ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​សួរ​លោក កឹម សុខា អំពី​ការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្ស​សិទ្ធិមនុស្ស ស្វាគមន៍អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៧។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្ស​សិទ្ធិមនុស្ស ស្វាគមន៍អ្នកគាំទ្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០០៧។

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចោទ​សួរ​លោក កឹម សុខា ​អំពី​ការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ និង​ការ​បង្កើត​អតីត​គណបក្ស​ប្រឆាំង​ធំមួយ​ គឺគណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​ការ​ថ្លែង​របស់​លោក​ពាក់​ព័ន្ធនឹង​បដិវត្តន៍​នៅ​ប្រទេស​យូ​ហ្គោ​ស្លាវី។

នាយក​គ្រប់​គ្រង​កិច្ចការ​ទូទៅ​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក ​អំ សំអាត ដែល​តាម​ដាន​សវនាការ​នេះ ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​កាលពីព្រឹកថ្ងៃព្រហស្បតិ៍​ថា​លោក កឹម សុខា ត្រូវ​បាន​ចោទ​សួរ​ឡើងវិញ​អំពី​ប្រវត្តិ​នយោបាយ​របស់​លោក​ និង​ការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ក្នុង​សវនាការ​លើក​ទី ​៣ លើ​បណ្តឹង​សាទុក្ខ​របស់​លោក។

លោកថ្លែង​ថា​៖ «អ៊ីចឹង លើក​ទី ​៣ នេះមាន​នីតិវិធី​ ឬដំណាក់​កាល​ គឺ​ដំណាក់​កាល​នៃ​ការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ ហើយ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ អ៊ីចឹង​ ព្រឹក​មិញ​នេះ​ ផ្តោត​អារម្មណ៍​ភាគច្រើន​ទៅ​លើការ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស​ហ្នឹង​ ហើយ​សួរ​ពី​រចនា​សម្ពន្ធ​នៃ​គណបក្ស​សិទ្ធិ​មនុស្ស ​ហើយ​មាន​អង្គការ​សង្គម​ស៊ីវិល​ណា​ចូលរួមក្នុង​គណបក្ស ហើយ​មាន​មក​ពី​ខាង​ណា​ខ្លះអ៊ីចឹង​ ទៅ​គឺ​មាន​ការ​ដេញដោល​គ្នា​នៅ​ក្នុង​រចនា​សម្ពន្ធ​ ហើយ​និង​ថវិកា​នៅ​ក្នុង​ការ​បង្កើត​គណបក្ស​ និង​ទ្រទ្រង់​គណបក្ស​សិទ្ធិមនុស្ស​ហ្នឹង​»។​

លោក​បន្ថែម​ថា លោក កឹម សុខា​ បាន​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះថា​ លោក​មិន​បាន​យក​លំនាំ​តាម​បដិវត្តន៍ដែល​ទម្លាក់​ប្រធានាធិបតី​យូហ្គោស្លាវី លោក​ Slobodan Milosevica នោះ​ទេ​ ហើយថា ការ​បង្កើត​អតីតគណបក្ស​សង្គ្រោះជាតិ​ជា​សេចក្តី​ប្រាថ្នា​របស់​ពលរដ្ឋ​ដែល​ចង់​បាន​លទ្ធិប្រជាធិប​តេយ្យ​។

រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/វីអូអេ)
រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិដ៏ទៃទៀត​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/វីអូអេ)

អតីតប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា​ ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញកាត់​ទោស​ពពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​ឃុប​ឃិត​ ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរ​ទេស ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិកាលពីឆ្នាំ ​២០២៣ ហើយ​តាម​ការផ្តន្ទាទោស​នោះ​ លោក​ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះ​រយៈពេល ​២៧ ​ឆ្នាំ​។ សិទ្ធិ​នយោបាយ​របស់​លោក​ទាំង​អស់​ត្រូវបាន​ដកហូត​ហើយ​លោក​ក៏មិនត្រូវបានអនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

