ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ស្នើតុលាការបន្ធូរការរឹតត្បិត ខណៈអ្នកគាំទ្រជំរុញឱ្យទម្លាក់ចោលការចោទប្រកាន់


ក្បួន​រថយន្តរបស់​ប៉ូលិស​ដឹក​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទៅកាន់​តុលាការ​ឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្បួន​រថយន្តរបស់​ប៉ូលិស​ដឹក​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទៅកាន់​តុលាការ​ឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

មេ​ដឹកនាំ​គណបក្ស​ជំទាស់ ​លោក ​កឹម សុខា ​ស្នើ​សុំ​ទៅ​តុលាការ​កុំ​ឱ្យរឹត​ត្បិត​ការ​ឃុំ​ខ្លួន​របស់​លោក​ខ្លាំង​ពេក​ ដូច​ជា​ករណី​ជួប​ជាមួយ​ជន​ដទៃ​ទៀត​នៅ​ផ្ទះ​របស់​លោកលើក​លែង​តែ​មេធាវី។ ​ប៉ុន្តែការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល។ ​នេះ​បើ​តាម​លោក​ អាង ឧត្តម​ សហ​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា។​

សាលា​ឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ ​បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​មេ​ដឹក​នាំ​នយោបាយ​ជំទាស់​លោក ​កឹម សុខា ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​ ២០១៧​ ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស ​ដែល​លោក​ត្រូវ​បាន​កាត់​ទោសឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ២៧ ​ឆ្នាំ។​

ក្រោយ​បញ្ចប់​សវនាការ​នា​ថ្ងៃ​ដំបូង ​លោក​មេធាវីថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា៖​ «គាត់ ​[លោក កឹម សុខា] ​សុំ​កុំ​ឱ្យ​រឹត​ត្បិត​ការ​ឃុំ​ខ្លួន​របស់​គាត់​ពេក ​ជាពិសេស​ប៉ះពាល់​មិន​ត្រឹម​តែ​គាត់​ទេ ​ប៉ះ​ពាល់​ដល់​គ្រួសារ​គាត់​ និង​អ្នក​ដែល​ធ្លាប់​នៅ​ជាមួយ​គាត់​រាប់​ឆ្នាំ​ទុក​ជា​សាច់​ញាតិ​សន្តាន​ ហើយ​មិន​ឱ្យ​នៅ​ជាមួយ​គាត់ ​ដើម្បី​ជួយ​កិច្ចការ ​ជួយ​សុខ​ទុក្ខ​គាត់​ទៀត។ ​គាត់​សុំ​ឱ្យ​បន្ធូរ​បន្ថយ​ចំណុច​ហ្នឹង»។​

លោក​មេធាវី ​អាង ឧត្តម ​បញ្ជាក់​ទៀត​ថា សវនាការ​របស់​លោក​ កឹម សុខា ​នឹង​ប្រព្រឹត្ត​ទៅ​ចំនួន​៩​លើក ​ដោយ​លើក​ទី ​២ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៨​ ខែ​កុម្ភៈ​នេះ។ ​បើ​តាម​មេធាវី ​ស្ថាន​ភាព​សុខភាព​របស់​លោក​ កឹម សុខា ​គឺ​មាន​ភាព​ប្រក្រតី។​

ក្បួន​រថយន្តរបស់​ប៉ូលិស​ដឹក​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទៅកាន់​តុលាការ​ឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្បួន​រថយន្តរបស់​ប៉ូលិស​ដឹក​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទៅកាន់​តុលាការ​ឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្រុមអ្នកគាំទ្រលោកកឹម សុខាមកចូលរួមឃ្លាំមើលសវនាការលើបណ្តឹងសាទុក្ខសំណុំរឿងក្បត់ជាតិ របស់លោកកឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។ (ហ៊ុល រស្មី/វីអូអេ)
ក្រុមអ្នកគាំទ្រលោកកឹម សុខាមកចូលរួមឃ្លាំមើលសវនាការលើបណ្តឹងសាទុក្ខសំណុំរឿងក្បត់ជាតិ របស់លោកកឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ។ (ហ៊ុល រស្មី/វីអូអេ)

កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ ក្រុម​អ្នក​សារ​ព័ត៌មាន ​និង​អ្នក​តាម​ដាន​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​នៅ​ក្នុង​សវនាការ​របស់​លោក ​កឹម សុខា​ និង​មិន​អាច​ចូល​ទៅ​ជិត​សាលា​ឧទ្ធរណ៍​នោះ​ទេ ​ព្រម​ទាំង​មាន​ការ​ត្រួត​ពិនិត្យ​ និង​យាមកាម​យ៉ាង​តឹង​រ៉ឹង​ពី​សំណាក់កម្លាំង​សមត្ថកិច្ច។​

