ក្រោយឡើងកាន់អំណាចចាប់ពីថ្ងៃទី២២ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចាប់ផ្តើមតែងតាំងមន្រ្តីជាបន្តបន្ទាប់ ក្នុងនោះមានរដ្ឋមន្រ្តី និងអភិបាលខេត្តមួយចំនួន ដែលជាកូនរបស់មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអាណត្តិទី៧ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន បានរៀបចំឱ្យកូនៗរបស់រដ្ឋមន្រ្តីក្នុងគណបក្សកាន់អំណាចឡើងកាន់តំណែងជាអភិបាលខេត្ត និងអភិបាលរងមួយចំនួន ក្នុងនោះមានខេត្តសៀមរាប ស្វាយរៀង និងបន្ទាយមានជ័យជាដើម។
នៅក្នុងព្រះរាជក្រឹត្យមួយ ចេញផ្សាយកាលពីពេលថ្មីៗនេះ អភិបាលរងខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា ដែលជាកូនប្រុសរបស់អ្នកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឡើងកាន់តំណែងជាអភិបាលខេត្តមួយនេះ។ ស្វាមីរបស់អ្នកស្រី ម៉ែន សំអន គឺលោក ប៉េង ប៉ាត់ ជាអតីតសមាជិកព្រឹទ្ធសភា។
ចំណែកកូនប្រុសរបស់អ្នកស្រី ម៉ែន សំអន ម្នាក់ទៀត គឺលោក ប៉េង ពោធិ៍ នា ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក ស៊ុន ចាន់ ថុល។
ចំណែកលោក ប្រាក់ សោភ័ណ កូនប្រុសរបស់លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសលោក ទៀ សីហា ដែលឡើងកាន់តំណែងរដ្ឋមន្រ្តីក្រសួងការពារជាតិ ជំនួសឪពុករបស់លោក គឺលោក ទៀ បាញ់។
វីអូអេបានព្យាយាម សុំការអត្ថាធិប្បាយពីលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបតែពុំទាន់អាចទាក់ទងបាននៅឡើយទេ។
កាលពីថ្ងៃទី២៤ ខែសីហា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក គឹង វណ្ណៈ ពីអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំងលោក កែ សួនសុភាព កូនប្រុសរបស់លោក កែ គឹមយ៉ាន ជាអភិបាលរងខេត្តបន្ទាយមានជ័យជំនួស។ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ។
ការតែងតាំងកូនៗរបស់មន្រ្តីជាន់ខ្ពស់ឲ្យមកគ្រប់គ្រងស្ថាប័នរដ្ឋ និងខេត្តនានា ត្រូវបានមើលឃើញថាជាការដាក់សែស្រឡាយគណបក្សកាន់អំណាច ប៉ុន្តែវាអាចមានផលអវិជ្ជមានផងដែរ។
អ្នកវិភាគនយោបាយ លោក មាស នី មើលឃើញថា នេះជាយុទ្ធសាស្រ្តនៃការរៀបចំការគ្រប់គ្រងប្រទេស តាមរយៈការចាត់តាំងសែស្រឡាយក្រុមគ្រួសារ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមដែលលោកថាមិនសូវជាមានអនុវត្តនៅក្នុងសង្គមប្រជាធិបតេយ្យឡើយ។ លោកបន្ថែមថាការរៀបចំយុទ្ធសាស្រ្តនេះគឺដើម្បីផលប្រយោជន៍សម្រាប់មន្រ្តីក្នុងជួរគណបក្សកាន់អំណាច ប៉ុន្តែលោកថាវាអាចនឹងមានឥទ្ធិពលអវិជ្ជមាន បើកាលណាមិនមានការដឹកនាំបានល្អ ហើយអាចបង្កជាទំនាស់ផ្ទៃក្នុងផងដែរ។
លោក មាស នី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ប្រព័ន្ធបែបនេះច្រើនតែប្រឈមជាមួយហ្នឹងទំនាស់ផលប្រយោជន៍និងវាឈានចូលទៅដល់ការបន្តពង្រីកនូវអំពើពុករលួយ ធ្វើឱ្យប្រព័ន្ធយុត្តិធម៌ វាកាន់តែលែងមានដំណើរការ។ នេះសុទ្ធតែជាការមើលឃើញនៅក្នុងគំនរទាញពីវិធីសាស្រ្តនយោបាយមកនិយាយទេ ប៉ុន្តែជាក់ស្តែងវាអាស្រ័យទៅលើ សមត្ថភាពរបស់មេដឹកនាំបច្ចុប្បន្នដែរ។ បើសិនជាមេដឹកនាំបច្ចុប្បន្នអាចគ្រប់គ្រងរឿងហានិភ័យទាំងអស់នោះបាន[ខ្ញុំ]គិតថាខ្ញុំជាពលរដ្ឋខ្មែរក៏សប្បាយចិត្តទៅតាមហ្នឹងដែរ ប៉ុន្តែហានិភ័យគឺមានខ្ពស់»។
នៅក្នុងវិស័យនគរបាលវិញ លោក ស ថេត អតីតស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោក នេត សាវឿន ជាក្មួយប្រសារបស់លោក ហ៊ុន សែន។ លោក ស ថេត ជាបងប្អូនជីដូនមួយរបស់លោក ស ខេង អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