នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន កាលពីថ្ងៃពុធកន្លងទៅ បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារមនុស្សជាច្រើននាក់ដែលបានស្លាប់ និងរងរបួស ក្រោយបុរសជនជាតិអាមេរិកាំងម្នាក់ បានបើកការវាយប្រហារទៅលើអ្នកចូលរួមការប្រគំតន្ត្រីមួយកន្លែងនៅក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) សហរដ្ឋអាមេរិក កាលពីដើមសប្ដាហ៍នេះ។
លោក ហ៊ុន សែន មិនត្រឹមតែចូលរួមរំលែកទុក្ខប៉ុណ្ណោះទេ តែថែមទាំងបានថ្លែងរិះគន់ និងចំអកចំៗចំពោះលោក វីលៀម ហៃដ៏ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ទាក់ទិនសារព្រមានរបស់លោកឯកអគ្គរដ្ឋទូតអំពីបញ្ហាសន្តិសុខនៅកម្ពុជា។
«អគ្គរដ្ឋទូតអាមេរិកនៅមុនពេលភ្ជុំ បែរជាធ្វើការដាស់តឿនប្រជាជនអាមេរិកដែលមកប្រទេសកម្ពុជា សុំឲ្យមានការប្រុងប្រយ័ត្នពីសន្តិសុខ ប៉ុន្តែវាមិនបានកើតរឿងនេះនៅប្រទេសកម្ពុជាឯណា! វាទៅកើតនៅក្នុងប្រទេសអាមេរិកខ្លួនឯង។ វាហាក់ដូចជាការចំអកមួយចំពោះអគ្គរដ្ឋទូតអាមេរិកតែម្ដង ប៉ុន្តែបើទោះបីវាជាការចំអកសម្រាប់អគ្គរដ្ឋទូតអាមេរិក ដែលបំភ័យប្រជាជនកម្ពុជាក៏ដោយចុះ តែការស្លាប់នៅអាមេរិក គឺជាសោកនាដកម្មដែលគួរឲ្យសោកស្ដាយ ហើយយើងធ្វើការថ្កោលទោសជាមួយអំពើឃោរឃៅបែបនេះ»។ប៉ូលិសនៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណជនឈ្មោះ ស្ទីហ្វិន ភែដដក់ (Stephen Paddock) អាយុ៦៤ឆ្នាំ មកពីក្រុង Mesquite រដ្ឋ Nevada ថាជាខ្មាន់កាំភ្លើងនៅក្នុងបាញ់ប្រហាររង្គាលដ៏ប្រល័យបំផុតនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់អាមេរិក។
អាជ្ញាធរជឿថា ជនឈ្មោះ Paddock នេះ បានបាញ់រះទៅលើហ្វូងមនុស្សចំនួន២២.០០០នាក់ ដែលបានចូលរួមមើលការប្រគំតន្ត្រីកណ្ដាលវាលមួយ និងបានសម្លាប់មនុស្សអស់ចំនួន ៥៨នាក់ និងធ្វើឲ្យរបួសជាង៥០០រយនាក់ទៀត មុនពេលដែលរូបគេបានសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់សណ្ឋាគារមួយ ដែលអាចមើលឃើញកន្លែងប្រគុំតន្ត្រីទាំងមូលនោះបាន។
ប្រជាពលរដ្ឋខ្មែរមួយចំនួនរស់នៅក្នុងក្រុងភ្នំពេញ បានបង្ហាញការសោកស្ដាយចំពោះព្រឹត្តិការណ៍បាញ់ប្រហារដ៏រន្ធត់ទៅទីក្រុង Las Vegasនោះ ទោះបីជាពួកគេមិនបានដឹងលម្អិតអំពីការបាញ់ប្រហារនេះក៏ដោយ។
ក្នុងកិច្ចសម្ភាសន៍មួយជាមួយ VOA កាលពីថ្ងៃសុក្រ លោក ចាន់ រឿន វ័យ៣០ ឆ្នាំ មកពីខេត្តកណ្ដាល បានបញ្ជាក់ថា លោកពុំបានទទួលព័ត៌មានអំពីការបាញ់ប្រហារនោះទេ តែលោកចាត់ទុកថា សកម្មភាពផ្ដាច់យកជីវិតមនុស្សដ៏ឃោរឃៅនេះ គឺជារឿងដែលមិនគួរកើតមាននៅលើទឹកដីសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចមួយក្នុងលោក។