ពាក់​ព័ន្ធ​នឹង​ករណី​មិន​អនុញ្ញាត​ឱ្យ​ចូល​ស្តាប់​សវនាការ​នេះ​ នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ សួន យុធ្យា​ យល់​ថា តុលាការ​មិន​គួរ​កំណត់​ចំនួន​នាក់​ចូល​ស្តាប់​ ហើយ​ទាល់​តែ​ចុះ​ឈ្មោះ​ទើប​អនុញ្ញាត​ឱ្យ​ចូល​នោះ​ទេ ​ពីព្រោះ​សវនាការ​នេះ​ជា​សវនាការ​សាធារណៈ​ដែល​ប្រជា​ពលរដ្ឋ​អាច​មាន​សិទ្ធិ​ចូល​ស្តាប់​បាន​ដោយ​សេរី ​ប្រសិន​បើ​ពួក​គេ​ចាប់​អារម្មណ៍។​

លោក​ថ្លែង​ថា៖ ​«ជាទូទៅ​សវនាការ​ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ជា​សាធារណៈ​ ហើយ​មិន​តម្រូវ​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​ទុក​ជាមុន​អ៊ីចឹង​ទេ​ ហើយ​សួរ​ថា ​បើ​កន្លែង​ចង្អៀត​តើ​គួរ​ធ្វើ​យ៉ាង​ម៉េច?​ កន្លែង​ហ្នឹង​គឺជា​ការងារ​ និង​កិច្ច​ចាត់ចែង​របស់​ខាងមន្រ្តី​តុលាការ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​យ៉ាង​ណា​ឱ្យ​សាធារណ​ជន​ដែល​មាន​បំណង​ចូល​ទៅ​ស្តាប់​សវនាការ​ហ្នឹង​ចូល​ទៅ​បាន​ ហើយមាន​កន្លែង​អង្គយ​សមរម្យ​ក្នុង​ការ​ស្តាប់​នូវ​ដំណើរការ​ក្តី ​ក៏​ដូចជា​សវនាការ​ហ្នឹង​ជា​ដើម»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឃុន លាងម៉េង ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

ក្រុម​អ្នក​គំាទ្រ​អតីត​មេ​ដឹកនាំ​គណបក្ស​ជំទាស់​លោក​ កឹម សុខា​ ដែល​មាន​វត្តមាន​នៅ​ខាង​ក្រៅ​តុលាការ ​បាន​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ផ្តល់​យុត្តិធម៌​ដល់​អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ ​ក្រោម​ហេតុផល​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ។ បច្ចុប្បន្ន​លោក​ កឹម សុខា ​ត្រូវ​បានឃុំ​នៅ​ក្នុង​ផ្ទះ​តាម​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​

អ្នក​គំាទ្រ​លោក ​កឹម សុខា​ មួយ​រូប​លោក ​សុខ ឡេង ​ប្រាប់​វីអូអេ​ថា​ លោក ​កឹម សុខា​ ជា​អ្នក​នយោបាយ​ស្មោះ​ត្រង់ ​គោរព​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស។​

លោក​ថ្លែង​ថា៖ ​«ការ​កាត់​ទោស​ហ្នឹង​ ខ្ញុំ​អត់​ជឿ​ថា គាត់​ក្បត់​ជាតិ​ទេ ​ព្រោះ​ឃើញ​ថា​ សាលា​ដំបូង​អត់​ទាន់​ឃើញ​ចោទ​ប្រទេស​ណា​មួយ​ថា​ សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ទេ​ឡើយ។ ​ចំពោះ​គាត់ ​គឺ​នៅ​តែ​ថា គាត់​ស្អាត​ស្អំ ​ហើយ​គាត់​ជា​មនុស្ស​ដែល​គោរព​សិទ្ធិ​មនុស្ស ​ស្រឡាញ់​ប្រទេស​ជាតិ ​មាន​មនសិការ​ស្នេហា​ប្រទេស​ជាតិ ​ស្រឡាញ់​ពលរដ្ឋ ​មិន​មាន​ការ​អំពើ​ហិង្សា​ទាល់​តែ​សោះ»។ ​

អ្នកគាំទ្រលោកកឹម សុខា មួយរូបគឺលោក គិន លាង ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
អ្នកគាំទ្រលោកកឹម សុខា មួយរូបគឺលោក គិន លាង ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

ចំណែក​លោក ​វាសនា ឆៃយ៉ា ​អ្នក​គាំទ្រ​លោក​ កឹម សុខា​ មក​ពី​ខេត្ត​បន្ទាយ​មានជ័យ ​យល់​ថា​ អវត្តមាន​លោក ​កឹម សុខា ​ក្នុង​ឆាក​នយោបាយ​នឹង​បាត់​បង់​ផល​ប្រយោជន៍​ជា​ច្រើន​មក​កម្ពុជា​ រួមមាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ EBA ​និង​សហ​រដ្ឋ​អាមេរិក ​GSP។​

លោក​ថ្លែង​ថា៖ ​«កាល​ណា​គាត់​ [លោក កឹម សុខា] ​អត់​បាន​បន្ត​ការងារ ​ពាក្យ​ថា​ ការងារ​គាត់​ជា​ប្រធាន​ស្រាប់​ហើយ ​ពាក្យ​ថា​ ការងារ​របស់​គាត់ ​គឺ​ខាត​ច្រើន។ ​ទីមួយ​យើង​ឃើញ​ហើយ EBA និង​ GSP ​បាត់បង់។​ យើង​អត់​ទាន់​បាត់​បង់​អស់​ទេ ​អត់​មាន​របាយ​ការណ៍​ណា​ថា ​បាត់បង់​អស់​ទេ។​ គេ​កាត់​ ២០%។ ​យើង ​២០% ​គឺ​ការ​បាត់​បង់​របស់​យើង​ហ្នឹង​គឺ​ចង់​ខាត​ហើយ»។

មិន​ខុស​គ្នា​ពី​អ្នក​គាំទ្រ​ដទៃ​ទៀត ​លោក ​គិន លាង ​លើក​ឡើង​ដែរ​ថា​ កម្ពុជា​នឹង​រង​សម្ពាធ​កាន់​តែ​ច្រើន​ បើ​មិន​មាន​ដំណោះ​ស្រាយ​លោក ​កឹម សុខា​ តាម​ផ្នែក​នយោបាយ។​

លោក​ថ្លែង​ថា៖ ​«ប្រសិន​បើ​គាត់​មិន​បាន​ចូល​មក​កាន់​នយោបាយ​ឡើង​វិញ ​អ៊ីចឹង​វា​នឹង​មាន​សម្ពាធ​កាន់​តែ​ច្រើន​ ដូច​យើង​ដឹង​ស្រាប់​ហើយ​បច្ចុប្បន្ន​នេះ​គឺ​ហៅ​ថា​ សកល​ភាវូបនីយ​កម្ម ​ទំនាក់​ទំនង​ទូទៅ។ ​យើង​អាច​ទំនាក់​ទំនង​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​បាន ​ក៏​ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដូចជា​ពួក​អរិយ​ប្រទេស​មាន ​G20, G7 ​ដូចនេះ​ជាដើម។ ប្រសិន​បើ​គេ​ត្រូវការ​ឱ្យ​យើង​មាន​ដំណោះ​ស្រាយ​នយោបាយ ​ បើ​យើង​អត់​ធ្វើ​តាម​ អាហ្នឹង​អាច​ជា​ករណី​ផ្សេង​មួយ​ទៀត»។​

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ​កាល​ពី​ថ្ងៃទី​ ២៩​ ខែ​មករា​ ឆ្នាំ​ ២០២៤ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ដោយស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​បទ​ចោទ​ប្រកាន់​ក្បត់​ជាតិលើ​លោក ​កឹម សុខា ​និង​បញ្ចប់​ការ​បង្ក្រាប​ជាបន្ត​ប្រឆាំង​នឹង​ក្រុម​ជំទាស់។ ​អង្គការ​អន្តរ​ជាតិ​នេះបញ្ជាក់​ថា​ ​ការ​កាត់​ទោស​ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​២៧​ឆ្នាំ​ចំពោះ​លោក ​កឹម សុខា ​បង្ហាញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​កម្ពុជា​ចំពោះ​សិទ្ធិ​មនុស្ស ​និង​នីតិរដ្ឋ។​

គួរ​រំឭក​ថា កាល​ពី​ថ្ងៃទី​ ៣​ ខែ​មីនា ​ឆ្នាំ​ ២០២៣ ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​លោក ​កឹម សុខា ​ឱ្យ​ជាប់​ឃុំ​រយៈ​ពេល ​២៧ ​ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​ឃុប​ឃិត​ ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ​ ២០១៧។​ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ កឹម សុខា ​ធ្វើ​នយោបាយ ​មិន​ឱ្យ​ចេញ​ពី​ផ្ទះ ​និង​មិន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។​

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២៣ ​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន​ ធ្លាប់​បាន​ប្រតិកម្ម​ទៅ​នឹង​តំណាង​ទូត​បរទេស​នៅ​កម្ពុជា​ថា​ បាន​លូក​ដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ក្នុង​នោះ​មាន​ករណី​លោក ​កឹម សុខា។ ​លោក​លើក​ឡើង​ថា​ តំណាង​ទូត​បរទេស​មួយ​ចំនួន​បាន​ទៅ​សួរ​សុខ​ទុក្ខ​លោក ​កឹម សុខា ​ក្នុង​ពេល​ដែល​តុលាការ​កំពុង​ស៊ើប​អង្កេត​រឿង​ឃុប​ឃិត​ជា​មួយ​បរទេស៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG