សាលារាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់លើមេដឹកនាំសហជីព និងសមាគម ប្រសិនបើមានការប្រមូលផ្ដុំដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ខាងក្រៅបរិវេណស្តាតអូឡាំពិក ឬមានការហែក្បួនណាមួយនៅតាមទីសាធារណៈ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រុមមេដឹកនាំសហជីព និងសមាគមដែលធ្វើការក្នុងវិស័យការងារចំនួន៧ រួមមានផ្នែកសេវាកម្ម កសិកម្មនិងការងាររោងចក្រជាដើម បានដាក់លិខិតមួយច្បាប់ទៅកាន់សាលារាជធានីដើម្បី ស្នើរៀបចំជួបជុំប្រារព្ធទិវាពលកម្មអន្តរជាតិខួបលើកទី១៣១ ក្រោមប្រធានបទ «មានសិទ្ធិ មានជីវភាពខ្ពស់ រស់នៅសមរម្យ» នៅថ្ងៃទី១ ខែឧសភាខាងមុខនេះ ដោយមានអ្នកចូលរួមប្រមាណជា១ពាន់នាក់។
ក្នុងសំណើនោះ សហជីពនិងសមាគមក៏បានបញ្ជាក់ថា ពួកគេនឹងជួបជុំគ្នាចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់ នៅមុខស្តាតអូឡាំពិក ព្រមទាំងនឹងមានការដង្ហែក្បួនទៅកាន់ក្រសួងការងារដើម្បីបញ្ចេញមតិ និងដាក់ញត្តិ ទាមទារឲ្យមានការដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងវិស័យរបស់ពួកគេទាំងនោះ។
តាមរយៈលិខិតរបស់សាលារាជធានីឆ្លើយតបទៅកាន់ក្រុមតំណាងសហជីព និងសមាគមទាំងនោះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋបាលសាលារាជធានីភ្នំពេញសម្រេចអនុញ្ញាតឲ្យក្រុមសហជីព និងសមាគមទាំងនោះរៀបចំពិធីតែក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកប៉ុណ្ណោះ។
លិខិតដដែលនោះបានសរសេរក្នុងសម្រង់ន័យដើមថា៖ «ក្នុងករណីនៅតែធ្វើការជួបជុំនៅក្រៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក ឬដង្ហែក្បួនតាមដងផ្លូវដែលបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នោះលោកត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា សាលារាជធានីអនុញ្ញាតឲ្យមានការជួបជុំនៅទីស្នាក់ការរបស់សហជីពរៀងៗខ្លួន ឬទីតាំងឯកជនណាដែលមានការអនុញ្ញាតពីម្ចាស់ទីតាំងជាមុន។
លោកបន្ថែមថា ការហាមឃាត់មិនឲ្យមានជួបជុំតាមទីសាធារណៈ ឬមិនឲ្យមានការហែក្បួននេះ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
លោក ម៉េត មាសភក្តី បន្ថែមថា ប្រសិនបើពួកគេនៅតែជួបជុំ និងដង្ហែក្បួនតាមទីសាធារណៈ នោះសាលារាជធានីនឹងមានវិធានការផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «បើសិនជាគាត់មិនគោរពតាមវិញ ហើយនិងប្រព្រឹត្តនូវកំហុសឆ្គងក្នុងកម្រិតណានោះ អាហ្នឹងការអនុវត្តច្បាប់ ឬក៏វិធានការរបស់យើងនឹងអនុវត្ត គ្រាន់តែថាតើរបៀបណានោះ ចាំមើលជាក់ស្ដែងសិន»។
មាត្រា៣៧ និងមាត្រា៤១នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពលរដ្ឋមានសិទ្ធិធ្វើកូដកម្ម និងបាតុកម្មដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិ។
ចំណែកមាត្រាមួយចំនួននៃច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី បានចែងថា ប្រជាពលរដ្ឋអាចធ្វើបាតុកម្មដោយសន្តិវិធី តាមរយៈការប្រមូលផ្ដុំគ្នា ឬការដង្ហែក្បួនដោយមនុស្សមួយក្រុម ដើម្បីតវ៉ាទាមទារ ឬសម្ដែងមតិជាសាធារណៈណាមួយ តាមគ្រប់រូបភាព និងមធ្យោបាយដោយសន្តិវិធី។ ប្រសិនបើការជួបជុំ ឬដង្ហែក្បួននោះធ្វើនៅទីសាធារណៈ នោះត្រូវជូនដំណឹងទៅសាលារាជធានី ហើយសាលារាជធានីត្រូវឆ្លើយតបជាវិជ្ជមាន និងត្រូវចាត់វិធានការការពារ និងមិនត្រូវជ្រៀតជ្រែកការប្រព្រឹត្តទៅនៃការធ្វើបាតុកម្មដោយសន្តិវិធីឡើយ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងជាតំណាងមួយរូបដែលបានដាក់លិខិតស្នើទៅសាលារាជធានី ប្រាប់ VOA ថា តំណាងសហជីព និងសមាគមទាំងអស់ នៅតែប្រកាន់ជំហរក្នុងការជួបជុំ និងដង្ហែក្បួនតាមគម្រោងដែលបានស្នើសុំ។
លោកបន្ថែមថា ការហាមឃាត់មិនឲ្យមានការជួបជុំ និងដង្ហែក្បួនដើម្បីបញ្ចេញមតិនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព និងរាំងឃាត់ការទទួលបានដំណោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ពេលដែលមានការរឹតត្បិតនៃសិទ្ធិទាំងអស់នេះហើយ វាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ ប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់កម្មកររបស់ប្រជាពលរដ្ឋ និងអ្នកចូលរួមផងដែរ»។
ក្រៅតែពីតំណាងសហជីព និងសមាគមធ្វើការក្នុងវិស័យការងារទាំង៧ចំនួន១ពាន់នាក់ដែលត្រូវបានសាលារាជធានីហាមឃាត់មិនឲ្យជួបជុំ និងដង្ហែក្បួនក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភាខាងមុខ ក្រុមសហព័ន្ធសហជីព និងសមាគមក្នុងវិស័យការងារមួយចំនួនទៀត ក៏ត្រូវបានសាលារាជធានីហាមឃាត់ផងដែរ។
សហជីព និងសមាគមទាំងនោះ គ្រោងជួបជុំគ្នាប្រមាណជា៣ពាន់នាក់ នៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់កម្មករក្នុងការអនុវត្តច្បាប់សហជីព» និងដង្ហែក្បួនដាក់ញត្តិទៅរដ្ឋសភា។
ទោះជាយ៉ាងណា ពួកគេនៅតែប្រកាន់ជំហរដូចគ្នាថា ពួកគេនឹងជួបជុំគ្នាតាមគម្រោង បើទោះជារងការព្រមានពីសាលារាជធានីថានឹងចាត់វិធានការផ្លូវច្បាប់លើការជួបជុំនោះយ៉ាងណាក៏ដោយ៕