អាជ្ញាធរ​ក្រុង​ភ្នំពេញ​ផ្តើម​ពិន័យ​ជាប្រាក់​លើ​កូដករ​ណាហ្គាវើលដ៍​ពាក់​ព័ន្ធនឹង​វិធាន​បង្ការ​កូវីដ​១៩

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពតវ៉ារបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

សាលា​រាជធានី​ភ្នំពេញ​នៅ​សប្តាហ៍នេះ​បានប្រកាស​ពិន័យប្រាក់​ចន្លោះ​ពី​១លាន​រៀល​ទៅ​៥លាន​រៀល​ចំពោះ​បុគ្គលណា​ដែលបំពាន​លើ​វិធាន​ការ​សុខាភិបាល​ទប់ស្កាត់​ជំងឺកូវីដ​១៩​នៅចំពេល​កម្មករ​និយោជិត​ឬអតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិន​ដក​ថយ​ពីការ​ធ្វើកូដកម្ម។

គិត​ចាប់​តាំង​ពីថ្ងៃចន្ទ ទី២១​ ខែកុម្ភៈ​ ឆ្នំា​២០២២​នេះបុគ្គលិក​ឬអតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រាប់សិបនាក់បានចាប់​ផ្តើម​ធ្វើ​កូដកម្ម​ជាថ្មី​ក៏ប៉ុន្តែ​ពួកគេ​ត្រូវបាន​បង្ក្រាបផ្ទួនៗ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ចរាជធានីដែលបាន​ចាប់​បញ្ជូន​កូដករ​ទៅ​ធ្វើ​ចត្តាឡីស័ក​ជាបន្តបន្ទាប់​និង​បង្គាប់​ឲ្យ​ក្រុមកូដករ​ឈប់​ប្រមូលផ្តុំ​គ្នាដោយ​ខុសច្បាប់។​យ៉ាង​ណា​ក៏ដោយ​កូដករ​នៅបន្ត​ធ្វើ​កូដកម្ម​កាល​ពីថ្ងៃពុធ។

បើតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះថ្ងៃទី​២២ ខែកុម្ភៈ សាលា​រាជធានី​ភ្នំពេញ​បានលើក​ឡើងថា ទោះ​បីជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​ក្រុម​បាតុករ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​យ៉ាងណា​ក៏ដោយ​ក៏​ក្រុម​បាតុករ​ទាំងនេះ​នៅតែ​បំពាន​ធ្វើ​សកម្មភាព​បាតុកម្ម​ខុស​ច្បាប់ក្រោម​លេស​ធ្វើ​កូដកម្ម​ដោះស្រាយ​វិវាទ​ការងារ​ដោយ​ប្រកាស​បង្ហាញ​ឆន្ទៈយ៉ាង​ចំហ​កៀរ​គរ​តាម​រយៈ​បណ្តាញ​សង្គម​និង​មធ្យោបាយ​ផ្សេងៗ​ទៀតឲ្យ​មក​ចូលរួម​ប្រមូលផ្តុំ​ដោយ​មិន​ខ្វល់​ពី​វិធាន​សុខាភិបាល​នៅ​ពេល​ដែលមាន​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​ប្រភេទ​បំប្លែងថ្មី​អូមីក្រុង​ក្នុងសហគមន៍។

