តុលាការ​ភ្នំពេញ​សម្រេច​ឃុំខ្លួន​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​បន្តទៀត

រូបឯកសារ៖ លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​កំពុង​ជាប់ឃុំ។

តុលាការ​ភ្នំពេញ​សម្រេច​ឃុំខ្លួន​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​បន្តទៀត ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេត​ និង​ដោយ​មិន​បាន​និយាយ​ថា ការឃុំបន្ត​នេះ​នឹង​មាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ទេ។

តុលា​ការ​រាជធានី​ភ្នំពេញថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ចំនួន​ពីរ​រូប ដោយ​មិន​បញ្ជា​ក់ពីមូល​ហេតុ។ មក​ទល់​នឹង​ពេល​នេះ​អ្នក​ទាំង​ពីរជាប់​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៦ខែ​ហើយ ក្នុង​បទចោទប្រកាន់​ថា​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស ។​ ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថាការ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ដោយ​មិន​អាច​រក​ភស្តុតាង​ថ្មី​បាន​ ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ពួក​គេ។

ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ចំនួន​២រូប​ ​ដែល​ជាប់​ចោទ​ពាក់​ព័ន្ធនឹង​បទចារកម្ម​ ​ក្រោយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈ​ពេល​៦ខែ​រួច​មក។​ ​នេះ​បើ​តាម​ការ​បញ្ជា​ក់​របស់​មន្រ្តី​ជាន់​ខ្ពស់​តុលាការ​ភ្នំពេញ។

លោក​ ​អ៊ី រិន្ទ​ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​ ​VOA​ ​នារសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ចៅក្រម​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​យាង សុជាមេត្តា​ ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប​ឲ្យ​នៅ​ក្នុង​ឃុំ​ដ​ដែល។​ ​យ៉ាង​ណា​ក៏​ដោយ​លោក​ ​អ៊ី រិន្ទ​ ​មិន​បាន​បញ្ជា​ក់ពីមូល​ហេតុ​នៃ​ការ​បន្ត​ឃុំ​ខ្លួន​ ​និង​រយៈ​ពេល​នៃ​ការឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​បន្ត​ទៀត​នោះ​ទេ។​

មុនបិទ​ទូរសព្ទ​ ​លោក​ ​អ៊ី រិន្ទ​ ​មានប្រសាសន៍​ថា៖​

«ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ពន្យារ​ការ​ឃុំខ្លួន។​ គេ​មិន​បាន​បញ្ជា​ក់ទេ​ ​តាម​នីតិ​វិធី​គេ ព្រោះ​នៅ​ដំណាក់កាល​ស៊ើប​យើង​ពិបាក​នឹង​បរិយាយ​ប្រាប់»។​

លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ពីបទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទ៍​ ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ ​តាម​មាត្រា៤៤៥​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។​

ពួក​គេ​ត្រូវ​បាន​ចោទ​ថា​ ​បាន​បន្ត​លួច​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ី​សេរី​ ​ក្រោយ​ពី​វិទ្យុ​នេះ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​មុន​ ​ដោយ​វិទ្យុ​នេះ​បញ្ជា​ក់ថា ការ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំង​បង្ខំនា​ពេល​នោះ​ ​គឺ​ដោយ​សាររងគំនាបពី​រដ្ឋាភិបាល​កម្ពុជា។​ ​អ្នក​ទាំង​ពីរ​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ពី៧​ ​ដល់​១៥ឆ្នាំ​ ​ប្រសិន​បើ​តុលា​ការរក​ឃើញ​ថា មាន​ទោស។​

VOA​ ​មិន​អាច​ទាក់​លោក​ ​កែវ វន្នី​ ​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​អ្នក​ទាំង​ពីរ ដើម្បី​ធ្វើ​អធិប្បាយ​បាន​នៅ​ឡើយ។​

ក្នុង​សវនាការនា​ពេល​កន្លង​ទៅ​ ​លោក​ ​យាង សុធារិន​ ​និង​លោក​ ​អ៊ួន ឈិន​ ​បាន​លើក​ឡើង​ថា​ ​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ ​និង​មិន​បាន​បង្កព្យសនកម្ម​ណាមួយ​នោះ​ទេ។​ ​ពួក​គេថា​ ​ការ​ចោទ​ប្រកាន់ ឃុំ​ខ្លួន និង​មិនអនុញ្ញា​ត​ឲ្យ​អ្នក​ទាំង​ពីរ​បាន​នៅ​ក្រៅ​ឃុំ គឺ​មាន​ភាពអ​យុត្តិធម៌​ ​និង​ថា ​ ​ការ​សម្រេច​របស់​តុលា​ការ​គឺជា​ការសងសឹក​អតីត​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ប៉ុណ្ណោះ។

លោក​ ​រ៉ូហ៊ីត ម៉ាហាចាន​ ​(Rohit Mahajan)​ ​នាយក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​វិទ្យុ​អាស៊ី​សេរី​ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ង​តោន​ ​សហរដ្ឋ​អាមេរិក​ ​ក៏​មិន​ទាន់​ឆ្លើយតប​និង​សំនួរ​របស់​ ​VOA​ ដែរ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​ ​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ធ្លាប់​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​ ​Reuters​ ​ថា​ការ​ចោទ​ប្រកាន់អតីត​អ្នក​កាសែត​អាស៊ី​សេរី​ពី​បទចារកម្ម​ ​បាន​បើក​ឱកាស​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ​បង្កើតបាន​ទម្រង់​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជន​ផ្ដាច់ការ។

