ហ្វីលីពីន​សង្ស័យ​លើ​ការ​វិវត្តន៍​ដ៏​​សំខាន់​​ក្នុង​​​សកម្មភាព​​​រានដី​​របស់​ចិន​ក្នុង​ដែន​សមុទ្រ​មាន​ជម្លោះ

  • Simone Orendain

រូបថតឯកសារ៖ កប៉ាល់ល្បាត​ការ​ពារ​ដែន​សមុទ្រ​​របស់​ចិន​ និង​អណ្តូង​ប្រេង​ដែល​មាន​ជម្លោះ​​ត្រូវ​បាន​គេ​ឃើញ​​នៅក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​១៣ ខែ​មិថុនា​ ឆ្នាំ​២០១៥។

ប្រទេស​ហ្វីលីពីន​បង្ហាញ​ពី​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងមួយ» ​អំពី​រូបភាព​តាម​ប្រព័ន្ធ​ផ្កាយរណប​ដែល​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​រូប​ភាព​ទាំងនោះ​បង្ហាញ​ថា​ មាន​ការ​វិវត្តន៍​សំខាន់ៗ​ក្នុង​ការ​រាន​ដី​របស់​ចិន​នៅ​ឯ​តំបន់ផ្ទាំងថ្ម​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

រូបភាព​ចុង​ក្រោយ​បង្អស់​ដែល​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​ទស្សនាវដ្តី Jane's Defense Weekly ​របស់​ក្រុម​ហ៊ុន​ HIS ​បាន​បង្ហាញ​ថា​ មាន«កន្លែង​ធំមួយ»​ដែល​ស្ថិត​ក្នុង​ការ​សាង​សង់​នៅ​ឯ​ថ្ម​ប៉ប្រះ​ទឹក​ Johnson South។ កាល​ពី​ខែ​ឧសភា​ឆ្នាំ​ទៅ​មិញ​ កង​យោធា​ហ្វីលីពីន​បាន​រាយ​ការណ៍​ថា​ មាន​កប៉ាល់ចិន​មួយ​គ្រឿង​កំពុង​ដឹក​ខ្សាច់​និង​ថ្ម​ដើម្បី​ពង្រីក​តំបន់​ថ្មប៉ប្រះទឹក​នោះ។

រូបភាព​ចុង​ក្រោយ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដែល​មើល​ទៅ​ហាក់​បី​ដូចជា​កន្លែង​ចត​ឧទ្ធម្ភាគចក្រ​ និង​ប៉ម​ប្រើ​សម្រាប់​ប្រឆាំង​នឹង​យន្ត​ហោះ​ ដែល​ទាំង​នោះ​កើត​ចេញ​ពី​ការ​សាង​សង់​នៅ​ចំណុច​ថ្ម​ប៉ប្រះ​ទឹក​ Gaven ចាប់​តាំង​ពី​ខែ​មីនា​ឆ្នាំ​មុន​រហូត​ដល់​ខែ​មករា​ឆ្នាំ​នេះ។ របាយការណ៍​នោះ​សរសេរ​ថា​ សកម្មភាពនៅ​តំបន់​ Gaven ​មាន​«ស្លាក​ស្នាម​ដូច​គ្នា»​ទៅ​នឹង​សកម្មភាព​រាន​ដី​នៅ​ឯ​ថ្ម​ប៉ប្រះ​ទឹក ​Hughes​ ដែល​វៀតណាម​បាន​ទាម​ទារ​យកជា​របស់​ខ្លួន។ អ្នក​នាំ​ពាក្យ​កិច្ចការ​បរទេស​របស់​ហ្វីលីពីន​ លោក ​Charles Jose ​ មាន​ប្រសាសន៍​ថា​ ប្រទេស​របស់​លោក​មាន​«ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»​អំពី​សកម្មភាព​រុករាន​ដី​របស់​ចិន។

«យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ ការ​សាងសង់​របស់​ចិន​នៅ​លើ​ទីតាំង​ទាំង​នោះ​ គឺ​ក្នុង​គោល​បំណង​ផ្លាស់​ប្តូរ​លក្ខណៈ ​ស្ថានភាព​និង​កម្មសិទ្ធិ​ដែន​សមុទ្រ​នៅ​លើ​ទី​តាំង​ទាំង​នោះ​។ ហើយ​យើង​បាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​សកម្មភាព​រានដី​ដែល​ពួក​គេ​កំពុង​ធ្វើ​នោះ។»

រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​ធ្វើ​ការ​ប្រឆាំង​ជាមួយ​នឹង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជា​ច្រើន​ដងអំពី​សកម្មភាព​រាន​ដី​របស់​ចិន​នៅ​ចំណុច​ផ្ទាំង​ថ្ម​ដែល​ទាម​ទារ​ដោយ​ប្រទេស​ហ្វីលីពីន​ក្នុង​ចំណោម​ប្រជុំ​កោះ​ស្រ្ពែតលី​ (Spratly Islands)។ លោក​ Jose​ និយាយ​ថា​ ការ​ឆ្លើយ​តប​របស់​ចិន​ទៅ​នឹង​ការ​តវ៉ា​ចុង​ក្រោយ​ពី​រឿង​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ Johnson South ​គឺ​ថា​ ពួក​គេ​មាន​អធិបតេយ្យភាព​ដែល​មិន​អាច​ប្រកែក​បាន​ទៅ​លើ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

