លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យមន្ដ្រីអនុវត្ដច្បាប់ទាំងអស់ចាប់ខ្លួនជនល្មើស ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយមិនចាំបាច់សុំគោលការណ៍ឡើយ បើសិនជាមានបទល្មើសកើតឡើងជាក់ស្ដែង។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣។
លោកថ្លែងដូច្នេះ ក្រោយជនសង្ស័យម្នាក់ឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ ២៣ ឆ្នាំ បានបើករថយន្ត Jeep ពណ៌ខ្មៅ បុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ ហើយរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវ ៥៦៦ កែង ៣១៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០និង២០នាទីយប់ កាលពីថ្ងែទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំសុំចេញបទបញ្ជា បើសិនជាមានបទល្មើសជាក់ស្ដែងឧទាហរណ៍បើកឡានបុកគេស្លាប់ មិនបាច់សុំគោលការណ៍ទេ ចាប់តែម្ដង ឃាត់ខ្លួនតែម្តង ហើយបើគាត់តវ៉ាវ៉ៃខ្នោះតែម្តងទៅ ហើយកូនប៉ូលិសធ្វើចុះ មិនបាច់សុំទៅស្នងការអីទេចាប់ចុះ»។
កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានស្នើឱ្យតុលាការពិនិត្យ ស្រាវជ្រាវ និងដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមផ្លូវច្បាប់ លើករណីនេះ។
ក្រោយការណែនាំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជនសង្ស័យនោះត្រូវបានតុលាការរាជធានីភ្នំពេញចេញដីកាកោះឱ្យចូលបំភ្លឺឱ្យបានមុនថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤៕