ការវាយប្រហារនានានៅពាក់កណ្តាលខែមករាបានកើតឡើង មិនយូរប៉ុន្មានបន្ទាប់ពីចៅក្រមម្នាក់នៅរដ្ឋធានីពាណិជ្ជកម្ម Lagos បានចេញដីកាចាប់ខ្លួនអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធនៅតំបន់ Niger Delta គឺលោក Ekpemupolo ដែលត្រូវបានគេស្គាល់តាមរយៈឈ្មោះ Tompolo។ លោក Tompolo ត្រូវបានគេតាមចាប់ខ្លួនទាក់ទិននឹងបទចោទប្រកាន់ផ្សេងៗ ដែលរួមមានការលាងលុយកខ្វក់ និងការឃុបឃិតប្រព្រឹត្តអំពើទុច្ចរិត។
បំពង់បញ្ជូនប្រេងដែលភ្ជាប់ទៅនឹងប្រព័ន្ធបំពង់បញ្ជូនប្រេងចម្បង Escravos Lagos Pipeline System បានរងការវាយប្រហារ។ បំពង់បញ្ជូនប្រេងមួយ ដែលដឹកជញ្ជូនប្រេងឆៅក៏បានរងការខូចខាតផងដែរ ដែលនេះបានជំរុញឲ្យសាជីវកម្មប្រេងឥន្ធនៈជាតិនីហ្សេរីយ៉ា (Nigeria National Petroleum Corporation) ឬ NNPC បិទរោងចក្រចម្រាញ់ប្រេងចំនួនពីរ។
ប្រទេសនីហ្សេរីយ៉ានាំចូលផលិតផលប្រេងដែលត្រូវបានចម្រាញ់រួចមួយភាគធំ ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូត។ ប្រធានាធិបតីលោក Muhammadu Buhari បានចាត់ទុកជាអាទិភាពនូវការផ្តាច់ប្រទេសនីហ្សេរីយ៉ាចេញពីការនាំចូលផលិតផលប្រេងទាំងនោះ។ លោក Dolapo Oni ជាប្រមុខផ្នែកស្រាវជ្រាវថាមពលនៃធនាគារ Ecobank នៅប្រទេសនីហ្សេរីយ៉ានិយាយថា ការវាយប្រហារនេះគឺជា ភាពបរាជ័យមួយសម្រាប់កិច្ចប្រឹងប្រែងធ្វើឡើងដោយលោកប្រធានាធិបតី។
«នេះបានបញ្ជាក់យ៉ាងច្បាស់ថា យើងមិនបានដោះស្រាយនូវបញ្ហាធំមួយទៅលើផ្នែករោងចក្រចម្រាញ់ប្រេងក្នុងប្រទេសនីហ្សេរីយ៉ាទេ ដែលផ្នែកនេះកំពុងការពារបណ្តាញបំពង់បញ្ជូនប្រេងដែលផ្គត់ផ្គង់ប្រេងឆៅទៅកាន់រោងចក្រទាំងនោះ»។
នីហ្សេរីយ៉ា គឺជាប្រទេសផលិតប្រេងធំជាងគេបង្អស់នៅទ្វីបអាហ្រ្វិក ប៉ុន្តែមួយភាគធំនៃប្រាក់ចំណូលពីវិស័យនោះបានបាត់បង់ដោយសារអំពើពុករលួយ។ ប្រហែលពីរភាគបីនៃប្រជាជននីហ្សេរីយ៉ារស់នៅក្នុងស្ថានភាពក្រីក្រ ហើយសហគមន៍នៅក្នុងតំបន់ផ្គត់ផ្គង់ប្រេង Niger Delta ក៏មិនខុសគ្នាពីប្រជាជនទាំងនេះប៉ុន្មានដែរ។ ការបះបោរដោយក្រុមសកម្មប្រយុទ្ធ ដែលតស៊ូទាមទារការអភិវឌ្ឍន៏បន្ថែម បានបង្កឲ្យមានការរង្គោះរង្គើរនៅក្នុងតំបន់នោះ រហូតដល់រដ្ឋាភិបាលបានចាប់ផ្តើមផ្តល់ប្រាក់ទៅឲ្យពួកគេនៅក្នុងការដោះដូរជាមួយនឹងសន្តិភាពនៅក្នុងឆ្នាំ ២០០៩។
លោក Tompolo គឺជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងការបះបោរនោះ។ ការចោទប្រកាន់ផ្សេងៗប្រឆាំងនឹងរូបលោកបានកើតឡើង ខណៈពេលដែលមានការជំរុញថ្មីប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Buhari។
ប៉ុន្តែមនុស្សមួយចំនួននៅតំបន់ដីសណ្ត Niger Delta ព្រួយបារម្ភថា ការវាយប្រហារទៅលើបំពង់បញ្ជូនឧស្ម័នគឺជា ការព្រមានមួយទៅកាន់រដ្ឋាភិបាល នៅក្នុងន័យថា «បើអ្នកតាមចាប់លោក Tompolo នោះអ្នកនឹងទទួលការសងសឹកចំពោះទង្វើរបស់អ្នក។»
លោក Atuyebe Oyebe គឺជាអ្នកសារព័ត៌មានម្នាក់នៅក្រុង Ughelli។ លោកនិយាយថា៖ «ប្រសិនបើរដ្ឋាភិបាលមិនចាប់ខ្លួនលោក Tompolo ទាន់ពេលវេលានោះទេ លោក Tompolo នឹងក្លាយទៅជាច្បាប់។ ហើយនៅពេលដែលជនណាម្នាក់ក្លាយជាច្បាប់នោះ ប្រទេសនឹងមានបញ្ហា»។
ប្រទេសនីហ្សេរីយ៉ាកំពុងតែប្រឈមនឹងបញ្ហាតម្លៃប្រេងអន្តរជាតិធ្លាក់ចុះទៅហើយ។ ការបិទបំពង់បញ្ជូនប្រេងគឺជា ការប៉ះពាល់មួយផ្សេងទៀតទៅលើសេដ្ឋកិច្ច។ សាជីវកម្មប្រេងឥន្ធនៈជាតិនីហ្សេរីយ៉ានិយាយថា ខ្លួនកំពុងខាតបង់ប្រាក់ ២,៣ លានដុល្លារពីការបិទរោងចក្រចម្រាញ់ប្រេងជារៀងរាល់ថ្ងៃ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា