តុលាការ​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​លោក កឹម សុខា និង​សម្រេច​ឱ្យ​លោក​ សម រង្ស៊ី​ ជាប់​ពន្ធនាគារ​មួយ​ជីវិត

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។

សាសាដំបូង​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា​ បន្ទាប់​ពី​សវនាការ​បាន​ធ្វើ​ឡើង​ចំនួន​សរុប​ ៦២​ លើក​រួច​មក។ ហើយ​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​ ដែល​តុលាការ​បញ្ចប់​ការ​សួរដេញ​ដោល​លោក​ កឹម សុខា​ ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​នោះ​ អតីត​ស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​លោក​ សម រង្ស៊ី ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ និង​ថែម​ទាំង​ផ្តន្ទាទោស​ឱ្យ​មេដឹកនាំ​នយោបាយជំទាស់​រូបនេះ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

លោក ​អំ​ សំអាត​ នាយករង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បន្ទាប់ពី​ការ​បញ្ចប់​ការ​សួរ​ដេញដោល​នេះ​ សាលាដំបូង​រាជធានីភ្នំពេញ​នឹង​បន្ត​សវនាការ​នៅ​ខែ​ធ្នូ​ខាង​មុខ​ ដើម្បី​ស្តាប់​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ពី​ភាគីពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​លោក​ កឹម សុខា។

លោក​ថ្លែង​ថា៖ «ដូច្នេះ​សវនាការ​នេះ​នឹង​បន្ត​នៅថ្ងៃទី​ ២១ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ ខាង​មុខ​នេះ​ គឺ​ការ​សន្និដ្ឋាន​ផ្ទាល់​មាត់​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ធ្វើការ​សេចក្តី​សម្រេច​របស់​តុលាការ​ និង​ប្រកាស​សាលក្រម​នោះ»។

បើ​តាម​លោក ​អំ សំអាត ​ក្រុម​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ​បាន​ស្នើ​ក្រុម​ចៅក្រម​ដើម្បី​ធ្វើ​សេចក្តី​សន្និដ្ឋាន​ជា​លាយលក្ខណ៍​អក្សរ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ ប៉ុន្តែ​ខាង​ភាគី​ដើម​បណ្តឹង​គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​រយៈពេល​ពីរ​ខែ​ ខណៈ​ភាគី​អយ្យការ​សុំពេល​បី​ខែ។ ក្រុមប្រឹក្សា​ជំនុំជម្រះ​ក្រោយ​មក​យល់​ស្រប​តាម​សំណើ​ភាគី​រដ្ឋាភិបាល។

រីឯ​នៅ​ក្នុង​សំណុំរឿង​លោក​ សម រង្ស៊ី វិញ លោក​ អំ សំអាត យល់​ថា​ ការ​កាត់​សេចក្តី​របស់​តុលាការ​មក​លើ​លោក​ សម រង្ស៊ី ជា​រឿង​ច្រំ​ដែលៗ ដោយសារ​តែ​អតីត​មេបក្ស​ជំទាស់​រូបនេះធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ក្តី​ជា​ច្រើន​ករណី​រួច​មក​ហើយ។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​គួរ​ឱ្យបារម្ភ​នោះ​ គឺ​វេហារសព្ទ​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស និង​លោក សម រង្ស៊ី​ ដែល​អាច​បង្ក​ផលវិបាក​ដល់​អ្នកគាំទ្រនិន្នាការ​នយោបាយ​ជំទាស់​នៅ​ក្នុង​ស្រុក។

លោក អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «យើង​ក៏​នឹក​ឃើញ​កាល​ពីឆ្នាំ​ ២០១៩​ នៃ​គម្រោង​ផែន​ការ​វិល​ត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ​នោះ។ អ៊ីចឹងយើង​ឃើញ​ហើយ​ក្រោយ​ពី​បញ្ហា​នេះ​ គឺ​មាន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ជា​ច្រើន​ហ្នឹង​ត្រូវ​បាន​ជាប់​បណ្តឹង​នៅ​តុលាការ​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ផង​ដែរ។ អ៊ីចឹង​ ករណី​នេះ​វា​ជា​បទ​មួយ​ដែល​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​យើង​មាន​ការ​ព្រួយ​បារម្ភ»។

