ជាច្រើនឆ្នាំកន្លងទៅ ស្លឹកចេក ឬក៏ស្លឹកឈូកត្រូវបានប្រជាជនខ្មែរយកមកប្រើប្រាស់ដើម្បីខ្ចប់ម្ហូបអាហារ និងរបស់របរផ្សេងៗ។ ក៏ប៉ុន្តែ សព្វថ្ងៃនេះយើងឃើញថា គេប្រើថង់ប្លាស្ទិកមកជំនួសវិញ។
ប្រទេសកម្ពុជាសម្បូរទៅដោយសំរាម ដែលភាគច្រើនជាថង់ប្លាស្ទិក។ ប្រជាជនខ្មែរកាន់តែច្រើនឡើងចាប់ផ្តើមព្រួយបារម្ភអំពីផលប៉ះពាល់របស់ថង់ប្លាស្ទិកមកលើសុខភាពមនុស្ស និងបរិស្ថាន។ ក៏ប៉ុន្តែ វាត្រូវការពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះ។
លោក អ៊ា ផុន អាជីវករលក់ថង់ប្លាស្ទិកនៅផ្សារអូឬស្សីនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ គាត់អាចលក់ថង់ប្លាស្ទិកបានប្រហែលជា៥០ទៅ២០០គីឡូក្រាម។ លោកនិយាយថា៖ «ស្លឹកឈូកមិនអាចយកមកប្រើប្រាស់នឹងតម្រូវការប្រជាជនដែលកើនជារៀងរាល់ថ្ងៃនឹងបានទេ ហើយម្ល៉ោះហើយចៀសមិនផុតពីការប្រើប្រាស់ថង់ប្លាស្ទិក ចៀសមិនផុតទេ ទោះបីយើងដឹងថាថង់ប្លាស្ទិកធ្វើឲ្យខូចបរិស្ថាន»។
លោក ហ៊ុល សៀងហេង នាយកស្រាវជ្រាវ និងអភិវឌ្ឍន៍នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឲ្យដឹងផងដែរថា ថង់ប្លាស្ទិចត្រូវបានបង្កើតឡើងពីសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់។ ថង់ប្លាស្ទិកមួយចំនួនផ្ទុកនូវសារជាតិគីមី ដែលអាចបង្កើតជំងឺមហារីក ហើយអាចប៉ះពាល់ដល់សមាសភាពបន្តពូជ និងការអភិវឌ្ឍន៍មិនប្រក្រតីរបស់ទារក។
លោកបានបន្តទៀតថា ថង់ប្លាស្ទិកនេះក៏មានផលប៉ះពាល់ដល់សត្វក្នុងទឹកដែលស៊ីប្លាស្ទិកជាចំនីអាហារ ហើយប្រសិនបើថង់ប្លាស្ទិកនេះទុករយៈពេលយូរនៅលើដីនោះ វាអាចបញ្ចេញជាកម្ទេចម៉ត់ៗមួយចំនួនដែលហៅថា (Leaching of Chemical)។
យ៉ាងណាមិញ មិនទាន់មានតួរលេខជាក់លាក់ស្តីអំពីចំនួនថង់ប្លាស្ទិច ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សំណល់ទូទៅនៅទីក្រុងភ្នំពេញគឺមានប្រមាណជាង២.០០០តោនក្នុងមួយថ្ងៃ ដូច្នេះយើងអាចប៉ាន់ស្មានថា ថង់ប្លាស្ទិកមានពី១៥ទៅ២០ភាគរយនៅក្នុងសំណល់ទូទៅ។
លោក ហេង យ៉ុន គូរ៉ា អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការ កែច្នៃ និងអនាម័យសហគមន៍បានយល់ឃើញថា ប្រជាជនប្រើប្រាស់ថង់ប្លាស្ទិកដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីផលប៉ះពាល់របស់ថង់ប្លាស្ទិក និងដោយសារតែថង់ប្លាស្ទិកមានតម្លៃថោក។ លោកបន្តថា៖ «ប្រសិនជាថង់ហ្នឹងថ្លៃតិចប្រហែលជាគាត់មិនសូវទិញ ដូច្នេះគាត់នឹងបន្ថយច្រើនរឿងហ្នឹង។
នៅក្នុងកម្មវិធី «Vital Go Green» កាលពីអាទិត្យមុន លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានកំពុងតែលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនដទៃទៀតឲ្យកាត់បន្ថយថង់ប្លាស្ទិកនៅក្នុងស្រុក ដែលក្នុងនោះរួមមានការកាត់បន្ថយពន្ធដល់ក្រុមហ៊ុនដែលរួមចំណែកការពារបរិស្ថាន។
សម្រាប់អាជីវករដូចលោក អ៊ា ផុន វិញ លោកដឹងថា ផលប៉ះពាល់នៃថង់ប្លាស្ទិកមិនទាន់មានដំណោះស្រាយទេ ពីព្រោះកម្ពុជាមិនទាន់មានជម្រើសផ្សេងទៀត ដែលអាចប្រើប្រាស់ជំនួសថង់ប្លាស្ទិកនេះបាននៅឡើយទេ។ លោកនិយាយថា៖ «ថង់ ប្លាស្ទិកនឹង១០០ឆ្នាំមិនទាន់រលាយផង ប៉ុន្តែយើងចៀសយកអ្វីមកជំនួសនឹងមិនកើត»៕