ឆ្លើយតប​ទៅ​នឹង​ភាពរឹងរូសរបស់កូដករ​ សាលា​រាជធានី​ប្រកាស​ក្នុងន័យ​ដើម​ថា៖ «សម្រេច​ចិត្ត​លែង​ធ្វើ​ការ​អប់រំ​តទៅ​ទៀត​ហើយ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​ពិន័យ​អន្តរការណ៍​ជាប្រាក់​ចាប់​ពី​១លាន​ដល់​៥​លាន​រៀល» ដែល​ស្របតាម​វិធានការ​ចត្តាឡីស័ក​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរាលដាល​នៃជំងឺកូវីដ​១៩​ដើម្បី​ឲ្យមាន​ការ​រាង​ចាល។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថា​សង់ត្រាល់ លោក​ ឃុន ថារ៉ូ​ហៅ​វិធានការ​សុខាភិបាល​របស់​អាជ្ញាធរ​រាជធានី​ថា មាន​ស្តង់ដា​ពីរ​ចំពោះការ​ប្រមូល​ផ្តុំ​របស់​ក្រុមកូដករ​ណាហ្គាវើលដ៍ និង​ក្រុម​ឯកជន​ផ្សេង​ទៀត។ លោក​បន្ថែម​ថា​អាជ្ញាធរ​រាជធានី​កំពុង​បង្ហាញ​ចេតនា​មិន​ឲ្យ​កូដករ​ចេញ​តវ៉ា​និងថា​ការអូស​បន្លាយ​ពេល​មិនដោះ​ស្រាយ​វិវាទ​ការងារ​នេះ​នឹងធ្វើឲ្យ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ​ក្នុងវិស័យ​ការងារ​នេះ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​យ៉ាង​ដូច្នេះ៖ «បើសិន​ជា​មាន​ការ​អូស​បន្លាយ​កាន់​តែ​យូរ​ខ្ញុំគិត​ថា​ករណី​វិវាទ​ការងារ​នេះ​វា​នឹង​ឈាន​ទៅដល់​ចំណុច​មួយ​ដែល​វា​ប៉ះពាល់​ទៅ​ដល់​មុខ​មាត់​កិត្តិយស​រដ្ឋាភិបាល​នៅ​ក្នុង​ឆាក​អន្តរជាតិ។ ហើយ​ករណី​វិវាទ​នេះ​ក៏វា​មិន​អាច​បញ្ចប់​នៅ​ត្រឹម​ការ​ចោទ​ប្រកាន់​ការ​ចាប់​ខ្លួន​ការ​ដាក់​សម្ពាធការ​ធ្វើទុក្ខបុក​ម្នេញ​ទេ​វា​នឹង​អាច​មាន​នៅ​ការ​ចាត់​ថ្នាក់​នៅ​ក្នុង​ករណី​នៃ​ការ​រំលោភ​សិទ្ធិការងារ​ធ្ងន់ធ្ងរ​នៅ​ក្នុង​យន្តការ​អន្តរជាតិ​ជាពិសេស​គឺយន្តការ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ហ្នឹង»។​

អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត​ មាសភក្តី​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃព្រហស្បតិ៍​ថា​សាលា​រាជធានី​មិន​បាន​អនុវត្ត​វិធានការ​ស្តង់ដា​ពីរ​ទៅ​លើ​ក្រុម​កូដករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍​ទេ ដោយ​លោក​បាន​លើក​ឡើង​តាម​ន័យ​ថា៖ «សូម​កុំ​យល់​ច្រឡំ​ឬ​ចោទ​ប្រកាន់។ ច្បាប់​ត្រូវ​បាន​អនុវត្ត​គ្រប់​គ្នា​ដូច​គ្នា»។

លោកបាន​បន្ថែម​ថា៖«វិធានការនឹង​ដាក់​ចេញបន្តបន្ទាប់​ទៀត​ប្រសិន​បើ​អ្នកប្រព្រឹត្ត​ល្មើស​នៅ​មិន​រាងចាល»។

កម្មករ​និយោជិត​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រាប់រយ​នាក់​បាន​ចេញ​ធ្វើ​កូដកម្ម​នៅមុខ​ទីតាំង​ប្រតិបត្តិការ​ល្បែង​ស៊ីសង​ឬកាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​ពីរ​ក្នុង​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​ក្រុមហ៊ុន​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​Naga​Corp​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​អ្នក​សហជីព​ចោទ​ថា​បាន​បណ្តេញ​បុគ្គលិក​ជាង​១.៣០០​នាក់​ទាំង​បង្ខំ​ចេញ​ពី​ការងារ​ក្រោម​ហេតុផល​ខាតបង់​ចំណូល​ដោយ​សារ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩។​

ប៉ុន្តែ​ក្នុង​ចំណោម​បុគ្គលិក​ជាង​១.៣០០​នាក់នោះ​មាន​បុគ្គលិក​ចំនួន​ប្រមាណ​៣៦៥​នាក់​ដែលរួម​មាន​ថ្នាក់​ដឹកនាំ​សមាជិក​ និង​សកម្មជន​សហជីព​មិនព្រម​ទទួល​យកការ​បណ្តេញ​ចេញ​នោះ​ទេ។ ក្រុម​បុគ្គលិក​ដែល​បដិសេធ​មិនទទួល​ការ​បញ្ឈប់​នោះចោទ​ក្រុមហ៊ុន​ថា បាន​រំលោភ​សិទ្ធិ​ការងារ​ដោយ​មិនបាន​ទូទាត់​សំណង​ត្រឹមត្រូវ​ចំពោះ​អតីតភាព​ការងារនិង​មាន​ចេតនា​បំបិទ​សំឡេង​សហជីព​នៅក្នុង​ក្រុមហ៊ុន។

ក្រោយ​ការ​ចេញ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​តាំងពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០២១ មក​នោះ​មាន​ថ្នាក់​ដឹកនាំ​សកម្មជន​និង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យ៉ាង​ហោច​ណាស់​១១នាក់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ចចាប់ឃុំខ្លួន​ក្រោមបទញុះញង់​និង​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺកូវីដ​១៩៕