រដ្ឋបាលរាជធានីភ្នំពេញបានចោទក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ៩០នាក់ថា កំពុងបន្តធ្វើសកម្មភាពអនាធិបតេយ្យច្រំដែលៗក្នុងចេតនាធ្វើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់បាក់មុខ បាក់មាត់ ខណៈក្រុមនេះបន្តធ្វើបាតុកម្មខុសច្បាប់ក្នុងទីក្រុងភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
សេចកី្តប្រកាសរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានពន្យល់ថា ក្រោមការរៀបចំផែនការរួចជាស្រេចរបស់ក្រុមមនុស្សមួយក្តាប់តូចដែលនៅពីក្រោយការរៀបចំឈុតឆាកសម្តែង ក្នុងន័យបង្កើតរូបភាពអវិជ្ជមាន បង្កការប៉ះពាល់ដល់មុខមាត់អាជ្ញាធរគ្រប់ជាន់ថ្នាក់នោះ «ក្រុមនេះបានបន្តធ្វើសកម្មភាពអនាធិបតេយ្យយ៉ាងគឃ្លើនជាដដែលៗ»។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញផ្តល់ការកត់សម្គាល់ថា ជាក់ស្តែងនៅវេលាម៉ោង ១៥:១៥នាទីនាថ្ងៃទី១១ខែសីហា ក្រុមបាតុករបាន«រៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទម្លាក់កំហុសមកលើអាជ្ញាធរអនុវត្តច្បាប់ (ថា បានប្រើអំពើហិង្សាលើបាតុករ) ដោយធ្វើសកម្មភាពញុះញង់ ដុតកម្តៅ បញ្ឆេះកំហឹង បន្តការជេរប្រមាថមកលើមន្ត្រីសាធារណៈ ហើយថែមទាំងជាន់កម្ទេចបំផ្លាញប៉ារាស ធ្វើឱ្យខូចខាតជិត២០ផ្ទាំង»។
សេចក្តីប្រកាសដដែលរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលើកឡើងទៀតថា ក្រុមបាតុករបានប្រើហិង្សាថែមទៀតមកលើសមត្ថកិច្ចរហូតដល់មានការប៉ះទង្គិចគ្នាបន្តិចបន្តួច និងថា ដូចផែនការដែលបានគ្រោងទុក ក្រុមអគតិមួយក្តាប់តូចបានធ្វើការបង្ហោះ ចែកចាយនូវរូបភាពដែលបានចងក្រងទុកជាមុន ក្នុងន័យទម្លាក់កំហុសមកលើសមត្ថកិច្ច។
កូដករណាហ្គាវើលដ៍បញ្ជាក់ថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។ នេះបើតាមសេចក្តីរាយការណ៍របស់សំឡេងប្រជាធិបតេយ្យ (VOD) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់លោក ឃុន ថារ៉ូ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា អាជ្ញាធរត្រូវបើកការស៊ើបអង្កេតរកអ្នកដែលបង្កហិង្សាក្នុងព្រឹត្តិការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកូដករកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោកថ្លែងថា៖ «អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ទៅនឹងបុគ្គលដែលគាត់ប្រើប្រាស់ហិង្សា ជាពិសេសសន្តិសុខអាជ្ញាធរទាំងអស់ហ្នឹង ព្រោះយើងមើលឃើញថា វាមាននូវភ័ស្តុតាងច្បាស់លាស់ហើយដែលខាងអាជ្ញាធរហ្នឹងប្រើប្រាស់អំពើហិង្សាទៅលើកូដករ»។
