រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ បានណែនាំដល់ប្រជាពលរដ្ឋអំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយមានការកំណត់ប្រភេទថង់ច្រកសំរាមសើម និងស្ងួត។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញស្តីពី«ការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ» ចុះថ្ងៃទី ៨ ខែមករា បញ្ជាក់ថា ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំ អាជ្ញាធរនឹងផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងមានវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើអាជីវកម្ម ជាបណ្តោះអាសន្នតាមការចាំបាច់។
បើតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន មាត្រា ៣៩ ចែងថា ការមិនអនុវត្តតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រុង ស្រុក ខណ្ឌ ក្នុងការញែក និងការវេចខ្ចប់ដោយឡែកនូវសំរាមសំណល់រឹងទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញឬកែច្នៃបាន ត្រូវទទួលការពិន័យ អន្តរការណ៍ជាប្រាក់ ចន្លោះពី១ម៉ឺនរៀលទៅដល់២០ម៉ឺនរៀល។ ក្នុងករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន។
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញខ្លះសាទរចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែអំពាវនាវឱ្យអាជ្ញាធរពង្រឹងការណែនាំបន្ថែមទៀត។
កញ្ញា ជា លីណា អាយុ ៣១ ឆ្នាំ អ្នកលក់ផ្លែឈើនៅរាជធានីភ្នំពេញ ប្រាប់វីអូអេថា កញ្ញាបានបែងចែកសំរាមទៅតាមប្រភេទផ្សេងៗពីគ្នាទៅតាមការណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ។
កញ្ញាថ្លែងថា៖ «គ្រឿងកំប៉ុងអីផ្សេង ស្ងួត និងគ្រឿង អា[មាន]ទឹក យើងបែងចែកផ្សេងគ្នាទៅ»។
អ្នកលក់ផ្លែឈើរូបនេះបន្ថែមទៀតថា កាលពីកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីណែនាំពីការគ្រប់គ្រងសំរាមដែរ ប៉ុន្តែកញ្ញាថា ការណែនាំនោះមិនបានធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងទូលំទូលាយនៅឡើយទេអំពីការទុកដាក់សំរាម។ កញ្ញាស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញគួរតែពង្រឹងការណែនាំដល់ពលរដ្ឋបន្ថែមទៀត ដោយកុំទាន់ចាត់វិធានការផាកពិន័យ។
កញ្ញាលើកឡើងថា៖ «ខ្ញុំគិតថា វាអត់ទាន់គួរតែគាត់ផាកអាហ្នឹង។ បើសម្រាប់ខ្ញុំ ព្រោះប្រជាជនយើងអត់ទាន់យល់ដឹងពីខាងហ្នឹងទេ អត់ទាន់ច្រើន។ បើសម្រាប់ក្មេងៗអាហ្នឹងគាត់អាចថា គាត់យល់ដឹងបានខ្លះៗ។ បើសម្រាប់ចាស់ៗវិញ គាត់ភាគច្រើនចង់៨០-៩០% ហើយគាត់អត់ទាន់យល់ដឹងអារឿងការបែងចែកសំរាម។ អ៊ីចឹងបើគាត់ចេញពិន័យផាក គឺពិបាក។ គាត់[រដ្ឋបាលរាជធានីភ្នំពេញ]បង្រៀនពីខាងហ្នឹងសិន ចាំយើងរឹតបន្តឹងច្បាប់វាអត់សូវអី ដល់ពេលអ៊ីចឹងទៅវារាងពិបាកស្តាប់ ពិបាកមើល»។
ចំណែកអ្នកលក់ដូងក្រអូបនៅរាជធានីភ្នំពេញ អ្នកស្រី ប៊ុន ដា អាយុ៦៤ឆ្នាំ ប្រាប់វីអូអេថា សំរាមរបស់អ្នកស្រីភាគច្រើនគឺសំបកដូង ដែលអ្នកស្រីតែងតែប្រមូលច្រកដាក់ការុង ដើម្បីឱ្យរថយន្តដឹកសំរាមងាយស្រួលលើកដាក់។ អ្នកស្រីក៏សំណូមដល់ប្រជាពលរដ្ឋទាំងអស់ឱ្យគ្រប់គ្រងសំរាមឱ្យបានល្អ ដើម្បីចូលរួមថែរក្សាបរិស្ថានទីក្រុង។
អ្នកស្រីថ្លែងថា៖ «បើអ៊ំដូចសំបកដូងអីមានឡានស៊ិនទ្រី អីមកយកដល់ៗកន្លែង ។អ៊ីចឹងយើងចាក់ទៅ។ យើងរៀបបោសឱ្យស្អាតទៅហើយៗ។ សំណូមពរថា ឱ្យយើងប្រជាពលរដ្ឋឬទាំងអស់គ្នា យើងជួយថែទាំទីក្រុង។ យើងជួយអនាម័យគ្នា គួរតែជួយសម្អាតទាំងអស់គ្នាទៅ។ [បើ]សម្អាតម្នាក់ អ្នករាប់ពាន់រាប់ម៉ឺននាក់ពង្រាយ អ្នកធ្វើម៉េចស្អាត? ដល់តែយើងជួយគ្នា»។
អ្នកស្រីបន្ថែមថា សំរាមក្នុងផ្ទះអ្នកស្រីវិញ អ្នកស្រីច្រកដាក់ចូលក្នុងថង់លាយគ្នាដោយចងបិទជិត ទើបយកទៅចោលនៅពេលមានរថយន្តដឹកសំរាមមកយក។ អ្នកស្រីថា ការដែលអ្នកស្រីធ្វើបែបនេះ ដោយសារតែអ្នកស្រីមិនបានដឹងច្បាស់ពីការគ្រប់គ្រងសំរាមនៅឡើយ។
ចំណែកអ្នកស្រី អឿង ស៊ីណេត អាយុ២៦ឆ្នាំដែលជាអ្នកលក់បាយឆា និងមីឆាលើរទេះ ប្រាប់វីអូអេថា អ្នកស្រីសាទរចំពោះចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលផាកពិន័យលើអំពើទាំងឡាយណាដែលល្មើសនឹងការគ្រប់គ្រងសំរាម។
អ្នកស្រីនិយាយថា៖ «ហ្នឹងហើយជារឿងល្អបង បើគេផាក។ប៉ុន្តែខ្ញុំអត់ដែលចោលនេះទេ។ ខ្ញុំមានសំរាមសុទ្ធតែស្ងួតទាំងអស់ [ដាក់]ចូលគ្នាទាំងអស់ហ្មង តែអត់មានអារាវទេ មានសុទ្ធតែអាស្ងួតទាំងអស់បង។ [សំរាមរបស់]ខ្ញុំដាក់ចូលក្នុងធុង[សំរាមជិតហ្នឹង]ហ្មង ដាក់ក្រៅគេអត់យកទេ … ឡានស៊ិនទ្រី»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននៅឡើយទេ។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃចន្ទថា រដ្ឋបាលធ្លាប់បានចេញសេចក្តីណែនាំមួយ កាលពីខែកញ្ញា ឆ្នាំ ២០២១ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដោយបានណែនាំលម្អិតអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង។
រដ្ឋបាលបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា កន្លងទៅ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រ សហគ្រាស និងបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្ដីណែនាំនេះ ប៉ុន្តែនៅមានមួយចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។
បើតាមសាលារាជធានីភ្នំពេញ សំរាមស្ងួត មានដូចជាក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង និងដបជាដើម ត្រូវដាក់ក្នុងថង់ពណ៌ស។ ចំណែកសំរាមសើម ដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ និងផ្កាជាដើម ត្រូវដាក់ក្នុងថង់ពណ៌ខ្មៅ។ ក្នុងករណីការទុកដាក់សំរាមមិនត្រឹមត្រូវតាមពណ៌ថង់ខ្មៅ និងស ដូចដែលបានកំណត់ខាងលើ ក្រុមហ៊ុននឹងមិនប្រមូលសំរាមឡើយ។
សេចក្តីណែនាំឱ្យដឹងថា៖ «ការដាក់សំរាម សំណល់រឹងក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅនិងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលសំរាមឡើយ។ បងប្អូនប្រជាពលរដ្ឋអាចរកទិញថង់ទាំង២ពណ៌ខាងលើនេះនៅតាមបណ្តាទីផ្សារនានា»។
ចំពោះសំណល់ដែលបង្កគ្រោះថ្នាក់ មានដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានា មិនត្រូវវេចខ្ចប់លាយឡំនឹងសំរាមសើម និងសំរាមស្ងួតឡើយ ពោលត្រូវដាក់ចូលក្នុងធុងសំរាមឬប្រអប់ដោយឡែកឱ្យបានត្រឹមត្រូវ។
សម្រាប់ការទុកដាក់សំរាមវិញ គឺត្រូវទុកដាក់ទៅតាមទីតាំងទុកដាក់សំរាមដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករប្រមូលសំរាម ដោយត្រូវសម្រិតទឹកចេញពីថង់សំរាម ចងមាត់ថង់សំរាមឱ្យជិតត្រឹមត្រូវ មុននឹងយកទៅបោះចោលតាមទីតាំងចោលសំរាម៕