គ្រោះ​ធ្លាក់​យន្តហោះ​នៅ​ប៉ែក​ខាងត្បូង​រុស្សី​សម្លាប់​មនុស្ស​អស់​៦២​នាក់

បុគ្គលទីភ្នាក់ងារ​សង្រ្គោះបន្ទាន់​ពិនិត្យ​មើល​ទៅ​លើ​កម្ទេច​យន្តហោះ​ដែល​បាន​ធ្លាក់​នៅ​ព្រលានយន្តហោះ Rostov-on-Don នា​ថ្ងៃទី១៩ ខែ​មិនា ឆ្នាំ ២០១៦។

យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ចេញ​ពី​ទីក្រុង​ ឌុយបៃ (Dubai) បាន​ធ្លាក់​ ខណៈ​យន្តហោះ​ បាន​ព្យាយាម​ចុះ​ថត​នៅ​ទីក្រុង Rostov-on-Don ប៉ែក​ខាងត្បូង​ប្រទេស​រុស្សី ដោយ​សម្លាប់​មនុស្ស​ទាំង​អស់​៦២​នាក់​នៅ​លើ​យន្តហោះ​នោះ។

ក្រុម​មន្ត្រី​និយាយ​ថា​ យន្តហោះ​Boeing 737 ដែល​ធ្លាក់​នោះ គឺ​ជា​របស់​ក្រុមហ៊ុន​FlyDubai ដោយ​មាន​ជើង​ហោះហើរ​លេខ FZ981។ អ្នក​ដំណើរ​ទាំង​អស់​៥៥​នាក់ និង​បុគ្គលិក​បម្រើ​ការ​លើ​យន្តហោះ​ ៧​នាក់​ទៀត ស្ថិត​នៅ​លើ​យន្ត​ហោះ​នោះ។

គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​រុស្សី និយាយ​ថា បញ្ហា​បច្ចេកទេស និង​អាកាសធាតុ​អាក្រក់ ព្រមទាំង​កំហុស​របស់​មនុស្ស​ផង បាន​រួមចំណែក​ធ្វើ​ឲ្យ​យន្តហោះ​នេះ​ធ្លាក់។

ទីភ្នាក់ងារ​ព័ត៌មានRIA Novosti របស់​រុស្សី បាន​រាយការណ៍​ថា បុគ្គលិក​សង្គ្រោះ​បន្ទាន់​ បាន​រក​ឃើញ​ប្រអប់​ថត​សំឡេង​មួយ​ក្នុង​ចំណោម​ឧបករណ៍​ថត​សំឡេង​ទាំង​ពីរ​របស់​យន្តហោះ​នេះ ហើយ​ពួកគេ កំពុង​ស្វែង​រក​ប្រអប់​ថត​សំឡេង​ទី​ពីរ​ទៀត។ ឧបករណ៍​ថត​សំឡេង​ទាំង​ពីរ​នេះ អាច​ជួយ​ប្រាប់​ឲ្យ​ដឹង​ថា​តើ​ មាន​អ្វី​បាន​កើតឡើង នៅ​ខណៈ​ពេល​មុន​យន្តហោះ​នេះ​ធ្លាក់។

នាយករដ្ឋមន្ត្រី​រុស្សី លោកVladimir Putin មានប្រសាសន៍​ថា ការ​ផ្ដល់​ជំនួយ​ដល់​សាច់​ញាតិ​ជនរងគ្រោះ គឺជា «អាទិភាព» នេះ​ពេល​នេះ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ម្នាក់​របស់​វិមាន​គ្រឹមឡាំង។

​ក្រុមហ៊ុន​អាកាសចរណ៍ FlyDubai ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ ឌុយបៃ និង​ក្រុមហ៊ុនផលិត​យន្តហោះBoeing ​សុទ្ធ​តែ​បាន​សម្ដែង​មរណទុក្ខ​ ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ។ ក្រុមហ៊ុនFlyDubai និយាយ​ថា អ្នក​ដំណើរ​ទាំង​អស់​ រួម​មានស្ត្រី ៣៣​នាក់ បុរស​១៨​នាក់ និង​កុមារ​៤នាក់។

ការិយាល័យ​ផ្សព្វផ្សាយ​របស់​ក្រុង​ឌុយបៃ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​អស់ រួម​មាន ជនជាតិ​រុស្សី ៤៤​នាក់ ជនជាតិ​អ៊ុយក្រែន ៨​នាក់ ឥណ្ឌា ២នាក់ និង​ម្នាក់​ទៀត មក​ពី អ៊ូបេគីស្ថាន។ ប៉ុន្តែរបាយការណ៍​ដំបូង និយាយ​ថា អ្នក​ដំណើរ​ទាំង​អស់ សុទ្ធតែ​ជនជាតិ​រុស្សី។

នាយក​ប្រតិបត្តិ ក្រុមហ៊ុន​អាកាសចរណ៍ FlyDubai លោក Ghaith Al Ghaith មាន​ប្រសាសន៍​ថា បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ទាំង​អស់ «រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង»។ លោក​បាន​បន្ថែម​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​ធ្វើការ​ជាមួយ​អាជ្ញាធរ ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ៕