លោកបានស្នើឲ្យអាជ្ញាធរកម្ពុជា រក្សាការប្រុងប្រយ័ត្នចំពោះហេតុការណ៍បាញ់ប្រហារ ដែលអាចនឹងកើតឡើងនៅកម្ពុជាក្នុងពេលណាមួយផងដែរ។
«ខ្ញុំគិតថា វាអាចមានដូចគ្នា ព្រោះស្រុកគេជាប្រទេសមហាអំណាចនៅតែមាន ចុះទម្រាំស្រុកយើង ដែលជាប្រទេសតូចតាច អីចឹងវាអាចកើតដែរ»។
លោក ចាន់ រឿន បានបញ្ជាក់ឲ្យដឹងថា លោកមិនមានព័ត៌មានអំពីសេរីភាពនៃការកាន់កាប់អាវុធនៅអាមេរិកនោះទេ តែលោកថា កម្ពុជាមានបញ្ហាក្នុងការគ្រប់គ្រងផងដែរ ខណៈដែលក្រុមចោរជារឿយៗ បានប្រើប្រាស់អាវុធដើម្បីធ្វើសកម្មភាពឧក្រិដ្ឋ។
លោកបានបន្តថា ករណីបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ ក៏ធ្លាប់កើតឡើងនៅកម្ពុជា តួយ៉ាងដូចជាការបាញ់លោក កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញនៅកម្ពុជាជាដើម។
លោក ចាន់ រឿន បានស្នើឲ្យមន្ត្រីការពារជាតិ បង្កើនការគ្រប់គ្រងអាវុធ ដើម្បីបញ្ចៀសការវាយប្រហារដោយអាវុធ ដូចអ្វីដែលបានកើតឡើងនៅកម្ពុជា កាលពីថ្ងៃទី ៥ និង ៦កក្កដាឆ្នាំ ១៩៩៧។
និស្សិតផ្នែកស្ថាបត្យកម្ម ដែលសុំផ្ដល់តែឈ្មោះហៅក្រៅ ថា បាវ៉ាត ដោយសារភ័យខ្លាចពីសន្តិសុខផ្ទាល់ខ្លួន បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះ ថា ការបាញ់ប្រហារនៅសហរដ្ឋអាមេរិក អាចជាសកម្មភាពភេរវកម្ម ឬក៏ជាផ្នែកមួយនៃជម្លោះសាសនា។
«ចំពោះខ្ញុំ វាប្រទេសសេរីហើយ មើលទៅប្រកាន់ច្បាប់ខ្ជាប់ខ្ជួនហើយ ដល់ពេលមានការវាយប្រហារសម្លាប់ជីវិតមនុស្សអីចឹង វាដូចភេរវកម្មមួយអញ្ចឹង»។
និស្សិតរូបនេះថ្លែងថា កម្ពុជា មិនទាន់ជួបហេតុការណ៍បាញ់ប្រហារដោយកំរោលដែលផ្ដាច់យកជីវិតមនុស្សរាប់សិបនាក់នោះទេ តែលោកថា អ្នកមានអំណាចមួយចំនួន បានយកកាំភ្លើងជាត្រីមុខ សម្រាប់ដោះស្រាយបញ្ហា ហើយថា ឃាតកពិត រមែងមិនដែលត្រូវបានចាប់យកមកផ្ដន្ទាទោសនោះទេ។
«ប៉ុន្តែវាធ្លាប់មានការបាញ់តាមថ្នល់ វាអត់សណ្ដាប់ធ្នាប់ អីចឹងទៅវាអាចប៉ះពាល់ដែរនៅស្រុកខ្មែរ។ ដល់ពេលប្រើប្រាស់កាំភ្លើងលក្ខណៈផ្ទាល់ខ្លួន ហើយវាមួយទៀត វាដូចជាស័ក្ដិ វាពាក់ព័ន្ធនឹងស័ក្ដិយសដែរ។ នៅពេលស័ក្ដិយសអាចប្រើប្រាស់កាំភ្លើងអីចឹងទៅ ឧបមាថាអត់មានច្បាប់ទម្លាប់ត្រឹមត្រូវក្នុងការប្រើប្រាស់កាំភ្លើង អីចឹងវាអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃដែរ ដូចជាការឈ្លោះគ្នាអីចឹង ចូលចិត្តភាគច្រើននៅស្រុកខ្មែរ នៅពេលមានបញ្ហាអីចូលចិត្តយកកាំភ្លើងមកដោះស្រាយ»។
