ក្រោយមានការរិះគន់តាមបណ្ដាញសង្គមទាក់ទងនឹងករណីសិស្សសាលាមួយចំនួនធ្វើសកម្មភាពរាំលេងតាមដងផ្លូវ តាមចង្វាក់ស៊ីហ្លេ (ស៊ីផ្លេ) របស់រថយន្ដធំៗ លោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យមន្រ្ដីថ្នាក់ក្រោមត្រួតពិនិត្យលើករណីនៃការប្រើប្រាស់ស៊ីផ្លេឡានមិនប្រក្រតីមួយនេះ។
ការអំពាវនាវរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃចន្ទ ក្រោយសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ នៅតាមបណ្តាញសង្គមមួយចំនួនឃើញមានការបង្ហោះវីដេអូ សកម្មភាពរបស់យុវជននិងកុមាររាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ បង្កហានិភ័យដល់ការធ្វើដំណើរ និងបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធររាជធានីនិងខេត្ត ត្រួតពិនិត្យ និងធ្វើការណែនាំពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្តដល់ពលរដ្ឋ ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងគ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់អាយុជីវិត និងបានអំពាវនាវដល់អាណាព្យាបាលចូលរួមអប់រំណែនាំដល់កូនៗឱ្យបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវទាំងនោះ។
អ្នកជំនាញ និងអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ ប្រាប់វីអូអេនៅថ្ងៃអង្គារថា ការស៊ីផ្លេរបស់ឡានធំៗនេះមិនខុសច្បាប់ចរាចរណ៍ទេ តែអ្នកបើកបរទាំងអស់ត្រូវមានការយល់ដឹងអំពីការប្រើប្រាស់ស៊ីផ្លេនៅពេលណានិងកន្លែងណា។
លោកថ្លែងថា៖ «ច្បាប់អត់ទាន់ចែងថាវាខុសមែន ប៉ុន្តែការប្រើប្រាស់ស៊ីផ្លេត្រូវបានហាមឃាត់នៅក្នុងទីសាធារណៈមួយចំនួន ដូចជាមានចែងក្នុងច្បាប់ហើយ...បើនៅតាមផ្លូវជាតិមួយចំនួនវាក្បែរមន្ទីរពេទ្យ ក្បែរសាលារៀន ចឹងបើសិនជាបើសំឡេងវាខ្លាំងពេកឬក៏វាបង្កទៅជាសំឡេងដូចជាភ្លេងនេះវាជាការរំខាន់ដល់សាលារៀននិងរំខាន់ដល់អ្នកជំងឺ»។
លោកបន្ថែមថា លោកពិតជាគាំទ្រជាខ្លាំងចំពោះការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីលើបញ្ហានេះ ហើយសមត្ថកិច្ចគួរចាត់វិធានការឱ្យបានត្រឹមត្រូវនិងពង្រីកការផ្សព្វផ្សាយនេះឱ្យបានទូលំទូលាយ។
ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា អាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន គួរតែអញ្ជើញអ្នកបើកបររថយន្តដែលប្រើប្រាស់ស៊ីផ្លេមិនត្រូវតាមបច្ចេកទេសទាំងនោះមកអប់រំ ពន្យល់ណែនាំ និងតម្រង់ទិសដើម្បីឱ្យពួកគេបានយល់ដឹង និងក្លាយជាពលរដ្ឋដែលមានវិន័យក្នុងការបើកបរ។
លោកថ្លែងថា៖ «ដូច្នេះបើសិនជាមានករណីដែលមានបញ្ហាបែបនេះ យើងគួរតែធ្វើការអញ្ជើញគាត់អប់រំគាត់ណែនាំគាត់ពន្យល់គាត់ និងប្រាប់គាត់ហើយស្វែងរកមូលហេតុដើម្បីជួយគាត់ឱ្យគាត់បញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់វប្បធម៌ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរដទៃទៀត»។
ក្រោយមានការបញ្ជាពីនាយករដ្ឋមន្ត្រីឱ្យទប់ស្កាត់ការប្រើប្រាស់ស៊ីផ្លេឡានដែលកំពុងស្ថិតក្រោមការរិះគន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយកាលពីថ្ងៃអង្គារ ដោយស្នើឱ្យអ្នកប្រើប្រាស់យានយន្ដដែលបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសបចេ្ចកទេសត្រូវដោះចេញនិងផ្លាស់ប្ដូរឱ្យបានត្រឹមត្រូវ។
សេចក្ដីណែនាំដដែលបន្ថែមថា អាជីវករដែលកំពុងលក់សម្ភារទាំងនោះនិងយានដ្ឋាន ឬទីតាំងកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុសបចេ្ចកទេស ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ដោយទុករយៈពេលមួយសប្ដាហ៍គិតចាប់ពីថ្ងៃអង្គារនេះ។ ប្រសិនបើនៅតែបន្តធ្វើសកម្មភាព អាជ្ញាធរនឹងដកហូតសម្ភារៈ និងបិទទីតាំងអាជីវកម្មនោះតែម្ដង។
ជាមួយគ្នានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីណែនាំឱ្យអ្នកបើកបរយានយន្ដទាំងអស់គោរពទៅតាមលក្ខខណ្ឌបច្ចេកទេសនៃការប្រើប្រាស់ស៊ីផ្លេ ដោយអ្នកបើកបរអាចប្រើស៊ីផ្លេបានពេលថ្ងៃ ដើម្បីឱ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត និងដើម្បីសុំជែង។ ចំណែកពេលយប់អ្នកបើកបរ អាចប្រើភ្លើងហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យដំណឹងសុំជែង ហើយការប្រើសញ្ញាសូរសព្ទស៊ីផ្លេ មិនត្រូវយូរជាងការចាំបាច់ឡើយ។
ក្រសួងសាធារណការ និងដឹកជំញ្ជូនបានបញ្ជាក់ទៀតថា៖ «ការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលម្អផ្សេងៗទៀត ក្រៅពីការកំណត់លក្ខខណ្ឌបច្ចេកទេសរបស់យានជំនិះត្រូវបានហាមឃាត់»។
គួរបញ្ជាក់ថា នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការឱ្យអ្នកប្រើប្រាស់យានយន្ដដែលបំពាក់ស៊ីផ្លេកែច្នៃ គ្រឿងភ្លើង និងវាំងននបិតបាំងកញ្ចក់តុបតែងលើសពីការកំណត់របស់រថយន្តដើម ត្រូវរុះរើឧបករណ៍កែច្នៃទាំងនោះមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកខេត្ត ដើម្បីទប់ស្កាត់បាតុភាពអនាធិបតេយ្យលើដងផ្លូវ និងហានិភ័យដែលអាចកើតឡើងទៅលើអ្នកធ្វើដំណើរ និងអ្នកបើកបរផ្សេងទៀត៕