ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ ​នឹង​សម្រេច​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​អ្នកកាសែត​អាស៊ី​សេរី​​នៅ​ថ្ងៃ​សុក្រ


រូបឯកសារ៖ លោក យាង សុធារិន ហៅ​យាង សុជាមេត្តា (ឆ្វេង) និង​​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មានវិទ្យុ​អាស៊ី​សេរី​កំពុង​ជាប់ឃុំ។
រូបឯកសារ៖ លោក យាង សុធារិន ហៅ​យាង សុជាមេត្តា (ឆ្វេង) និង​​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មានវិទ្យុ​អាស៊ី​សេរី​កំពុង​ជាប់ឃុំ។

ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើ​ការ​​សម្រេច​ចុង​ក្រោយ​នៅ​ថ្ងៃ​សុក្រ​​ទី​១៨ ​​ឧសភា លើ​ការ​ដោះលែង​ឬ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​កាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​សេរី​ ​គឺ​លោក​ ​​អួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ​ ​ក្រោម​ការ​ចោទ​ពី​បទ«ចារកម្ម»។

តុលាការ​ក្រុងភ្នំពេញ​គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ឧសភា​ ​ថា​តើ​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​គឺ​លោក​ អួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​គួរ​តែ​ត្រូវ​បាន​ដោះលែង​ ​ឬ​ឃុំ​ខ្លួន​បន្ត ឬ​យ៉ាង​ណា​ក្រោយ​ពី​តុលាការ​ឃុំខ្លួន​អ្នក​ទាំង​ពីរ​រយៈ​ពេល​ជាង​៦​ខែ​មក​នោះ។​ ​មន្ត្រី​សិទ្ធិ​ក្នុង​ស្រុក​និង​អន្តរជាតិ​យល់​ថា​ ​បើ​តុលាការ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​ទេ​នោះ​ ​អតីត​អ្នក​កាសែត​អាស៊ី​សេរី​ទាំងពីរ​នាក់​នេះ​ ​គួរ​តែ​ត្រូវ​បាន​ដោះ​លែង។

ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើ​ការសម្រេច​ចុង​ក្រោយ​នៅ​ថ្ងៃ​សុក្រទី​១៨ ឧសភា លើ​ការ​ដោះលែង​ឬ​បន្ត​ឃុំ​ខ្លួន​អតីត​អ្នក​កាសែត​ពីរ​រូប​របស់​វិទ្យុ​អាស៊ី​សេរី​ ​គឺ​លោក​ អួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ​ ​ក្រោម​ការ​ចោទ​ពី​បទ «ចារកម្ម»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ​ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។​

សេចក្ដី​ប្រកាស​របស់​អង្គការ​លីកាដូ​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​សម្រេច​របស់​ចៅ​ក្រម​ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ បាន​កោះហៅ​អតីត​អ្នក​សារព័ត៌មាន​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ពីរ​រូប​នេះ​ មក​សាក​សួរ​បន្ថែម​នៅ​សា​លា​ដំបូងរាជធានី​ភ្នំពេញកាល​ពី​ព្រឹក​ថ្ងៃពុធ។​

សេចក្ដី​ប្រកាស​ដដែល​បន្ត​ថា​ ​ក្នុង​ច្បាប់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ជនសង្ស័យ​អាច​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះ​អាសន្ន ​រង់ចាំ​សវនាការ​ត្រឹមតែ​រយៈពេល​៦​ខែ​ប៉ុណ្ណោះ​ ​លុះ​ត្រាតែ​ចៅ​ក្រម​រក​ឃើញ​ថា​ ការ​បន្ត​ឃុំ​ខ្លួន​ជន​សង្ស័យ​គឺ​មាន​ភាព​ចាំបាច់​ ​សម្រាប់​ដំណើរការ​ស៊ើប​អង្កេត។​ ​ប៉ុន្តែ មិន​មាន​ព័ស្តុតាង​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​ណាមួយ​ ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​មក​ដល់​ពេលនេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​នេះ។

សេចក្ដី​ប្រកាស​របស់​អង្គការ​លីកាដូ​ដដែល បាន​បញ្ជាក់​ថា​ អំឡុង​ពេល​សវនាការ​ក្នុង​ខែ​មីនា​ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​គឺ​លោក​ចៅក្រម​ ​ឃឹម ប៉ុន​ ​បាន​មាន​ប្រសាសន៍​ថា​ ​រឿង​ក្ដី​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបអង្កេត​នៅ​ឡើយ​ ​ហើយ​ការ​ដោះលែង​អ្នក​ទាំង​ពីរ​ អាច​នាំ​ឱ្យ​មាន​ ​«គ្រោះថ្នាក់​ធ្ងន់ធ្ងរ»។​

​លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​បណ្ដាញ​សង្គម​ក្នុង​ន័យ​ដើម​ថា៖​

«ករណី​នេះ​ដូចជា​មិន​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ទេ​ ដូច្នេះ​ ​បើ​តុលាការ​រក​មិន​ឃើញ​ភស្តុតាង​អ្វី​ថ្មី​ទេ​ គួរតែ​ដោះលែង​អ្នក​ទាំងពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​ឬ​លើក​លែង​ចោទ​ប្រកាន់​លើ​អ្នក​ទាំងពីរ​ឲ្យ​មាន​សេរីភាព​វិញ»។​

លោក​បាន​ថ្លែង​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

«ការ​ឃុំ​ខ្លួន​អ្នក​ទាំងពីរ​បន្ត​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ទាំងពីរ​ ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ​ ព្រោះ​អ្នក​ទាំងពីរ​ជា​ជំហរ​ក្នុង​ការ​ទ្រ​ទ្រង់​ជីវភាព​គ្រួសារ​ ជា​ពិសេស​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ ធ្វើ​ឲ្យ​មានការ​រិះគន់​ធ្ងន់ធ្ងរ​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ​ពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​ និង​ការ​គំរាម​កំហែង​អ្នកសារព័ត៌មាន»។

លោក​ ​រ៉ូហីត ម៉ាហាចាន​ (Rohit Mahajan) នាយក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​វិទ្យុ​អាស៊ី​សេរី​ ​មិនទាន់​ឆ្លើយ​តប​សំណួរ​របស់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ឬ​ ​Email ​នៅ​ឡើយ​ទេមក​ដល់​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។​ ​ប៉ុន្តែ ​លោក​ធ្លាប់​ប្រាប់​ភ្នាក់​ងារ​ព័ត៌មាន​ ​Reuters​ ថា​ការ​ចោទ​ប្រកាន់​អតីត​អ្នកកាសែត​អាស៊ី​សេរី​ពី​បទ​ចារ​កម្ម​ ​បាន​បើក​ឱកាស​ឲ្យ​អាជ្ញាធរ​កម្ពុជា​ បង្កើត​បាន​ទម្រង់​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ​ដែល​មាន​ប្រយោជន៍​សម្រាប់​ជន​ផ្ដាច់​ការ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watchដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា ​ផ្ដល់​សេរីភាព​ឡើងវិញ​ជាបន្ទាន់ដល់​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ ​ទាំង​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ​ក្រោម​បទចារកម្ម​ ​ដែល​អង្គការ​នេះ និយាយ​ថា ​ត្រូវ​បាន​ប្រឌិត​ឡើង ​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​ទាំង​ពីរ​នាក់នោះ​ គឺ​លោក​ ​អ៊ួន ឈិន​ ​និងលោក​ ​យាង សុធារិន​ ​ហើយ​ត្រូវ​ដោះ​លែង​អ្នក​ទាំង​ពីរ​ ដោយ​គ្មាន​លក្ខខ័ណ្ឌ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ដដែល បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​បន្ត​ថា​ ទំនងជា​មានការ​ភ័យខ្លាច​ចំពោះ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​នោះ​ រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​បាន​ចាត់​វិធាន​ការ​បង្ក្រាបយ៉ាង​ទូលំទូលាយ​ ដោយ​បាន​អះ​អាង​ទាំង​គ្មានមូលដ្ឋាន​ថា​ គណ​បក្ស​ប្រឆាំង​ និង​អ្នក​រិះគន់​ គឺជា​ផ្នែក​មួយ​នៃ​ «បដិវត្តន៍​ពណ៌»​ ដែល​គាំទ្រ​ដោយ​បរទេស ​ក្នុង​បំណងផ្ដួល​រំលំ​រដ្ឋាភិបាល។​

អង្គការ​ដដែល​ បាន​លើកឡើង​ថា វិធាន​ការ​របស់​រដ្ឋាភិបាល​ ​បាន​រំលោភ​បំពាន​សិទ្ធិ​នានា​ទៅ​លើ​នីតិវិធី​កាត់​ក្ដី​ត្រឹម​ត្រូវ​ សេរី​ភាព​បញ្ចេញមតិ និង​សេរីភាពសមាគម​ ដែល​ត្រូវ​បាន​ធានា​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

​យ៉ាងណា​ក៏​ដោយ​ លោក​ ​ជិន ម៉ាលីន​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ ​បាន​ប្រាប់ VOA​ ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​សេចក្ដី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ មិន​អាច​ដាក់​សម្ពាធ​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​បានទេ។

លោក​មាន​ប្រសាសន៍​បន្តថា​ អង្គការ​នេះ​ គួរ​សិក្សា​ទៅលើ​នីតិវិធី​ច្បាប់​ ដើម្បី​បាន​ជា​ទុន​មក​ជួយ​អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​របស់​វិទ្យុ​អាស៊ី​សេរី​នេះ។

លោក​បាន​សង្កត់​ថា​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​តែង​ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល៕

XS
SM
MD
LG