នេះ​គឺ​ជា​ជំហរ​របស់​ចិន​ទាក់​ទិន​នឹង​សកម្មភាព​របស់​ខ្លួន​នៅ​លើ​ ឬ​នៅ​ជុំវិញ​តំបន់​ផ្ទាំង​ថ្ម​និង​នៅ​មាត់​ច្រាំង​សមុទ្រ​ទាំង​នោះ។ លើស​ពី​នេះ​ទៅ​ទៀត​ ក្រសួង​ការ​បរទេស​ចិន​បាននិយាយ​ថា​ ខ្លួន​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​សាង​សង់​ទាំង​ឡាយ​នៅ​លើ​ប្រជុំកោះ​ដែល​ខ្លួន​គ្រប់​គ្រង។ ប្រទេស​ចិន​ ហ្វីលីពីន​ វៀតណាម​ ប៊្រុយណេ​ ម៉ាឡេស៊ី​ និង​តៃវ៉ាន់ បាន​អះអាង​ទាមទារ​រៀងៗ​ខ្លួន​នូវ​ដែន​សមុទ្រ​ដែល​គេ​តែង​តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​និង​សម្បូរ​ទៅ​ដោយ​ធនធាន។

នៅ​លើ​ប្រជុំកោះ​ស្រ្ពែតលី​ ប្រទេស​វៀតណាម​ និង​តៃវ៉ាន់​បាន​បង្កើត​ឡើង​នូវ​កោះ​ធម្មជាតិ​តូចៗ​មួយ​ចំនួន​ ដោយ​ប្រើប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធា​ការពារ​យ៉ាង​រឹង​មាំ។ ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​សាង​សង់​រមនីយដ្ឋាន​សម្រាប់​លោត​ទឹក​នៅ​ជុំ​វិញ​កន្លែង​ចុះចត​យន្តហោះ​នៅ​លើ​ផ្ទាំង​ថ្ម​ដែល​ខ្លួន​គ្រប់​គ្រង​ ហើយ​ប្រទេស​ហ្វីលីពីន​បាន​ជំរុញ​ឲ្យ​មាន​ប្រជាជន​ស៊ីវិល​រស់​នៅនៅ​លើ​កោះ​ធំដែល​ខ្លួន​ទាមទារ។

ក៏ប៉ុន្តែ ​អ្នក​និពន្ធ​នៃ​ទស្សនាវដ្តី​យោធា​ Jane's Defense​ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ James Hardy​ មាន​ប្រសាសន៍​ថា​ ចិន​ដែល​ពី​មុន​មក​មិន​ធ្លាប់​កាន់​កាប់​កោះ​ណា​មួយ​សោះ​នៅ​តំបន់នោះ​ កំពុង​តែ​កែ​ប្រែថ្ម​ប៉ប្រះ​ទឹក​ឲ្យ​ក្លាយ​ទៅ​ជា​កោះ​សិប្បនិម្មិត។ លោក​បាន​បន្ថែម​ថា ​សំណង់​ដែ​ល​ចិន​កំពុង​តែ​កសាង​ឲ្យ​ទៅ​ជា​កោះ​នោះ​ បង្កើត​បាន​ជា​ខ្សែ​ចង្វាក់​ឆ្លង​កាត់​ប្រជុំ​កោះ​ស្រ្ពែតលី។

លោក​មានប្រសាសន៍​ថា៖​ «ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​សមត្ថភាព​ហើយ​ពួក​គេ​នឹង​ដា់ក់​ការ​ការពារ​និង​កំណត់​ទីតាំង​ដើម្បី​បញ្ជាក់​ពី​អធិបតេយ្យភាព​ដែល​ពួក​គេ​ទាមទារ​ទៅ​លើ​ចំណែក​ផ្សេងៗ​ទៀត​នៃ​កោះ​ស្ព្រែតលី​នោះ។ នោះ​គឺ​ជា​បញ្ហា។ អ្វីៗ​ទាំង​អស់​គឺ​ជា​ការ​បង្ខិតបង្ខំ។ ខ្ញុំ​គិត​ថា​ នោះ​ជា​អ្វី​ដែល​យើង​គិត​ថា​នឹង​កើត​មាន​ឡើង។ ពួក​គេ​មិន​ចាំ​បាច់​បង្កសង្រ្គាម​ទេ។ ពួក​គេ​គ្រាន់​តែ​ធ្វើ​ឲ្យទី​នោះ​មាន​ការ​លំបាកស​ម្រាប់​អ្នក​ផ្សេង​ទៀត​ដែល​ចង់​ទៅ​កាន់​ទី​នោះ​ទៅ​បាន​ហើយ»។

រូបថត​មាន​ប្រភព​មក​ពី​ទស្សនាវដ្តី​ Jane's ​ ប្រទេស​ហ្វីលីពីន និង​រដ្ឋាភិបាល​ចិន​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មក​ដល់​បច្ចុប្បន្ន​នេះ​ ចិន​កំពុង​តែ​បង្កើត​ឡើង​នូវ​កោះ​សិប្បនិម្មិត​មួយ​ចំនួន​នៅ​ថ្មប៉ប្រះទឹក ​Cuateron ​ ប៉ប្រះទឹក​ Fiery Cross ​ ប៉ប្រះទឹក​ Gaven ​ប៉ប្រះទឹក​ Hughes ​ និង​ថ្ម​ប៉ប្រះ​ទឹក​ Johnson South។ ប្រទេស​វៀតណាម​ក៏​បាន​ទាមទារ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ទាំង​អស់​នោះ​ដែរ​ នៅខណៈ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​ក៏ទាមទារ​តំបន់​ទាំង​អស់​នោះ​លើក​លែង​តែ​ថ្មប៉ប្រះទឹក​ Hughes៕

ប្រែសម្រួលដោយ​ នៀម​ ឆេង