្នុងវិស័យ​ទេសចរណ៍​លោក​ហ៊ុន សែន​បាន​ស្នើ​សុំឱ្យ​មាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​ភ្នំពេញ និងពីឥណ្ឌាមកខេត្តសៀមរាប ក្នុង​ការជំរុញ​ធ្វើយ៉ាងណា​ឱ្យ​ទេសចរណ៍​មាន​ការកើន​ឡើង​រវាង​ប្រទេស​ទាំង​ពីរ។

​ដោយឡែក​ អ្នកវិភាគ​នយោបាយ​លោក​សេង​ សារីប្រាប់វី​អូអេនៅ​ថ្ងៃ​សុក្រនេះ​ថា លោក​ហ៊ុន ម៉ាណែត សព្វ​ថ្ងៃ​គឺមិន​មែនធ្វើ​ការ​ងារ​ក្នុងនាម​ជាមេទ័ព​នោះ​ទេ ប៉ុន្តែកំពុង​ធ្វើ​ការ​ជំនួសដៃ​ជើង​ឪពុក​របស់​លោក​ដែលជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​។

លោក​ថ្លែង​ថា៖ «វាបង្ហាញ​ច្បាស់ណាស់​ថាលោក​ ហ៊ុន ម៉ាណែត​ហ្នឹង​បាន​ការ​ងារ​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​រួច​ស្រេច​ទៅ​ហើយ ​ដែល​មិន​ធ្វើ​ការ​ងារ​ក្នុង​នាម​ជា​អគ្គមេបញ្ជាការ​កងទ័ព​ទៀត»។

ក៏ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន ​ពន្យល់​ថា​ ទស្សនកិច្ច​របស់លោក​ហ៊ុន ម៉ាណែត​ទៅកាន់​ប្រទេស​ឥណ្ឌា គឺ​ជាផ្នែក​មួយ​នៃការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាងកង​ទ័ព និង​កងទ័ព​ ពោល​គឺ​មិនមែនក្នុង​នាម​ជា​រដ្ឋា​ភិបាល​នោះ​ទេ។

លោក​មាន​ប្រសាសន៍ថា៖ ​«គាត់​មាន​យក​ក្នុង​នាម​រដ្ឋាភិបាល​ទៅ​ប្រើ​ឯណា​? គាត់​ទៅ​ក្នុង​នាម​កងទ័ពគាត់​ ក្នុង​នាម​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើង​គោក​»។

គួរ​រំឭកឡើងវិញ​ផងដែរ​លោក​ហ៊ុន ម៉ាណែត​ ដែល​ទទួល​បាន​ការសិក្សា​ជំនាញ​យោធា​នៅ​សហរដ្ឋ​អា​មេរិក​ និង​សេដ្ឋកិច្ច​នៅប្រទេស​អង់គ្លេស​ ធ្លាប់​បានធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅជប៉ុន​ កាល​ពី​អំឡុងខែ​កុម្ភៈ​ ឆ្នាំ​២០២២នេះ​។​

នៅ​ប្រទេស​ជប៉ុន​ លោក​ហ៊ុន ម៉ាណែត​ បាន​ជួបពិភាក្សា​ទេ្វភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​Fumio Kishida និង​រដ្ឋមន្ត្រី​សំខាន់​ៗទៀត រួម​មាន​រដ្ឋមន្ត្រី​ការបរទេស​ និង​ការពារ​ជាតិ នៅ​ទីក្រុង​តូក្យូ​ ហើយក៏​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ជប៉ុន​ផង​ដែរ​។

ឥណ្ឌា​និង​ជប៉ុន ជាប្រទេស​ដែល​ស្ថិតក្នុង​ក្រុម​ប្រទេស Quad ​(ឬ​ដៃ​គូ​សន្ទនា​សន្តិ​សុខ​ច​តុ​ភាគី)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​ចិន​និង​គម្រោង​ក្រវាត់​ផ្លូវ​ពា​ណិជ្ជ​កម្ម​ Belt and Road Initiative របស់​ចិន​ផង​ដែរ​៕