ការហាមឃាត់ការបញ្ជូនពលករចំណាកស្រុកហ្វីលីពីនទៅកាន់ប្រទេសកូវ៉ែត ដែលត្រូវបានប្រកាសនៅក្នុងទីក្រុងម៉ានីល កាលពីខែមុននោះ នឹងត្រូវបន្ត រហូតទាល់តែប្រទេសហ្វីលីពីននិងប្រទេសមជ្ឈិមបូព៌ាមួយនេះអាចឈានដល់អនុសារណៈព្រមព្រៀងគ្នាមួយទៅលើលក្ខខណ្ឌការងារ នេះបើយោងតាមការិយាល័យរបស់លោកប្រធានាធិបតី Rodrigo Duterte ដែលបានថ្លែងឲ្យដឹងកាលពីថ្ងៃច័ន្ទ។
ស្របពេលជាមួយគ្នានេះ ក្រុមអ្នកជ្រើសរើសពលករប្រហែលមិនជ្រើសរើសពលករជនជាតិហ្វីលីពីនឲ្យទៅធ្វើការនៅក្នុងប្រទេសកូវ៉ែតទៀតនោះទេ នេះបើតាមការថ្លែងឲ្យដឹងរបស់ការិយាល័យនេះមួយថ្ងៃ មុននឹងពន្យាការហាមឃាត់បណ្តោះអាសន្ន ចាប់តាំងពីខែមករាមក។ សាកសពរបស់ស្ត្រីបំរើតាមផ្ទះនោះត្រូវបានគេរកឃើញនៅក្នុងអាគារស្នាក់នៅក្នុងប្រទេសកូវ៉ែតដែលមិនមានមនុស្សស្នាក់នៅតាំងពីឆ្នាំ២០១៦មក។ បុរសជនជាតិលីបង់និងភរិយាជនជាតិស៊ីរីដែលធ្លាប់រស់នៅទីនោះត្រូវបានចាប់ខ្លួន។
ការហាមឃាត់ទៅលើកិច្ចសន្យាថ្មីនៅក្នុងប្រទេសកូវ៉ែតនឹងបិទប្រភពចំណូលសម្រាប់ពលរដ្ឋហ្វីលីពីនដែលសង្ឃឹមថានឹងធ្វើការនៅបរទេសនិងបង្កើនប្រាក់ខែរបស់ពួកគេ នេះបើតាមអ្នកស្រី Maria Ela Atienza សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅឯសកលវិទ្យាល័យហ្វីលីពីន Diliman។ ពលរដ្ឋហ្វីលីពីន ២៥២.០០០នាក់ធ្វើការនៅក្នុងប្រទេសកូវ៉ែត ដែលជាញឹកញាប់ធ្វើជាអ្នកបំរើតាមផ្ទះ។
កិច្ចព្រមព្រៀងបញ្ជូនពលករជាមួយនឹងប្រទេសកូវ៉ែតអាចធ្វើឲ្យពលករហ្វីលីពីនមានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន នៅទូទាំងមជ្ឈិមបូព៌ា នេះបើតាមអ្នកស្រី Atienza ដែលបានថ្លែងឲ្យដឹង។
អ្នកស្រី Atienza បានថ្លែងថា៖
«វាអាចជាគំរូសម្រាប់ប្រទេសដទៃទៀតនៅមជ្ឈិមបូព៌ាធ្វើតាម ដោយសារតែតំបន់នោះជាតំបន់ដែលពលរដ្ឋហ្វីលីពីននៅក្រៅប្រទេសរងគ្រោះខ្លាំងជាងគេដោយសារតែនិយោជិករបស់ពួកគេ។ មានសេចក្តីរាយការណ៍ជាច្រើនអំពីអំពើហិង្សាសាហាវព្រៃផ្សៃ»។
ការស្វែងរកប្រាក់ចំណូលខ្ពស់ជាងមុន
ពលរដ្ឋហ្វីលីពីនប្រមាណ ២លាន៣សែន ធ្វើការនៅក្នុងបណ្តាប្រទេសនានា មានតាំងពីប្រទេសកាណាដា នៅទូទាំងតំបន់អាស៊ី និងនៅតំបន់មជ្ឈិមបូព៌ា ដើម្បីស្វែងរកប្រាក់ចំណូលខ្ពស់ជាងអ្វីដែលពួកគេរកបាននៅក្នុងប្រទេសហ្វីលីពីន។ ប្រាក់ចំណូល
ផ្ញើទៅស្រុកកំណើតទទួលបាន ២,៧៤ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីលីពីន។
ប្រាក់ខែសម្រាប់អ្នកបម្រើតាមផ្ទះនៅក្នុងប្រទេសកូវ៉ែតចាប់ផ្តើមពី ៤០០ ដុល្លារក្នុងមួយខែ។ អ្នកធ្វើការវិជ្ជាជីវៈដូចជាវិស្វករអាចបានប្រាក់ខែច្រើនជាងនេះយ៉ាងងាយ។
ប្រាក់ខែមធ្យមនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដែលនៅក្បែរខាងស្ថិតក្នុងចំណាត់ថ្នាក់ប្រទេសកំពូលទាំង១០ នៅក្នុងការស្ទង់មតិមួយលើគេហទំព័រព័ត៌មានហ្វីលីពីនតាមប្រព័ន្ធអ៊ីនធើណិតឈ្មោះ Rappler ទៅលើប្រាក់ខែរបស់ជនជាតិហ្វីលីពីននៅក្រៅប្រទេស។ ប្រទេសអារ៉ាប៊ីសាអូឌីតគឺជាប្រទេសដែលទទួលយកជនជាតិហ្វីលីពីនទៅធ្វើការច្រើនជាងគេបំផុត ដែលមានជនជាតិហ្វីលីពីនជាង១លាននាក់ធ្វើការនៅមន្ទីរពេទ្យ ទីតាំងសាងសង់ និងគម្រោងប្រេងសាំងនានា។
មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើននៅប៉ុន្មានឆ្នាំនេះអំពីពលករហ្វីលីពីនដែលរងការបំពានផ្លូវភេទនិងរូបរាងកាយ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងកន្លែងផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។
បន្ទាប់ពីសាកសពស្ត្រីធ្វើការនៅតាមផ្ទះត្រូវបានគេរកឃើញនៅក្នុងប្រទេសកូវ៉ែតកាលពីខែមករាកន្លងទៅ លោក Duterte បានថ្លែងថា ពលករហ្វីលីពីននៅក្នុងប្រទេសនោះត្រូវបានបំពាននិងកេងចំណេញ។
ដំណោះស្រាយ
រដ្ឋមន្ត្រីក្រសួងការបរទេសកូវ៉ែតកាលពីខែកុម្ភៈបានរិះគន់អាត្ថាធិប្បាយរបស់លោក Duterte អំពីស្ថានភាពរបស់ពលករ។ កាលពីថ្ងៃទី២៥ ខែមេសា កូវ៉ែតបានបណ្តេញអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសកូវ៉ែត បន្ទាប់ពីបុគ្គលិកស្ថានទូតហ្វីលីពីនបានជំរុញឲ្យពលករហ្វីលីពីនភៀសខ្លួនចេញពីផ្ទះរបស់និយោជិករបស់ពួកគេ នេះបើតាមការឲ្យដឹងរបស់ទីភ្នាក់ងារព័ត៌មានកូវ៉ែត។
ប៉ុន្តែរដ្ឋាភិបាលហ្វីលីពីនបានឲ្យដឹងថាលោក Duterte ក៏បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅទៅកាន់ប្រទេសកូវ៉ែតដែលបានផ្តល់ការងារដល់ជនជាតិហ្វីលីពីន ដែលជាទង្វើដែលអ្នកនាំពាក្យរបស់លោកហៅថាជា ឥរិយាបថទន់ភ្លន់ មិនចង់តតាំង។
