អ្នកការទូតកំពូលនៃប្រទេសហ្វីលីពីនបានប្រាប់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលទីក្រុងម៉ានីល បានតាំងចិត្តធ្វើសម្ព័ន្ធមិត្តដ៏យូរអង្វែងជាមួយសហរដ្ឋអាមេរិក ក៏ប៉ុន្តែថា ហ្វីលីពីននឹងមិនត្រូវគេស្តីបន្ទោសពីបញ្ហាសិទ្ធិមនុស្សហើយត្រូវគេព្យាបាលដូចជាអាណានិគមរបស់អាមេរិកនោះទេ។
លោក Perfecto Yasay រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលបានថ្លែងនៅអង្គការស្រាវជ្រាវមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានអំពាវនាវឲ្យមានការគោរពគ្នាទៅវិញទៅមករវាងប្រទេសទាំង២។
ការអំពាវនាវរបស់លោកបានកើតមានឡើងមួយសប្តាហ៍បន្ទាប់ពីទំនាក់ទំនងមានការតានតឹងនៅពេលដែលលោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានព្រមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មិនឲ្យសួរលោកពីការសម្លាប់គ្មានជំនំជម្រះនៅតុលាការ ឬលោកបានហៅលោកអូបាម៉ាថា អាកូនឆ្កែ។លោកប្រធានាធិបតី អូបាម៉ា បានលុបចោលជំនួបផ្លូវការមួយជាមួយមេដឹកនាំហ្វីលី ពីននៅក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសឡាវ ក៏ប៉ុន្តែក្រោយមកមានការពិភាក្សាក្រៅផ្លូវការមួយជាមួយលោកនៅខាងក្រៅកិច្ចប្រជុំកំពូលនោះ។
លោករដ្ឋមន្រ្តីការបរទេសហ្វីលីពីន បាននិយាយថា «ខ្ញុំសុំឲ្យមិត្តភក្តិអាមេរិករបស់យើង មេដឹកនាំអាមេរិកពិនិត្យមើលការប្រាថ្នារបស់យើង។ យើងមិនអាចជាអាណានិគមរបស់ប្រទេសអាមេរិកទេ។ យើងត្រូវតែអភិវឌ្ឍន៍ យើងត្រូវតែដើរទៅមុខ ហើយក្លាយជាម្ចាស់ប្រទេសរបស់យើង។ អ្នកមិនអាចទៅប្រទេសហ្វីលីពីនហើយនិយាយថា ខ្ញុំនឹងឲ្យអ្នកអ្វីមួយ ខ្ញុំនឹងជួយអ្នកឲ្យរីកចម្រើន ក៏ប៉ុន្តែ នេះជាបញ្ជីដែលអ្នកត្រូវធ្វើតាម យើងនឹងស្តីបន្ទោសអ្នកពីបញ្ហាសិទ្ធិមនុស្ស»។
លោករដ្ឋមន្រ្តីការបរទេសហ្វីលីពីបានសង្កត់ថា ប្រធានាធិបតី Duterte បានតាំងចិត្តដ៏ខ្លាំងដើម្បីថែរក្សា និងគោរពសម្ព័ន្ធភាព រួមជាមួយសហរដ្ឋអាមេរិក។ សន្ធិសញ្ញាការពារប្រទេសជាមួយសហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចេញចូលមូលដ្ឋានយោធាហ្វីលីពីនចំនួន៥៕