ដំណើរការ​កាត់​ទោសមេដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ​ ​ផ្តើម​ចេញ​ពីភស្តុតាង​នៃ​សុន្ទរកថា​នយោ​បាយ​ដ៏​ចម្រូង​ចម្រាស​មួយ​របស់​លោក​នៅ​ទីក្រុង ​មែល​ប៊ន (Melbourne)​ ប្រទេស​អូស្ត្រាលី ក្រោយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​សភា​ចំនួន​៥៥​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​ ២០១៣។

សហមេធាវីការពារ​ក្តីរបស់​លោក ​កឹម សុខា គឺ​អ្នកស្រី ​ម៉េង សុភារី​ លើក​ឡើងថា លោក​ កឹម សុខា​ ធ្វើនយោបាយទៅតាម​គោលគំនិត​របស់គាត់​ ដោយមិនបាន​យ​ក​លំនាំតាមចលនា​បដិវត្តន៍​ណា​មួយ​នោះទេ​ និង​ថាលោក កឹម សុខា​ ជាបុគ្គលប្រកាន់​គោលការណ៍អហិង្សា​។

អ្នកស្រីថ្លែងថា៖ «ខ្លឹមសារ​រួម​ដែល​គាត់​បាន​បញ្ជាក់​នៅ​ក្នុង​សន្ទកថា​របស់​គាត់​ហ្នឹង ​គឺ​គាត់​បាន​បញ្ជាក់​នៅ​ចុង​ក្រោយ​សុន្ទរកថា​ហើយ​ថា ​គាត់​គឺ​មិន​ឱ្យ​ខ្មែរ​មាន​ការ​ហូរឈាម​ជា​ដាច់ខាត​។ អ្នក​ណា​ដែល​ប្រើ​ហិង្សា ​គឺ​ចេញ​ឱ្យ​ឆ្ងាយ​ពី​គាត់ គឺ​គាត់​អត់​មាន​ត្រូវ​ការ​ធ្វើការ​ជាមួយ​ទេ នៅ​ក្នុង​សុន្ទរកថា​របស់​ក៏​គាត់​មាន​បញ្ជាក់​អ៊ីចឹង​ដែរ»។

ក្នុងសវនាការលើក​ទី ៣ នេះ​ដែរ​ តុលាការ​ក៏បាន​ចោទសួរ លោក កឹម សុខា អំពីការ​ប្រើប្រាស់​ពាក្យ​ចាស់​បុរាណមួយចំនួន​ផងដែរ​ ពេល​លោក ​កឹម សុខា ថ្លែងសារ​នយោបាយ​។ នេះ​បើ​តាម​សហ​មេធាវីការពារ​ក្តីលោក កឹម សុខា​។

នាយកគ្រប់គ្រងកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងទៅកាន់អ្នកកាសែត នៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាយកគ្រប់គ្រងកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ថ្លែងទៅកាន់អ្នកកាសែត នៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីរបស់លោកកឹម សុខា ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន ក្រោយសវនាការលើកទី៣របស់លោកកឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីរបស់លោកកឹម សុខា ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន ក្រោយសវនាការលើកទី៣របស់លោកកឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី ម៉េង សុភារី ថ្លែង​ថា​៖ «ហើយ​គាត់[លោក កឹម សុខា] ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ជាក់​ស្តែង​ពាក្យ​ស្លោក​ខ្មែរ​យើង​ណាស់​ដែល​យើង​ស្តាប់​ប្លែក​ទៅ បើ​យើង​អត់​មាន​ការ​បក​ស្រាយ​យើង​យល់​ឃើញ​ផ្សេង។ ឧទាហរណ៍​ដូចជា​ថា ចង់​ចេះ​ឱ្យ​សម្លាប់​អាចារ្យ​ចង់​បាន​ផ្លែផ្កា​ឱ្យ​យក​ភ្លើង​ដុត​គល់ អ៊ីចឹង​សួរ​ថា​ដើម្បី​ឱ្យ​ចង់​ចេះ​ទៅ​សម្លាប់​អាចារ្យ​ហ្នឹង​មែន​? ចា៎​គឺអត់​ទេ​គឺ​មាន​ន័យ​ថា ​ឱ្យ​អ្នក​ដែល​ចង់​ចេះ​ដឹង​ហ្នឹង​ជីករីក​សួរ​អ្នក​ដែល​ជា​អ្នក​ចេះ​ដឹង​ហ្នឹង​សួរ​ឱ្យ​ទាល់​តែ​ម្តង។ ហើយ​យក​ភ្លើង​ដុត​គល់​សួរ​ថា​ចង់​បាន​ផ្លែផ្កា​ហ្នឹង​ឱ្យ​យក​ភ្លើង​ទៅ​ដុត​គល់​មែន​អត់? មិន​មែន​ទេ​ គឺ​ឱ្យ​យើង​ស្រោច​ទឹក ដាក់​ជី ថែ​ទាំ​អី​ទៅ​ណា៎ ជ្រោម​ជ្រែង​គល់​ហ្នឹង​ទៅ ដើម្បី​ឱ្យ​បាន​ផ្លែ​ឱ្យ​បាន​ផ្កា គឺ​ក្នុង​ន័យ​បែប​ហ្នឹង​ អ៊ីចឹង​យើង​មាន​ការ​បកស្រាយ​ឱ្យ​យល់​គ្នា​អ៊ីចឹង»។

​យ៉ាង​ណាមិញ នៅ​ក្នុង​សវនា​លើក​ទី​ ៣ ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍ អ្នក​សារព័ត៌មាន​មួយ​ចំនួន​ក៏​មិន​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​នោះ​ទេ ដោយ​មន្រ្តី​រដ្ឋបាល​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ថា ​បន្ទប់​សវនា​បាន​ពេញ​ទៅ​ហើយ បើទោះ​បី​ជា​អ្នកសារ​ព័ត៌មាន​ទាំង​នោះ​បាន​ព្យាយាម​ចុះ​ឈ្មោះ​មុន​ថ្ងៃ​ដែល​សវនាការ​ដំណើរ​ការ​ក៏ដោយ។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ឬ​ហៅ​កាត់​ថា​ខេមបូចា​ លោក ​ណុប វី យល់​ឃើញ​ថា ការ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ស្តាប់ និង​យក​ព័ត៌មាន​នៅ​ក្នុង​សវនាការ​ គឺ​បាន​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន ដោយ​សារ​តែ​ប្រជាពលរដ្ឋ​តែង​តែ​ចង់​ដឹង​ពី​ដំណើរ​ការ​នៅ​ក្នុង​ការ​កាត់​ក្តី និង​ព័ត៌មាន​ផ្សេងៗ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​អ្នក​សារព័ត៌មាន។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​បើ​ក្នុង​ករណី​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ហាម​ឃាត់ មាន​ន័យ​ថា ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន តួនាទី​របស់​អ្នក​សារព័ត៌មាន​ដែល​គាត់​មាន​តួនាទី​នៅ​ក្នុង​ការ​យក​ព័ត៌មាន​ជាពិសេស​នៅ​ក្នុង​សវនាការ​ជា​សាធារណៈ។ មួយ​វិញ​ទៀត​ ក៏​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លំហ​សេរីភាព​ការងារ​របស់​អ្នក​សារព័ត៌មាន​ដែរ ខ្ញុំ​គិត​ថា​សម្រាប់​សាធារណជន​ ឬ​ក៏​អង្គ​ទូត ឬ​ក៏​ស្ថាប័ន​សង្គម​ស៊ីវិល​ ខ្ញុំ​គិត​ថា ​គាត់​គ្រាន់​តែ​ចូល​ទៅ​តាម​ដាន​ទេ ក៏​ប៉ុន្តែ​អ្នក​សារព័ត៌​មាន​គាត់​មាន​តួនាទី​លើស​ពី​ហ្នឹង​ គាត់​ចូល​ទៅ​តាម​ដាន គាត់​ចូល​ទៅ​ស្តាប់ ចូល​ទៅ​ធ្វើ​សេចក្តី​រាយការណ៍​ព័ត៌មាន»។

អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ លោក ឃុន លាងម៉េង មិន​ឆ្លើយ​តបសំណួរ​របស់​វីអូអេ​ដែល​ផ្ញើ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​។

បន្ទាប់ពី​សវនាការ​កាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍ លោក កឹម សុខា នឹង​ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​ការ​ជំនុំ​ជម្រះលើក​ទី ៤ នៅថ្ងៃទី​ ៧ ខែមីនា​ ខាង​មុខ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG