អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​អនុវិទ្យាល័យ​និង​វិទ្យាល័យ ដោយ​កំណត់​ចំនួន​សិស្ស​ក្នុង​ថ្នាក់​រៀន

រូបឯកសារ៖ សិស្ស​មួយ​ក្រុម​ដើរ​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​អំឡុង​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ បន្ទាប់​ពី​ការ​ឆ្លងជំងឺ​រាតត្បាតកូវីដ១៩ ក្នុង​សហគមន៍​ត្រូវ​បាន​បញ្ចប់ កាល​ពី​ថ្ងៃទី១១ ខែ​មករា ឆ្នាំ ២០២១។ (ទុំ ម្លិះ/វីអូអេ)

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​អនុ​ញ្ញាត​ឲ្យ​សាលា​រៀន​ទាំងរដ្ឋ​និង​ឯក​ជន ចាប់​ពី​ថ្នាក់​ទី​៧​ដល់​ទី​១២ អាច​ដំណើរ​ការ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​គោរព​ទៅ​តាម​គោលការណ៍​ប្រត្តិ​បត្តិ​ស្តង់ដា​ SOP​ (Standard Operating Procedure) និង​វិធាន​ការ​ណែនាំ​របស់​រដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​ចំនួន​សិស្ស​នៅ​ក្នុងថ្នាក់​រៀន​ត្រូវ​កំណត់​ត្រឹម​តែ​១៥​នាក់​ប៉ុណ្ណោះ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ មើល​ឃើញ​ថា​កម្រិត​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ មានហានិ​ភ័យ​ទាប។ រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ​ឲ្យ​គ្រឹះ​ស្ថាន​សិក្សា​កម្រិត​មត្តេយ្យ​សិក្សា និង​បឋម​សិក្សា​ទាំង​រដ្ឋ​និង​ឯកជន ត្រូវ​ស្នើ​សុំ​គោល​ការណ៍​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គ្រឹះស្ថាន​សិក្សា​សាធា​រណៈ មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជ​ធានី​ភ្នំពេញ​ជា​មុន​សិន ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ចុះ​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​សាលា​រដ្ឋ​និង​ឯក​ជន​សម្រាប់​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យា​ល័យ ប្រមាណ​២៣០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ នឹង​បើក​ដំណើរ​ការ​ឡើង​វិញ ខណៈ​សិស្ស​ជាង​១៣​ម៉ឺន​នាក់ នឹង​ត្រូវរៀន​ឆ្លាស់​វេន​គ្នា ដោយក្នុង​មួយ​ថ្នាក់​មាន​សិ​ស្ស​ជា​មធ្យម​ត្រឹម​តែ​១៥​នាក់ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​សិស្សានុសិស្ស​និង​គ្រូ​បង្រៀន​ត្រូវ​គោរព​គោល​ការណ៍​ប្រតិបត្តិ​ស្តង់​ដា​(SOP) គោរព​តាម​វិធាន​សុខា​ភិបាល និង​វិធាន​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​ចូល​រួមទប់​ស្កាត់ និងការ​ពារ​ជំងឺ​កូវីដ​១៩។

លោក​ថ្លែង​ថា៖ «សម្រាប់ទីតាំង និង​សម្រាប់​បុគ្គលិក​សិក្សា សម្រាប់​សិស្ស​ដែល​ត្រូវ​ទៅ​ចូល​រៀន​ក៏ត្រូវ​បាន​គិត​គូរ​ហើយ​ត្រូវ​បាន​ធានា​ការ​អនុវត្ត​ដែរ ដូច​ជា​ការ​វាស់​កម្តៅ ក្នុង​អគារ​សាលារៀន​កន្លែង​ច្រក​ចេញ​ចូល​ដើម្បី​ធានា​ថា​ពួក​គាត់​នឹង​មក​ស្កេន​កូដ​មុន​(នៅ)​មុន​ពេល​ដែល​គាត់​ចូល​រៀន ដែល​អាណាព្យាបាល​ត្រូវ​ស្កេន​កូដ​ឲ្យ​ហើយ​អញ្ចឹង​ទៅ ហើយ​យើង​មាន​វាស់​កម្តៅ ការ​ដាក់​ទីតាំង​លាង​ដៃ​លាង​អាកុល​បន្ថែម​ជាមួយ​ការ​ពាក់​ម៉ាស់​ការ​កំណត់​សិស្ស​មក​រៀន​មិន​លើស​ពី​១៥នាក់​ក្នុង​មួយ​ថ្នាក់​ហើយ​ចាត់​ឲ្យ​មានការ​ឆ្លាស់​វេនគ្នា​ដើម្បីធានា​បាន​គ្រប់សិស្ស​ទាំង​អស់​មាន​ឱកាស​ក្នុង​មក​សិក្សា»។

បើ​តាម​អ្នក​នាំពាក្យ​រូប​នោះ ការ​លក់​ដូរ​អាហារ​ក្នុង​សាលា​រៀន មិន​ត្រូវអនុញ្ញាត​ឡើយ ដោយ​សិស្ស​ត្រូវ​រៀប​ចំ​អាហារ​យក​មក​ពី​ផ្ទះ​រៀងៗ​ខ្លួន និង​អង្គុយ​ញុំា​ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក​បន្ថែម​ថា​សិស្សអាយុ​១២​ឆ្នាំ​ដល់​១៨​ឆ្នាំ ទទួល​បានការ​ចាក់​វ៉ាក់​សាំង​ជិត​១០០%​ហើយ។

លោក ម៉េត មាស​ភក្តី បន្ត​ថាចំពោះ​ថ្នាក់​មហា​វិទ្យា​ល័យ នឹង​មាន​ការប្រជុំ​សម្រេច​នា​ពេល​ក្រោយ​ទៀត។

សាលា​រៀន​នៅ​កម្ពុជា​ត្រូវ​បាន​បិទ​មួយ​រយៈ ហើយ​បើក​ឡើង​វិញ អាស្រ័យ​លើ​ស្ថាន​ភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១​មក កម្ពុជា​បាន​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​មាន​ការ​បិទ​សាលា​រៀន​ទាំង​រដ្ឋ​និង​ឯក​ជន​នៅ​ទូទាំង​ប្រទេស ដោយ​មិន​មាន​ការ​កំណត់​ឲ្យ​បើក​ឡើង​វិញ​នៅ​ឡើយ ដែល​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ប្រមាណ​៣លាន​២​សែន​នាក់។

ក្រៅ​ពី​រាជធានី​ភ្នំពេញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ក៏​នឹង​អនុញ្ញាត​ឲ្យ​បើក​សាលារៀន​ចាប់​ពី​ថ្នាក់​ទី​៩​ដល់​ទី​១២ ចំនួន​៥​សា​លា​រៀន ដែល​ស្មើ​នឹង៣៣​ថ្នាក់ ជា​ការ​សាក​ល្បង​សិន ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០​២១។ នេះ​បើ​តាម​អ្នក​នាំពាក្យ​សាលា​ខេត្ត​លោក​ ឃាង ភារម្យ។

លោក​ ហេង វ៉ាន់ដា​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមា​គម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​កម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា​ការ​សិក្សាតាម​ប្រព័ន្ធអន​ឡាញ​មិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​នោះ​ទេ ដោយ​សារ​តែសិស្ស និង​គ្រូ​តែង​តែ​ជួប​ប្រទះបញ្ហា​ប្រព័ន្ធ​អ៊ីន​ធឺណិត។ លោក​គាំទ្រ​ការ​បើក​សាលា​រៀន​ឡើង​វិញ​នា​ពេល​នេះ ដោយ​លោក​មើល​ឃើញ​ថា​កម្រិត​នៃ​ការ​ឆ្លង​កូវីដ​១៩ ធ្លាក់​ចុះ​ច្រើន ជា​ពិសេសយុវជន​ទទួល​បាន​ការ​វ៉ាក់​សាំង​មាន​ចំនួន​ច្រើន។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​បើក​ឡើង​វិញ គឺ​សម​រម្យ​ណាស់ ដែល​ត្រូវ​បើក​ហើយ។ មិន​មែន​ចេះ​តែ​ឲ្យ​យើង​បើក​ទៀត ទាល់​តែ​សាលា​ទាំង​អស់​គោរព​ទៅតាម​វិធី​សាស្រ្ត​រៀន​បណ្តុំ​របស់​ក្រសួង​អប់​រំ ហើយ និង​ស្តង់ដា​សុខភាព​SOP​របស់​ក្រសួង​អប់រំ»។

សិស្ស​មួយ​ចំនួន​យល់​ឃើញ​ថា​ការ​បើក​សាលា​វិញ​គឺ​មាន​ចំណុច​ល្អ​មួយ​ចំនួន ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំ​ពី​ការឆ្លង​នៃជំងឺ​កូវីដ​១៩។

យុវជន ពុធ នរិន្ទ អាយុ​១៧ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​នៅ​សាលា​ឯក​ជន​វេស​ឡាញ​Westline​ច្បារ​អំពៅ ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រាប់​វីអូអេ​ថា​ការ​បើក​សាលា​ឡើង​វិញ វា​អាច​ជា​ការ​ល្អ។ ប៉ុន្តែ​យុវជន​រូប​នេះ​ក៏​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩។ លោក​បញ្ជាក់​ថា​ពេល​នេះ​លោក​កំពុង​រៀនតាមអន​ឡាញ ប៉ុន្តែ​កន្លងមក​ក៏​ធ្លាប់មាន​ការ​រៀនឆ្លាស់​វេន​គ្នា​ផង​ដែរ ដោយ​ក្នុង​មួយ​ថ្នាក់​បែង​ចែក​ជា​២​ក្រុម​គឺ​មួយ​ក្រុម​រៀន​តាម​អន​ឡាញ និង​មួយ​ក្រុម​ទៀត​រៀន​នៅ​ក្នុង​ថ្នាក់ ដោយ​គោរព​ទៅ​តាម​វិធាន​សុខាភិបាល។

យុវជន​រូប​នេះ​និយាយ​ថា៖ «ការ​បើ​កសាលា​រៀន​ឡើង​វិញ​ខ្ញុំ​គិត​ថាល្អ​សម្រាប់​ការ​រៀន​ហើយ​បើ​កូវីដ​នៅ​តែ​កើន​ឡើង​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​បែប​ហ្នឹងវា​មាន​ផល​លំបាក​ដែរ​បង​យើង​ខ្លាច​ឆ្លង​ ខ្លាច​អី​អញ្ចឹង។ ហើយ​បើ​យើង​រៀន​នៅ​សាលា​គុណ​ភាព​របស់​យើង​វា​លើ​ការ​រៀន​អនឡាញ​ហ្នឹង»។​

ចំណែក​យុវជន​ម្នាក់​ទៀត​ឈ្មោះ សូ រក្សា ​អាយុ​១៤​ឆ្នាំ​រៀន​ថ្នាក់​ទី​៨​នៅ​សាលា​ប៊ែលធី ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នឹង​យុវជន ពុធ នរិន្ទ ដែរ​ថា​វា​ជា​ការ​ល្អ ប៉ុន្តែ​យុវជន​នេះក៏​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ផង​ដែរ។

លោក​និយាយ​ថា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​បើ​យើង​ខិត​ខំ​(រៀន​តាម​អន​ឡាញ)យើង​អាច​យក​បាន​ខ្លះ​ប៉ុន្តែ​ការ​រៀន​អន​ឡាញ និង​ការ​រៀន​សាលា​វា​ខុសគ្នា​ដោយ​សារ​(រៀន​អនឡាញ)​លោក​គ្រូ អ្នក​គ្រូ​មិន​មាន​ពេល​គ្រប់​គ្រាន់ ក្នុង​ការពន្យល់​យើង​បាន​ដិត​ដល់»។

អ្នក​ស្រី​ អ៊ុក ឆាយាវី​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​(CITA)​ថ្លែង​ថារដ្ឋា​ភិបាល​គួរ​តែ​ឲ្យ​សិស្សសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​រយៈ​ពេល​ទៀត ទោះ​បីជា​ប៉ះ​ពាល់​ដល់​ការ​សិក្សា និង​ពិបាក​បន្តិច​មែន ប៉ុន្តែ​ដើម្បី​អាច​គ្រប់​គ្រង​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​បាន​ល្អ ជា​ជាង​ការបើក​សាលា​នៅ​ពេល​នេះ ដែល​អាច​នឹងបង្ក​ជាហានិភ័យ​ខ្ពស់ ឬ​អាច​កើត​រលក​ឆ្លង​ថ្មី​មួយទៀត។

អ្នក​ស្រីប្រាប់​វីអូអេ​ថា៖ «សេច​ក្តី​ប្រកាស​(ព័ត៌​មាន​របស់​អាជ្ញាធរ)​ថា​នឹង​មាន​ការ​បិទ​កន្លែង​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ​អញ្ចឹង​នេះ​ជា​បញ្ហា​មួយ​ដែល​អាច​ជួប​ហានិភ័យ​ខ្ពស់។ បើ​សិន​ជា​ក្រសួង​សុខាភិបាល​ប្រកាស​ថា​អត់​មាន​អ្នក​ស្លាប់​អត់​មាន​អ្នក​កើត​(ជំងឺ) បែប​នេះ​ខ្ញុំ​គិត​ថា​បើក​សាលា​ទៅ​ជោគ​ជ័យ បើ​សិន​ជាបើក​សាលា​អំឡុង​ពេល​នេះ​នឹង​អាច​ជួប​ហានិភ័យ​ហើយ​នឹង​អាច​បិទ​វិញ»។

គួរ​បញ្ជាក់​ថា​កាល​ពី​ចុង​ខែ​សីហា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ថ្លែង​នៅ​ក្នុង​សារ​ជា​សំឡេង​មួយ ដោយ​អះអាង​ថា​វិស័យ​អប់រំ​នៅ​កម្ពុជា​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​អាច​ឲ្យ​សិស្ស​បោះចោល​ការ​សិក្សា​ជា​ដើម ខណៈ​ការ​រៀន​តាម​ប្រព័ន្ធអនឡាញ​គឺ​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​កុមារ​នៅ​តាម​ទីជន​បទ៕