សាលារាជធានីភ្នំពេញបានចេញបម្រាមហាមឃាត់ការធ្វើដំណើរក្នុងទីតាំងភូមិសាស្រ្តទីក្រុងភ្នំពេញ ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ទៀបភ្លឺ ក្នុងរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១ ខែមេសា។
បើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រជាពលរដ្ឋមិនអាចធ្វើដំណើរចេញចូលផ្ទះសម្បែង ឬទៅកន្លែងណាមួយមិនចាំបាច់ចាប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ភ្លឺ។ ចំណែកម្ចាស់អាជីវកម្មលក់ដូរម្ហូបអាហារនិងភេសជ្ជៈ ក៏ត្រូវផ្អាកដំណើរការក្នុងម៉ោងពេលដូចគ្នានេះ។ បម្រាមខាងលើនេះនឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៤ ខែមេសាពោលគឺនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
សេចក្តីសម្រេចឲ្យដឹងទៀតថា អ្នកធ្វើដំណើរនិងអ្នកបើកបរយានយន្ត ក៏ត្រូវបានស្នើឲ្យផ្អាកជាបណ្តោះនូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ។
ប៉ុន្តែលើកលែងមួយចំនួន ដូចជាការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំចាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋនិងឯកជនមន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន និងការធ្វើដំណើររបស់បុគ្គលិកនិងកម្មករកម្មការិនីទៅកន្លែងបំពេញការងារ នៅក្នុងសហគ្រាសគ្រឹះស្ថានរោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការធម្មតា។
បើតាមសេចក្តីសម្រេច អាជីវករត្រូវផ្អាកជាបណ្តោះអាសន្ននូវសេវានៅតូបអាហារអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារជាដើម នៅចន្លោះម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ជាកំហិត។ ប៉ុន្តែមានការអនុញ្ញាតឲ្យវេចខ្ចប់បាន។
បម្រាមលើការធ្វើដំណើរនិងអាជីវកម្មនេះ ជាផ្នែកមួយនៃវិធានការរទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ បម្រាមនេះធ្វើឡើង ក្រោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសឲ្យប្រើប្រាស់នូវអនុក្រឹត្យថ្មីមួយ កាលពីថ្ងៃពុធ ដែលអនុញ្ញាតឲ្យមានការដាក់បម្រាមគោចរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បដិសេធមិនផ្តល់ការអធិប្បាយដោយថាជាប់ប្រជុំអំពីកិច្ចការសន្តិសុខ។
«សុំទោសខ្ញុំជាប់ប្រជុំ video conference ជុំវិញបញ្ហាសន្តិសុខនៅក្នុងទីក្រុង»។
នៅក្នុងសារសំឡេងមួយលោក ឃួង ស្រេង នៅថ្ងៃព្រហស្បតិ៍នេះ ក៏បានដាក់បទបញ្ជាឲ្យដកហូតមធ្យោបាយធ្វើដំណើរ ដូចជាម៉ូតូនិងរថយន្ត ចំពោះអ្នកធ្វើដំណើរបំពានបម្រាមនេះ។ លោកបន្ថែមថា ម្ចាស់យានយន្តក៏តម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន រយៈពេល ១៤ ថ្ងៃផងដែរ។ នេះបើយោងតាមសារសំឡេងរបស់អភិបាលរាជធានីភ្នំពេញ ដែលត្រូវបានផ្សព្វផ្សាយលើសារព័ត៌មាន Freshnews។
លោក សាន សុខសីហា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បា្រប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចរបស់សាលារាជធានីភ្នំពេញជាផ្នែកមួយនៃការហាមធ្វើដំណើរពេលយប់ដែលមិនចាំបាច់ ប៉ុន្តែមិនមែនជាការបិទទីក្រុងភ្នំពេញទេ។
លោកប្រាប់ VOA ថា៖ «ត្រូវមើលសេចក្តីសម្រេចហ្នឹងឲ្យវាច្បាស់ មិនមែនជាការបិទក្រុងទេ ត្រូវមើលឲ្យច្បាស់ជាសេចក្តីសម្រេចមួយ ដែលគ្រាន់តែថាជាការហាមមិនឲ្យប្រជាពលរដ្ឋចេញពីម៉ោង ៨ យប់ដល់ម៉ោង ៥ ព្រឹក»។