នៅថ្ងៃទី៧ ខែឧសភាខាងមុខរដ្ឋមន្ត្រីក្រសួងពលកម្មរបស់ហ្វីលីពីនលោក Silvestre Bello និងគណៈរដ្ឋមន្ត្រីដទៃទៀតនឹងធ្វើដំណើរទៅកាន់ប្រទេសកូវ៉ែត ជាផ្នែកមួយនៃដំណើរនៃការចរចាគ្នាមួយ នេះបើយោងតាមការថ្លែងឲ្យដឹងរបស់អ្នកនាំពាក្យ។
លោក Jonathan Ravelas ប្រធានយុទ្ធសាស្ត្រទីផ្សារនៅឯធនាគារ Banco de Oro Unibank នៅតំបន់រដ្ឋធានីម៉ានីលបានថ្លែងថា៖
«តំបន់មជ្ឈិមបូព៌ាតែងតែជាតំបន់ដែលផ្តល់កំរៃដ៏ច្រើនមួយសម្រាប់ពលរដ្ឋហ្វីលីពីននៅក្រៅប្រទេស ដូច្នេះយើងចង់ធ្វើឲ្យប្រាកដថា អ្វីៗគ្រប់យ៉ាងនឹងល្អ នៅតំបន់នោះរបស់ពិភពលោក»។
ហ្វីលីពីនធ្លាប់បានស្នើកូវ៉ែតឲ្យមានកិច្ចព្រមព្រៀងមួយដែលរារាំងកូវ៉ែត កុំឲ្យដកហូតលិខិតឆ្លងដែន ឬផ្លាស់ប្តូរកន្លែងធ្វើការរបស់ពលរដ្ឋហ្វីលីពីន។
ភាគីទាំងពីរបានសម្រេចកិច្ចព្រមព្រៀងនោះកាលពីខែមីនា ដើម្បីការពារនិយោជកនិងនិយោជិក នេះបើយោងតាមប្រភពព័ត៌មាននៅមជ្ឈិមបូព៌ាដែលបានថ្លែងឲ្យដឹង។
ចិនជាជម្រើសមួយ
ហ្វីលីពីនក្នុងពេលឆាប់ៗខាងមុខនឹងអាចមានទីផ្សារបរទេសដែលមានប្រាក់ខែខ្ពស់ជាងមុន នេះបើយោងតាមក្រុមអ្នកវិភាគ។ ចិននឹងទទួលយកពលករហ្វីលីពីន ៣សែននាក់ ហើយយ៉ាងហោចណាស់គ្រូបង្រៀន ១ពាន់នាក់។ ការផ្តល់ឲ្យនេះ ធ្វើឡើងបន្ទាប់ពីមានការធូរស្រាលក្នុងទំនាក់ទំនងរវាងចិននិងហ្វីលីពីនតាំងពីឆ្នាំ២០១៦ បើទោះបីជាមានជម្លោះដណ្តើមអធិបតេយ្យភាពក្នុងដែនសមុទ្រក៏ដោយក្តី។
អ្នកដែលចេះនិយាយភាសាចិន ឬមានជំនាញបង្រៀនភាសាអង់គ្លេសប្រហែលនឹងសាកទៅធ្វើការនៅប្រទេសចិន នេះបើតាមក្រុមអ្នកវិភាគដែលតាមដានអំពីប្រទេសហ្វីលីពីន។
លោក Eduardo Araral សាស្ត្រាចារ្យនៅសាលាសិក្សាគោលនយោបាយនៃសកលវិទ្យាល័យជាតិសិង្ហបុរីបានថ្លែងថា៖
«អ្នកដែលមកពីប្រទេសហ្វីលីពីននឹងដឹងថានៅចិនមានបញ្ហាប្រឈមកាន់តែខ្លាំងជាងមុន ពីព្រោះពួកគេដំបូងត្រូវរៀនភាសា ប៉ុន្តែក្មេងៗគួរតែអាចរៀនបានស្រួល»។
លោកបានថ្លែងបន្ថែមថា៖
«ពួកគេនឹងត្រូវសាកល្បងដើម្បីឲ្យដឹងថា តើពួកគេងាយស្រួលសម្របទៅនឹងប្រទេសចិនដីគោកដែរឬយ៉ាងណា ប៉ុន្តែខ្ញុំមិនឃើញមានបញ្ហាអ្វីជាមួយនឹងរឿងនោះទេ។ មើលតាមចំនួនពលរដ្ឋហ្វីលីពីនធ្វើការនៅតៃវ៉ាន់និងហុងកុង ពួកគេគួរតែអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស»៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា