អាជ្ញាធរ​បន្ត​បិទ​ខ្ទប់​តំបន់​ឆ្លង​ខ្លាំង​​នៃ​ជំងឺ​កូវីដ​១៩​មួយ​សប្តាហ៍​ទៀត ដោយប្រតិកម្ម​នឹង​ការ​រិះគន់

រូបឯកសារ៖ ពលរដ្ឋនៅតំបន់បិទខ្ទប់កំពុងអង្គុយរង់ចាំធ្វើតេស្តរកវីវុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ នៅផ្សារមួយកន្លែងដែលត្រូវបានបិទទ្វារ ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១។

អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​បាន​បន្ត​បិទ​ខ្ទប់​តំបន់​ក្រហម ​និង​តំបន់​លឿង​ទុំ​ ដែល​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ធ្ងន់​ធ្ងរ​និង​មធ្យម រហូត​ដល់​ថ្ងៃទី​ ១២ ​ខែ​ឧសភា ​និង​បាន​រិះ​គន់ខ្លាំង​ៗដល់អ្នក​ដែល​មាន​ទស្សនៈ​ផ្ទុយ​នឹង​រដ្ឋាភិបាល​ពាក់ព័ន្ធនឹង​វិធាន​ការ​បិទ​ខ្ទប់នេះ។

អាជ្ញាធរ​អះ​អាង​ថា ​ការ​បន្ត​វិធាន​ការ​បិទ​ខ្ទប់​ក្នុងតំបន់​គ្រោះ​ថ្នាក់​ទាំង​ពីរ​នេះ គឺជា​ការខិតខំ​បន្ថែម​ក្នុង​ការ​ផ្តាច់​ចរន្ត​ចម្លង​នៃ​ជំងឺកូវីដ​១៩ ដែល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ភាគ​ច្រើន​រក​ឃើញ​នៅ​ទីនោះ។

អាជ្ញាធរ​អះអាង​ថា ​អ្នក​រស់​នៅ​ក្នុងតំបន់​លឿង​ដែល​ត្រូវ​កំណត់​ថា​មាន​កម្រិតឆ្លង​ស្រាល ​ក៏ត្រូវ​គោរពតាម​វិធានការ​សុខាភិ​បាល​ និងរដ្ឋបាល​ដែលមានស្រាប់ ​ដូចជា​បម្រាម​គោចរ​ ការ​បន្ត​លក់​អាហារ​វេច​ខ្ចប់ ការមិនប្រមូលផ្តុំ​គ្នា ​និង​ការមិន​ទទួលទាន​គ្រឿងស្រវឹង​រួមគ្នា និង​បន្ត​ប្រកាន់​ខ្ជាប់​វិធានការ«​បីកុំ​ បីការ​ពារ​»ជាដើម។

ក្នុង​សន្និសីទ​សារព័ត៌​មាន​រៀបចំ​នៅសាល​ក្រុង​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​លោក ​កើត ឆែ បាន​ទទូច​ឲ្យពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យ​បាន​ជាប់​លាប់​វិធាន​ការ​សុខាភិបាល និង​រដ្ឋបាល​ដែល​កំណត់​ដោយ​អាជ្ញាធរ ដើម្បីឈាន​ទៅ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​សហ​គមន៍ ​២០ កុម្ភៈ ឲ្យ​បានឆាប់ ​ហើយ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​រស់​ក្នុង​តំបន់​ក្រហម​និង​តំបន់​លឿងទុំ​ អត់ធ្មត់​ក្នុង​ពេល​បន្ត​ការ​បិទ​ខ្ទប់​មួយ​សប្តាហ៍​ទៀត។

លោក​ថ្លែង​ថា៖ «យើង​ដឹង​ថា ​បង​ប្អូន​ពិបាក​នៅ​តំបន់​ក្រហម​ហ្នឹង​ និងតំបន់លឿង​ទុំ​ពិបាក ​ព្រោះ​នៅបន្ត​ទៀត តែ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការបិទ​ខ្ទប់​នេះ​ទេ ​ដើម្បី​ការពារ​អាយុ​ជីវិត​អ្នក​ដទៃ ដូច​ខ្ញុំ​និយាយ​ខាង​ដើម។ បើគាត់​ចេញ​ទៅ​យើង​កំណត់​មុខ​សញ្ញា​អត់​បាន​ទេ...អីចឹង​សុំ​ឲ្យគាត់​បន្ត​អត់​ធ្មត់​ឲ្យ​បាន​មែន​ទែន​លើ​ករណី​នេះ»។

អភិបាល​រងក្រុង​រូបនេះ​បន្ថែម​ថា ពលរដ្ឋ​ក្នុង​តំបន់​ក្រហម​និង​តំបន់​លឿងទុំ​ នឹង​មិន​ប្រឈម​ការ​ដាច់​ស្បៀង​អាហារ​ទេ ដោយ​លើក​ហេតុផល​ថា ​អាជ្ញាធរ​បាន​ត្រៀមរួច​រាល់​នូវ​ជំនួយ​ជា​អាហារ​ហូបចុក​ក្នុង​ពេល​ដែល​តំបន់​ទាំង​ពីរ​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​រាំង​ខ្ទប់​តឹងរ៉ឹង។

ឆ្លើយ​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន​ពាក់ព័ន្ធនឹង​មតិ​រិះ​គន់​របស់​ក្រុម​ដែល​មិន​គាំទ្រ​វិធាន​ការ​បិទ​ខ្ទប់​រាជ​ធានី​និង​ក្រុង​តាខ្មៅ​រយៈ​ពេល​យូរ​រហូត​ដល់ ​៣ ​សប្តាហ៍ អភិបាល​រង​លោក កើត​ ឆែ ​តប​ថា​ក្រុម​អ្នក​ប្រឆាំង​បាន​តែ​ស្រែក​រិះគន់ ពោល​គឺ​មិន​បាន​រួម​ចំណែក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​កង្វះ​ខាត ​ជា​ពិសេស​ក្នុង​តំបន់ក្រហម។

លោក​បន្ថែម​ថា៖ «កាល​ណា​និយាយ​ក្រុម​ហ្នឹង ​គឺ​យើង​មិន​បាច់​និយាយ​ទេ ​ព្រោះ​គាត់​អត់​ដែល​ចេញ​អី​ទេ​មក​ដល់​ម៉ោង​នេះ មិន​ដែល​អី​ចូលរួម​ជាមួយ​យើង​ទេ បាទ​ មិនដែល​ទេ​ ដឹង​តែ​ខុស​រហូត។ ប៉ុន្តែ​សួរ​ធ្វើអី​បានទេ? ​មិនដែល​ធ្វើ​អីទេ​បាទ»។

លោក កើត ឆែ ក៏​បាន​ចំអក​ក្រុមអ្នក​រិះគន់​ថា ​មិន​មាន​សេចក្តី​ក្លាហាន​គ្រប់​គ្រាន់​ហ៊ាន​ចូល​ទៅចែក​អំណោយ ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ ប្រឈមការ​ខ្វះខាត​ស្បៀង​ក្នុងតំបន់​ក្រហម​នោះ​ទេ​ ព្រោះ​ជា​តំបន់​មាន​ការ​ឆ្លង​ខ្ពស់។

បារ៉ាស និងខ្សែរចងបិទផ្លូវចូលតំបន់ក្រហម ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងអំឡុងពេលបិទខ្ទប់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ក្នុង​តំបន់​ក្រហម​ដដែល​នេះ អភិបាល​រង​ក្រុង​ដដែល​ក៏បាន​ព្រមាន​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​សេចក្តី​រាយការណ៍ ​ឬផ្សាយ​បន្ត​ផ្ទាល់​ក្នុង​តំបន់​ដែល​មាន​កម្រិត​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ ​ធ្ងន់ធ្ងរ​នោះ​ទេ។ លោក​និយាយ​ថា ​អ្នក​កាសែត​រូប​ណា​ដែល​នៅ​បន្ត​បំពាន​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​ក្រហម​នោះ​អាច​នឹង​ប្រឈម​វិធាន​ការ​ច្បាប់​ ដោយ​អាជ្ញាធរ​ឈប់​ប្រើ​វិធានការ​អប់រំ​ដែល​បាន​ធ្វើ​កន្លង​មក​នោះ។

លោក កើត​ ឆែ ​លើក​ឡើង​ថា៖ ​«ពីព្រោះ​កាលណា​បង​ប្អូន​យើង​ចូល​ទៅ​តំបន់​ក្រហម ​បងប្អូន​យើង​ធ្វើការ ​live​ ប្រជាពលរដ្ឋ​មក​ស្តាប់ ​live ហ្នឹងគឺ​វាណែន​ណែន​ អត់​មាន​គម្លាត​សុវត្ថិភាព​សង្គម​ទេ ​បង្ក​ហានិភ័យ​ថែមទៀត​ត្រូវ​ឆ្លង​ ដែល​យើង​មិន​អាច​សម្រេច​គោល​ដៅ​រួម​របស់​យើង​បាន​នោះ ​គឺ​ការ​កាត់​ផ្តាច់​ព្រឹត្តការណ៍​ថ្ងៃ ២០ កុម្ភៈ»។

អង្គការ​ការពារ​សិទ្ធិមនុស្ស ​(Human Rights Watch) កាល​ពី​ពេលថ្មី​ៗនេះ បានរិះ​គន់​អាជ្ញាធរ​កម្ពុជា​ដែល​បាន​រាំង​ខ្ទប់​មិន​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ ​និង​ក្រុម​ផ្តល់​ជំនួយ​ផ្សេង​ទៀត​ចូល​ទៅ​ជួយ​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម។