អនុក្រឹត្យចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣១ ខែមីនា ស្តីពី«វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» បានផ្តល់សិទ្ធិអំណាចមួយចំនួន ឲ្យអភិបាលរាជធានីខេត្តក្នុងការរឹតត្បិតការបម្លាស់ទី ឬបិទទីតាំងនិងតំបន់ណា ដែលប្រឈមនឹងការឆ្លងនៃជំងឺកូវីដ១៩។
បើតាមអនុក្រឹត្យនោះ អាជ្ញាធរក៏អាចហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សលើកលែងតែក្នុងករណីចាំបាច់មួយចំនួន រួមមានការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នាពិធីបុណ្យសព ការប្រមូលផ្តុំមនុស្សដើម្បីវិធានការសុខាភិបាល ការជួបជុំមនុស្សដើម្បីកិច្ចការមនុស្សធម៌ និងបម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
អ្នកវិភាគសេដ្ឋកិច្ចលោក ង៉ែត ជូ យល់ថា ផលប៉ះពាល់លើប្រាក់ចំណូលអាចកើតមានលើអាជីវករដែលលក់ដូរពេលយប់ ប៉ុន្តែលោកថា ក្នុងកាលៈទេសៈនេះ បញ្ហាអាទិភាពគឺការពារសុវត្ថិភាពសុខភាពសាធារណៈ។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពយើងវាអត់សូវថមថយ អ៊ីចឹងវិធានការថ្មីៗដែលទៅជួយឲ្យស្ថានភាពកាន់តែមានភាពធូរស្រាល ហ្នឹងវាចាំបាច់ជាង ពីព្រោះការរីករាលដាលទាក់ទងនឹងការព្យាបាលការចំណាយ...គឺវាពិបាក ហើយវាប្រឈមមុខហានិភ័យជាមួយនឹងការបាត់បង់អាយុជីវិត។ អីចឹងក្នុងស្ថានភាពនេះសេដ្ឋកិច្ច ប្រហែលជាមិនមែនជាអាទិភាពទេ អាទិភាពគឺសុខសុវត្ថិភាពហើយនិងសុខភាពប្រជាពលដ្ឋហ្នឹងជាធំ»។
លោកបន្ថែមថា វិធានការរឹតត្បិតការធ្វើដំណើរនិងលក់ដូរអាហារ ឬភេសជ្ជៈនាពេលរាត្រី សម្រាប់រយៈពេល ១៤ ថ្ងៃនេះ អាចនឹងមានការពន្យារពេលបន្ថែម ឬក៏ឈានដល់ផ្អាកសកម្មភាពធ្វើដំណើរនិងអាជីវកម្មនាពេលព្រឹកនិងរសៀលផងដែរ ក្នុងករណីចំនួនឆ្លងថ្មីមិនចុះថមថយនោះ។
នៅខេត្តព្រះសីហនុវិញ លោក គួច ចំរើន អភិបាលខេត្ត ក៏បានចេញសេចក្តីសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
នេះជាវិធានការបន្ថែមរបស់រដ្ឋបាលខេត្តព្រះសីហនុ លើវិធានការដែលហាមឃាត់ការធ្វើដំណើរបស់ពលរដ្ឋចេញចូលពីក្នុងខេត្តព្រះសីហនុ ទៅកាន់ខេត្តក្រុងផ្សេងទៀត ឬពីខេត្តក្រុងផ្សេងទៀតចូលមកក្នុងខេត្តព្រះសីហនុ។
កាលពីសប្តាហ៍មុន ធនាគារពិភពលោកបានវាយតម្លៃថា សេដ្ឋកិច្ចប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២១ នេះអាចនឹងមានកំណើនក្នុងអត្រា ៤%។ ធនាគារព្រមានថា កម្ពុជាអាចនឹងឃើញការងើបឡើងវិញនៃសេដ្ឋកិច្ចដូចការប៉ាន់ស្មានជាមុន ប្រសិនបើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអាចបន្តគ្រប់គ្រងបានល្អនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ហើយត្រូវធ្វើឲ្យប្រាកដថា វិធានការទប់ស្កាត់មួយចំនួនមិនត្រូវរំខានដល់សកម្មភាពសេដ្ឋកិច្ច។
ធនាគារពិភពលោកបានលើកឡើងថា សេដ្ឋកិច្ចនៅប្រទេសមួយចំនួនអាចងើបឡើងវិញបានល្អដោយសារប្រទេសទាំងនោះមានវិធានការស័ក្តិសិទ្ធិក្នុងការគ្រប់គ្រងការរាតត្បាតកូវីដ១៩ ដោយផ្លាស់ប្តូរពីវិធានការបិទខ្ទប់តឹងរ៉ឹងទៅដាក់ចេញយុទ្ធសាស្ត្រ ដែលមានការធ្វើតេស្តប្រកបដោយប្រសិទ្ធភាព ជាជាងបណ្តែតបណ្តោយតាមការអូសបន្លាយនៃការដាក់វិធានការបិទខ្ទប់៕