លោក ហ៊ុន សែន ថា​នឹង​មិន​ដោះលែង​មេធាវី​ខ្មែរ​អាមេរិកាំង កញ្ញា សេង ធារី ដោយសារ​មាន​អន្តរាគមន៍​ពី​បរទេស

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​លើក​ឡើង​ថា​ លោក​មិន​ដោះ​លែង​មេធាវី​ខ្មែរ​អាមេរិកាំង ​កញ្ញា ​សេង ធារី ​បាន​ឡើយ ​ដោយ​សារ​តែ​មាន​អន្តរាគមន៍​ពី​បរទេស។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កណ្តាល ​កាល​ពីថ្ងៃទី​៣ ​ខែ​មិថុនា​ លោក ​ហ៊ុន សែន លើក​ឡើង​ថា​ ជន​ជាប់​ឃុំ​រូប​ណា​ដែល​ត្រូវ​បានបរទេស​ស្នើ​សុំ​ឱ្យ​ដោះ​លែង ​គឺ​អ្នក​ជាប់​ឃុំ​នោះ​នឹង​នៅ​តែ​បន្ត​ជាប់​ក្នុង​ពន្ធនាគារ។​

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​និយាយ​ថា​ ​កញ្ញា ​សេង ធារី​ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ព្រះ​វិហារ​នោះ នឹង​មិន​ត្រូវ​បាន​ដោះ​លែង ​ឬ​ក៏​បន្ធូរ​បន្ថយ​ទោស​ឡើយ ​ពីព្រោះ​មាន​អន្តរាគមន៍​ពី​បរទេស។​

រូបឯកសារ៖ កញ្ញា​សេង ធារី​ ផ្តល់​សម្ភាសន៍​ជាមួយសំឡេងសហរដ្ឋអាមេរិក​ មុនពេល​ត្រូវចាប់ខ្លួន​ដោយកម្លាំង​សន្តិសុខចម្រុះក្នុងរាជធានីភ្នំពេញ​ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ២០២២។ (ហ៊ុល រស្មី/វីអូអេ)

លោក​ថ្លែង​ថា៖ ​«អប្សរា​ក្បាល​ត្រងោល​ សូម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​គឺ​កុំ​ដាក់​ចូល​ក្នុង​បញ្ជី​នៃ​ការ​បន្ធូរ​បន្ថយ​ទោស ​តាម​រយៈ​បុណ្យ​ចូល​ឆ្នាំ ​ភ្ជុំ​បិណ្ឌ​ស្អីៗ ​ព្រោះ​បើ​មាន​អន្តរាគមន៍​កុំ​លើក​លែង​តែ​ម្តង​ទុក​ឱ្យ​ជាប់​គុក​ដល់​ថ្ងៃ​ចុង​ក្រោយ​តែ​ម្តង ​ព្រោះ​វា​អត់​មាន​ប្រយោជន៍​ទេ។ ​អាហ្នឹង​ដើម្បី​យើង​ស៊ីសង​គ្នា​នៅ​លើ​តុ! ឱ្យ​ច្បាស់ ​បើ​មក​ស្រុក​ខ្មែរ​ឱ្យ​ចំ​ជា​ខ្មែរ»។​

លោក ​ហ៊ុន សែន​ បាន​ហៅ​កញ្ញា ​សេង ធារី ​ថា ​«អប្សរា​ក្បាល​ត្រងោល» ​ដោយ​សារ​កញ្ញា​ធ្លាប់​បង្ហាញ​មុខ​នៅ​តុលាការ ​ដោយ​ស្លៀក​ពាក់​ជា​អប្សរា ​ហើយ​កោរ​សក់​ផង​ដែរ។ ​

ក្នុង​អំឡុង​ពេល​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ក្រោយ​ជំនួប​ទ្វេភាគី​រវាង​លោក ​ហ៊ុន សែន ​និង​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden ​សេតវិមាន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ ​«លោក​ប្រធានាធិបតី​ Biden ​បានអំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​ក្នុង​នោះ​មាន​កញ្ញា ​សេង ធារី​ មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកាំង»។ ​ប៉ុន្តែ​អ្វី​ដែល​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន​បាន​អះអាង​នោះ​ត្រូវ​បាន​លោក ​ហ៊ុន សែន ​ច្រាន​ចោល​ថា​ លោក ​Biden​ មិន​បាន​និយាយ​ពី​បញ្ហា​នេះ​ជា​មួយ​លោក​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​ កន្លងមក​ ស្ថានទូត​អាមេរិក​តែង​តែ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ​ផ្សេងៗ ​រួម​ទាំង​កញ្ញា ​សេង ធារី ​ផង​ដែរ។​

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក​ នី សុខា​ យល់​ថា​ សហគមន៍​អន្តរ​ជាតិ​ស្នើ​សុំ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ ​ជាពិសេស​កញ្ញា ​សេង ធារី ​ដោយ​សារ​តែ​យល់​ថា​ ការ​ចាប់​ខ្លួន​ពួកគេ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ ជា​ជាង​ការ​អនុវត្ត​ច្បាប់។ ​លោក​បន្ថែម​ថា ​វា​អាច​មានការ​ដាក់​សម្ពាធ​ ឬ​ក៏​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

លោក​បញ្ជាក់​ថា៖ ​«នេះ​ជា​រឿង​មួយ​ដែល​យើ​ង​ទាំង​អស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ ហើយ​យើង​នៅ​តែ​ទទូច​ដដែល​ឱ្យ​រដ្ឋាភិបាល​លោក​ពិចារណា​ទៅ​លើ​សំណើរ​របស់​សហ​គមន៍​អឺរ៉ុប​ ក៏ដូចជា​សហ​រដ្ឋ​អាមេរិក ​ក៏ដូច​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​មួយ​ចំនួន​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​រដ្ឋាភិបាល​ ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រទេស​កម្ពុជា​យើង​មាន​ការ​ដឹក​នាំ​មួយ​ប្រកប​ទៅ​ដោយ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស​ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស»។​

គួរ​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី​១៤ ​ខែ​មិថុនា ​ឆ្នាំ​២០​២២ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ កញ្ញា សេង ធារី ​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​ និង​បទ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ទាក់​ទង​នឹង​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី ​កាលពី​ចុង​ឆ្នាំ​២០១៩។​

បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន ​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២ ​កញ្ញា ​សេង ធារី ​និង​មេធាវី​បាន​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ទាមទារ​ឱ្យ​ដោះ​លែង​កញ្ញា​ សេង ធារី​ ឱ្យ​មាន​សេរី​ភាព​វិញ។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​គេ​នៅ​មិន​ដឹង​នៅ​ឡើយ​ទេ​ថា ​តើ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​នេះ​នៅ​ពេល​ណា​ឡើយ៕