មូលហេតុនៃការបាញ់ប្រហារដ៏ប្រល័យនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ប៉ូលិសនិយាយថា ជន Paddock នេះ មិនមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋអ្វីនោះទេ។ ប៉ូលិសFBI បានបន្ថែមថា ជននេះគ្មានការពាក់ព័ន្ធនឹងក្រុមភេរវកម្មអន្តរជាតិណាមួយនោះទេ។ ចំណែកឯក្រុមរដ្ឋឥស្លាមបានអះអាងថាការវាយប្រហារនេះគឺជាស្នាដៃរបស់ខ្លួន ប៉ុន្តែមិនបានផ្ដល់ភស្តុតាងអ្វីចំពោះការអះអាងនេះទេ
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុំមិនធ្វើការអធិប្បាយលើការបាញ់ប្រហារក្នុងទីក្រុងទេសចរណ៍ និងកម្សាន្ត Las Vagas នោះទេ។ ប៉ុន្តែលោកបានចូលរួមសំដែងការសោកស្ដាយជាមួយសហរដ្ឋអាមេរិក។
លោកបានប្រាប់ VOA បន្ថែមថា អាមេរិក គឺជាប្រទេសដ៏មានអំណាចដែលចូលចិត្តបង្រៀនប្រទេសផ្សេងទៀត មិនគួរណាមានហេតុការណ៍បែបនេះ កើតឡើងនោះឡើយ។
លោក ខៀវ សុភ័គថ្លែងថា៖
«Sorry[សុំទោស] ពូមិនអាចមានសិទ្ធិទៅ comment [អធិប្បាយ]ចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់អាមេរិកទេបាទសុំទោសក្មួយណាស់ គ្រាន់តែថានេះ បានន័យថា នែសុំចូលរួមនូវការកាន់ទុក្ខសោកសៅណាស់។ ហើយទាំងគេ ទាំងយើង យើងមិនចង់ឲ្យមានព្រឹត្តិការណ៍ហ្នឹងកើតទេ។ បាទហើយស្ដាយមែនទែន មិនគួរឲ្យមានកើតមាននៅប្រទេសសេរី ប្រជាធិបតេយ្យ ហើយមហាអំណាចនៅសាកលលោក ដែលគាត់តែងតែដើរបង្រៀនអ្នកដទៃ ស្រាប់តែស្រុកគាត់ បាទៗ ស្ដាយមែនទែន»។
លោក អារិន ស្វាចេស (Arend Zwartjes ) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បដិសេធមិនផ្ដល់ការអធិប្បាយ ពាក់ព័ន្ធនឹងការថ្លែងរិះគន់របស់លោក ហ៊ុន សែន។
បន្ទាប់ពីការវាយប្រហារនោះបានប៉ុន្មានថ្ងៃ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Las Vegas ដើម្បីជួបជាមួយជនរងគ្រោះ និងមន្ត្រីប៉ូលិស ហើយនិងអ្នកជួយសង្គ្រោះផ្សេងទៀត។
ក្រុមអ្នកស៊ើបអង្កេត បានរកឃើញកាំភ្លើងចំនួន២៣ដើមនៅក្នុងបន្ទប់សណ្ឋាគាររបស់ជនឈ្មោះ Paddock និងឧបករណ៍ជំនួយការបាញ់កាំភ្លើងចំនួន ១២ផ្សេងទៀត។ ខ្មាន់កាំភ្លើង បានដំឡើងកាមេរ៉ាចម្រុះ ដើម្បីរក្សាការឃ្លាំមើលពីខាងក្រៅបន្ទប់ ហើយក៏ទំនងដើម្បីតាមដានមើលការឆ្លើយតបរបស់ប៉ូលិស។ កាំភ្លើងចំនួន២៦ដើមផ្សេងទៀត ក៏ត្រូវបានរកឃើញនៅក្នុងផ្ទះចំនួនពីរខ្នងរបស់ជននោះ នៅក្នុងរដ្ឋ Nevada។
រហូតមកដល់ពេលនេះ ការស៊ើបអង្កេតរកហេតុផលក្រោយបាញ់ប្រហារយ៉ាងអាក្រក់អាក្រីនេះ កំពុងបន្ត។ អ្នកស្រី ម៉ារីលូ ដែនលី (Marilou Danley) វ័យ ៦២ ឆ្នាំ ដែលជាមិត្តស្រីរបស់Paddock បានបញ្ជាក់ប្រាប់អាជ្ញាធរឲ្យដឹងថា មិត្តប្រុសរបស់គាត់ មិនដែលបង្ហាញឲ្យដឹងពីសញ្ញាណណាមួយនៃការវាយប្រហារនោះទេ៕