សាលាឧទ្ធរណ៍ភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានបន្តបើកសវនាការលើបណ្តឹងសាទុក្ខរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលត្រូវបានសាលាដំបូងផ្តន្ទាទោសពីបទក្បត់ជាតិ ហើយត្រូវដាក់ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។
នៅក្នុងសវនាការលើកទី៤នៅសាលាឧទ្ធរណ៍ភ្នំពេញ លោក កឹម សុខា ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទសួរសាជាថ្មីទៀតអំពីការធ្វើបាតុកម្មនៅលើទីលានប្រជាធិបតេយ្យចាស់ តំបន់ផ្លូវវេងស្រេង និងនៅខេត្តកំពង់ចាម ដែលបានកើតឡើងក្រោយការបោះឆ្នោតឆ្នាំជាតិ ២០១៣។ នេះបើតាមមន្ត្រីសិទ្ធិមនុស្ស និងសហមេធាវីការពារក្តីលោក កឹម សុខា។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលចូលស្តាប់សវនាការនេះ ប្រាប់ក្រុមអ្នកកាសែតនៅក្រៅសាលាឧទ្ធរណ៍ថា៖ «មួយព្រឹកនេះ ការសួរដេញដោល ពាក់ព័ន្ធនឹងរឿងបាតុកម្ម ហើយបាតុកម្មនេះ សូម្បីតែលោកប្រធានព្រះរាជអាជ្ញា ក៏លោកសួរពាក់ព័ន្ធទៅនឹងបាតុកម្មហ្នឹង ថាតើបាតុកម្មហ្នឹង ដូចជានៅទីលាន ប្រជាធិបតេយ្យ ក៏ដូចជានៅផ្លូវវេងស្រេង ក៏ដូចជាកំពង់ចាមនោះ វាពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិដែរឬអត់? ហើយជនជាប់ចោទហ្នឹងគាត់បានបញ្ជាក់ថា បាតុកម្មរបស់គាត់គឺបាតុកម្មនៅទីលានប្រជាធិបតេយ្យ ហើយអ្វីដែលគាត់ទៅ កំពង់ចាមគឺក្នុងនាមគាត់ឃើញកម្មករធ្វើបាតុកម្ម គាត់ទៅក្នុងនាមតំណាងរាស្ត្រ ហើយមួយព្រឹកហ្នឹងគួរសួរដេញដោលតែប៉ុណ្ណឹងទេ»។
សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក អាង ឧត្តម ប្រាប់អ្នកកាសែតថា មានការសួរលាយឡំមកលើកូនក្តីលោក ជុំវិញការធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតជាតិ ឆ្នាំ ២០១៣ ក៏ដូចជាការសួរដេញដោលខុសនីតិវិធី។
លោកបន្ថែមថា៖ «អ៊ីចឹង ទាក់ទងតែរឿងបាតុកម្ម ហើយសួរហ្នឹងដូចច្បិចទៅខាងនេះបន្តិច ទៅខាងណោះបន្តិច វាអត់ចំប្រធានបទអីមួយ នរណានឹកឃើញអីសួរហ្នឹង អ៊ីចឹង វារកនឹកឃើញចូលទៅណោះបន្តិចមកនេះបន្តិចទៅ...តែគ្រាន់ថាវិលវល់ជុំវិញ រឿងបាតុកម្ម ទាក់ទងការតវ៉ាបោះឆ្នោតហ្នឹង តែប៉ុណ្ណឹងទេ។ ហើយឯកឧត្តម កឹម សុខា គាត់បានពន្យល់ច្បាស់លាស់ហើយ ពីរឿងគោលបំណងនៃការតវ៉ាហ្នឹង។ ហើយលទ្ធផលក្រោយពីការតវ៉ា យើងបានផ្សះផ្សា ចូលរួមរួបរួមគ្នាអីហូរហែចប់ទៅហើយ។ និយាយតែពីរឿងហ្នឹងទេ»។
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីមួយរូបទៀតឱ្យលោក កឹម សុខា ថ្លែងថា កូនក្តីបានសុំមិនឆ្លើយចំពោះសំណួរភាគច្រើន ដែលលោកធ្លាប់ផ្តល់ចម្លើយរួចហៅនៅចំពោះមុខក្រុមចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនេះ។
អ្នកស្រីថ្លែងថា៖ «ធម្មតាសួរភាគច្រើន គឺជាសំណួរដែលគាត់បានឆ្លើយរួចហើយនៅសាលាដំបូង អ៊ីចឹងក៏ឯកឧត្តម កឹម សុខា គាត់អត់បានឆ្លើយអី ភាគច្រើនគឺគាត់អត់បានឆ្លើយអីទៀតទេ នៅក្នុងសាលាឧទ្ធរណ៍នេះ ដោយគាត់បានបញ្ជាក់ថា ចម្លើយគាត់មានរួចហើយ គឺនៅសាលាដំបូង»។
កាលពីឆ្នាំ ២០២៣ លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ។ ជាមួយនឹងការផ្តន្ទាទោសនោះ សិទ្ធិធ្វើនយោបាយទាំងអស់របស់មេដឹកនាំនយោបាយជំទាស់រូបនេះត្រូវបានដកហូតហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
គិតចាប់តាំងពីការបើកសវនាការលើបណ្តឹងសាទុក្ខរបស់លោក កឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ អាជ្ញាធរចម្រុះត្រូវគេសង្កេតឃើញថា បានរឹតបន្តឹងសន្តិសុខ និងមិនអនុញ្ញាតឱ្យលោក កឹម សុខា លេចមុខចេញពីរថយន្តនៅរាល់ពេលដែលលោកត្រូវគេដឹកចេញពីគេហដ្ឋាននៅក្នុងខណ្ឌទួលគោក មកសាលាឧទ្ធរណ៍ភ្នំពេញក្នុងខណ្ឌជ្រោយចង្វារ។
អ្នកសារព័ត៌មានក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមស្តាប់ និងតាមដានសវនាការផងដែរ។
លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុកស្នើឱ្យសាលាឧទ្ធរណ៍ផ្តល់ឱកាសដល់អ្នកកាសែតបានចូលយកព័ត៌មានដោយផ្ទាល់ ព្រោះសវនាការនេះ ជាសវនាការសាធារណៈ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បានទេនៅថ្ងៃព្រហស្បតិ៍នេះ។
បន្ទាប់ពីសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក កឹម សុខា នឹងត្រូវមកបង្ហាញខ្លួនជាថ្មីទៀតនៅសាលាឧទ្ធរណ៍ នាថ្ងៃទី ២១ ខែមីនា ដើម្បីចូលរួមសវនាការលើកទី៥របស់លោក។
បើតាមលោកមេធាវី អាង ឧត្តម សវនាការដែលត្រូវបានកំណត់ថា នឹងធ្វើឡើង៩លើកនៅសាលាឧទ្ធរណ៍ អាចនឹងបញ្ចប់មុនកាលកំណត់។ ប៉ុន្តែអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ឃុន លាងម៉េង ធ្លាប់ប្រាប់វីអូអេថា សវនាការរបស់លោក កឹម សុខា នៅសាលាក្តីជាន់ខ្ពស់នេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកចំនួន៩លើក ដោយមិនមានការប្រែប្រួលនោះឡើយ៕