បើតាមលោក ឃុន ថារ៉ូ ចំណាត់ការផ្លូវច្បាប់ណាមួយដែលសាលារាជធានីប៉ុនប៉ងធ្វើមកលើកូដករណាហ្គាវើលដ៍ជាចេតនាដាក់សម្ពាធ គំរាមកំហែង បំបាក់ស្មារតី មិនឱ្យកូដករប្រើប្រាស់សិទ្ធិតវ៉ារបស់ពួកគេ ដែលមានចែងតាមច្បាប់ស្តីពីការងារ និងច្បាប់ពាក់ព័ន្ធផ្សេងទៀត។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងក្នុងសេចក្តីប្រកាសចុះថ្ងៃទី១១ ខែសីហាថា ចំពោះព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈភ័ស្តុតាងដែលមានស្រាប់នានា អាជ្ញាធរមានសមត្ថកិច្ចនឹងចងក្រងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការដើម្បីនាំជនដៃដល់មកផ្តន្ទាទោសតាមផ្លូវច្បាប់នូវសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ «ប្រើអំពើហិង្សាមកលើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រមាថមកលើមន្ត្រីរាជការកំពុងបំពេញភារកិច្ច»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា វិធានការច្បាប់ដែលនឹងមានទៅលើជនសង្ស័យដែលបង្កអំពើហិង្សា មិនមែនជាទម្រង់នៃការធ្វើទុក្ខបុកម្នេញលើក្រុមកូដករទេ។
លោកថ្លែងថា៖ «ច្បាប់ហ្នឹងសម្រាប់ដាក់ពិន័យ ឬក៏កម្រិតអ្នកធ្វើខុសត្រូវទទួលទៅតាមកំហុសរបស់ខ្លួន ទៅតាមទោសទណ្ឌ ទៅតាមទំហំនៃអ្វីដែលខ្លួនធ្វើខុស។ អ៊ីចឹងច្បាប់ហ្នឹង វាជាបន្ទាត់មួយសម្រាប់តម្រង់មនុស្សយើង ឱ្យប្រជាពលរដ្ឋរបស់យើងហ្នឹងជាពលរដ្ឋល្អ។ បើយើងអត់មានច្បាប់ទេ លួចឆក់ប្លន់អ៊ីចឹងទៅ ក៏ៗអត់អី បាញ់សម្លាប់គេក៏អត់អី លក់គ្រឿងញៀនក៏អត់អី»។
ទោះមានការបកស្រាយពីរដ្ឋបាលរាជធានីភ្នំពេញបែបណាក្តី មេដឹកនាំសហជីពកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្កោលទោសចំពោះហិង្សាដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍មកលើកូដករ ពីសំណាក់បុគ្គលដែលគេមិនស្គាល់អត្តសញ្ញាណ ហើយដែលត្រូវបានការពារដោយសាលារាជធានីភ្នំពេញទៅវិញ។
កញ្ញាថ្លែងថា៖ «អ្នកដែលមកវាយកូដករហ្នឹងគឺអាជ្ញាធរស្លៀកឯកសណ្ឋាន ហើយមានជនស៊ីវិលទៀត មានជនស៊ីវិលអត់មានឯកសណ្ឋានទៀត គឺក្រុមអន្ធពាលតែម្តង។ យើងឃើញថា គឺប្រើប្រាស់ពួកអន្ធពាលមកធ្វើសកម្មភាពហិង្សាលើកូដករជាស្ត្រីទាំងអស់ហ្នឹងតែម្តង។ អ៊ីចឹងហើយយើងឃើញ បានន័យថា យើងថ្កោលទោស ហើយនឹងសោកស្តាយណាស់ដែលសាលាក្រុងបែរជាចេញមុខមកកាងពួកអន្ធពាល»។
ដោយឡែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ធ្វើការកត់សម្គាល់ក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា រាល់ពេលជួបជុំរបស់កូដករណាហ្គាវើលដ៍តែងត្រូវរងការរឹតត្បិតនិងករណីខ្លះមានប្រើហិង្សាបង្ករបួសស្នាមដល់ស្ត្រីកូដករជាច្រើន ដែលទង្វើនេះអាជ្ញាធរគួរមានចំណាត់ការទប់ស្កាត់មិនឱ្យកងកម្លាំងសមត្ថកិច្ចធ្វើបែបនេះ។ អ្នកស្រីបន្តថា តែជារឿយៗ អាជ្ញាធរបែរជាការពារការប្រើទម្រង់ហិង្សា និងបន្តចោទប្រកាន់កូដករថា បង្កើតរូបភាព។ល។ និងចោទតំណាងសហជីព អង្គការសង្គមស៊ីវិលដែលតាមដានករណីនេះថា នៅពីក្រោយកូដកម្មជាដើម។
អ្នកស្រីបន្ថែមក្នុងន័យដើមថា៖ «ការចេញមុខការពាររាល់ទម្រង់ហិង្សាលើស្ត្រីគឺជារឿងខុសឆ្គង ខណៈកម្ពុជាចង់លុបបំបាត់អំពើហិង្សាលើស្ត្រី [និង]កុមារ ហើយយើងប្រកាសថា កម្ពុជាជាប្រទេសសន្តិភាព ឬស្រឡាញ់សន្តិភាពនោះ»៕