អំឡុង​ពេល​នៃ​ការ​សួរ​ដេញ​ដោល​លោក​ កឹម សុខា ក្នុង​សាល​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃពុធ​ ហើយ​ឈាន​ទៅ​ធ្វើ​សេចក្តី​សន្និដ្ឋាន​នោះ​ លោក​ កឹម សុខា​ បាន​ប្រាប់​ក្រុម​ចៅក្រម​ឱ្យ​ពន្លឿន​ការ​ចេញ​សាលក្រម​ ដោយ​សម្អាង​ថា​ លោក​មាន​បញ្ហា​សុខភាព​ផ្លូវ​កាយ ​នៅ​ពេល​មក​ចូល​រួម​ការ​ជំនុំជម្រះ​ក្តី​ដែល​មាន​ចំនួន​សរុប​ជាង​ ៦០​ លើក​នេះ។

នៅ​ក្នុង​ថ្ងៃ​ដដែល លោក ​សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​ដោយ​កំបាំង​មុខ​ឱ្យ​ជាប់​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត​ ហើយ​សិទ្ធិ​នយោបាយ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ ត្រូវ​បាន​ដក​ជា​ស្ថាពរ​ ក្រោម​បទ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស» ពាក់​ព័ន្ធ​នឹង​ជំនួប​របស់​លោក​ជាមួយ​មេដឹកនាំ​មូលនិធិ​ម៉ុងតាញ៉ា​ លោក​ កុក ស​ កាលពី​ឆ្នាំ​ ២០១៣ ជា​អំឡុង​ពេល​ដែល​មាន​ការ​ចុះហត្ថលេខា​មួយ​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការការពារ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​នៅ​ប្រទេស​កម្ពុជា។

ក្រោយ​មក​លោក ​សម រង្ស៊ី​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ប្រកាន់​ថា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​មូលនិធិ​ម៉ុងតាញ៉ា ​កាត់​ទឹកដី​កម្ពុជា​ចំនួន​បួន​ខេត្ត​រួមមាន​ខេត្ត​ក្រចេះ​ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ឱ្យ​ទៅ​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ដោយ​យោង​តាម​ឃ្លីប​វីដេអូ​មួយ ដែល​ត្រូវបាន​បង្ហោះ​តាម​បណ្តាញ​អ៊ីនធឺណិត​ កាលពី​ដើម​ខែ​មីនា​ ​ឆ្នាំ​ ២០១៨។ វីដេអូ​នោះ​បាន​បង្ហាញ​ពី​ជំនួប​លោក​ សម រង្ស៊ី​ និង​លោក​ កុក ស​ កាល​ពីឆ្នាំ​ ២០១៣។

ប៉ុន្តែ​លោក​ សម រង្ស៊ី​ ធ្លាប់​បកស្រាយ​កន្លង​មក​ថា ពាក្យ​ពេចន៍​របស់​លោក​ដែល​បាន​ប្រើ​ពេល​ចុះហត្ថលេខា​នោះ​ គឺ​សំដៅ​ទៅ​លើ​ការ​គោរព​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច​ តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​កាន់កាប់​ដីធ្លី​ និង​មាន​សេរីភាព​ក្នុង​ការ​ប្រណិប័តន៍​ជំនឿ​សាសនា​ដែល​ស្មើភាព​គ្នា​ដូច​នឹង​ជនជាតិ​ខ្មែរ​ទូទៅ​ដែរ ពោល​គឺ​មិន​មែន​កាត់​ដីខ្មែរ​ឱ្យ​ជនជាតិ​ដើម​ម៉ុងតាញ៉ា​នោះ​ទេ។​

ខណៈ​តុលាការ​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ សម រង្ស៊ី​ ជុំវិញ​ការ​ចោទ​ប្រកាន់​ថា មេដឹកនាំ​នយោបាយ​ជំទាស់​នេះ​ មាន​គម្រោង​កាត់​ខេត្ត​ចំនួន​បួន​ឱ្យ​ទៅ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​នោះ គេ​មិន​ទាន់​ដឹង​ថា​ តុលាការ​នឹង​សម្រេច​បែប​ណា​លើ​លោក ​កឹម សុខា នោះ​ទេ។

​អ្នកស្រី​ ម៉េង​ សុភារី​ សហ​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​មេធាវី​ការពារ​ក្តី​បាន​ស្នើ​សុំ​ក្រុម​ចៅក្រម​ជំនុំជម្រះធ្វើ​សេចក្តី​សន្និដ្ឋាន​តែ​ពីរ​សប្តាហ៍​ ព្រោះ​យល់ថា​ សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក​ កឹម សុខា​ នឹង​រង​ផល​ប៉ះពាល់ បើ​មាន​ការ​អូស​បន្លាយ​ពេល​យូរ​តទៅ​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ទុក​រយៈពេល​រហូត​ដល់ទៅ​ពីរ​ខែ​នេះ យើង​ខ្ញុំ​យល់​ឃើញ​ថា​វា​ប៉ះពាល់​ទៅ​សិទ្ធិ​នយោបាយ​របស់​ឯកឧត្តម​ កឹម សុខា​ ដែល​ថា​ ពេលវេលា​ចេះ​រំកិល​ទៅមុខ​ជា​បន្តបន្ទាប់។ ហើយ​មែនទែន​ទៅ ដូច​ខ្ញុំ​បាន​ជម្រាប​មុន​ហ្នឹង​អ៊ីចឹង យើង​មិនមែន​ថា​ត្រៀមខ្លួន នៅ​ពេល​ដែល​បញ្ចប់​រឿង​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​នោះ​ទេ។ អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​គួរ​តែ​ធ្វើ​ការ​ត្រៀម​ខ្លួន តាំង​ពីមុន​ពេល​ដែល​បញ្ចប់​ការ​សាកសួរ​ដេញដោល។ ដូច​ចៅក្រម​ជំនុំ​ជម្រះ​បាន​មាន​ប្រសាសន៍​ក្នុង​អង្គ​សវនាការ​អ៊ីចឹង​ថា​រឿងក្តី​ហ្នឹង​ម្នាក់ៗ​គួរតែ​ធ្វើ​ការ​ត្រៀមខ្លួន​តាំងពី​ពេល​ចាប់​ផ្តើម​រឿង​ក្តី​មក​ម៉្លេះ។ អ៊ីចឹង​យើង​បាន​ត្រៀម​ ហើយក៏​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ហើយ​ដែរ»។

​ចាប់​តាំងពី​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ឆ្នាំ​ ២០១៧​ ទាំង​លោក​ កឹម សុខា និង​លោក​ សម រង្ស៊ី​ គ្មាន​ឱកាស​ជួប​ទល់​មុខ​គ្នា​ ដោយ​លោក កឹម សុខា​ត្រូវ​ចំណាយ​ពេល​ច្រើន​លើ​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​លោក​ សម រង្ស៊ី បាន​និរទេស​ដោយ​ខ្លួន​ឯង​ទៅ​រស់​នៅ​ប្រទេស​បារំាង ​តាំង​ពី​ឆ្នាំ​ ២០១៥​ ហើយ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​ សម រង្ស៊ី​ ក្រោម​បទឧក្រិដ្ឋ​ជាច្រើន​ រហូត​មាន​ការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិតពី​បទ​ «ប្រគល់​ឱ្យ​រដ្ឋ​បរទេស» កាលពី​ថ្ងៃពុធ​ម្សិល​មិញ​នេះ៕

រាយការណ៍​បន្ថែម​ដោយ​លោក ហ៊ុល រស្មី