តុលាការ​ព្រមាន​លោក​កឹម សុខា ​មិន​ឲ្យ​ប្រើ​សិទ្ធិ​ហួស​ការ​កំហិត​របស់​តុលាការ

រូបឯកសារ៖ លោក កឹម សុខា ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញបន្ទាប់​ពី​សវនាការ​របស់​លោក​បាន​បញ្ចប់​ នៅព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ព្រមាន​លោក​ កឹម សុខា​ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​របស់​លោក​តាម​បណ្តា​ខេត្ត​នានា​មួយ​រយៈ​ចុង​ក្រោយ​នេះ។​ នេះ​បើ​យោង​តាម​លិខិត​របស់​ចៅ​ក្រម​មួយ​រូប​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០២០។​

លោក​ កឹម សុខា​ ត្រូវ​បាន​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ​ក្នុង​នោះ​មិន​ឲ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ​និង​ធ្វើ​សកម្មភាព​នយោបាយ​ជា​ដើម។​

បើ​តាម​រូបភាព​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​មុត ចន្ថា​ ដែល​ជា​ជំនួយ​ការ​របស់​លោក ​កឹម សុខា ​នោះមេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​កំពង់ចាម​សៀមរាប ​ពោធិ៍សាត់​ និង​បន្ទាយ​មានជ័យ។​ នៅ​ខេត្ត​បន្ទាយ​មានជ័យ​ លោក​ កឹម សុខា​ បាន​ជួប​អ្នក​ធ្លាប់​ចូលរួម​ធ្វើ​ការងារ​ជាមួយ​លោក​ម្នាក់​ គឺ​លោក​ ហង់ សំចិត្ត ​ដែល​កំពុង​មាន​ជំងឺ។​

លិខិត​របស់​លោក​ចៅក្រម​ កូយ សៅ ​ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្តី​លោក ​កឹម សុខា​ សរសេរ​ថា​ ជន​ជាប់​ចោទ​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន ​ជាពិសេស​នៅ​តាម​បណ្តា​ខេត្ត​ ដោយ​បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ ក៏ដូច​ជា​ការ​ប្រមូល​ផ្តុំ​ជួប​ជុំ​ជាមួយ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្រោម​រូបភាព​ផ្សេងៗ។​

លិខិត​ដដែល​បញ្ជាក់​ថា៖​ «ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​កត់​សម្គាល់​ឃើញ​ថា​ សកម្ម​ភាព​ទាំង​អស់​នេះ​អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន​ ឬ​នាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វ​កិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​ ដែល​តម្រូវ​ដាក់​លើ​ជន​ជាប់​ចោទ»។​

លិខិត​របស់​លោក​ កូយ សៅ ​បន្ត​ថា ​ដោយ​ផ្អែក​លើ​ហេតុ​ផល​សន្តិសុខ​ផ្ទាល់​ខ្លួន​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ជន​ជាប់​ចោទ​សម្រាប់​សវនាការ​បន្ត​នា​ពេល​ខាង​មុខ​នេះ តុលាការ​ «ធ្វើ​ការ​ក្រើន​រំឭក​ជន​ជាប់​ចោទ​ ត្រូវ​មាន​ស្មារតី​គោរព​ឲ្យ​បាន​ហ្មត់​ចត់​ម៉ឺងម៉ាត់ ​និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វ​កិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​ជន​ជាប់​ចោទ»។​

កាលពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩ ​លោក ​កឹម​ សុខា ​ដែល​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ ហើយ​ដែល​សវនាការ​ជំនុំ​ជម្រះ​រូប​លោក​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​នោះ​ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ផ្ទះ​ និង​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ ​តែ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា ​និង​មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​ទេ។​តុលាការ​តម្រូវ​ឲ្យ​លោក​បង្ហាញ​មុខ​តាម​ការ​កោះ​ហៅ​ពី​សមត្ថ​កិច្ច។​

លោក ​អ៊ី រិន​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ថ្លែង​ប្រាប់​ VOA ​ថា​ លោក​មិន​ទាន់​អាច​បញ្ជាក់​ថា​ តើ​សវនាការ​ជំនុំ​ជម្រះ​ក្តី​លោក​ កឹម សុខា​ នឹង​អាច​បន្ត​ឡើង​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ។​ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ក្តី​លោក​ កឹម សុខា ​ពិត​ជា​បាន​ចេញ​លិខិត​រំឭក​លោក ​កឹម សុខា​ កុំ​ឲ្យ​ដើរ​ហួស​បន្ទាត់​ក្រហម​ដែល​កំណត់​ដោយ​តុលាការ។

មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​លោក ​កឹម សុខា ​គឺ​លោក ​ចាន់ ចេន​ ប្រាប់​វីអូអេ​ថា​ កូន​ក្តី​លោក​មិន​បាន​ធ្វើ​ខុស​នឹង​អ្វី​ដែល​តុលាការ​កំណត់​នោះ​ទេ។​ លោក​យល់​ថា ​លិខិត​ដាស់​តឿន​របស់​តុលាការ​ជា​ «ការ​បំបិទ​សិទ្ធិ​សេរីភាព»។​

«វា​[មិន]​ខុស​ច្បាប់​ហាម​នោះ​ទេ។​ គាត់​ជួប​មនុស្ស​ដែល​គោរព​ស្រឡាញ់​រាប់​អាន​គាត់​បួនដប់​នាក់​ហ្នឹង​ថា ​ជា​ការ​ខុស​ច្បាប់?​ ជា​ការ​យល់​របស់​ខ្ញុំ​ទេ ​អាច​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ទៅ​វិញ​ទេ។​ ហើយ...ខ្ញុំ​យល់​ថា​ លិខិត​នេះ​គឺ​ជា​ការ​ក្រើន​រំឭក​មែន ​ក៏​ប៉ុន្តែ​ ក៏​អាច​ជា​ការ​ព្រមាន​ភ្លាមៗ​ផង​ដែរ​បាទ»។​

មេធាវី​របស់​លោក​ កឹម សុខា ​ឲ្យ​ដឹង​ទៀត​ថា ​កាលពី​ថ្ងៃ​ទី​១៧ ​និង​១៨​ ខែ​កក្កដា​ ​លោក ​កឹម សុខា​ បាន​ទៅ​ខេត្ត​ពោធិ៍សាត់​ បាត់​ដំបង បន្ទាយ​មានជ័យ ​និង​ខេត្ត​សៀមរាប។​ លោក​ ចាន់ ចេន​ បន្ថែម​ថា​ នៅ​ខេត្ត​ពោធិ៍សាត់ ​លោក​ កឹម សុខា​ បាន​ទៅ​កាន់​ទី​តម្កល់​រូប​សំណាក​លោក​ឧកញ៉ា​ ឃ្លាំង មឿង ​ហើយ​នៅ​ខេត្ត​សៀមរាប​ លោក​ កឹម សុខា​ បាន​ធ្វើ​ពិធី​បូជន​កិច្ច​ដល់​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ ​ដែល​បាន​កសាង​ប្រាសាទ​អង្គរវត្ត។​ រូប​ភាព​របស់​លោក​ជា​ច្រើន​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។​

លោក​មេធាវី​អះអាង​ថា ​ការ​ជួប​ប្រាស្រ័​យទាក់​ទង​ជាមួយ​ប្រជា​ពលរដ្ឋ​ក្នុង​ដំណើរ​របស់​លោក ​កឹម សុខា ​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​នោះ​គ្រាន់​តែ​ជា​ជំនួប​សាមញ្ញ ​ឬ​ដោយ​ចៃដន្យ​ ហើយ​មិន​មែន​ជា​ការ​ស្វែង​រក​ផល​ចំណេញ​ខាង​នយោបាយ​ទេ។​

លោក ​កឹម សុខា ​បាន​ចាក​ចេញ​ពី​គេហដ្ឋាន​ជា​ច្រើន​ដង​មក​ហើយ ​តាំង​ពី​ខែ​វិច្ឆិកា​មក ​ដោយ​គ្មាន​ការ​រាយ​ការណ៍​ពី​បណ្តាញ​ព័ត៌មាន​នោះ​ទេ។​ កាល​ពី​ដើម​ខែ​កក្កដា​នេះ លោក ​កឹម សុខា​ បាន​ចេញ​ទៅ​មើល​ចម្ការ​របស់​លោក​នៅ​ខេត្ត​កំពង់ចាម​ និង​ចម្ការ​របស់​ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ។​ ចំណែក​កាល​ពី​ថ្ងៃទី​១០ ​ខែ​កក្កដា​ លោក​ទៅ​គោរព​សព​លោក​ កែម ឡី​ នៅ​ខេត្ត​តាកែវ​ផង​ដែរ។​

សាស្ត្រាចារ្យ​ខាង​វិទ្យា​សាស្ត្រ​នយោបាយ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​លោក​ ឯម សុវណ្ណារ៉ា ​មាន​ប្រសាសន៍​ថា​ តុលាការ​ហាក់​ដូច​ជា​មិន​បាន​កំណត់​ឲ្យ​ច្បាស់ទេ ​អំពី​បម្រាម​លើ​សកម្មភាព​នយោបាយ​របស់​លោក​ កឹម សុខា។ ​លោក​បន្ថែម​ថា ​សេចក្តី​ក្រើន​រំឭក​របស់​តុលាការ​មក​លើ​លោក​ កឹម សុខា​ដែល​ធ្វើ​ឡើង​នៅ​ពេល​ថ្មីៗ​នេះ ​បង្ហាញ​ថា​ ​ស្ថាន​ភាព​នយោបាយ​កម្ពុជា​មិន​មាន​ភាព​ធូរស្រាល​នោះ​ទេ។​

ដោយ​ឡែក​ កាល​ពី​ថ្ងៃ​ច័ន្ទ​លោក ​កឹម សុខា​ បាន​បញ្ចេញ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ព្រះ​សង្ឃ​ និង​ប្រជា​ពលរដ្ឋ​មក​ពី​រាជធានី​ខេត្ត​មួយ​ចំនួន​ ដែល​កន្លង​មក​បាន​និមន្ត​និង​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​រូប​លោក ​នៅ​គេហដ្ឋាន​ផ្ទាល់​ និង​ចំពោះ​អ្នក​ដែល​បាន​ស្កាត់​មក​ជួប​សួរ​សុខ​ទុក្ខ​លោក​ នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត។​

លោក ​កឹម សុខា​ ត្រូវ​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក​ កាល​ពី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី​២​ ឈាន​ចូល​ថ្ងៃ​ទី​៣​ ខែ​កញ្ញា ​ឆ្នាំ​២០១៧​ ពោល​គឺ​ពីរ​ខែ​មុន​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ឬ​បទ​ក្បត់​ជាតិ។​ បទ​ចោទ​នេះ​អាច​ឲ្យ​លោក​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ​៣០ ​ឆ្នាំ៕