សេចក្តីថ្លែង​ការណ៍របស់​អង្គការ Human Rights Watch ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៥ ​ខែឧសភា ឲ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ប្រមាណ​ ៣០ ​ម៉ឺន​នាក់​ បាន​រង​ផល​ប៉ះពាល់​នៅ​ក្នុង​តំបន់​ក្រហម។

សេចក្តី​ថ្លែងការណ៍​លើក​ឡើង​ថា៖ «អ្នក​រស់​នៅ​ក្នុងតំបន់​ទាំង​នេះ​ប្រឈម​នឹង​វិធានការ​បិទ​ខ្ទប់​តឹងរ៉ឹង​បំផុត​ ក្នុង​នោះ​គឺមាន​បម្រាម​ចាកចេញ​ពីផ្ទះ លើក​លែង​តែ​ហេតុ​ផល​សុខភាព​ជាក់លាក់។ មនុស្ស​ជាច្រើន​នាក់​មិន​មាន​លទ្ធភាព​ទទួលបាន​អាហារ ​ថ្នាំពេទ្យ​ និង​តម្រូវការ​ចាំបាច់​ផ្សេងៗទៀត​ជាច្រើន​សប្តាហ៍។

ក្រុម​ជួយ​សង្គ្រោះ​ក្នុង​ស្រុក​និងអន្តរជាតិ​បាន​ប្រកាស​ពីការ​ត្រៀម​រួចរាល់​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​អ្នករង​ផល​ប៉ះ​ពាល់​ទាំង​អស់​នោះ​ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​មិន​ឲ្យ​ក្រុម​ទាំង​នោះ​ចូល​ក្នុង​តំបន់​ក្រហម​ឡើយ»។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ហៅ​កាត់​ថា​ CCFC លោក ថេង​ សាវឿន ​ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គួរ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះគន់​កន្លង​មក​ ដោយ​បង្កើន​នូវ​អភិបាលកិច្ច​ថ្នាក់​មូល​ដ្ឋាន​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ ក្នុង​ការ​ចាត់​ចែង​ជំនួយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្វះ​ខាត​ស្មើៗ​គ្នា​ មិន​ថា​ពលរដ្ឋ​នោះ​មាន​និន្នាការនយោបាយ​យ៉ាង​ណា​ទេ។

លោក​បន្ថែម​ថា ក្នុង​កាលៈ​ទេសៈ​នៃ​ការ​បិទខ្ទប់​បន្ត​ទៀត​ក្នុង​តំបន់​លឿងទុំ​និង​ក្រហម កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​និង​វិស័យ​ផ្សេង​ទៀត​ ត្រូវ​ស្ថិត​ក្នុង​ក្រុម​អាទិភាព​នៃ​ការ​ជួយ​សង្គ្រោះ​ ព្រោះ​ពួក​គេ​មិន​មានការងារ​ផង និង​ត្រូវ​ចំណាយ​លើ​ការ​ជួល​ផ្ទះ​និង​ថ្លៃ​ទឹក​ភ្លើង​ជាដើម។

«រឿង​ដែល​គាត់​ព្រួយ​បារម្ភ គឺ​ទាក់​ទង​នឹង​តម្លៃសេវា​គ្មាន​ថវិកា​ក្នុងការ​បង់ថ្លៃ​ផ្ទះ​ជួល​ បង់ថ្លៃទឹក ​និង​បង់​ថ្លៃ​ភ្លើង។ ​អ៊ីចឹង​ចំណុច​ទាំងនេះ ​បើសិន​ជា​បន្ត​បិទទៀតរដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​រដ្ឋាភិបាលគួរ​តែ​ត្រូវ​បាន​ពិចារណា​ផ្តល់​នូវ​ការ​គាំ​ទ្រពិសេស​ណាមួយ​ដល់​ពួកគាត់» ។​

ទាក់​ទិន​ការ​ចូលទៅក្នុងតំបន់ក្រហម​របស់​អ្នក​សារព័ត៌មាន ​លោក ណុប​ វី​ នាយកប្រតិបត្តិ​នៃ​សម្ព័ន្ធអ្នក​សារព័ត៌មាន​កម្ពុជា​ (ខេមបូចា) យល់​ថា អាជ្ញាធរ​គួរ​មាន​ការ​សម្រប​សម្រួល​ឲ្យ​អ្នក​សារព័ត៌មាន​បាន​ចូលក្នុងតំបន់​នោះ​ ដោយ​មានវិធាន​ការ​គាំពារ​សុខាភិបាល​ត្រឹម​ត្រូវ។

លោក​ថា អវត្តមាន​អ្នក​កាសែត​ក្នុង​តំបន់​ក្រហម​អាច​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ដំណឹង​ ពាក់​ព័ន្ធ​នឹង​សេចក្តីត្រូវ​ការផ្សេង​ៗ ឬបញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ក្នុង​តំបន់​ឆ្លង​ខ្ពស់៕