រហូត​មក​ដល់​ពេល​នេះ​ ​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៦ខែមក​ហើយ។​

លោក​ស្រី​ ​ឡាំ ចន្ថា​ ​ភរិយា​របស់​លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង សុជាមេត្តា​ ​ដែល​បាន​ចូល​សួរសុខ​ទុក្ខ​ស្វាមី​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដោយ​អះអាង​ថា លោក​ស្រីបាម្ភពី​ស្ថានភាព​ស្វាមី​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​ ​និង​ចោទ​ប្រកាន់ ​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​បាន​ដាក់​ពាក្យ​បណ្ដឹងជា​បន្ត​បន្ទាប់ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​សំណើ​របស់​ពួក​គេ​ត្រូវ​បាន​តុលា​ការគ្រប់​ជាន់​ថ្នាក់​ច្រាន​ចោល។

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​តែង​ឃ្លាំ​មើល​សវនា​ការលើ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប លើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ណាម្នាក់​ ​លុះត្រាតែ​មាន​ភស្តុតាង​ថ្មី​ក្នុង​ការ​បន្ត​ការ​ស៊ើប​អង្កេត។ លោក​បន្ថែម​ថា ការ​បន្ត​ឃុំ​ខ្លួន​នេះ​ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ទាំង​ពីរ និង​ធ្វើ​ឲ្យ​មាន​ផលវិបាក​ដល់​ក្រុម​គ្រួសារ ព្រម​ទាំង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រងការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិមួយ​ចំនួន​ផង​ដែរ។​

លោក​ ​អំ សំអាត មាន​ប្រសាសន៍​ថា៖​

«បើសិនជា​មាន​ការ​ដោះលែង​គាត់​ឲ្យ​នៅ​ក្រៅ​ឃុំ​ខ្ញុំ​គិត​ថា​ ​វាជាផល​ល្អ​មាន​ពីរ​ ​ទី១​ ​គាត់​អាច​មាន​សេរីភាព​ទៅ​ជួយ​គ្រួសារ​របស់​គាត់​ឲ្យ​មាន​ភាព​ជីវភាព​ធូរធារ ហើយ​គាត់​នៅ​តែ​ផ្តល់​កិច្ច​សហការ​ជា​មួយ​តុលា​ការ​ដ​ដែល។​ ​ទី២ វា​ធ្វើ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិដែល​តែង​តែ​រិះគន់​ហ្នឹង​បាត់​ទៅ​វិញ​ ​ហើយ​វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យើង​ហ្នឹង​លែងរង​នូវ​គំនាប​នៃ​ការ​រិះគន់​នេះ​ជា​បន្ត​ទៀត​ផង​ដែរ»។

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​ ​គេ​ឃើញ​ក្រុម​អ្នក​សារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា៥០​នាក់​ ​បាន​ផ្ដិតមេ​ដៃ​លើញត្តិ​ទាមទារ​ឲ្យ​មាន​ការទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ទាំង​ពីរ។​ ​ចំណែក​បណ្ដុំ​អង្គការ​ការពារ​អ្នក​កាសែត​ទាំង​ជាតិ​ ​និង​អន្តរជាតិមួយ​ចំនួន បាន​ហៅ​ការឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូបថា​ ​ជា​ទង្វើ​ ​«ដ៏​ឃោរឃៅ​ ​និង​មិន​សម​ហេតុ​ផល»​ ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការធានា​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

កាលពី​ដើម​ខែ​មេសា​នេះ​ ​ក្រសួង​ការ​បរទេស​អាមេរិក​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​ចាត់​ទុកការ​ចោទ​ប្រកាន់អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ ​ថា​ជាការ​បំបាក់​ស្មារតី​អ្នក​កាសែត​ផ្សេង​ទៀត និង​ថា​ ​ជាការ​ប៉ុនប៉ង​ខាង​នយោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន។

នៅ​ពាក់​កណ្តាល​ខែ​ឧសភា​នេះ​ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​ដែល​មាន​ទីស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​ ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​សេរីភាព​ដល់​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ​ក្រោម​បទ«ចារកម្ម»។

លោក​ ​ប្រេដ អាដាមស៍​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ​លើក​ឡើង​ថា​ ​ការ​ចាប់​ខ្លួន​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់​ ​គឺជា​ការប្រឌិត​ដោយ​មិន​សម​ហេតុ​ផល​របស់​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​សងសឹក​វិទ្យុ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សហរដ្ឋ​អាមេរិក​មួយ​នេះ​ ​ចំពោះ​សេចក្តី​រាយការណ៍​ដែល​មាន​លក្ខណៈ​ទិតៀន​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក។

យ៉ាង​ណា​ក៏​ដោយ​ ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការលើ​ក​ឡើង​ទាំង​នោះ​ ​ព្រម​ទាំង​បាន​ថ្លែង​ចំអក​ដល់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិមួយ​នេះ​ថា​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​យោង​ទៅ​តាម​គំនុំ​ផ្ទាល់​ខ្លួន​ ​និង​គ្មានភ្ជាប់​ការធានា​អះអាង​ខាង​ច្បាប់៕