លោក ហ៊ុន សែន ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ជំងឺ​កូវីដ១៩ ឆ្លង​ក្នុង​សហគមន៍​២០ កុម្ភៈ

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ពី​ការ​គ្រប់គ្រង​បាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ក្រោយ​ព្រឹត្តិ​ការណ៍​ឆ្លង​សហគមន៍​២០​ កុម្ភៈ​ ឆ្នាំ​២០២១​ ជា​ពេល​ដែល​កម្ពុជា​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​វិធាន​ការ​សុខាភិបាល​ និង​វិធាន​ការ​បិទ​ខ្ទប់​មួយ​រយៈ​ ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​បន្ថែម​ និង​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ការ​ឆ្លង​ជំងឺ​រាត​ត្បាត​លក្ខណៈ​សាកល​មួយ​នេះ។

មេ​ដឹកនាំ​កម្ពុជា​រូប​នេះ​ បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​នេះ​ ដោយ​សារ​ករណី​ឆ្លង​ថ្មី ​ថយ​ចុះ​ជា​បន្តបន្ទាប់​ និង​គ្មាន​ករណី​ស្លាប់​ថ្មី ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ ទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​ នេះ​ បើ​តាម​សារ​ជាសំឡេង​ពិសេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ផ្ញើ​ទៅ​កាន់​សាធារណជន​ និង​ស្ថាប័ន​រដ្ឋ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក។​

ក្នុង​ខ្សែ​អាត់​សំឡេង​ដែល​មាន​រយៈ​ពេល​ជិត​១៧​នាទី​ លោក ​ហ៊ុន សែន​ លើក​ឡើង​យ៉ាង​ដូច្នេះ៖​

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​មាន​កិត្តិយស​ ដើម្បី​ទូលប្រគេន​ និង​ជម្រាប​ជូន​ចំពោះ​ព្រះ​តេជគុណ​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ បង​ប្អូន​ជន​រួម​ជាតិ​ ឲ្យ​បាន​ជ្រាប​ថា​ ខ្ញុំ​ព្រះ​ករុណាខ្ញុំ ​សម្រេច​ ប្រកាស​បញ្ចប់​ព្រឹត្តិ​ការណ៍​២០ ​កុម្ភៈ​ ដែល​យើង​ចាប់​ផ្តើម​ជួប​ព្រឹត្តិ​ការណ៍​សោកនាដ​កម្ម​សម្រាប់​ប្រទេស​យើង​ ដោយ​សារ​ជំងឺ​កូវីដ១៩»។​

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០២១​ ​ករណី​ឆ្លង​សរុប​នៃ​ជំងឺ​កូវីដ១៩​ មាន​ចំនួន​១២០.៤២៧​នាក់​ ដែល​រក​ឃើញ​ការ​ឆ្លង​ថ្មី​តែ​ ៤​ ករណី​ និង​គ្មាន​ករណី​ស្លាប់​ថ្មី​ទេ​នៅ​ថ្ងៃ​ទី​២០ ​ខែ​ធ្នូ។ ​បើតាម​ក្រសួង​សុខាភិបាល​ ករណី​ស្លាប់​សរុប​មាន​ចំនួន​ ៣០០៥ ​នាក់។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​សម្តែង​ការ​ចូល​រួម​មរណទុក្ខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​កន្លង​មក​ ហើយ​តាម​ការ​សង្កេត​របស់​អាជ្ញាធរ​សុខាភិបាល​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ចំណាស់​ មាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កាយ​ បន្ថែម​លើ​ការ​ឆ្លង​ជំងឺ​កូវីដ១៩៕