កម្ពុជានឹងមិនឱនក្បាលចំពោះគំនៀបពីបរទេសនោះទេ។ នេះ គឺជាការប្រកាសជាថ្មីម្តងទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះ។
សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីខ្មែរធ្វើឡើងទំនងជាសំដៅទៅការដាក់សម្ពាធពីសហភាពអឺរ៉ុបទាក់ទងទៅនឹងការដកហូតការអនុគ្រោះពន្ធនាំចូលពីប្រទេសកម្ពុជាទៅកាន់តំបន់អឺរ៉ុប ជាថ្នូរទៅនឹងការធ្វើឲ្យប្រសើរឡើងក្នុងការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលារកុមារពិការភ្នែកនិងកុមារគ ថ្លង់របស់អង្គការគ្រួសារថ្មី មកស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និង កីឡា ក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានឆ្លៀតរិះគន់ទៅសហភាពអឺរ៉ុបដោយមិនប្រើពាក្យចំៗពេក ថាការគោរពសិទ្ធិមនុស្សនៅសហភាពអឺរ៉ុបបានដើរថយក្រោយបើធៀបទៅនឹងរយៈពេល៤០ឆ្នាំមុន។ តែដោយឡែកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានការរីកចម្រើន។
នៅក្នុងន័យនេះ លោកប្រមុខរដ្ឋាភិបាលខ្មែរបានអះអាងថា កម្ពុជាមិនអាចឱនក្បាលចំពោះការទូន្មានរបស់ប្រទេសបស្ចិមលោកនោះទេ។
«យើងហ៊ាននិយាយគ្នាយ៉ាងច្បាស់ដូច្នេះ។ ដូច្នេះហើយបានជាកម្ពុជាមិនព្រមឱនក្បាលជាមួយនឹងការប្រៀនប្រដៅរបស់អ្នកដទៃ។ព្រោះកន្លែងខ្លះសម្លាប់មនុស្សដោយគ្រាប់បែក ដោយគ្រាប់ផ្លោង បាញ់ពីលើយន្តហោះ មួយថ្ងៃៗងាប់អស់ប៉ុន្មាន? តើគេមានដែលគោរពសិទ្ធិមនុស្ស ស្គាល់សិទ្ធិមនុស្សទេ»?
ការលើកឡើងរបស់លោកហ៊ុន សែន ធ្វើឡើងបីថ្ងៃប៉ុណ្ណោះ មុននឹងលោកត្រូវថ្លែងសុន្ទរកថានៅ កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវប្រទេសស៊្វីសក្នុងសប្តាហ៍នេះ។ លោក ហ៊ុន សែន គ្រោងនឹងលើកពីការរីកចម្រើនផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដោយធៀបនឹងរយៈពេល៤០ឆ្នាំកន្លងមក។
កាលពីចុងឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានលើកឡើងដូចគ្នានេះក្រោយពីលោកស្រី Barbara Lochbihler អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាសហភាពអឺរ៉ុប ជំរុញឲ្យសភាអឺរ៉ុបអនុម័តដំណោះស្រាយមួយដើម្បីរឹតបន្តឹងទិដ្ឋាការនិងបង្កកទ្រព្យសម្បត្តិអ្នកនយោបាយកម្ពុជាដែលលោកស្រីយល់ថា បានជាប់ទាក់ទិននឹងការទទួលខុសត្រូវចំពោះ«ការរំលោភសិទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន» នៅកម្ពុជា។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសរំឭកខួបទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រកាសដែរថាកម្ពុជា«មិនឱនក្បាល» ចំពោះបរទេសដើម្បីប្តូរជាមួយនឹងលក្ខខណ្ឌជំនួយនោះទេ។ដោយលោកពន្យល់ថា ឥរិយាបទនេះដើម្បីរក្សាមុខមាត់និងកិត្តិយសរបស់កម្ពុជា។
លោក សឹង សែនករុណា អ្នកនាំពាក្យនៃអង្គការសិទ្ធិមនុស្ស អាដហុក បានប្រាប់ VOAតាមទូរស័ព្ទកាលពីរសៀលថ្ងៃចន្ទដោយបានសម្តែងការសោកស្តាយចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកយល់ថាការលើកឡើងរបស់សហគមន៍អន្តរជាតិមិនមែនជាការដាក់សម្ពាធលើកម្ពុជានោះទេ។ ផ្ទុយទៅវិញគឺជាចេតនាដែលចង់ឲ្យកម្ពុជាខ្លួនឯងដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដមួយ។
«អ៊ីចឹងមិនមែនជាការជ្រៀតជ្រែកទេ ហើយណាមួយការដែលគេលើកមកនេះគេចង់ឲ្យកម្ពុជាដើរតាមលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដោយពិតប្រាកដមិនមែនចេះតែយើងមានការបកស្រាយទៅតាមឯកតោភាគីដោយយើងអត់បានស្តាប់ពីតួអង្គពាក់ព័ន្ធផ្សេងៗ»។
អ្នកនាំពាក្យអង្គការសិទ្ធិមនុស្សរូបនេះបានបន្ថែមថា លោកចង់ឃើញកម្ពុជាប្តូរឥរិយាបថនិងទទួលយកការរិះគន់ ហើយធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្សដូចជា សិទ្ធិពលរដ្ឋនិងនយោបាយ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិការងារ និងសេរីភាពក្នុងអង្គការសង្គមស៊ីវិលទៅតាមការទទូចពីសហគមន៍អន្តរជាតិដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។
កាលពីពេលកន្លងទៅសហភាពអឺរ៉ុបបានដាក់សម្ពាធឲ្យកម្ពុជាធ្វើឲ្យមានភាពប្រសើរឡើងផ្នែកការគោរពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយដោយគំរាមដកហូត ការអនុគ្រោះពន្ធដល់ទំនិញកម្ពុជាទៅកាន់សហភាពអឺរ៉ុបឬហៅកាត់ថា EBA។ ដោយឡែកសហរដ្ឋអាមេរិកបានគំរាមដូចគ្នានេះចំពោះប្រពន្ធ័អនុគ្រោះពន្ធ GSP ដល់ទំនិញនាំចូលពីប្រទេសកម្ពុជា។
ប្រសិនបើការដកហូតការអនុគ្រោះពន្ធទាំងពីរចូលជាធរមាន កម្ពុជាប្រឈមនឹងការខាតបង់ប្រាក់ចំណេញរាប់រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